ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សិទ្ធិ​មនុស្ស​​ជំរុញ​ឲ្យ​បន្ត​ស៊ើប​អង្កេត​រក​មើល​ថា​តើ​​មាន​​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​​លោក កែម ឡី​ ឬ​យ៉ាងណា


រូប​ឯកសារ៖ ផ្ទាំង​រូបថត​ចាស់​មួយ​សន្លឹក​របស់​លោក កែម ឡី​ ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​ពី​មុខ​ចេតិយ ​នៅ​ក្នុង​ឃុំ​លាយ​ បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ (ហ៊ុល រស្មី/វីអូអេ)​
រូប​ឯកសារ៖ ផ្ទាំង​រូបថត​ចាស់​មួយ​សន្លឹក​របស់​លោក កែម ឡី​ ដែល​ត្រូវ​បាន​ដាក់​តម្កល់​នៅ​ពី​មុខ​ចេតិយ ​នៅ​ក្នុង​ឃុំ​លាយ​ បូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ (ហ៊ុល រស្មី/វីអូអេ)​

ក្រុមអង្គការ​សមាគម​ជាតិ​និង​អន្តរជាតិ​ជាង​៤០​បាន​ជំរុញ​ឲ្យបន្ត​ការ​ស៊ើបអង្កេតទៅ​លើ​ការ​បាញ់​សម្លាប់​អ្នកវិភាគ​លោក​បណ្ឌិត ​កែម ឡី ​ដោយ​ថា​យុត្តិធម៌​មិន​ទាន់​មាន​សម្រាប់​រូបលោក​និង​ក្រុមគ្រួសារ​នៅ​ឡើយ​ទេ។

សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ចំនួន​៤៥​រួម​គ្នា​មួយ​ថ្ងៃ​មុន​ខួប​៥ឆ្នាំនៃ​ឃាតកម្ម​លើ​លោក ​កែម ឡី ថ្ងៃ​ទី​១០ ខែកក្កដា​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​លើកឡើង​ថា​យុត្តិធម៌​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ដោយ​ជំរុញ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ​មិន​លម្អៀង​និង​មាន​ប្រសិទ្ធភាព​ទៅ​លើ​ការ​បាញ់​សម្លាប់​លោក​កែម ឡី ​កាល​ពី​ឆ្នាំ​២០១៦​ក្នុង​កន្លែង​លក់​ទំនិញ​មួយ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​នៅ​ចំណុច​ភ្លើង​ស្តុប​បូកគោ​រាជធានី​ភ្នំពេញ។

ពួកគេ​បញ្ជាក់​ថា៖ «រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​កែម ឡី និង​ក្រុម​គ្រួសារ»។

សេចក្តី​ថ្លែង​ការណ៍​នោះ​ត្រូវបាន​អនុម័ត​ដោយ​អង្គការ​ដូចជា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​សមាគម​អាដហុក ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International) និង​អង្គការ​ Article 19​ ជាដើម។

បើ​ទោះ​កន្លង​ទៅ​៥ឆ្នាំ​ហើយ​អ្នក​ស្រឡាញ់​ចូល​ចិត្ត​លោក​កែម ឡី និង​ក្រុមគ្រួសារ​នៅ​តែ​បន្ត​ជំរុញ​រក​ឲ្យ​ឃើញ​អ្នក​បញ្ជា​ពី​ក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​ដោយសារ​ពួកគេ​មិន​ជឿ​លើ​អ្វី​ដែល​ខ្មាន់​កាំភ្លើង​បាន​អះអាង​ថា​លោក​កែម ឡី ​ជំពាក់​លុយ​ចំនួន​៣ពាន់​ដុល្លារ។

ក្រោយ​អំពើ​ឃាតកម្ម​នេះ បុរស​ម្នាក់​ឈ្មោះ​ អឿត អាង ​ហៅ​ជួប សម្លាប់​ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​លោក កែម ឡី ​មិន​ជឿ​ការ​អះអាង​របស់​បុរស​នោះ​ដែល​ថា​មូលហេតុ​នៃ​ការ​ធ្វើ​ឃាតនេះ​ដោយ​សារ​ការ​ជំពាក់​ប្រាក់​នោះ​ទេ។​ក្រុម​គ្រួសារ​បន្ត​ទាមទារ​ឲ្យ​រក​ជន​ពាក់ព័ន្ធ​នឹង​អ្នក​បញ្ជា​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​នេះ។

ក្រុម​សិទ្ធិ​មនុស្ស​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖ «រហូត​មក​ដល់​ពេល​នេះ មិន​មាន​ការ​ស៊ើបអង្កេត​ណាមួយ​បង្កើត​ឡើងដោយ​ឯករាជ្យ​មិន​លម្អៀង​ និង​មាន​ប្រសិទ្ធភាព​ថា​តើ​មាន​នរណា​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នេះ»។

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ​ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមសិទ្ធិ​មនុស្ស​«គ្រាន់​តែ​ជាសារ​នយោបាយ​មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់»​នោះទេ។ លោក​បញ្ជាក់​ថា​ក្រុម​គ្រួសាររបស់​លោក កែម ឡី បើ​មិន​សុខចិត្ត អាច​ធ្វើ​បណ្តឹង​សើរើ​បាន ប៉ុន្តែ​វា​ត្រូវ​មាន«​ភស្តុតាងទឡ្ហីករណ៍ និង​សក្ខីកម្ម​រឹងមាំ» បង្ហាញ​ទៅ​តុលាការ។

គួរ​បញ្ជាក់​ថា​កាល​ពី​កន្លង​ទៅ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចាត់​ទុក​ថា​ការ​ធ្វើ​ឃាត​លោក ​កែម ឡី បាន​ធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​និង​ជា​ការ​ផ្ចាញ់ផ្ចាល​រដ្ឋាភិបាល»។​លោក​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ​«ធ្វើ​ជា​រឿង​នយោបាយ»។ លោក​ក៏​បាន​ព្រមាន​ចាប់​ខ្លួន​មនុស្ស​ដែល​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​លោក​កែម ឡី​ នេះ​ដែរ៕

XS
SM
MD
LG