ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ីត្រៀមជួយស៊ីរី ​ដែល​ជា​សម្ព័ន្ធមិត្ត​អារ៉ាប់ចុងក្រោយ​បង្អស់ក្នុង​តំបន់​មេឌីទែរ៉ាណេ


រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​ជំទាស់នៅ​​ក្នុងក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​បដិសេធ​​​អណត្តិ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​​ការ​​ប្រើប្រាស់​​​កងទ័ព​​បរទេស​នៅ​ស៊ីរី។
រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​ជំទាស់នៅ​​ក្នុងក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​បដិសេធ​​​អណត្តិ​របស់​អង្គការ​សហប្រជាជាតិ ក្នុង​​ការ​​ប្រើប្រាស់​​​កងទ័ព​​បរទេស​នៅ​ស៊ីរី។

ខណៈពេលដែល​ប្រទេស​ស៊ីរី (Syria) ​ទទួល​ការ​រិះគន់​មក​ពីគ្រប់មជ្ឈដ្ឋានរុស្ស៊ី (Russia) ជា​ប្រទេស​មួយ​ដែលប្រកាន់​ជំហរ​តែ​ម្នាក់​ឯង ​ក្នុង​ការ​ការពារ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី បាស្សា អាល អាសាដ (Bashar al-Assad)។

ខណៈ​ដែល​រដ្ឋ​មន្ត្រី​របស់​សម្ព័ន្ធ​អារ៉ាប់ (Arab League) ​ពិភាក្សា​គ្នា​អំពីវិធានការនា​ពេល​អនាគត​ទៅ​លើ​ ​ស៊ីរី ដែល​មនុស្ស​៥ពាន់ ៤០០​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​ប្រឆាំង​ ​រដ្ឋាភិបាល​នោះ​មក លោក សឺជី ឡាវរូវ (Sergei Lavrov) រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ក្នុង​សប្តាហ៍​នេះថា មិនត្រូវដាក់​ទណ្ឌកម្ម និង​មិន​ត្រូវ​មានកងទ័ព​បរទេស​ឡើយ។

លោក ​ឡាវរូវ ​មាន​ប្រសាសន៍​ថា សម្រាប់រុស្ស៊ី បន្ទាត់​ក្រហម ​ត្រូវ​បាន​គូស​យ៉ាងច្បាស់​ក្រឡែតទៅ​ហើយ។ លោក ​បានថ្លែង​ថា ​ទីក្រុងមូស្គួ​ នឹង​មិន​គាំទ្រ​ឱ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​ណាមួយឡើយ។

នៅ​ឯ​សន្និសីទ​សារពត៌មាន​ដដែល​នោះ លោក​រដ្ឋ​មន្ត្រី​ការបរទេស​រូប​នេះ បានឲ្យដឹងថា រុស្ស៊ី​នឹង​ប្រើ​សិទ្ធិ​ជំទាស់ (ឬ​វេតូ) នៅក្នុងក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (United Nations Security Council) ​ដើម្បី​បដិសេធ​អណត្តិ​របស់​អង្គការសហប្រជាជាតិ ក្នុងការប្រើប្រាស់​កងទ័ពបរទេស​នៅ​ស៊ីរី។

លោក ឡាវរូវ រដ្ឋ​មន្ត្រី​ការបរទេស បាន​បន្ថែម​ថា នៅ​ឯ​អង្គការ​សហប្រជាជាតិ និង​ទីក្រុងមូស្គូ ក្រុម​អ្នក​ការទូត​រុស្ស៊ី​ ​បាន​ចាត់​ទុក​អំពើ​ហិង្សាដែល​បង្ក​ឡើង​ដោយក្រុមប្រឆាំង​ដែលមានជន​ស៊ីវិល​ភាគច្រើន​លើសលុបនោះ ថា​មាន​កម្រិត​ស្មើ​គ្នាជាមួយនឹងអំពើ​ហិង្សា​ ដែល​ធ្វើឡើងដោយ​កងទ័ពនិង​ប៉ូលីស​របស់ស៊ីរីដែរ។

