ប្រទេសកម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ជាង ១.០០០នាក់ ត្រឹមថ្ងៃសុក្រ ដែលជាការកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការផ្ទុះឆ្លងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈមក។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជានៅតែបង្ហាញរូបភាពល្អនៃការប្រយុទ្ធនឹងវីរុសដ៏ប្រល័យនេះ។
ការណ៍នេះបានធ្វើឲ្យអ្នកនយោបាយមិននៅក្នុងគណបក្សកាន់អំណាចសម្តែងក្តីព្រួយបារម្ភព្រោះមិនមានអ្នកហ៊ានរិះគន់ចំពោះការគ្រប់គ្រងស្ថានភាពដែលកាន់តែអាក្រក់នេះដោយសារមិនមានតម្លាភាពនិងព័ត៌មានគ្រប់គ្រាន់ហើយបញ្ហានេះនឹងក្លាយជាឧបសគ្គក្នុងការប្រកួតប្រជែងនយោបាយក្នុងពេលខាងមុខ។
លោក ង៉ូវ កាង រដ្ឋលេខាក្រសួងសុខាភិបាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា៖ «ថ្វីត្បិតតែយើងមិនទាន់យកជ័យជម្នះទៅលើកូវីដ១៩នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ នេះក៏ដោយក៏ប៉ុន្តែយើងកំពុងតែដើរនៅលើផ្លូវត្រូវក្នុងការគ្រប់គ្រងជំងឺកូវីដ១៩»។
ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈគឺជាការចាប់ផ្តើមឆ្លងវីរុសកូរ៉ូណាក្នុងសហគមន៍ជាថ្មីបន្ទាប់ពីកម្ពុជាបានទប់ស្កាត់ដោយជោគជ័យអស់រយៈពេល១ឆ្នាំកន្លងមក។ បច្ចុប្បន្នកម្ពុជាមានអត្រាអ្នកស្លាប់ខ្ពស់ក្នុងចំណោមប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅអាស៊ានគឺរហូតដល់០,១៧នាក់នៃអត្រា១សែនមរណៈក្នុងខណៈប្រទេសវៀតណាមមានតែ០,០២នាក់ថៃមាន០,១២នាក់ហ្វីលីពីន០,០៩នាក់។ ម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីមានអត្រាស្លាប់ខ្ពស់ជាងគេក្នុងតំបន់ដោយមានលើស០,៣២នាក់ក្នុង១សែនមរណៈ។ នេះបើតាមតួលេខដែលចងក្រងដោយសារព័ត៌មាន The New York Times ត្រឹមថ្ងៃសុក្រ។
ក្រសួងសុខាភិបាលកម្ពុជារាយការណ៍ថាត្រឹមព្រឹកថ្ងៃសុក្រមានអ្នកឆ្លងសរុប៦៥.៥០០នាក់និងស្លាប់១ .០៥២នាក់ក្នុងពេលដែលការចាក់វ៉ាក់សាំងបានជាង៥៤%នៃពលរដ្ឋអាយុ១៨ឆ្នាំឡើង។ មន្ត្រីសុខាភិបាលអះអាងថាមិនមានប្រទេសជិតខាងណាមួយដែលអាចចាក់បានច្រើនដូចប្រទេសកម្ពុជានោះទេ។ ក៏ប៉ុន្តែទិន្នន័យផ្លូវការរបស់ក្រសួងបង្ហាញថាតាំងពីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅដើមខែកុម្ភៈមកអត្រាឆ្លងកើនឡើងជាលំដាប់។បច្ចុប្បន្នអ្នកឆ្លងថ្មីស្ថិតនៅក្នុងរង្វង់១.០០០នាក់ក្នុងមួយថ្ងៃរីឯអ្នកស្លាប់គឺមានក្នុងរង្វង់៣០នាក់ក្នុងមួយថ្ងៃដោយថ្ងៃព្រហស្បតិ៍កន្លងមានអ្នកស្លាប់ច្រើនជាងគេបំផុតគឺ៣៩នាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាការចាក់វ៉ាក់សាំងនេះជាមរតកនយោបាយរបស់លោក។ តាមបណ្តាញសង្គមអ្នកគាំទ្រគណបក្សកាន់អំណាចលើកសរសើរលោកដោយមានសរសេរសារ«អរគុណសន្តិភាព»និងការដឹកនាំរបស់លោក។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឆ្លៀតឱកាសសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ៖ «បញ្ហាកូវីដនេះសម្តេចតេជោបានប្រកាសនៅក្នុងវេបសាយរបស់សម្តេចថាមេដឹកនាំនៅអាស៊ាននេះមានតែសម្តេចទេដែលបានធ្វើចត្តាឡីស័កច្រើនជាងគេ។ អីចឹងប្រសាសន៍សម្តេចមានន័យថាម៉េច? បានន័យថាសម្តេចបានចូលរួមប្រយុទ្ធក្នុងសមរភូមិកូវីដនេះដោយផ្ទាល់។ អីចឹងសម្តេចបានដាក់វិធានការដោយផ្ទាល់ដើម្បីធ្វើយ៉ាងណាដើម្បីធានាបានសុខភាពអាយុជីវិតប្រជាពលរដ្ឋ»។
ប្រទេសកម្ពុជាបានប្រើប្រាស់វ៉ាក់សាំងចិន Sinovac និង Sinopharm ភាគច្រើននិងវ៉ាក់សាំងAstraZeneca តិចតួចប៉ុណ្ណោះ។ ខណៈពេលដែលការឆ្លងក្នុងតំបន់កើនឡើងខ្លាំងប្រទេសថៃនិងឥណ្ឌូណេស៊ីបានចាប់ផ្តើមសង្ស័យលើប្រសិទ្ធភាពវ៉ាក់សាំងនេះហើយបានសម្រេចចាក់ដូសទី៣ឲ្យបុគ្គលិកសុខាភិបាលដោយប្រើប្រាស់វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Moderna ដែលជាផលិតផលរបស់អង់គ្លេសនិងអាមេរិកាំងវិញ។ ចំណែកហ្វីលីពីនសម្រេចប្តូរមកចាក់វ៉ាក់សាំងPfizer នៅពេលដែលចាក់អស់ស្តុកវ៉ាក់សាំង Sinovac ចំនួន១២លានដូស។
គណបក្សប្រឆាំងបានចូលរួមក្នុងនិន្នាការថ្នាក់តំបន់ដែលសង្ស័យលើប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ចិន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយនិងបានរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានថ្លែងប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា៖ «រាល់ថ្ងៃនេះលោកហ៊ុនសែនគាត់មានមោទនភាពថាបានជួយប្រជាពលរដ្ឋខ្មែរក្នុងការចាក់វ៉ាក់សាំងប៉ុន្តែយើងឃើញថាចាប់តាំងពីប្រជាពលរដ្ឋខ្មែរទទួលបានការចាក់វ៉ាក់សាំងមកហ្នឹងគឺការឆ្លងជំងឺកូវីដ១៩កាន់តែឆ្លងកើនឡើងច្រើនហើយរហូតដល់ស្លាប់ហើយស្លាប់ជាង១.០០០នាក់ហើយ។ បើយើងមើលឃើញជាមធ្យមក្នុងមួយថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងហើយបានជាងពាក់កណ្តាលគឺមនុស្សកាន់តែឆ្លងពី៩០០នាក់ទៅ១.០០០នាក់ជាងហើយអ្នកស្លាប់ពី២០នាក់ទៅ៣៦នាក់ក្នុងមួយថ្ងៃអីចឹងបានន័យថាប្រសិទ្ធភាពពីវ៉ាក់សាំងវាអត់មាន»។
លោក អេង ឆៃអ៊ាង បន្ថែមថាបើទោះជាយ៉ាងនេះក្តីក៏ពលរដ្ឋមិនហ៊ានរិះគន់យុទ្ធនាការរបស់រដ្ឋាភិបាលពីក្នុងប្រទេសដែរ៖ «អីចឹងយើងឃើញចំណុចនេះអ្នកនៅក្នុងប្រទេសមិនអាចនិយាយទៅបានទេដោយសាររបបលោកហ៊ុន សែនគាត់ប្រើអំណាចដើម្បីចោទនិងចាប់ចង។ នេះគឺជាបញ្ហាមួយដែលប្រឈមថែមទៀតទៅលើលំហប្រជាធិបតេយ្យនិងសេរីភាព»។
