កំណត់ត្រាម្ហូបអាហារ និងប្រេងឡើងថ្លៃខ្ពស់បញ្ឆេះអារម្មណ៍ប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងតំបន់មជ្ឈឹមបូព៌ាក៏ដូចជានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែរ។
មនុស្សមួយចំនួនតូចនៅក្នុង ឬនៅខាងក្រៅប្រទេសទុយនេស៊ី អាចទោះទាយបានថា ទោះបីជាការចាប់ផ្តើមឆ្នាំ២០១១ដែលប្រកបដោយភាពច្របូកច្របល់ បានទទួលស្វាគមន៍ប្រទេសនេះក្តី ក៏យ៉ាងហោចណាស់មានទេសចររាប់ពាន់នាក់ចូលទៅមើលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសនេះ នៅរដូវរងារនេះដែរ។ ប៉ុន្តែ ក្រុមអ្នកវិភាគជាច្រើននិយាយថា បុព្វហេតុទាំងនេះអាចឆ្លុះបញ្ចាំងភាពចម្រុះនៃអតិផរណាសេដ្ឋកិច្ច និងអំពើពុករលួយនយោបាយដែលទីបំផុត នាំឲ្យមានបាតុកម្មតវ៉ាតាមផ្លូវ។ អ្នកវិភាគ ម៉ាហា អាហ្សាម (Maha Azzam) អ្នកជំនាញខាងកិច្ចការអាហ្វ្រិកខាងជើងម្នាក់នៅឯ ឆាថាម ហោស (Chatham House) ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ មានប្រសាសន៍ថា៖
«យ៉ាងជាក់ស្តែង ស្ថានភាពសេដ្ឋកិច្ច ជាកត្តាសំខាន់ខ្លាំងដែលនាំឲ្យមានបាតុកម្មក្នុងប្រទេសទុយនីស្ហ៊ី ។ ប៉ុន្តែខ្ញុំគិតថា កត្តាគន្លឹះគឺស្ថានភាពនយោបាយ និងការពិតនៃរបបផ្តាច់ការមួយដែលរស់បានយ៉ាងយូរ ដោយគ្មានការអនុញ្ញាតឲ្យចូលរួម ឬការទទួលខុសត្រូវ។»
លោកស្រី អាហ្សាម ថ្លែងថា ល័ក្ខខ័ណ្ឌខ្លះត្រូវបានចម្លងនៅក្នុងប្រទេសទាំងឡាយពាសពេញមជ្ឈឹមបូព៌ាប្រទេស និងប្រទេសអាហ្វ្រិកខាងជើងក្នុងការផ្តល់សក្តានុពលសម្រាប់ការបះបោរនៅពេលខាងមុខ។
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (អសប) ឲ្យដឹងថា តម្លៃម្ហូបអាហារសំខាន់ៗដូចជាធញ្ញជាតិ ស្ក និងសាច់ កំពុងឡើងថ្លៃខ្ពស់ហួសពីតម្លៃខ្ពស់បំផុតដែលឃើញមាននៅក្នុងឆ្នាំ២០០៨ ដែលធ្វើឲ្យផ្ទុះការបះបោរសង្គម នៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន។
លោកសាស្ត្រាចារ្យ ទីម ឡាង (Tim Lang) បង្រៀនមុខវិជ្ជាគោលនយោបាយស្បៀងអាហារនៅសាកលវិទ្យាល័យស៊ីធី (City University) នៃទីក្រុង ឡុងដ៍មានប្រសាសន៍ថា៖
«នៅក្នុងប្រទេសមានប្រាក់ចំណូលទាប មនុស្សចំណាយប្រាក់ចំណូលដែលអាចប្រើប្រាស់ក្នុងការចំណាយផ្សេងៗរបស់ខ្លួនយ៉ាងខ្ពស់ទៅលើម្ហូបអាហារ ហើយនៅពេល ដូចជាពេលឥឡូវនេះ លោកអ្នកមានតម្លៃប្រេង និងតម្លៃរបស់របរប្រើប្រាស់នៃពិភពលោក ឡើងថ្លៃនោះ មនុស្សទាំងនោះមានការលំបាកដែលនាំឲ្យមានការស្រេកឃ្លាន នាំឲ្យហាងទទេរគ្មានទំនិញនិងគ្មានអ្នកទិញ ជួនកាលធ្វើឲ្យពេលបរិភោគបាយគ្មានអាហារទទួលទាន»។
សាស្ត្រាចារ្យ ឡាង (Lang) មានប្រសាសន៍ថា បើត្រឹមតែតម្លៃម្ហូបអាហារអាចបញ្ឆេះការថ្នាំងថ្នាក់ចិត្តនោះ វាកម្រនឹងបង្កហេតុនៃការបះបោរណាស់។ នៅក្នុងប្រទេសអាល់ហ្ស៊េរី មានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលមួយឈុត នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ អ្នកស្រុកនៅទីនេះ ដូចជាលោក មហាម៉េដ (Muhammed) និយាយថា ពួកគេខឹងនឹងរដ្ឋាភិបាល។ សាស្ត្រាចារ្យ បន្តថា៖
«បញ្ហារបស់យើងគ្មានទាក់ទងនឹងប្រេងឆា ស្ក ឬម្សៅធ្វើនំទេ។ បញ្ហារបស់យើងគឺទាក់ទងនឹងអំពើអយុត្តិធម៌ ការលួចប្លន់ទ្រព្យសម្បត្តិ និងការប្រើអំណាចជិះជាន់»។
នៅក្នុងប្រទេសអេហស្ស៊ីប ក៏មានផ្ទុះបាតុកម្មដែរ។ បុរសម្នាក់បានដុតខ្លួននៅខាងក្រៅអគាររបស់សភា ដោយធ្វើត្រាប់ជាក់ស្តែងមួយនៃការធ្វើបូជាខ្លួនទាំងរស់ នៅក្នុងប្រទេស ទុយណេស៊ី ដែលក្រុមអ្នកវិភាគជាច្រើនបង្ហាញបញ្ជាក់ថា ជាគន្លឹះនៃការបះបោរនៅទីនោះ។ លោក ម៉ាហាម អាហ្សាម (Maham Azzam) អ្នកជំនាញការកិច្ចការប្រទេសអាហ្វ្រិកខាងជើងមានប្រសាសន៍ទៀតថា៖
«ពីរបីខែខាងមុខដែលនឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប្រសិនបើយើងឃើញបាតុកម្មតវ៉ាតាមផ្លូវថ្នល់នៅក្នុងប្រទេសអេហ្ស៊ីប នោះយើងកំពុងមានដំណើរទៅរកការផ្លាស់សំខាន់ៗខ្លះ នៅក្នុងប្រទេសសំខាន់មួយក្នុងតំបន់»។
លោក អាហ្សាមថ្លែងថា រដ្ឋាភិបាលនៅពាសពេញប្រទេសអាហ្វ្រិកខាងជើង និងមជ្ឈឹមបូព៌ាប្រទេសនឹងមានការពិភាក្សាដ៏តឹងតែងជាមួយក្រុមប្រមុខសន្តិសុខ និងយោធា អំពីថាតើត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់បដិវត្តន៍ដែលគេហៅថា បដិវត្តន៍ផ្កាម្លឹះ កុំឲ្យធ្វើទៀតបាន។
ប្រែសម្រួលដោយ នុច សារីតា