«កែម ឡី ...យុត្តិធម៌... កែម ឡី ...យុត្តិធម៌ ...កែម ឡី ...យុត្តិធម៌»គឺជាសំឡេងស្រែករបស់ក្រុមយុវជន ដែលចូលរួមបុណ្យសពលោកកែម ឡី។
ក្រុមយុវជន អ្នកធ្វើការផ្នែកសង្គមនិងអ្នករត់ម៉ូតូកង់បី បានមកដល់កន្លែងបុណ្យសពលោកកែម ឡីក្នុងខេត្តតាកែវ រៀងយឺតពេលបន្តិចកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីចូលរួមរំឭកខួបគម្រប់៤ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ពួកគេត្រូវបានបង្អាក់ដំណើរដោយអាជ្ញាធរខេត្តតាកែវ ដែលធ្វើឲ្យពួកគេខកខានមិនបានចូលរួមពិធីបង្សុកូល។
ខុសពីការរំឭកខួបឆ្នាំមុនៗនោះ ឆ្នាំនេះការយាយីនិងការរំខានរបស់អាជ្ញាធរក្នុងពិធីបុណ្យរំឭកដល់មរណភាពលោកកែម ឡី ត្រូវអ្នកចូលរួមពិធីបុណ្យមើលឃើញថាកាន់តែអាក្រក់ទៅៗ។
លោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា(CYN) បានមកចូលរួមពិធីបុណ្យនេះជាមួយយុវជនជាង២០នាក់ តាមរថយន្តក្រុងមួយ។ លោកនិយាយនៅមុខរោងបុណ្យផ្ទះរបស់លោកកែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ថាការឃាត់ដំណើរនេះបង្ហាញពីការរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋ។
«ខ្ញុំមានការសោកស្តាយចំពោះអាជ្ញាធរខេត្តតាកែវ ជាពិសេសមន្ត្រីប៉ូលិសនៅក្នុងខេត្តតាកែវតែម្តងដែលធ្វើការហាមឃាត់ឡានរបស់យើងហើយគាត់ មិនបានបង្ហាញអំពីមូលហេតុច្បាស់លាស់នៃការហាមឃាត់ទេហើយការហាមឃាត់របស់គាត់គឺជាការរឹតត្បិតសេរីភាពទាំងស្រុង ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ»។
ក្នុងពេលលោកកំពុងថ្លែងជាមួយអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេនោះមនុស្សស្លៀកពាក់ស៊ីវិលមួយក្រុមដែលខ្លះមានទាំងវិទ្យុទាក់ទងផង បានចេញមករារាំងនិងឃាត់មិនឲ្យលោក ស ម៉ូរី បន្តការធ្វើបទ សម្ភាសន៍។ក្រុមដែលមកបង្អាក់ការសម្ភាសន៍នោះ និយាយថាពិធីបុណ្យបានចប់ហើយនៅម៉ោង១២ថ្ងៃត្រង់។
សំឡេងឧបករណ៍ឧគ្ឃោសនសព្ទរំខាន.....