គណបក្សសង្គ្រោះជាតិយល់ថាបរិយាកាសប្រកួតប្រជែងនយោបាយនឹងកាន់តែលំបាកក្នុងពេលខាងមុខជាពិសេសក្នុងពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខ។ គណបក្សប្រឆាំងដ៏ធំនេះត្រូវតុលាការរំលាយតាំងពីឆ្នាំ២០១៧ហើយអតីតសមាជិកជាន់ខ្ពស់ខ្លះបានសុំសិទ្ធិធ្វើនយោបាយឡើងវិញដោយបើកជាគណបក្សថ្មីនិងអ្នកខ្លះកំពុងប្រឈមនឹងការលំបាកក្នុងការប្រមូលអ្នកគាំទ្រ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានចាត់ទុកការចាក់វ៉ាក់សាំងបានច្រើនជាចំណុចវិជ្ជមានប៉ុន្តែនៅមានចម្ងល់លើចំនួនពលរដ្ឋដែលស្លាប់កាន់តែច្រើនឡើង៖«តាមការតាមដានរបស់ខ្ញុំនៅលើពិភពលោកគេថាពេលដែលយើងចាក់បានជាង៤០%ទៅស្ថានភាពឆ្លងថយចុះហើយការស្លាប់ថយចុះខ្លាំងដោយឡែកកម្ពុជាយើងការចាក់បានដល់ទៅ៥០%ទៅហើយការស្លាប់អត់ថយចុះទៅជាកើនទៅវិញ។ នេះជាការបារម្ភមួយ។ អីចឹងវាច្បាស់ជាមានបញ្ហាហើយតើវាមានបញ្ហាលើប្រសិទ្ធភាពនៃចាក់ប្រសិទ្ធភាពវ៉ាក់សាំង។ យើងចង់បានចម្លើយនិងការវិភាគមួយច្បាស់លាស់»។
នៅសហរដ្ឋអាមេរិកអត្រាឆ្លងនិងស្លាប់បានធ្លាក់ចុះចំនួនជាង៧០ភាគរយនៅពេលដែលចាក់វ៉ាក់សាំងបាន២៥ភាគរយនៅចុងខែមីនាគឺធ្លាក់ចុះពីឆ្លងជិត៣០ម៉ឺននាក់នៅដើមខែមករាមកនៅជាង៥ម៉ឺននាក់ក្នុង១ថ្ងៃ។ រីឯអ្នកស្លាប់បានធ្លាក់ពីជាង៤ពាន់នាក់មកក្នុងរង្វង់១.០០០នាក់ក្នុង១ថ្ងៃ។ បច្ចុប្បន្នដោយការចាក់វ៉ាក់សាំងបានជិត៧០ក្នុងចំណោមពលរដ្ឋអាយុ១៨ឆ្នាំឡើងអត្រាឆ្លងនៅអាមេរិកស្ថិតក្នុងរង្វង់២៨.០០០នាក់និងស្លាប់២៨០នាក់ក្នុងមួយថ្ងៃ។នេះបើតាមតួលេខចងក្រងដោយសាកលវិទ្យាល័យសុខាភិបាលJohns Hopkins។
រាជធានីភ្នំពេញដែលជាបេះដូងនៃកម្ពុជាមានអត្រាចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុត។ ត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះពលរដ្ឋនៅរាជធានីចំនួនជាង១,៦២លាននាក់បានចាក់ដូសទី២រួចរាល់។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាល។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ «ចំនួននេះគឺជាចំនួនសឹងថា១០០ភាគរយនៅរាជធានីភ្នំពេញ»។
ប៉ុន្តែការឆ្លងនៅតែមានក្នុងចន្លោះពី២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃនិងអ្នកស្លាប់ក៏នៅតែមាន។ នេះបើតាមការបញ្ជាក់របស់លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ។
លោក ងី មានហេង ខិតខំនិយាយបន្ធូរបន្ថយស្ថានការណ៍នេះថា៖ «នៅរាជធានីភ្នំពេញអត្រាស្លាប់ក្នុងចំណោមអ្នកកើតកូវីដមាន១ភាគរយជាងនៅពេលដែលទិន្នន័យនៃការស្លាប់ដោយសារកូវីដពិភពលោក២ភាគរយនាពេលបច្ចុប្បន្ន។ អីចឹងមិនមែនជាសូចនាករមួយគួរឲ្យបារម្ភពេកទេ»។
បើទោះបីជាបានអះអាងពីរូបភាពល្អនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ក៏មន្ត្រីកម្ពុជាបានសារភាពថាក្រសួងសុខាភិបាលកំពុងតែត្រៀមដាក់ឲ្យព្យាបាលនៅតាមផ្ទះនៅខេត្តជាប់រាជធានីភ្នំពេញផងដែរសម្រាប់អ្នកឆ្លងស្រាលដោយទុកមន្ទីរពេទ្យរដ្ឋសម្រាប់អ្នកជំងឺធ្ងន់ធ្ងរដែលកើនឡើង។
លោកង៉ូវ កាងរដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា៖ «ក្នុងពេលឆាប់ៗខាងមុខនេះយើងនឹងមានការបន្តដាក់ទៅខេត្តកណ្តាលឬក៏ខេត្តណាដែលមានចំនួនអ្នកជំងឺច្រើនតាមតម្រូវការចាំបាច់»។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានកំណត់ទិសដៅមិនឲ្យអ្នកសារព័ត៌មានសួរពីបញ្ហាអ្វីផ្សេងឡើយក្រៅពីវិធីដាក់ឲ្យសម្រាកនៅផ្ទះដោយអះអាងថាខ្លាចមានអ្នកយកធ្វើជារឿងនយោបាយ។
