ទីក្រុងម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានចំណាយពេលភាគច្រើនក្នុងឆ្នាំ២០១០ ដើម្បីស្តារទំនាក់ទំនងជាមួយពួកបស្ចិមប្រទេស។ ប្រទេសនេះ បានដោះស្រាយបញ្ហាជម្លោះព្រំដែនយ៉ាងធំជាមួយប្រទេសណ័រវ៉េស្ស៍ ហើយធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនងជាមួយប្រទេសអ៊ុយក្រែន បន្ទាប់ពីមេដឹកនាំគាំទ្រវិមានក្រឹមឡាំង បានឡើងកាន់អំណាច។ ប៉ុន្តែ ការផ្លាស់ប្តូរធំជាងគេបំផុតរបស់រុស្ស៊ី គឺជាប់ទាក់ទងនឹងសត្រូវធំពីរ រួមមានប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក។
មនុស្សនៅឯវិមានក្រឹមឡាំងមិនងាយញញឹមទេ។ លោកអតីតនាយករដ្ឋមន្ត្រីសហភាពសូវៀត នីគីតា គ្រូសឆេវ (Nikita Khruschev) បានគោះស្បែកជើងរបស់លោកឮសូរក្តាំងៗនៅឯអង្គការសហប្រជាជាតិ។ លោកអានដ្រេ ហ្គ្រូមីកូ (Andrei Gromyko) រដ្ឋមន្ត្រីការបរទេសរបស់អតីតសហភាពសូវៀតត្រូវបានស្គាល់នៅលោកខាងលិចថាជា «រន្ទះខែចែត្រ» ឬ «លោកទេ»។
ប៉ុន្តែ នារដូវផ្ការីកនេះលោកប្រធានាធិបតីរុស្ស៊ីឌេមីតទ្រី ម៉េដវេដេវ (Dmitry Medvedev) បានបង្ហាញឱ្យឃើញទឹកមុខថ្មីមួយដែលជាទឹកមុខដ៏ស្និទ្ធស្នាលជាមួយលោកខាងលិច។ លោកបានប្រាប់ អ្នកយកព័ត៌មានអឺរ៉ុបម្នាក់ថា៖
«ខ្ញុំចង់ឃើញប្រទេសរុស្ស៊ីញញឹម ហើយទទួលយកមុខមាត់របស់មនុស្សមានវ័យក្មេង ហើយជឿនលឿន»។
ប្រេងកំពុងវិលទៅរកតម្លៃ៩០ដុល្លារក្នុងមួយធុងវិញហើយ។ ប៉ុន្តែការវិនិយោគបរទេសមិនទាន់វិលត្រឡប់នៅឡើយទេ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីចូលក្នុងប្រទេសហ៊្សកហ្ស៊ី (Georgia) កាលពីឆ្នាំ២០០៨។ ក្រុមសម្ព័ន្ធមិត្តរបស់រុស្ស៊ីមានដូចជាប្រទេសបេឡារូស កូរ៉េខាងជើង វេណេហ្ស៊ុយអេឡា និងហ្ស៊ីមបាវ៉េ (Zimbabwe) ជាដើមត្រូវបានចំអកថាជាក្លឹបក្រុមអ្នកចាញ់។
ប្រទេសចិន និងរុស្ស៊ី បានផ្លាស់ប្តូរទីតាំងសេដ្ឋកិច្ចរបស់ខ្លួន។ លោកខុនស្តានទីន វ៉ុនអេហ្គើត (Konstantin von Eggert) អ្នកវិភាគនយោបាយក្នុងទីក្រុងម៉ូស្គូ បានស្តាប់ឮពលរដ្ឋរុស្ស៊ី ព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីភាពរីកលូតលាស់ជាប់រហូតរបស់ចិន។
«កត្តាមួយទៀត គឺការរីកចម្រើនខាងឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងយោធារបស់ចិន នៅតាមបណ្តោយព្រំដែនរបស់រុស្ស៊ី។ ចិន បានរុញឲ្យរុស្ស៊ីចេញពីតំបន់អាស៊ីកណ្តាល។ ចិន ក៏បានបង្ហាញថែមទៀតថា រុស្ស៊ីគឺគ្រាន់តែជាដៃគូតូចរបស់ខ្លួនប៉ុណ្ណោះ»។
មេដឹកនាំរុស្ស៊ី សំឡឹងមើលយ៉ាងដិតដល់ទៅលើកិច្ចប្រឹងប្រែងដែលបរាជ័យដើម្បីស្តារឡើងវិញនូវភាពរុងរឿងរបស់មហាអំណាចមួយនេះ។ ដោយកាត់បន្ថយមហិច្ឆតា ពួកគេបានជ្រើសរើសពាក្យស្លោកជាក់ស្តែងមួយគឺត្រូវ«ធ្វើទំនើបកម្មសម្ព័ន្ធមិត្ត»។
លោក ឌេមីទ្រី ត្រេនីន (Dmitri Trenin) នាយកមជ្ឈមណ្ឌលម៉ូស្គូខាណេជី (Carnegie Moscow Center) កំពុងសរសេរសៀវភៅមួយដែលពិនិត្យមើលពីប្រទេសរុស្ស៊ីក្រោយសម័យអធិរាជ។