នៅពេលពិធីបុណ្យចាប់ផ្តើមនៅព្រឹកព្រហាមថ្ងៃទី១០ ខែកក្កដាគេសង្កេតឃើញការរំខានជាច្រើនក្នុងរោងបុណ្យដោយមានការចាក់បំពងសំឡេងតាមឧបករណ៍ឧគ្ឃោសនសព្ទ ដែលធ្វើឲ្យ អ្នកចូលរួមពិធីបុណ្យពិបាកនិយាយសួរនាំគ្នា និងរំខានអ្នកសារព័ត៌មានផ្សាយបន្តផ្ទាល់តាមប្រព័ន្ធសង្គមហ្វេសប៊ុកអំពីទិដ្ឋភាពនៃពិធីបុណ្យ។
គេសង្កេតឃើញមានក្រុមអ្នកស្លៀកពាក់ស៊ីវិលជាច្រើនក៏បានប្រើទូរស័ព្ទដៃថតប្រជែងជាមួយក្រុមអ្នកសារព័ត៌មានផងដែរ។
សំឡេងរំខាន
លោកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមពិធីបុណ្យនេះដែរ បានកត់សម្គាល់ការចាក់សំឡេងលាន់ឮខ្លាំងៗបែបនេះ គឺខុសប្លែកគ្នាពីពិធីបុណ្យផ្សេងទៀត។លោកស្រីនិយាយថា សូម្បីតែគ្រួសារសាច់ញាតិលោកកែម ឡីក៏គ្មានលទ្ធភាពទៅគ្រប់គ្រងការចាក់សំឡេងនោះដែរ។
«អ្វីដែលយើងបានដឹងនោះ គឺហាក់ដូចជាក្រុមគ្រួសារហ្នឹងលោកមិនអាចគ្រប់គ្រងលើសំឡេងនោះបានទេ។ អ៊ីចឹងខ្ញុំមិនដឹងថាតើមានការគ្រប់គ្រងពីខាងណាទេ។ ប៉ុន្តែវាជាការបង្កលក្ខណៈមួយរំខានក្នុងការជួបជុំហើយនិងអ្នកសារព័ត៌មានហ្នឹង លោកមានការលំបាកក្នុងការធ្វើព័ត៌មាន»។
បន្ថែមពីការរំខាននៅក្នុងរោងបុណ្យ ក៏មានការរំខាននៅខាងក្រៅរោងបុណ្យ គឺការដាក់ពង្រាយកម្លាំងអាជ្ញាធរមូលដ្ឋាន ក្នុងនោះមានទាំងប៉ូលិសបង្ក្រាបបាតុកម្មចំនួនពីរឡាន ដែលល្បាតចុះឡើងនៅមុខរោងបុណ្យ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីចក់ សុភាព។
«ខ្ញុំមិនដឹងថាតើអាជ្ញាធរមូលដ្ឋាន លោកបានទទួលព័ត៌មានយ៉ាងម៉េចឬក៏គាត់ចូលរួមដើម្បីធ្វើការធានាដល់សន្តិសុខរបស់ពិធីបុណ្យនេះតែខ្ញុំមិនដឹង។ ខ្ញុំយល់ថា ការរៀបចំពិធីបុណ្យនេះ មិនគួរមានអ្វីដែលត្រូវព្រួយបារម្ភចំពោះការប៉ះពាល់សន្តិសុខឬក៏សណ្តាប់ធ្នាប់ទេ ព្រោះថាម្នាក់ៗសុទ្ធតែគោរពស្រឡាញ់ដល់លោកបណ្ឌិតកែម ឡី ចង់ចូលរួមជ្រោមជ្រែងជាមួយគ្រួសារក្នុងការប្រារព្ធទិវាខួបបួនឆ្នាំរបស់មរណភាពរបស់លោកបណ្ឌិតកែម ឡីហ្នឹង»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោកអ៊ូច ភា អភិបាលខេត្តតាកែវ និងលោក សុខ សំណង ស្នងការនគរបាលខេត្តតាកែវបានទេ នៅក្រោយពិធីបុណ្យខួបគម្រប់៤ឆ្នាំនៃឃាតកម្មលើលោកកែម ឡី។
២ថ្ងៃមុនពិធីរំឭកខួបក្រុមយុវជននិងព្រះសង្ឃបានព្យាយាមប្រមូលផ្តុំនៅកន្លែងលោកកែម ឡីត្រូវបានបាញ់សម្លាប់នៅភ្នំពេញ។ ពួកគេបន្តការដើរក្នុងខេត្តតាកែវ ក្រោមហេតុផលថា ដើម្បីផ្សព្វផ្សាយអំពីវីរភាពរបស់លោកកែម ឡីប៉ុន្តែការដើរនេះត្រូវបានឃ្លាំមើលនិងព្យាយាមរារាំងពីប៉ូលិសជាបន្តបន្ទាប់។
