លោក គង់ គាំ បានប្រកាសចាកចេញពីគណបក្សភ្លើងទៀនដោយបានបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សជំទាស់មួយនេះ ហើយអ្នកនយោបាយជើងចាស់រូបនោះក៏បានសុំអភ័យទោសពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងថា្នក់ដឹកនាំគណបក្សប្រជាជនកម្ពុជាចំពោះកំហុសឆ្គាំឆ្គងរបស់លោកកន្លងមកទៅលើគណបក្សកាន់អំណាច។ នេះបើតាមលិខិតរបស់លោកគង់ គាំ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុក។
គេមិនទាន់ដឹងហេតុផលជាក់លាក់នៅពីក្រោយការប្រកាសបញ្ចប់តួនាទីជាទីប្រឹក្សាគណបក្សភ្លើងទៀនរបស់លោក គង់ គាំ យ៉ាងតក់ក្រហល់បែបនេះទេ ប៉ុន្តែការសម្រេចចិត្តរបស់អ្នកនយោបាយជំទាស់រូបនោះកើតមានឡើងក្រោយកូនប្រុសរបស់លោកគឺលោក គង់ ប៉ូរា បានពាំនាំពាក្យបណ្តាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់បក្សកាន់អំណាចជូនលោក ពាក់ព័ន្ធជីវិតនយោបាយរបស់លោកដែលធា្លប់ជាសមាជិកបក្សប្រជាជនកម្ពុជា និងជាអ្នកនយោបាយជំទាស់ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣នេះ។
ការប្រកាសចាកចេញពីបក្សភ្លើងទៀនរបស់លោក គង់ គាំ នេះក៏បានកើតឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានចេញដីកាកោះហៅលោក គង់ គាំ ឲ្យចូលខ្លួននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទៅតាមពាក្យបណ្តឹងលោកសេង ជ័យវុធ តំណាងឲ្យគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ។ នេះបើតាមដីកាដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងលិខិតដែលផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសអំឡុងទសវត្សរ៍១៩៨០ ក៏បានបង្ហាញការសោកស្តាយចំពោះការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាដែលដកហូតយកដីធ្លី និងផ្ទះសម្បែងរបស់លោក តែលោកបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីដែលអនុគ្រោះមិនបន្តបណ្តឹងទៅតុលាការ។
បើតាមលិខិតដដែលនោះ លោកគង់ គាំបានលើកឡើងតាមន័យដើមថា៖ «ខ្ញុំសូមទទួលកំហុសថា និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញថា កាយវិការ និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្តចំពោះសង្គមជាតិ»។
លោកបានបន្ថែមថា៖ «ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និងបរិយាកាសភូមិសាស្រ្តនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នកនយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សូមសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀនចាប់ពីពេលនេះតទៅ»។
គួររំឭកថា លោក ហ៊ុន សែន បានព្រមានប្តឹងលោកគង់ គាំដែលជាអតីតមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស បើសិនលោកមិនព្រមប្រគល់ដីទំហំ៥.២៩០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញទេនោះ។
លោក គង់ គាំ ត្រូវលោក ហ៊ុន សែន ចោទថា បាននិយាយបរិហារលើគណបក្សប្រជាជនកម្ពុជា។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ការចាកចេញរបស់លោកគង់ គាំពីគណបក្សភ្លើងទៀននឹងមិនបង្កឲ្យមានភាពរំជើបរំជួលណាមួយក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សនេះទេ។ លោកបន្ថែមថា ការចាកចេញរបស់លោកគង់ គាំនោះអាចជារឿងបុគ្គល និងជាការបញ្ចៀសក្តីក្តាំនៅតុលាការនៅខេត្តត្បូងឃ្មុំ ទីដែលគណបក្សប្រជាជនប្តឹងទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារអាមេរិកចំពោះការនិយាយរិះគន់ដើមកំណើតគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំមើលទៅក្បាលម៉ាស៊ីនរបស់គណបក្សភ្លើងទៀនមិនមានបញ្ហាអីទេ នៅតែដដែលទេ ទោះបីជាគណបក្សកាន់អំណាចកំពុងតែផ្ដោតគោលដៅនៅក្នុងការប្រឡេះមេដឹកនាំគណបក្សភ្លើងទៀនម្តងមួយៗក៏ដោយ»។
លោកបន្ថែមថា៖ «វាជាយុទ្ធសាស្រ្តមួយផ្ទាល់ខ្លួនរបស់លោកគង់ គាំ ដោយសារតែ ទោះបីជាលោកគង់ គាំប្រគល់ដីរបស់គាត់ ដែលមានតម្លៃប្រមាណជាជាង៣០លានដុល្លារនៅភ្នំពេញហ្នឹងទៅរដ្ឋវិញក៏ដោយ ក៏ប៉ុន្តែលោកគង់ គាំនៅជាប់បណ្តឹងមួយទៀតគឺបណ្តឹងពីគណបក្សប្រជាជនខេត្តត្បូងឃ្មុំ ទាមទារ៥០ម៉ឺនដុល្លារបន្ថែមទៀត។ អ៊ីចឹងហើយឥឡូវនេះអស់ដីនៅភ្នំពេញហើយមិនទាន់ផុតបណ្តឹងមួយទៀតនៅឡើយទេ។ ដូច្នេះ ខ្ញុំគិតថា ការចាកចេញរបស់គាត់គ្រាន់តែជាយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់គាត់នៅក្នុងការដោះបន្ទុកនៃបណ្តឹងរបស់គណបក្សប្រជាជននៅត្បូងឃ្មុំតែប៉ុណ្ណោះ»។
ទាក់ទិនការចេញដីកាកោះលោកគង់ គាំនៅខេត្តត្បូងឃ្មុំ លោក កុល បុន ព្រះរាជអាជ្ញានៃអង្គអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ប្រាប់វីអូអេតាមទូរសព្ទថា លោកមិនទាន់ដឹងអំពីដីកានោះឡើយ។
ប៉ុន្តែបើតាមកូនប្រុសរបស់លោក គង់ គាំ គឺលោក គង់ មុនីកា លោក គង់ គាំ បានទទួលដីកាកោះនោះហើយ និងថា ដីកាដែលចេញដោយអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំនេះជារឿងដាច់ដោយឡែកពីលិខិតប្រកាសចាកចេញពីគណបក្សភ្លើងទៀនរបស់លោកគង់ គាំ។
លោកថ្លែងថា៖«លិខិតនេះគឺគាត់បានធ្វើកាលពីថ្ងៃម្សិលមិញ ហើយយើងបានធ្វើនៅពេលព្រឹក ហើយដីកាកោះយើងទទួលបាននៅពេលរសៀល ដូច្នេះ ខ្ញុំគិតថា មិនមានការពាក់ព័ន្ធគ្នា[ទេ]»។
លោកគង់ មុនីកា អះអាងបន្តទៀតថា ចំពោះការប្រកាសដកខ្លួនចេញរបស់ឪពុកលោកពីគណបក្សភ្លើងទៀនគឺជាការសម្រេចចិត្តមួយត្រឹមត្រូវ ដោយលើកហេតុផលស្ថានភាពសុខភាពមិនសូវល្អ ពេលមានវ័យចាស់ ហើយការចាកចេញនេះក៏មិនបង្កការរំខានណាមួយដល់ដំណើរការរបស់គណបក្សភ្លើងទៀននោះដែរ៕