លោក ​ថ្លែង​ថា ​រដ្ឋាភិបាល​បស្ចិមប្រទេស​ទាំងឡាយ មានភាពលម្អៀង​ទៅម្ខាង ដោយសារ​រដ្ឋាភិបាល​ទាំងនោះ ​ព្រងើយ​កន្តើយ​ចំពោះ​អំពើ​ហិង្សា ​ដែល​បង្ក​ឡើង​ដោយ​ក្រុមអ្នក​ប្រឆាំង​របស់ស៊ីរី។

ប៉ុន្តែ មនុស្សមួយចំនួន ​និយាយ​ថា ​រុស្ស៊ី​ គាំទ្ររដ្ឋាភិបាល​ស៊ីរី។

កាលពីសប្តាហ៍​មុន នាវា​ដឹក​យន្តហោះមួយ​គ្រឿងរបស់​រុស្ស៊ី ឈ្មោះ អេដមៃរ៉ល គូហ្សនេតសូវ (Admiral Kuznetsov) និងក្រុមនាវា​ចម្បាំង​ចំនួន​ប្រាំបីគ្រឿង បាន​ចូលចត នៅ​ឯ​មូលដ្ឋាន​កងទ័ពជើង​ទឹក​របស់​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​តារ​សឺស (Tarsus) របស់ស៊ីរី។

តាម​សេចក្តីរាយការណ៍​បញ្ជាក់ថា ពីរ​ថ្ងៃក្រោយមក នាវា​ដឹក​ទំនិញ​មួយគ្រឿងមកពី​ទីក្រុង សេន​ភីធឺស្បឺគ (St. Petersburg) បាន​ដឹកគ្រាប់​រំសេវ​និងគ្រឿង​សព្វាវុធរបស់​រុស្ស៊ី​ចំនួន​៦០​តោន ​ទៅ​ដាក់​នៅ​កំពង់ផែ​មួយ​របស់​ស៊ីរី។

លោក ផ្យូតរ៍ តូផីគកានូវ (Pyotr Topychkanov) អ្នក​វិភាគអំពីការ​រីកសាយ​អាវុធ​នៃ​មជ្ឈមណ្ឌលខារនឺជី​មូស្គូ (Carnegie Moscow Center) និយាយ​ថា ​វិមាន​ក្រិមឡាំង (Kremlin) ​ កំពុង​តែ​ប្រកាន់​ជំហរគាំទ្រស៊ីរី។

“បន្ទាប់ពី​មាន​ការ​ផ្លាស់ប្តូរ​អំណាច​នៅប្រទេស​អេហ្ស៊ីប(Egypt) ​អ៊ីរ៉ាក់(Iraq) និងលីប៊ី(Libya) ​ ​រុស្ស៊ី​ បាន​បាត់​បង់កិច្ចសន្យា​មួយ​ចំនួន ដែល​រាប់​បញ្ចូល​ទាំង​ កិច្ចសន្យា​លក់​គ្រឿង​សព្វាវុធទៀតផង។»

លោក ​យេវហ្គេនី សាតានូវស្គី (Yevgeny Satanovsky) ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អំពីតំបន់​ក្បែរបូព៌ា (Institute of Near Eastern Studies) ជឿ​ថា ក្រុមអ្នក​នយោបាយ​អារ៉ាប់​កំពុងតែ​ប្រើប្រាស់ ​ប្រទេសលោកខាងលិច ​ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​ទាំងឡាយ ដែល​មានសមានចិត្ត​ជាមួយ​ប្រទេស​អ៊ីរ៉ង់(Iran)។

“យើង​ព្យាយាម​គាំទ្រចំពោះ​ស្ថិរភាព​និងដំណើរវិវដ្ត ជា​ជាង​សភាពការណ៍​នៅលីប៊ី​ ដែល​បាន​ផ្តល់​ដល់​យើង​នូវ​ទស្សនៈ​ថា ក្រុម​អ្នក​នយោបាយ​នៅ​បស្ចិម​ប្រទេស ​គ្មាន​អ្វីក្រៅពីក្លាយ​ឧបករណ៍​មួយ​នៅក្នុង​កណ្តាប់​ដៃ របស់ប្រទេស​កាតា (Qatar) ​និង​អារ៉ាប៊ីសាអូឌីត (Saudi Arabia) ​ឡើយ។ នោះមិនមែន​ជា​តួនាទី​របស់​យើង​ក្នុង​ពិភពលោក​ទេ។”

