ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សិទ្ធិមនុស្ស​ថា កញ្ញា ខុម ​ចាន់​តារាទី ​នឹង​រួច​ពី​ការ​ចោទ​ប្រកាន់ បើ​តុលាការ​កម្ពុជា​​ឯករាជ្យ


នាង ខុម ចាន់ដារាទី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​អាដហុក កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (ផន បុប្ផា/VOA)

កញ្ញា ខុម ​ចាន់​តារាទី ​ហៅ​ស្រី​មុំ ​នឹង​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​នាង ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹម ​សុខា។

កញ្ញា ខុម ​ចាន់​តារាទី ​ហៅ​ស្រី​មុំ ​នឹង​ឡើង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បន្ទាប់​ពី​នាង ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹម ​សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​បោះឆ្នោត​ទម្លាក់​ពី​កៅអី​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​កាល​ពី​ឆ្នាំ​មុន​នោះ។

កញ្ញា ខុម ​ចាន់​តារា​ទី ដែល​រង​ការ​ចោទ​ថា ​ជា​ស្រី​កំណាន់​របស់​លោក​ កឹម​ សុខា​ នោះ ​ត្រូវ​បាន​លោក ​សៀង​ សុខ ​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​កោះ​ ឲ្យ​ទៅ​បំភ្លឺ​លើ​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែងក្លាយ​ និង​ប្រព្រឹត្ត​អំពើ​ពេស្យាចារ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

ការ​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​តាម​បណ្ដឹង​ដាក់​ជូន​ទៅ​តុលាការ​ដោយ​ កញ្ញា ធី​ សុវណ្ណថា ​ដែល​ជា​យុវតី​ដ៏​ល្បីល្បាញ​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

កញ្ញា ​ធី​ សុវណ្ណថា​ បាន​ប្ដឹង​កញ្ញា ​ខុម​ ចាន់តារាទី​ ពី​បទ​បរិហារកេរ្តិ៍​ក្នុង​ការ​សាសង​ស្នេហា​តាមរយៈ​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​មួយ​ ដែល​គេ​សង្ស័យ​ថា​ជា​សំឡេង​របស់​កញ្ញា ខុម​ ចាន់​តារាទី និង​សំឡេង​របស់​លោក ​កឹម​សុខា​ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

លោក​ នី សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម ​អាដ​ហុក​ ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍ​នៅ​កម្ពុជា ​ហើយ​ដែល​ផ្ដល់​សេវា​មេធាវី​ការពារ​តាម​ផ្លូវ​ច្បាប់​ដល់ កញ្ញា ​ខុម​ ចាន់តារាទី​ បាន​និយាយ​ថា កញ្ញា ខុម​ ចាន់តារាទី​ នឹង​មិន​មាន​ទោស​នោះ​ទេ​ ប្រសិន​បើ​តុលាការ​ប្រទេស​កម្ពុជា​មាន​ឯករាជ្យ​ភាព​នោះ។

លោក ​នី សុខា បាន​និយាយ​យ៉ាង​ដូច្នេះ​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សមាគម​ អាដ​ហុក​ ក្នុង​ទីក្រុង​ភ្នំពេញ។

«ខ្ញុំ​គិត​ថា​ប្រសិន​បើ​តុលាការ​គាត់​ឈរ​នៅ​លើ​ជំហរ​មួយ​ឯករាជ្យ​ពិត​ប្រាកដ ​ហើយ​គាត់​ឈរ​នៅ​លើ​ជំហរ​មួយ​ប្រកាន់​នូវ​យុត្តិធម៌​ត្រឹមត្រូវ ​ខ្ញុំ​គិត​ថា​ អត់​មាន​ជា​បញ្ហា​ទេ ​ពី​ព្រោះ​កញ្ញា​ស្រីមុំ ​គាត់​អត់​មាន​ទោស​ពៃ​អី​ផង»។

លោក​ ​នី សុខា បន្ត​ថា ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំ​ទូលាយ​អំពី​សំណុំ​រឿង​ក្ដី​ពាក់​ព័ន្ធ​នឹង​កញ្ញា ខុម​ ចាន់តារាទី ​នេះ ក៏​ប្រហែល​ជា​រួម​ចំណែក​ជួយ​រក​យុត្តិធម៌​ដល់​កញ្ញា​បាន​ខ្លះ​ដែរ។

«យើង​គិត​ថា ​អា​ហ្នឹង​វា​ជា​រឿង​សំខាន់​នៅ​ស្រុក​ខ្មែរ​យើង ​ពីព្រោះ​ថា​ នៅ​ក្នុង​ស្ថានភាព​មួយ​ពេល​ដែល​ប្រព័ន្ធ​យុត្តិធម៌​យើង​នៅ​ខ្សោយ ​ដូច្នេះ​យើង​ត្រូវ​ការ​មហាជន​ឲ្យ​គេ​បាន​ដឹង​ឮ​ច្រើន​នៅ​ក្នុង​ការ​ជួយ​គាំ​ទ្រ​គាត់ ​ពីព្រោះ​គិត​ថា​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ស្រុក​ខ្មែរ​យើង ​វា​អត់​ទាន់​មាន​យុត្តិធម៌​បាន​ស្រួល​បួល»។

កញ្ញា​ ខុម​ ចាន់តារាទី​ បាន​និយាយ​ថា​ កញ្ញា​នឹង​ទៅ​តុលាការ​ដើម្បី​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នានា។

កញ្ញា​បាន​បន្ថែម​ថា ​រឿងរ៉ាវ​ទាំង​នេះ​ បាន​ធ្វើ​អោយ​កញ្ញា​បាត់បង់​ការងារ​នៅ​ហាង​កាត់សក់។

«ភ័យ​ខ្លាច​គឺ​ភ័យ​ខ្លាច​ហើយ​ឥឡូវ​នេះ​សម្រេច​ចិត្ត​ឡើង​តុលាការ​ គឺ​ខ្ញុំ​សម្រេច​ចិត្ត​ច្បាស់។​ ធម្មតា​គ្រួសារ​ខ្ញុំ ឬ​ក៏​ខ្ញុំ​ វា​បាត់បង់។ ខ្ញុំ​ធ្វើ​ការ​ធម្មតា​ផ្ដល់​លុយ​កាក់​ឲ្យ​គាត់​បន្តិច​បន្តួច។​ ប៉ុន្តែ​ដល់​មាន​រឿង​អញ្ចឹង​គឺ ​វា​បាត់បង់​សម្រាប់​ខ្ញុំ​ទាំង​អស់»។

ការ​ចោទ​ប្រកាន់​ពី​ការ​លួច​មាន​ទំនាក់ទំនង​ស្នេហា​របស់​លោក​ កឹម​ សុខា ​ជាមួយ​កញ្ញា ខុម​ ចាន់តារាទី​ បាន​កើត​ឡើង​ បន្ទាប់​ពី​មាន​ការ​លេច​ធ្លាយ​ខ្សែអាត់​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​អ្នក​ទាំងពីរ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ៕

XS
SM
MD
LG