សមាគមអ្នកសារព័ត៌មានបានទទួលស្គាល់ពីការរឹតត្បិតលើសេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលរាយការណ៍ពីជំងឺកូវីដ១៩ហើយអ្នកសារព័ត៌មានខ្លះប្រយ័ត្នប្រយែងជាងមុនដោយខ្លាចត្រូវចាប់ខ្លួនឬចោទប្រកាន់ពីការផ្សាយព័ត៌មានមិនពិត។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅថាខេមបូចាបានបញ្ជាក់ប្រាប់វីអូអេថា៖ «យើងជានិច្ចកាលតែងតែអំពាវនាវឲ្យរាជរដ្ឋាភិបាលនិងអ្នកនាំពាក្យធ្វើយ៉ាងណាបើកចំហសហការក្នុងការផ្តល់ព័ត៌មានលឿនតាមដែលអាចធ្វើទៅបានឬក៏បន្ថែមអ្នកនាំពាក្យឬអ្នកដែលអាចនិយាយនឹងអ្នកសារព័ត៌មានបានដើម្បីធានាសិទ្ធិពលរដ្ឋក្នុងការទទួលបានព័ត៌មាននិងការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយជាពិសេសជំងឺកូវីដ១៩ហ្នឹងដើម្បីឲ្យប្រជាពលរដ្ឋការពារខ្លួនហើយនឹងបង្ការពីហានិភ័យផ្សេងៗពីជំងឺរាតត្បាតនេះ»។
ការបរាជ័យក្នុងការទប់ស្កាត់ការឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩បានឈានដល់បាតុកម្មនិងការបះបោរក្នុងប្រទេសខ្លះផងដែរដូចជាក្នុងករណីប្រទេសគុយបាដែលបច្ចុប្បន្នកំពុងតែមានបាតុកម្មប្រឆាំងដោយមួយផ្នែកបណ្តាលមកពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះ។ នៅម៉ាឡេស៊ីអ្នកនយោបាយនិងពលរដ្ឋទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ រីឯនៅសហរដ្ឋអាមេរិកលោកប្រធានាធិបតីDonald Trump បានចាញ់ឆ្នោតគឺមួយផ្នែកដោយសារលោកទប់ស្កាត់ជំងឺកូវីដមិនបានល្អ។
លោក អេង ឆៃអ៊ាង យល់ថានៅកម្ពុជាគឺផ្សេងពីនេះ៖ «ប៉ុន្តែនៅប្រទេសខ្មែរទោះបីលោកហ៊ុន សែនគាត់ត្រូវទទួលខុសត្រូវប៉ុន្តែគាត់ច្បាស់ជាមិនទទួលទេ។ គាត់យកតែអ្វីដែលត្រូវទេហើយអ្វីដែលខុសគាត់ទម្លាក់ឲ្យគេហើយ។ បើអ្នកណាហ៊ាននិយាយគឺត្រូវជាប់គុកហើយ»។
រីឯលោក យ៉ង សាំងកុមារ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានថ្លែងដោយប្រយ័ត្នប្រយែងថាការរិះគន់លើប្រសិទ្ធភាពនៃយុទ្ធនាការនិងវ៉ាក់សាំងត្រូវផ្អែកលើវិទ្យាសាស្ត្រ។
លោកយ៉ង សាំងកុមារបានបន្ថែមថា៖ «ជុំវិញរឿងវ៉ាក់សាំងគឺយើងត្រូវឈរលើមូលដ្ឋានវិទ្យាសាស្ត្រការវិភាគច្បាស់លាស់ជៀសវាងយើងសន្និដ្ឋានឬវាយតម្លៃខុសវាអាចនាំឲ្យមានបញ្ហា។ វាមិនមែនសម្រាប់ខ្លួនយើងទេពីព្រោះអ្វីៗវាឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ ការចាក់វ៉ាក់សាំងការធ្វើវ៉ាក់សាំងហើយនឹងការព្យាបាលជំងឺកូវីដ១៩វាត្រូវឈរលើមូលដ្ឋានវេជ្ជសាស្ត្រច្បាស់លាស់»។
ប៉ុន្តែរហូតមកដល់ពេលនេះលោក យ៉ង សាំងកុមារ ក៏ដូចជាមនុស្សទូទៅដែរនៅមិនទាន់ទទួលបានចម្លើយច្បាស់លាស់នៅឡើយទេគឺមានតែរូបភាពល្អដែលរដ្ឋាភិបាលបានបញ្ចេញបើទោះបីជាស្ថានភាពជាក់ស្តែងបានចោទជាសំណួរជាច្រើនក៏ដោយ៕