មន្ត្រីអ៊ុយក្រែនបាននិយាយថា មីស៊ីលនិងដ្រូនរបស់រុស្ស៊ីបានវាយប្រហារទីក្រុងកៀវនិងទីក្រុង Odesa នៅម៉ោងដំបូងៗនៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋបាលក្រុងកៀវបានបញ្ជាក់ថា៖ «រុស្ស៊ីបានវាយប្រហារទីក្រុងកៀវដោយប្រើអាវុធរេរាតម្រង់គោលដៅ Shahed និងមីស៊ីលដែលទំនងជាគ្រាប់ផ្លោងមីស៊ីល»។ ប៉ុន្តែលោកបានបន្ថែមថា មីស៊ីលនិងដ្រូនទាំងអស់នោះត្រូវបានបង្អាក់កម្ទេចចោល។
បញ្ជាការដ្ឋានយោធាភូមិភាគខាងត្បូងរបស់អ៊ុយក្រែនបានបញ្ជាក់ថា ដ្រូន ១២ គ្រឿងក្នុងចំណោម ១៥ គ្រឿងដែលបានបាញ់ដាក់ទីក្រុង Odesa ត្រូវបានបំផ្លាញ។ ដ្រូន ៣ គ្រឿងបានបាញ់ចំបរិវេណសាកលវិទ្យាល័យមួយកន្លែង ប៉ុន្តែមិនមានអ្នកស្លាប់និងរងរបួសនោះទេ។
រដ្ឋាភិបាលរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា អ៊ុយក្រែនបានបាញ់ដ្រូនពីរគ្រឿងដាក់វិមានប្រធានាធិបតីរុស្ស៊ីរបស់លោក Vladimir Putin កាលពីយប់ ប៉ុន្តែថា ទីភ្នាក់ងារសន្តិសុខបានបង្អាក់ដ្រូនទាំងនោះ ហើយលោក Putin មិនមានរងរបួសអ្វីទេ។
ការអះអាងរបស់រុស្ស៊ីមិនអាចត្រូវបានផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ហើយមន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយថា រដ្ឋាភិបាលអ៊ុយក្រែនមិនពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់រឿងវាយប្រហារដោយដ្រូនលើរុស្ស៊ីនោះឡើយ។
រុស្ស៊ីបានបញ្ជាក់ថា ខ្លួន «ចាត់ទុកសកម្មភាពទាំងនេះថាជាការវាយប្រហារភេរវកម្មដែលរៀបចំទុកនិងជាការប៉ុនប៉ងសំដៅលើលោកប្រធានាធិបតី [Putin]» ហើយខ្លួនរក្សាសិទ្ធិក្នុងការសងសឹក។ រុស្ស៊ីបានបន្ថែមថា «សកម្មភាពទាន់ពេលដែលធ្វើឡើងដោយយោធានិងទីភ្នាក់ងារពិសេស» បានបង្អាក់ដ្រូនទាំងនោះ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បាននិយាយថា លោក Putin មិនស្ថិតនៅក្នុងវិមានប្រធានាធិបតីនោះទេ នៅពេលហេតុការណ៍នោះកើតឡើង។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា លោកមិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់រុស្ស៊ីបានទេ។ លោកថ្លែងដូច្នេះថា៖ «ខ្ញុំចាត់ទុកអ្វីដែលរុស្ស៊ីអះ អាងឡើងថា ជារឿងមិនពិត»។
លោក Mykhailo Podolyak ដែលជាទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់នៅក្នុងសារដែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថាការចោទប្រកាន់ដែលថា អ៊ុយក្រែនស្ថិតនៅពីក្រោយការវាយប្រហារនេះ និងការចោទប្រកាន់ដែលថារុស្ស៊ីចាប់ខ្លួនអ្នកបំផ្លិចបំផ្លាញជនជាតិអ៊ុយក្រែននៅតំបន់ Crimea អាចជាសញ្ញាបង្ហាញថា រុស្ស៊ីមានផែនការធ្វើការវាយប្រហារ «ភេរវកម្ម» ទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។