ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអង្គការ​សិទ្ធិមនុស្ស​មើល​ឃើញ​បញ្ហា​នៅក្នុងការ​ជំនុំជម្រះ​ជាលើក​ដំបូង​លើ​កងទ័ព


លោក ថំម៉ាស ក្វូយែឡូ អតីត​មេដឹកនាំ​មួយរូប​នៃ​ក្រុម​ឧទ្ទាម ដែល​ត្រូវបាន​​ស្គាល់ថា​ជា​ កងទ័ព​​ចលនា​​តស៊ូ​របស់​ព្រះជាម្ចាស់ (Lord’s Resistance Army) ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា LRA ត្រូវបាន​ឃើញ​ក្នុង​មន្ទីរឃុំឃាំងមួយនៅកាំប៉ាឡា កាលពីថ្ងៃទី១០ វិច្ឆិកា ២០១១។
លោក ថំម៉ាស ក្វូយែឡូ អតីត​មេដឹកនាំ​មួយរូប​នៃ​ក្រុម​ឧទ្ទាម ដែល​ត្រូវបាន​​ស្គាល់ថា​ជា​ កងទ័ព​​ចលនា​​តស៊ូ​របស់​ព្រះជាម្ចាស់ (Lord’s Resistance Army) ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា LRA ត្រូវបាន​ឃើញ​ក្នុង​មន្ទីរឃុំឃាំងមួយនៅកាំប៉ាឡា កាលពីថ្ងៃទី១០ វិច្ឆិកា ២០១១។

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ កំពុង​សម្តែង​ការព្រួយបារម្ភអំពី​ការកាត់​ទោស​ជាលើក ដំបូង​របស់​ប្រទេស អ៊ុយហ្គាន់ដា (Uganda) ទៅលើ​អតីត​មេដឹកនាំ​មួយរូប​នៃ​ក្រុម​ឧទ្ទាម ដែល​ត្រូវបានស្គាល់ថា​ជា​ កងទ័ពចលនាតស៊ូ​របស់​ព្រះជាម្ចាស់ (Lord’s Resistance Army) ឬ​ហៅកាត់​ជាភាសា​អង់គ្លេស​ថា LRA។

នៅក្នុង​របាយការណ៍​មួយ ដែល​ត្រូវបាន​ចេញផ្សាយ​កាល​ពីថ្ងៃ​ច័ន្ទ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch) បាន​ឲ្យ​ដឹង​ថា ​បញ្ហា​ផ្លូវច្បាប់​និងគ្រប់គ្រងទាំងឡាយ បាន​បង្ក​ការបំផ្លាញ​ដល់ការស្វែងរកយុត្តិធម៌ នៅក្នុង​ការកាត់ទោស ​លោក ថំម៉ាស ក្វូយែឡូ (Thomas Kwoyelo)។

ជន​ជាប់​ចោទ ​ត្រូវបាន​ចាប់​ឃុំឃាំង​ កាល​ពីឆ្នាំ​២០០៩ បន្ទាប់​ពីបាន​ប្រយុទ្ធ​ដើម្បីកងទ័ព LRA។ ក្រុមនេះ​ មានភាពល្បី​ល្បាញ​ខាង​ប្រព្រឹត្ត​អំពើរំលោភ​សិទ្ធិមនុស្ស ក្នុង​ពេលកើត​មាន​ជម្លោះ​រយៈពេលពីរ​ទសវត្សរ៍ នៅភាគ​ខាងជើង​ប្រទេស អ៊ុយហ្គាន់ដា។ មេដឹកនាំមួយ​ចំនួន​របស់ក្រុមនេះ​ ត្រូវបានស្វែងរក​ចាប់ខ្លួនពី​សំណាក់តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ (International Criminal Court)។

ប៉ុន្តែ លោក ក្វូយែឡូ កំពុង​ត្រូវបាន​កាត់ទោស​ដោយ​តុលាការអ៊ុយហ្គាន់ដា ដែល​ត្រូវបាន​ស្គាល់ថា​ អង្គភាពឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICD។ ការកាត់ទោសរូប​លោក គឺជា​រឿង​ក្តីដំបូង​បង្អស់ ​ដែល​តុលាការ ICD កំពុងដោះស្រាយ។

លោកស្រី អែលីស ខែពប្ល័រ (Elise Keppler) នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ មាន​ប្រសាសន៍​ថា វា​មាន​សារសំខាន់​ណាស់ ដែល​ការកាត់ទោស​ភាគច្រើនបំផុតតាមតែ​អាច​ធ្វើទៅបាន ត្រូវបាន​ធ្វើឡើង​នៅ​ត្រឹម​ថ្នាក់ជាតិ​ ដែលអាច​ជំនួស​ឲ្យ​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ។

