ក្រុមសិទ្ធិមនុស្សនាំមុខគេមួយនិយាយថាមានទូកជិះដោយជនភៀសខ្លួន រូហិងគ្ហា( Rohingya)ចំនួន១០គ្រឿងបានបើកបរចេញពីប្រទេសបង់ក្លាដេសកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗកន្លងទៅនេះ ដោយជនទាំងនោះសង្ឃឹមថានឹងអាចទៅដល់ប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។ ក្រុមការពារសិទ្ធិមនុស្សនោះនិងក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃអំពាវនាវឲ្យជនភៀសខ្លួន រូហិងគ្ហាទាំងនោះត្រូវបានគេផ្ដល់នូវច្បាប់ការពារខ្លួនសមរម្យនិងជំនួយផ្សេងៗ។
ជនភៀសខ្លួនអម្បូររូហិងគ្ហា រាប់ពាន់នាក់មកពីរដ្ឋ អារាកាននៃប្រទេសភូមានិងមកពីប្រទេសបង់ក្លាដេសបានរត់ចេញរាល់ៗឆ្នាំពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភូមាហើយនឹងដោយសារភាពក្រីក្រតោកយ៉ាក នៅក្នុងប្រទេស បង់ក្លាដេស។
ជនភៀសខ្លួនរូហិងគ្ហា ជាង២៥.០០០ពាន់នាក់រស់នៅក្នុងជំរំនៃប្រទេសបង់ក្លាដេសគ្រប់គ្រងដោយ ឧត្តមស្នងការ អ.ស.ប ខាងជនភៀសខ្លួន។
តែមនុស្ស២០០.០០០ថែមទៀតរស់នៅក្នុងស្ថានភាពស្មោកគ្រោគគ្មានអនាម័យនៅក្រៅជំរំដែលគ្មានជំនួយ។ នៅជិតខាងក្នុងរដ្ឋអារាកាន នៃប្រទេសភូមាក្រុមការពារសិទ្ធិមនុស្ស និយាយថាក្រុមរូហិងគ្ហាជាសហគមន៍អ៊ីស្លាមកំពុងប្រឈមមុខនឹងការគំរាមពីបទបំពានផ្សេងៗដោយយោធាភូមា។
ក្រោយពីរដូវភ្លៀងរាល់ឆ្នាំក្រុមរូហិងគ្ហាឲ្យលុយទៅឈ្មួញរត់ពន្ធមនុស្សដើម្បីពង្រត់ខ្លួនតាមទូក ឆ្ពោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយសង្ឃឹមថានឹងមានជីវភាពប្រសើរ។ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ។
អង្គការតាមឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch និយាយថាមានទូករហូតដល់ ១០គ្រឿងបើកបរចេញ។ ក្នុងសប្ដាហ៍នេះ ប៉ូលិសសមុទ្រឥណ្ឌូនេស៊ី បានស្រោចស្រង់ជន រូហិងគ្ហា ១២៩នាក់ដែលទូករបស់ខ្លួនរសាត់ជាច្រើនថ្ងៃក្រោយពីម៉ាស៊ីនឈប់ដើរ។
លោក Phil Robertson នាយករងរបស់អង្គការ Human Rights Watchផ្នែក អាស៊ីថ្លែងថាមានទូកយ៉ាងតិច៣គ្រឿងបានចូលចតក្នុងតំបន់ភាគខាងត្បូងប្រទេសថៃដោយមានមនុស្សជិះជាង២២០នាក់។
«ជនភៀសខ្លួនដែលចូលមកដល់ដីឆ្នេរសមុទ្ររបស់ប្រទេសថៃសមនឹងទទួលយកហើយថែទាំ។ យើងមានការព្រួយបារម្ភធំហើយខ្ញុំសុំនិយាយបន្ថែមថាមានទូកជាច្រើនគ្រឿងទៀត នៅលើសមុទ្រហើយគេមិនដឹងច្បាស់ថាតើ កងកម្លាំងជើងទឹកថៃចូលទៅចាប់ទូកទាំងនោះឬក៏គេធ្វើម្ដេច? គេបាននិយាយប្រាប់យើងថា មានទូក៩ទៅ១០គ្រឿងចាកចេញពីប្រទេស បង់ក្លាដេស»។