លោកកន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការ Comfrel ដែលបានចូលរួមក្នុងពិធីបុណ្យនេះ បង្ហាញមន្ទិលជុំវិញការរំខានរបស់អាជ្ញាធរ ដែលបានកើតឡើងស្ទើរតែរាល់ឆ្នាំ។
«អ៊ីចឹងវាជាមោទនភាពមួយ ដែលគិតថា គាត់[លោក កែម ឡី]ជាតំណាងនូវបុគ្គលដែលហ៊ានបញ្ចេញមតិ។អ៊ីចឹងជាការស្រឡាញ់របស់បងប្អូនប្រជាពលរដ្ឋ។ អ៊ីចឹងបើសិនជាអាជ្ញាធររៀបចំឲ្យបានកន្លែងនេះទៅឲ្យមានការអនុញ្ញាត ហើយមានការបើកផ្លូវ វារឹតតែជាមុខមាត់ដល់អាជ្ញាធរថែមទៀត»។
ចំណែកលោក យ៉េង វិរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានចូលរួមពិធីនេះដែរ បានថ្កោលទោសអំពើយាយីរបស់អាជ្ញាធរមកលើការធ្វើពិធីបុណ្យខួបរំឭកដល់មរណភាពលោកកែម ឡី។ លោកក៏ចោទសួរថា តើអាជ្ញាធរមូលដ្ឋាននិងរដ្ឋាភិបាល មានការបារម្ភក្នុងចំណុចណាមួយ ទើបបានជារារាំងមិនចេះចប់ រាល់ពេលធ្វើខួបរំឭកដល់សពលោកកែម ឡី។
«យើងអត់យល់ដែរ។ យើងឆ្ងល់។ យើងសួរសំណួរហ្នឹងដែរ។ ហេតុអីបានអ៊ីចឹង?ហើយប្រជាពលរដ្ឋកាន់តែច្រើនហើយចាប់ផ្តើមសួរ ម៉េចអ៊ីចឹង? អ៊ីចឹង?វាគួរតែលោក កែម ឡី មានទំនាស់អីនឹងគាត់ បានជារដ្ឋាភិបាលអត់ផ្តល់លក្ខណៈ ឃើញរូបគាត់ ឮសូរតែគេធ្វើបុណ្យរូបគាត់ ដូចជានេះ ដូចជាខ្លាចម៉្លេះ!»
ថ្វីត្បិតថា មានការរំខានយ៉ាងណាក្តី ក៏ពិធីបុណ្យខួបគម្រប់បួនឆ្នាំនៃមរណភាពលោកកែម ឡីបានប្រព្រឹត្តទៅតាមការគ្រោងទុក។ អ្នកចូលរួមបានប្រគេនព្រះសង្ឃនូវចង្ហាន់និងទេយ្យទានផ្សេងទៀត។ ពិធីសូត្រមន្តក៏បានធ្វើឡើង ដោយគ្មានការរំខាន។ អ្នកចូលរួមបុណ្យរាប់សិបនាក់ ដែលក្នុងនោះមានពលរដ្ឋនៅមូលដ្ឋានផងនោះ បានទទួលទានអាហារ ក្រោយពិធីសូត្រមន្ត។
ប៉ុន្តែដោយឡែក លោក វន់ ពៅ ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថាIDEAមិនបានមកទាន់ពិធីបង្សុកូលទេ។ លោកបានធ្វើដំណើរដោយថ្មើរជើងជាមួយលោកស ម៉ូរី ក្រោយកម្លាំងចម្រុះដែលមានមន្ត្រីនគរបាលនិងកងអន្តរាគមន៍នៅស្រុកត្រាំកក់បានរារាំងឃាំងដំណើរក្បួនម៉ូតូកង់៣របស់លោកដែលមានជិត២០ម៉ូតូ។
លោកវន់ ពៅ និយាយថាការឃាំងដំណើរនេះ ជាបែបផែននៃការគំរាមកំហែងបំបាក់ស្មារតីនៃអ្នកដែលនៅបន្តគាំទ្រការលះបង់លោកកែម ឡី។
«វាហាក់ដូចជាការមករំខានយើងមិនឲ្យចូលរួមបុណ្យលោកបណ្ឌិតកែម ឡី ឲ្យមានភាពងាយស្រួលហើយ វាជាការធ្វើឲ្យយើងឆ្នាំក្រោយអាច ធ្វើឲ្យយើងរាងចាល មិនចង់ មិនហ៊ានចូលរួមអ៊ីចឹងទៅណ៎ា»។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ក្នុងកន្លែងលក់ទំនិញមួយរបស់ស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ ទីក្រុងភ្នំពេញ។