«​ជាការ​ប្រសើរ ការកាត់ទោស​លើ​បទឧក្រិដ្ឋកម្ម​ទាំងអស់ ដែល​រួមទាំង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ គួរ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្នាក់​ជាតិ។ នេះជា​វិធី​ដ៏ល្អ​បំផុត ដើម្បី​ធានា​ឱ្យ​ប្រាកដថា ការកាត់​ទោស​ទាំងនេះ​មាន​អត្ថន័យ​សម្រាប់​សហគមន៍​ទាំងឡាយ ដែល​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ពី​ឧក្រិដ្ឋកម្ម​ទាំងនេះ ហើយថា​ការកាត់​ទោស​ទាំងនេះ​អាច​ជួយ​កសាង​ការគោរពនីតិរដ្ឋ​នៅក្នុង​ប្រទេស។ វា​មាន​សារសំខាន់​សម្រាប់​តុលាការ​ជាតិ ដែល​អាចដោះស្រាយ​រឿងក្តីទាំងនេះ នៅ​ទីបំផុត។»

ប៉ុន្តែ នៅក្នុង​រឿង​ក្តីរបស់​លោក ក្វូយែឡូ ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ​បាន​ចង្អុល​បង្ហាញ​បញ្ហា​ជាច្រើន។ បញ្ហា​មួយ​គឺ​ច្បាប់​ស្តីពី​ការលើកលែង​ទោស (Amnesty Act)​ ​របស់​ប្រទេស អ៊ុយហ្គាន់ដា ដែល​ត្រូវបាន​អនុវត្ត​ទៅលើ​ពួក​អ្នកប្រយុទ្ធ​របស់​កងយោធា LRA មួយចំនួន។ លោកស្រី ខែពប្ល័រ និយាយថា មិនមាន​អ្នកណា​ម្នាក់​ គួរ​ត្រូវបាន​ផ្តល់ការ​លើកលែង​ទោស ចំពោះបទ​ឧក្រិដ្ឋកម្ម ​ដែល​លោក ក្វូយែឡូ ត្រូវបាន​ចោទប្រកាន់​នោះទេ។

«ជា​មូលដ្ឋាន​ អ៊ុយហ្គាន់ដា ផ្តល់ការលើកលែង​ទោសទាំងស្រុង​សម្រាប់​ជន​ទាំងឡាយ​ណា ដែល​បាន​បោះបង់​ចោល​ការប្រឆាំង​បះបោ​នៅ អ៊ុយហ្គាន់ដា។ ហើយ​ជាការពិត​ណាស់ ការលើកលែង​ទោស​ចំពោះឧក្រិដ្ឋកម្ម​ដ៏ធ្ងន់ធ្ងរបំផុត ដូចជា​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្ស​ជាតិ​និង​អំពើប្រល័យ​ពូជ​សាសន៍ មិន​សមស្របជាមួយ​នឹង​ច្បាប់​អន្តរជាតិ​ទាល់​តែ​សោះ។ ការ​លើក​លែង​ទោស​នេះ ពិតជា​បញ្ហា​ប្រឈម​យ៉ាង​ធំធេង​ចំពោះ​ការងារ​របស់​អង្គភាពឧក្រិដ្ឋកម្ម​អន្តរជាតិ។ តើ​តុលាការនេះ​អាច​ធ្វើដំណើរ​ទៅមុខ តាមរយៈការព្យាយាម​ស្វែងរក​យុត្តិធម៌​សម្រាប់​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត នៅ​ចំពោះមុខ​នៃការ​លើកលែង​ទោស​ក្នុងស្រុក​នេះដោយ​របៀប​ណា។»

លោក ស្ទីវហ្វិន អូឡា (Stephen Oola) អ្នកច្បាប់​មួយរូប​នៃ​អង្គការ​គម្រោង​ច្បាប់​ជនភៀសខ្លួន ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង កាមប៉ាឡា និយាយថា ដោយសារ​កងយោធា LRA នៅតែ​មាន​សកម្មភាព​នៅឡើយ មាន​ឱកាស​តិចតួច​ណាស់​នៅក្នុង​ការផ្លាស់ប្តូរ​ច្បាប់​ស្តីពី​ការលើកលែងទោស​នៅក្នុង​ពេលនេះ។