នៅអតីតកាល កងកម្លាំងជើងទឹកថៃ បានត្រូវគេទិទៀនថាបានបង្ខំទូកដឹកក្រុមរូហិងគ្ហាឲ្យ ត្រឡប់ទៅកាន់សមុទ្រធំវិញ។
កាលពីសប្ដាហ៍មុនអាជ្ញាធរឥណ្ឌាបានស្រោចស្រង់ក្រុមរូហិងគ្ហា ៩១នាក់នៅលើសមុទ្រអង់ដាម៉ង។ សេចក្ដីរាយការណ៍ជាច្រើននិយាយថាជនទាំងនោះអត់ទឹក អត់អាហារ និងខ្សោះទឹកក្នុងខ្លួន។ ក្រុមជនភៀសខ្លួននិយាយថាកងកម្លាំងជើងទឹកថៃបានបង្ខំខ្លួនឲ្យចេញទៅសមុទ្រធំវិញ។ អង្គការ Human Rights Watch និយាយថាការស្រាវជ្រាវរបស់ខ្លួនដូចពាក្យរបស់ក្រុមជនភៀសខ្លួន។
តែមន្ដ្រីថៃបាននិយាយប្រាប់អ.ស.បថាក្រុមរូហិងគ្ហាមិនត្រូវគេធ្វើបាបទេ។ ក្រសួងការបរទេសថៃនិយាយថា ក្រុមរូហិងគ្ហាអះអាងថាខ្លួនជាជនជាតិភូមាហើយអាជ្ញាធរថៃបានបញ្ជូនខ្លួនឲ្យទៅកាន់តំបន់ឆ្លងព្រំដែននៅក្នុងខេត្ដរាណុង។ ក្រសួងនោះ និយាយថាខ្លួនមិនដឹងថាតើ ក្រុមនោះធ្វើដំណើរតាមមធ្យោបាយណាទេក្រោយពីចាកចេញដែនដីថៃ។ ក្រសួងអន្ដោប្រវេសន៍ថៃបានឃុំឃាំងក្រុមរូហិងគ្ហា១៣៥នាក់មានក្មេងផងដែរដែលបានជិះទូកពីរគ្រឿង ចូលចតនៅតំបន់ក្បែរឆ្នេរសមុទ្រភាគខាងត្បូង។
ក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃនិយាយថាច្បាប់ផ្ដល់សិទ្ធិរបស់ក្រុមរូហិងគ្ហាត្រូវទទួលស្គាល់ ហើយមិនត្រូវបញ្ជូនជនទាំងនោះដោយស្វ័យប្រវត្ដិទេ។ លោក សុរាបុង គង់ចានទុក ប្រធានអនុគណៈកម្មាធិការរបស់ក្រុមប្រឹក្សាខាងក្រុមអម្បូរជនជាតិភាគតិចនិងកម្មករចល័តនិយាយថាករណីរបស់ពួកគេគួរតែដើរតាមរយៈដំណើរការតុលាការ។
លោក សុរប៉ុង ថ្លែងថា មន្ដ្រីអន្ដោប្រវេសន៍បានបំពានលើច្បាប់ដោយបានបង្ខំឲ្យជនអន្ដោប្រវេសន៍វិលទៅសមុទ្រធំវិញ។ លោកថ្លែងទៀតថាបើជនទាំងនោះចូលមកក្នុងដែនដីថៃដោយខុសច្បាប់ មន្ដ្រីអន្ដោប្រវេសន៍តម្រូវឲ្យអនុវត្ដវិធានការត្រឹមត្រូវ ដោយ ទាក់ទងប្រាប់ប្រទេសដើមដូចជាប្រទេសបង់ក្លាដេសជាដើម។
សមាគមប្រទេសអាស៊ាន បានរៀបចំឲ្យមានវិធានការហៅយន្ដការក្រុងបាលីដែលជាយន្ដការដើម្បីដោះស្រាយបញ្ហាការជួញដូរមនុស្ស និងពង្រត់មនុស្សឆ្លងដែន។ តែក្រុមការពារសិទ្ធិមនុស្សនិយាយថាវិធានការនោះមិនបានដំណើរការទៅមុខទេក្នុងការកាត់បន្ថយវាសនារបស់ជនភៀសខ្លួនដូចជាក្រុមរូហិងគ្ហាជាដើម៕
ប្រែសម្រួលដោយ អ៊ូ ធួក