«អ្វីដែលមេដឹកនាំរុស្ស៊ីបានធ្វើនោះគឺថា ជាចាំបាច់ត្រូវប្រាប់អ្នកបម្រើការក្នុងក្រសួងការបរទេសថា ការដែលគ្រាន់តែបានជួយជ្រោមជ្រែងដល់រូបភាពដែលខ្ទេចខ្ទាំ ផ្នែកខាងក្រៅដែលខ្ទេចខ្ទាំរបស់រុស្ស៊ី និងអំណាចយ៉ាងខ្លាំងក្លា មិនទាន់គ្រប់គ្រាន់ទេ។ ដូច្នេះ បេសកកម្មនៃគោលនយោបាយការបរទេសរុស្ស៊ី គឺត្រូវឈានទៅរកប្រទេសទាំងឡាយណាដែលអាចជាប្រភពទំនើបភាវូបនីយកម្មពីខាងក្រៅរបស់រុស្ស៊ី»។
ជនជាតិរុស្ស៊ីបានត្អូញត្អែរថាចិនបានចាត់ទុករុស្ស៊ីថាជាប្រទេសផ្គត់ផ្គង់វត្ថុធាតុដើម។ តែផ្ទុយទៅវិញ អឺរ៉ុប ចាត់ទុករុស្ស៊ីថាជាព្រំដែនសម្រាប់ការវិនិយោគផ្នែកឧស្សាហកម្ម។ ប៉ុន្តែ មានឧបសគ្គពីរ បានរាំងខ្ទប់ដល់កិច្ចសហប្រតិបត្តិការពេញលេញជាមួយអឺរ៉ុប ដែលរួមមានសហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញជាដើម។
ការសម្របខ្លួនឡើងវិញរបស់ទីក្រុងម៉ូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន មានភាពពិតប្រាកដ។
ប្រទេសនេះ បានឆ្លងផុតពីបញ្ហាប្រឈមដែលក្រុមមន្រ្តីរុស្ស៊ីធ្លាប់បានពិពណ៌នាថាជា«ការបង្ករឿង»។
ការលាតត្រដាងនូវបណ្តាញចារកម្មរុស្ស៊ីមួយ រយៈពេលបីថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ម៉េដវេដេវ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីរដូវក្តៅមុន ការបញ្ជូនឈ្មួញជួញដូរអាវុធរុស្ស៊ីឈ្មោះ វិចទ័រ ប៊ូត ពីទីក្រុងបាងកកទៅកាន់ទីក្រុងញ៉ូវយ៉ក និងការប្រឆាំងជំទាស់របស់ក្រុមសាធារណរដ្ឋទៅលើសន្ធិសញ្ញា Start ដែលកាន់តែពុះកញ្ជ្រោលឡើងនៅក្រោយពីការបោះឆ្នោត។
ដោយសម្លឹងមើលពីរង្វាន់ រុស្ស៊ីបានលុបចោលការលក់កាំជ្រួចប្រឆាំងយន្តហោះ ដែលត្រូវយកមកការពាររោងចក្របរិមាណូរបស់ប្រទេសអ៊ីរ៉ង់។ ជាជំនួសវិញ ទីក្រុងវ៉ាស៊ីនតោនជួយរុស្ស៊ីឲ្យចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ជាព្រឹត្តិការណ៍ដែលរំពឹងថានឹងនាំការវិនិយោគពីបរទេសកាន់តែច្រើនជាងមុន។ ទីក្រុងវ៉ាស៊ីនតោន បានការពារភាគខាងត្បូងរបស់រុស្ស៊ី តាមរយៈការពង្រឹងប្រទេសអាហ្វហ្គានីស្ថាន និងទប់ក្រុមអ៊ីស្លាមនិយមមូលវិវត្ត មិនឲ្យហូរចូលទៅក្នុងតំបន់អាស៊ីកណ្តាល។ លោក Von Eggert បានថ្លែងនៅក្នុងទីក្រុងម៉ូស្គូ ថា៖
«ក្រុមអ្នកនយោបាយរុស្ស៊ីនិងមេដឹកនាំរុស៊្សីស្រម៉ៃប្រកបដោយសេចក្តីរន្ធត់។ ដោយមានសេចក្តីរន្ធត់ចូលមកសន្សឹមៗថា តើអ្វីនឹងកើតឡើងនៅពេលដែលក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ រុស្ស៊ីមានច្រកព្រំដែនយ៉ាងច្រើន ជាមួយតំបន់អាស៊ីកណ្តាល ហើយប្រសិនបើមានការហូរចូលរបស់ពួកតាលីបាន ចូលទៅក្នុងប្រទេសទាំងឡាយ មានដូចជាគៀជីស្ថាន (Kyrgyzstan) តាជីគីស្ថាន(Tajikstan) ឬអ៊ូប៊េគីស្ថាន (Uzbekistan)។ វាជាការវាយប្រហាររុស្ស៊ីយ៉ាងអាក្រក់»។
ទំនាក់ទំនងល្អជាងមុនជាមួយទីក្រុងវ៉ាស៊ីនតោន បើកឲ្យមានការវិនិយោគពីអាមេរិកទៅរុស្ស៊ី។ ក្រុមហ៊ុនប៉ិបស៊ី (Pepsi) កំពុងទិញក្រុមហ៊ុនទឹកដោះគោនិងទឹកផ្លែឈើដ៏ធំជាងគេបំផុតរបស់រុស្ស៊ី ដែលជាការទិញយកធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅរុស្ស៊ី៕
ប្រែសម្រួលដោយ លី សុខឃាង