«ក្រុម​អ្នក​នយោបាយ ស្ថិត​នៅក្នុង​ស្ថានភាព​ដែល​មិន​អាច​សម្រេច​បាន។ ពួកគេ​មិនបាន​ដឹងច្បាស់​ថាតើ​ពួកគេ​អាច​ទាក់ទាញមនុស្សសំខាន់ៗនៅក្នុង​កងទ័ព LRA បាន​ដែរ​ឬ​ទេ។ ប្រសិនបើ​មិនអាច តើ​ពួកគេ​ត្រូវចរចា​ជាមួយ​មេដឹកនាំទាំងនោះ​ដែរ​ឬទេ? ប្រសិន​បើ​ដូច្នោះ តើ​ការផ្លាស់ប្តូរច្បាប់​ស្តីពី​ការលើក​លែង​ទោស នឹង​ធ្វើ​ឲ្យ​បាត់​បង់​កម្លាំង​ចិត្តក្នុង​ការចរចារ​ដែរ​ឬទេ? គ្មាននរណា​ម្នាក់​ វិល​ត្រឡប់​មក​ផ្ទះ​វិញទេ ប្រសិនបើ​ពួកគេ​ដឹងថា ពួកគេ​ ​ត្រូវ​ប្រឈម​មុខទៅ​នឹងកាត់ទោស ​នៅថ្ងៃ​ក្រោយ។»

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ឲ្យ​ដឹង​ថា បញ្ហា​ផ្សេងៗ​ទៀតសម្រាប់​ការកាត់ទោស រួមមាន​ធនធាន​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​ការពារ​ក្តី​ ភាព​ខ្វះខាត​កម្មវិធី​ការការពារ​សាក្សី និង​ការផ្សព្វផ្សាយ​ព័ត៌មានមិនគ្រប់គ្រាន់ ​ដើម្បី​ពន្យល់​អំពី​ការ​ជំនុំជម្រះ​ទៅកាន់​សហគមន៍​នៅតាម​មូលដ្ឋាន។

ក្រុម​សិទ្ធិមនុស្ស​ ថ្លែង​ថា វា​ក៏មាន​សារសំខាន់​ផងដែរ​ដែល​តុលាការ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ការកាត់ទោស​សមាជិកនៃ​កងទ័ព​អ៊ុយហ្គាន់ដា (Ugandan Army) ដែល​ពួកគេ​មួយចំនួន​ត្រូវបានចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ក្នុង​កំឡុងពេលមានជម្លោះ​នៅភាគ​ខាងជើង​ប្រទេស អ៊ុយហ្គាន់ដា។

អ្នកច្បាប់ អូឡា (Oola) យល់ស្រប​ថា ការកាត់ទោស​មន្ត្រី​យោធា​ មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ដើម្បី​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ។ ប៉ុន្តែ លោក ​និយាយថា ​ការ​ជំនុំ​ជម្រះ​បែប​នោះ ប្រហែលជា​មិនអាច​កើតឡើង​ទេ នៅក្នុង​ប្រទេស អ៊ុយហ្គាន់ដា នៅក្រោម​រដ្ឋបាល​បច្ចុប្បន្ន​នេះ។

«វិធី​តែមួយ​គត់​ដែល​អ្នក​អាច​ដឹងបាន ថាតើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​នយោបាយ​ដែរ​ឬ​ទេ គឺថា ប្រសិនបើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យអង្គភាព​ឧក្រិដ្ឋកម្ម​សង្រ្គាម​ កាត់ទោស​ភ្នាក់ងារ​របស់​ខ្លួន។ ខ្ញុំ​មិន​យល់ឃើញ​ការកាត់​ទោស​នោះ​ ត្រូវធ្វើ​ឡើង​នៅ​ក្រោម​រដ្ឋាភិបាល​នេះទេ។ ឆន្ទៈបែបនេះ នៅតែ​មានភាពខ្វះខាត​នៅឡើយ ហើយក៏មិនមាន​ការ​ផ្លាស់ប្តូរ​ដែរ។»

ទោះបី​ជា​លោក ក្វូយែឡូ ជា​មនុស្ស​ទីមួយ​ដែលនឹង​ត្រូវបាន​កាត់ទោស​ដោយ​តុលាការ ICD លោក អូឡា និយាយ​ថា ប្រជាពលរដ្ឋ​ជាច្រើន​នៅ​អ៊ុយហ្គាន់ដា មានចំណាប់​អារម្មណ៍​ថា តុលាការ​នេះ​ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កាត់ទោស​អ្នកទាំងឡាយ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោក​ និយាយ​ថា ​តាមពិត ​ការកាត់ទោស​នៅថ្នាក់​ជាតិ​ មាន​សារសំខាន់ ប៉ុន្តែ​អាចធ្វើបាន​ស្របទៅ​តាមលក្ខខណ្ឌ​ដ៏​ត្រឹមត្រូវតែប៉ុណ្ណោះ។