ការបាញ់សម្លាប់លោកកែម ឡីកើតឡើងក្រោយពីលោកបានធ្វើសេចក្តីអធិប្បាយក្នុងការចេញផ្សាយរបាយការណ៍មួយរបស់អង្គការការពារបរិស្ថានឈ្មោះ Global Witness ដែលរិះគន់អំពើពុករលួយទាក់ទងនឹងសមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លើសពីនេះ លោកកែម ឡី បានចូលរួមធ្វើបទវិភាគលើបញ្ហាជាច្រើននៅក្នុងសង្គមតាម វេទិកាអង្គការមិនមែនរដ្ឋាភិបាល និងបណ្តាញផ្សព្វផ្សាយព័ត៌មានដែលមិនចំណុះរដ្ឋាភិបាលទីក្រុងភ្នំពេញ។ លោកបានវិភាគបញ្ហារសើបៗ ដែលមានដូចជាបញ្ហាព្រំដែន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ បរិស្ថានបក្ខពួកនិយម និងអំពើពុករលួយក្នុងសង្គមខ្មែរ។
ភ្លាមៗក្រោយការបាញ់សម្លាប់លោកកែម ឡី លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចាត់ទុកការធ្វើឃាតលោកកែម ឡី ធ្វើឲ្យ«ប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងជាការផ្ចាញ់ផ្ចាល់រដ្ឋាភិបាល»។ លោកអំពាវនាវកុំឲ្យយកការបាញ់សម្លាប់នេះ«ធ្វើជារឿងនយោបាយ»។
លោក ហ៊ុន សែន ថ្លែងកាលពីខែកក្កដាឆ្នាំ២០១៦ថា៖ «សង្ឃឹមថារឿងទាំងនេះ អ្នកនយោបាយផ្សេងទៀតនឹងមិនប្រើប្រាស់បញ្ហាទាំងនេះធ្វើជាបញ្ហានយោបាយអុចអាល ដែលនាំឲ្យជាតិចលាចលនោះទេ»។
ក្រោយការបាញ់សម្លាប់ភ្លាមៗ បុរសម្នាក់ឈ្មោះអឿត អាង ហៅជួប សម្លាប់ ត្រូវបានចាប់ខ្លួន ហើយលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែក្រុមគ្រួសារមិនជឿការអះអាងរបស់បុរសនោះដែលថា មូលហេតុនៃការធ្វើឃាតការជំពាក់ប្រាក់នោះទេ។ ក្រុមគ្រួសារបន្តទាមទារឲ្យរកជនពាក់ព័ន្ធ និងអ្នកបញ្ជាពីក្រោយខ្នង។
នៅមុនថ្ងៃបុណ្យខួបអង្គការសមាគមជាតិនិងអន្តរជាតិចំនួន៣០បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យនិងឥតលម្អៀងដើម្បី បន្តការស៊ើបអង្កេតឃាតកម្មលើលោក កែម ឡី និងស្នើឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញនិងការយាយីទៅលើបុគ្គលនានាដែលគោរពវិញ្ញាណក្ខន្ធរបស់លោកកែម ឡី។
លោក ស ម៉ូរី ប្រធានកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃបណ្តាញយុវជនកម្ពុជា(CYN)និយាយថានៅឆ្នាំក្រោយ លោកនៅតែបន្តចូលរួមពិធីបុណ្យរំឭកដល់ការស្លាប់លោកកែម ឡី ដដែល បើទោះជារងការរារាំងពីអាជ្ញាធរយ៉ាងណាក្តី។
«ព្រោះអ្វីដែលយើងចង់បាន ទីមួយគឺយើងបន្តរំឭកវីរភាពរបស់លោកបណ្ឌិតកែម ឡី ដើម្បីឲ្យយុវជនខ្មែរ ប្រជាពលរដ្ឋខ្មែរដែលគាំទ្រលោកបណ្ឌិត កែម ឡី នៅតែចងចាំវីរភាពរបស់លោក។ ទីពីរ យើងនៅតែទទូច និងស្វែងរកយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ព្រោះយើងជឿជាក់ថា លោកបណ្ឌិត កែម ឡី មិនទាន់បានទទួលយុត្តិធម៌»៕