ស្រ្តី និងកុមារនៅប្រទេសចិន និងប្រទេសជិតខាងត្រូវបានជួញដូរនៅប្រទេសចិន។ ស្រ្តីទាំងនោះជាជនរងគ្រោះ ដោយសារការបង្ខំឲ្យ ធ្វើការ ឬដោយសារការកេងយកផលប្រយោជន៍ឲ្យបម្រើភេទ។ ស្រ្តី និងនារីខ្លះត្រូវបានបង្ខំឲ្យរៀបការ។
មានក្មេងប្រុសស្រីដែលបាត់ខ្លួនឈឹងដោយគ្មានដាន។ លោកស្រី ឆៃ លីង អ្នកបង្កើតអង្គការមួយឈ្មោះ កេ្មងស្រីទាំងអស់អនុញ្ញាត (All Girls Allowed) បានធ្វើការជាមួយអង្គការស្ម័គ្រចិត្តជាច្រើន ដើម្បីលើកស្ទួយឲ្យមានការយល់ដឹង ហើយជួយក្រុមគ្រួសារតាមរកកូនៗរបស់ខ្លួន។ លោកស្រី ឆៃ លីងថ្លែងថា កុមារជាច្រើនដែលបាត់ខ្លួនត្រូវគេលួចចាប់យកទៅលក់។ លោកស្រីបន្តថា៖
«នៅផ្ទះបន គេទិញស្រ្តី និងនារីឲ្យចូលធ្វើជាទាសករបម្រើភេទ។ មានទីផ្សារជួញដូរស្រ្តីធំណាស់នៅប្រទេសចិន។ ហើយមានគ្រួសារខ្លះចង់រកប្រពន្ធឲ្យកូនប្រុសរបស់គេ»។
តាមទំនៀមទម្លាប់វប្បធម៌ចិន គេឲ្យតម្លៃច្រើនទៅលើកូនប្រុស។ ពេលគេធំឡើងមនុស្សប្រុស ត្រូវគេ រំពឹងថា មានប្រពន្ធ ហើយរស់នៅជាមួយឪពុកម្តាយ និងថែទាំឪពុកម្តាយ ហើយបន្តប្រើឈ្មោះត្រកូល។ លោកស្រី ឆៃ ថ្លែងថា ពេលដែលស្រ្តីមានផ្ទៃពោះបានកូនស្រី៖
«គ្រួសារខ្លះបានសម្រេចពន្លូតកូនស្រីចោល ឬក៏បោះបង់ចោលកូនស្រី ឬក៏លក់កូនខ្ចីស្រីរបស់ខ្លួន។ មានបុរសក្មេងៗជិត៤០លាននាក់ហើយនៅប្រទេសចិន ដែលនឹងមិនអាចរកគូស្រករបាន ដូច្នេះជាលទ្ធផលការជួញដូរភេទ លក់ស្រ្តី និងក្មេងស្រី ក្លាយទៅជាបញ្ហាមួយធំនៅក្នុងប្រទេសចិន»។
ក្រុមសកម្មជនការពារសិទ្ធិមនុស្ស និយាយថា គោលការណ៍នយោបាយចិន មានកូនមួយក្នុងមួយគ្រួសារ បានជំរុញឲ្យចំនួនកូនស្រី មានតិចជាងកូនប្រុសដែលធ្វើឲ្យមានបញ្ហាខ្លាំង។ លោកស្រី ឆៃ និយាយថា ក្មេងស្រីខ្លះ ដែលបាត់ខ្លួនអាចត្រូវគេចាប់យកទៅលក់ ឲ្យគ្រួសារដែលត្រូវការក្មេងស្រី សម្រាប់បម្រុងទុករៀបការ។ ចំណែកក្មេងប្រុសវិញក៏គេលក់ទៅឲ្យគ្រួសារដែលអត់មានកូនប្រុសសម្រាប់ទទួលមរតកដែរ។
ប៉ុន្តែក្រុមអ្នកស្ម័គ្រចិត្តធ្វើការមិនសូវបានលឿនទេ។ អង្គការ All Girls Allowed នេះនិយាយថា កុមារី អាយុ៣ឆ្នាំម្នាក់ ឈ្មោះ លីតថល ប៊ីន (Little Bean) ត្រូវបានលួចចាប់យកទៅលក់ កាលពីខែមិថុនាមុន។ ក្រុមអ្នកធ្វើការស្ម័គ្រចិត្តបានជួយចេញផ្សាយប័ណ្ណប្រកាសមានបិតរូបថតកុមារីនោះ។ ក្មេងនោះ ត្រូវគេរកឃើញ៧ខែ ក្រោយមក ហើយបានជួបជុំជាមួយឪពុកម្តាយវិញ។
លោកស្រី អ៊ែនឌ្រា ប៊ើរថុន (Andrea Bertone) ជានាយកគេហទំព័រ HumanTrafficking.Org និយាយថា អតុល្យភាពភេទនៅប្រទេសចិនធ្វើឲ្យមានការប៉ះពាល់ដល់ប្រទេសជិតខាងចិន។ លោកស្រីមានប្រសាសន៍ថា៖
«មានស្រ្តីច្រើនណាស់ដែលគេបាននាំពីប្រទេសវៀតណាម ឡាវ និងកូរ៉េខាងជើង ទៅចិនដើម្បីបង្ខំឲ្យរៀបការ ហើយភាគច្រើនគឺនៅតំបន់ជនបទ។ ស្ត្រី ឬក្មេងដែលគេនាំពីប្រទេសជិតខាងឆ្លងដែនចូលទៅចិន ដើម្បីធ្វើការ ឬរៀបការនៅតំបន់ជនបទនោះ ទៅតាមរយៈបណ្តាញតូចមួយនៃ ក្រុមមួយដែលដឹងពីរបៀបបត់បែនឆ្លងដែន ដោយចេះសូកប៉ាន់ ក្រុមមន្ត្រី តាមព្រំដែនយ៉ាងងាយស្រួល»។
លោកស្រី ប៊ើរថុន ថ្លែងថា ក្រុមអ្នកជួញដូរមនុស្សក្នុងប្រទេសចិន អាចជាសមាជិកនៅក្នុងបណ្តាញតូចៗ ឬនៅក្នុងបណ្តាញឧក្រិដ្ឋកម្មរួមគ្នាមួយ។
ទោះបីជាមានការចាប់បានអ្នកលួចខ្លះក្តី ក៏តម្រូវការស្រ្តី និងក្មេងៗនៅ តែបន្តមាន ហើយការលក់ដូរមនុស្សក៏ត្រូវគេរំពឹងថា នឹងបន្តរីករាលដាលនៅក្នុងប្រទេសចិន និងក្នុងទូទាំងតំបន់ដែរ។
ប្រែសម្រួលដោយ នៅ សារីម