«ប្រសិនបើ​គ្រប់គ្រង​បាន​ល្អ ការ​ជំនុំ​ជម្រះ នឹងមាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅលើ​ប្រជាពលរដ្ឋ។ ប៉ុន្តែ ប្រសិនបើ​គ្រប់គ្រង​មិនបាន​ល្អ​វិញ លទ្ធផល​នឹងមាន​ភាព​ផ្ទុយ។ ពីដំបូង ខ្ញុំ​គិតថា មានការ​ពេញចិត្ត​យ៉ាងខ្លាំង ទាក់​ទង​នឹង​ការកាត់ទោស​លោក ក្វូយែឡូ ប៉ុន្តែ ខ្ញុំ​មិនច្បាស់ទេ​ថា ការពេញចិត្ត​បែបនេះ​ បញ្ជាក់​ពី​អារម្មណ៍​ នា​ពេលឥឡូវនេះ។ ពីដំបូង ការកាត់ទោស​នេះ​ត្រូវបាន​ចាត់​ទុកថាជា​ជំហាន​សំខាន់ៗ​មួយ​ចំនួន​ឆ្ពោះ​ទៅ​រកការទទួល​ខុសត្រូវ។ ថ្មីៗនេះ ប្រជាពលរដ្ឋ​ជាច្រើន ​គិតថា ​តាមគោលការណ៍​ វា​ជាទម្លាប់​ធម្មតាសម្រាប់យុត្តិធម៌​របស់​អ្នកឈ្នះ។ យុត្តិធម៌​បែបនោះ បាន​ធ្វើឱ្យ​យុត្តិធម៌​បាត់បង់​តម្លៃ​របស់​វា។»

លោក អ៊ីរៀស គីសាវុហ្សី (Erias Kisawuzi) អ្នកនាំពាក្យរបស់ស្ថាប័នតុលាការ​របស់​ប្រទេស អ៊ុយហ្គាន់ដា និយាយថា របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ លើក​ឡើង​ចំណុច​ប្រកប​ដោយសុពលភាពជាច្រើន ហើយ ​លោក ​ស្វាគមន៍អនុសាសន៍​របស់​របាយការណ៍​នេះ។

«ជា​រួម​ របាយការណ៍​នេះ ជា​ការឆ្លុះបញ្ចាំងទៅ​លើអ្វី​ដែលជា​ចំណុច​សំខាន់ៗ ហើយ​របាយការណ៍​នេះ​ក៏បាន​ស្នើរឱ្យមាន​កំណែ​ទម្រង់មួយ​ចំនួន ដែល​ខ្ញុំ​គិត​ថា​ត្រូវ​ចំណាយ​ពេលច្រើនណាស់។ ប្រសិន​បើ​កំណែទម្រង់​ទាំង​នោះ​ ត្រូវបានដោះស្រាយ ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ជា​មាគ៌ាដ៏វែង​ឆ្ងាយ ក្នុងការ​នាំយក​ជនសង្ស័យ​ឬ​មនុស្ស​ផ្សេង​ទៀត ​មកកាត់​ទោស​ប្រកប​ដោយ​យុត្តិធម៌​និង​ឥតលម្អៀង។»

លោកស្រី ខែពប្ល័រ នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​និយាយថា កំណែ​ទម្រង់​ ​ត្រូវការ​ការគាំទ្រ​ខាង​នយោបាយ​យ៉ាងម៉ឺងម៉ាត់ពីសំណាក់​រដ្ឋាភិបាល អ៊ុយហ្គាន់ដា ដើម្បី​ឲ្យយុត្តិធម៌ ត្រូវបានផ្តល់ជូន​លោក ថំម៉ាស ក្វូយែឡូ (Thomas Kwoyelo)។ អ្នកស្រី​បាន ​បន្ថែម​ថា ទោះបី​ជាមាន​បញ្ហា​ ​មួយចំនួន​ក៏​ដោយ ការកាត់ទោស​នេះ ​ផ្តល់មេរៀន​ដ៏សំខាន់​សម្រាប់ប្រទេស​ផ្សេងៗ​ទៀត ទាក់ទងទៅ​នឹងការកាត់ទោស​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រែសម្រួលដោយ ឌី ខាំបូលី

XS
SM
MD
LG