ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​រុស្ស៊ី​សម្រេច​មិន​ដាក់​ទណ្ឌកម្ម​សង​សឹក​អាមេរិក


ប្រធានធិបតី​រុស្ស៊ីលោក Vladimir Putin ថ្លែង​ក្នុង​អំឡុង​ពេល​ពិធី​អបអរ​ឆ្នាំ​ថ្មី នៅ​ក្នុងទីក្រុងម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៦។ (រូប​ថត​ដោយ​ AP)
ប្រធានធិបតី​រុស្ស៊ីលោក Vladimir Putin ថ្លែង​ក្នុង​អំឡុង​ពេល​ពិធី​អបអរ​ឆ្នាំ​ថ្មី នៅ​ក្នុងទីក្រុងម៉ូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ ទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៦។ (រូប​ថត​ដោយ​ AP)

លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​មិន​បណ្តេញ​អ្នក​ការទូត​របស់​សរអា ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ដាក់​ទណ្ណកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់​លោក​ប្រធានាធិបតី​សរអា បារ៉ាក់ អូបាម៉ា ចំពោះ​ការ​ជ្រៀត​ជ្រែក​របស់បណ្តា​ទី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​របស់​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​របស់​សរអា​ កាល​ពី​ខែ​វិច្ឆិកា។

«យើង​នឹង​មិន​បង្កើត​បញ្ហា​សម្រាប់​អ្នក​ការទូត​អាមេរិកាំង​ទេ។ យើង​នឹង​មិន​បណ្តេញ​អ្នក​ណា​ម្នាក់​ទេ» នេះ​ជា​សម្តី​ដើម​របស់​លោក Putin ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៏​មួយ​របស់​រដ្ឋាភិបាល​ក្រុង​ក្រឹម​ឡាំង។ សេចក្តី​ថ្លែង​ការ​ណ៏​ដដែល​នោះ​បន្ត​ថា «​ប្រទេស​រុស្ស៊ី​មាន​មូល​ហេតុ​ដើម្បី​ឆ្លើយ​តប​ដោយ​អំពើ​ល្អ។ ទោះ​ជា​យើង​មាន​សិទ្ធិ​ដើម្បី​សង​សឹក​ក៏​ដោយ ក៏​យើង​នឹង​មិន​ប្រើ​ប្រាស់​នយោបាយ​ការទូត​«ចង្ក្រានបាយ» ទេ ប៉ុន្តែ​យើង​នឹង​រៀប​ចំ​វិធានការណ៏​បន្ថែម​ដើម្បី​រៀប​ចំ​ទំនាក់​ទំនង​រវាង​រុស្ស៊ីនិង​សរអា​ឡើង​វិញ ផ្អែក​ទៅ​លើ​គោល​នយោបាយ​របស់​រដ្ឋបាល​លោក​ Trump។

មន្ត្រី​ក្រសួង​ការ​បរទេស​សរអា​ម្នាក់​ឆ្លើយ​តប​ថា «យើង​បាន​ឃើញ​ការ​ថ្លែង​កត់​សម្គាល់​របស់​លោក​ប្រធានាធិបតី​ Putin ហើយ។ យើង​ពុំ​មាន​អ្វី​និយាយ​បន្ថែម​ទេ»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ Sergei Lavrov ​បាន​ស្នើ​ឲ្យ​មាន​វិធានការណ៏​សង​សឹក​អាមេរិក ដោយ​ការ​ហាម​មិនឲ្យ​បុគ្គលិក​ស្ថានទូត​អាមេរិក ប្រើ​ប្រាស់​គេហដ្ឋានមួយ​ខ្នង និង​ឃ្លាំង​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​មូស្គូ៕

XS
SM
MD
LG