ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​សហភាព​អាហ្វ្រិក​កុំ​ដក​ខ្លួន​ចេញ​ពី​សមាជិកភាព​របស់​តុលាការ ICC


លោក Jean-Pierre Bemba ចូល​ក្នុង​បន្ទប់​សវនការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦។

សម្ព័ន្ធ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សហភាព​អាហ្វ្រិក​លះបង់​នូវ​ការ​ពិចារណា​អំពី​គម្រោង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដក​ចេញ​នូវ​ប្រទេស​ជា​សមាជិក​របស់​សហភាព​នេះ​ពី​សមាជិក​ភាព​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC។

កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ គណៈកម្មការ​មួយ​ដែល​បាន​បើក​កិច្ច​ប្រជុំ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​របស់​សហភាព​អាហ្វ្រិក បាន​ស្នើ​ឲ្យ​សហភាព​អាហ្វ្រិក​ដក​សមាជិក​ភាព​របស់​ខ្លួន​ចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ហើយ​បាន​បន្ថែម​ថា ដរាបណា​ប្រទេស​ជា​សមាជិក​របស់​សហភាព​អាហ្វ្រិក​ទាំង​នោះ បំពេញ​លក្ខខណ្ឌ​បី​ទើប​អាច​ស្ថិត​នៅ​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​បាន ដែល​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ទាំង​បី​នោះ​គឺ ការ​រួច​ផុត​ពី​ការ​កាត់ទោស​សម្រាប់​ប្រមុខ​រដ្ឋ និង​មន្ត្រី​កំពូលៗ​នានា​របស់​ប្រទេស​ជា​សមាជិក។

សម្ព័ន្ធ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នេះ​ដឹកនាំ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សម្ព័ន្ធ​នេះ​បាន​បញ្ជាក់​ថា ការ​អំពាវនាវ​ក្នុង​ការ​មិន​យក​ទោស​ពៃរ៍​ចំពោះ​ប្រមុខ​រដ្ឋ និង​មន្ត្រី​កំពូលៗ​ដូច​នេះ គឺ​រំលោភ​ទៅ​នឹង​ធម្មនុញ្ញ​របស់​សហភាព​អាហ្វ្រិក និង​ប្រឆាំង​ទៅ​នឹង​ការ​ផ្ដួចផ្ដើម​របស់​សហភាព​អាហ្វ្រិក​នៅ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​បន្ថែម​ថា ការ​មិន​យក​ទោស​ពៃរ៍​ទាំង​ស្រុង​សម្រាប់​ប្រមុខ​រដ្ឋ គឺ​មិនមែន​ជា​គោលការណ៍​របស់​តុលាការ ICC ទេ ហើយ​ការ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សមាជិក​ភាព​របស់​តុលាការ​នេះ គួរ​តែ​ស្ថិត​នៅ​លើ​ប្រទេស​នីមួយៗ​ជា​អ្នក​សម្រេច​ដោយ​ខ្លួន​ឯង។

អ្នក​តំណាង​មកពី​សហភាព​អាហ្វ្រិក​មាន​គម្រោង​ជួប​ប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​សុក្រ​ស្អែក​ដើម្បី​ពិភាក្សា​អំពី​គម្រោង​ដក​ខ្លួន​ចេញ​ពី​សមាជិក​ភាព​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC នេះ៕

XS
SM
MD
LG