ដូច​ជនជាតិ​រុស្ស៊ី​ជា​ច្រើនទៀត​ដែរ នា​ពេលបច្ចុប្បន្ន​នេះ លោក​ សាតានូវស្គី ​មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំងចំពោះបដិវត្តន៍​នោះ។

«យោង​តាម​ទស្សនៈ​របស់ជនជាតិរុស្ស៊ី បញ្ហាគឺ​នៅ​ត្រង់ថា ការបំផ្លាញ​របបនេះ ​នឹង​មិន​នាំ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​និង​ស្ថិរភាព​ឡើយ។ ការបំផ្លាញនេះ នឹង​នាំ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល និង​ជន​ភៀស​រាប់លាន​នាក់​ទៅ​វិញ​ទេ។ មនុស្ស​រាប់​ម៉ឺននាក់ ​នឹង​ត្រូវ​បានសម្លាប់។ ​ការ​បាត់បង់​ជីវិត​នៃ​សហគមន៍​សាសនា​គ្រិស្ត​ស៊ីរី ដែល​មាន​សារ​សំខាន់យ៉ាងខ្លាំង​សម្រាប់​វិហារ​គ្រិស្ត​សាសនា​អូរថាដក់​របស់​រុស្ស៊ី (Russian Orthodox Church)។»

សម្រាប់​ លោក​តូភីគខានូវ ភាព​ខ្វាយខ្វល់​ជ្រុលរបស់​រុស្ស៊ីចំពោះការ​ផ្លាស់ប្តូរ​របប​នយោបាយ​នៅ​បរទេស ឆ្លុះ​បញ្ចាំង​ពី​អសន្តិសុខ​ផ្ទៃ​ក្នុង​របស់​វិមាន​ក្រិមឡាំង។

«បន្ទាប់ពីការ​ចាប់ផ្តើម​នូវ​អ្វី​ដែល​ហៅ​ថា បដិវត្តន៍អារ៉ាប់ (Arab Spring) ​មក​នោះ គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​មួយ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បីវាយ​តម្លៃ​ឥទ្ធិពល​នៃ​ការ​ផ្លាស់ប្តូរ​របប​នយោបាយ ទៅ​លើសភាពការណ៍​ក្នុងស្រុករបស់​រុស្ស៊ី។ ដូច្នេះ​ បដិវត្តន៍​នេះ​ ​បាន​បង្កការ​ភ័យ​ខ្លាចយ៉ាង​ខ្លាំងក្នុងចំណោមវីរៈ​ជនឆ្នើមៗខាង​នយោបាយ ​នៅ​ទីក្រុង​មូស្គូ។»

ដោយសារ ​ប្រទេស​រុស្ស៊ី​ ប្រឈម​មុខនឹងការតវ៉ា​នៅតាម​ដង​ផ្លូវ​ជា​ច្រើន ​និង​ការ​បោះ​ឆ្នោត​ដំណែងប្រធានាធិបតី នៅ​ថ្ងៃ​ទី​៤​ខែ​មីនា ​មនុស្សមួយ​ចំនួនតួច ​រំពឹង​ថា​វិមាន​ក្រិមឡាំងនឹង​បង្ហាញសមានចិត្តភ្លាម​ៗចំពោះបដិវត្តន៍អារ៉ាប់​នេះ ដែល​មាន​រយៈពេល​មួយ​ឆ្នាំ​បន្ទាប់​ពី​បដិវត្តន៍នេះ បាន​ចាប់​ផ្តើម៕

ប្រែ​សម្រួល​ដោយ៖ ឃួន ធារ៉ា

XS
SM
MD
LG