ទីក្រុងយេរូសាឡឹម៖ បាតុកម្មដ៏មហិមា ហើយនឹងការចលាចលនយោបាយនៅអេហ្ស៊ីបត្រូវបានទទួលសាទរពីសំណាក់ប្រជាពលរដ្ឋប៉ាឡេស្ទីននៅទីក្រុងហ្សេរុយសាឡឹមខាងកើតនាតំបន់ West Bank និងនៅតំបន់ហ្កាហ្សាស្រ្ទីព ថាជាការដាស់សតិអារម្មណ៍នៃពិភពអារ៉ាប់ថ្មីមួយ។ ក្រុមអ្នកវិភាគនៅមជ្ឈឹមបូព៌ានិយាយថា ចលាចលនោះ អាចផ្តល់កម្លាំងដល់មនុស្សស្រករថ្មីនិងក្មេងជំនាន់ក្រោយ ដែលជាមេដឹកនាំប្រជាពលរដ្ឋប៉ាឡេស្ទីនឲ្យប្រឹងស្វែងរកទាំងសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន ហើយនឹងអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យច្រើនជាងមុន។
ខណៈដែលតន្ត្រីអារ៉ាប់បន្លឺឡើងខ្ទរអាកាស ក្រោយពេលព្រលប់នៅតាមផ្លូវមមាញឹក និងមានពណ៌ចម្រុះ នៅខាងកើតទីក្រុងយេរូសាឡឹមនោះ រឿងសំខាន់ជាងគេក្នុងការជជែកគ្នាក្នុងបណ្តាជនជាតិប៉ាឡេស្ទីននៅទីនោះ គឺការវិវត្តគួរឲ្យភ្ញាក់ផ្អើលនៅអេហ្ស៊ីប។
ប្រជាពលរដ្ឋអេហ្ស៊ីបដែលងើបបះបោរឡើងប្រឆាំងនឹងប្រធានាធិបតី ហូស្នី មូបារ៉ាក់ ដែលកាន់អំណាចជាងបីទសវត្សរ៍ និងការសម្រេចរបស់លោកមិនឈរឈ្មោះបោះឆ្នោតឡើងវិញ ជាការធ្វើឲ្យចាប់អារម្មណ៍ខ្លាំង និងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ប្រជាពលរដ្ឋជាច្រើននៅទីក្រុងយេរូសាឡឹមខាងកើត។
«ប្រជាពលរដ្ឋប៉ាឡេស្ទីនមើលទូរទស្សន៍មិនដាក់ភ្នែកទេ ហើយតាមដានព័ត៌មានគ្រប់នាទី»។
លោក Mahdi Abdul Hadi ជាប្រធានរបស់បណ្ឌិតសភាសង្គមប៉ាឡេស្ទីនសម្រាប់ការសិក្សាកិច្ចការអន្តរជាតិនៅទីក្រុងយេរូសាឡឹមខាងកើត ហើយដែលគេចាត់ទុកថាជាអ្នកវិភាគនយោបាយនាំមុខគេនៅក្នុងតំបន់។ លោកថ្លែងថា ការងើបបះបោរឡើងរបស់ក្រុមយុវជនអារ៉ាប់ដែលស្វែងរកឲ្យបានការរស់នៅប្រសើរឡើងនោះ ហើយនឹងអនាគតមួយមានលទ្ធិប្រជាធិបតេយ្យច្រើនជាងមុននោះ គឺតំណាងការផ្លាស់ប្តូរក្នុងជំនាន់ក្រោយនៅមជ្ឈឹមបូព៌ា។
«ការផ្ទុះឡើងនៅទីនេះ ហើយគ្មាននរណាអាចមានផែនការ ថាវានឹងនាំយើងឆ្ពោះទៅណាទេពីព្រោះ វាមិនមែនជាទំនៀមទម្លាប់ ពីព្រោះ វាមិនមែនជារឿង ដែលធ្លាប់មានពីមុន។ រឿងនេះមិនមែន ជារឿងដែលក្រុមវរជននិងអ្នកជំនួញធ្លាប់បានគិតនោះទេ។ ក្រុមយុវជនចង់បានភាពថ្លៃថ្នូររបស់គេ។ នេះប្រហែលជារបៀបថ្មី មួយសម្រាប់ពណ៌នាពីលទ្ធិប្រជាធិបតេយ្យ»។
ប្រជាពលរដ្ឋប៉ាឡេស្ទីនជាច្រើន ចាត់ទុកលោក មូបារ៉ាក់ជាសម្ព័ន្ធមិត្តមួយរូប មកពីតួនាទីរបស់លោកក្នុងការចរចាសន្តិភាពជាមួយ អ៊ីស្រាអែល ហើយនឹងក្នុងការស្វែងរកការផ្សះផ្សារក្នុងបណ្តាបក្សប៉ាឡេស្ទីនដែលប្រកួតប្រជែងគ្នានៅ West Bank ហើយនឹងនៅហ្កាហ្សាស្រ្ទីព។ លោកDimitri Diliani ជាសមាជិកមួយរូបរបស់ក្រុមប្រឹក្សាបដិវត្តន៍ហ្វាតានៅយេរូសាឡឹមខាងកើត។ លោកថ្លែងថាប្រជាពលរដ្ឋប៉ាឡេស្ទីន មានអារម្មណ៍ច្របូកច្របល់មិនស្រឡះពីការដែលកើតមានឡើងនៅអេហ្ស៊ីប»។
«យើងគោរពមតិរបស់ប្រជាពលរដ្ឋ ហើយនឹងការព្រួយបារម្ភ ពិសេសសេចក្តីត្រូវការរបស់គេតែ ក្នុងពេលជាមួយគ្នានោះដែរ យើងកោតសរសើរជំហររបស់លោកមូបារ៉ាក់ ក្នុងដំណើរការសន្តិភាពការគាំទ្ររបស់លោកក្នុងដំណើរការនេះជាច្រើនឆ្នាំមកហើយ»។
ម៉ាមូឌ មុណា ជាជនជាតិប៉ាឡេស្ទីនអាយុ២៨ឆ្នាំ ដែលធ្វើការនៅក្នុងហាងលក់សៀវភៅរបស់គ្រួសារខ្លួននៅទីក្រុងយេរូសាឡឹមខាងកើត។ លោកសង្ឃឹមថា កម្លាំងនៃការផ្លាស់ប្តូរនៅក្នុងពិភពអារ៉ាប់ និងនាំឆ្ពោះទៅរកអនាគតមួយ ប្រសើរជាងមុនសម្រាប់ប្រជាពលរដ្ឋនៅទូទាំងតំបន់។
លោក Mahdi Abdul Hadi ថ្លែងថា ការបះបោររបស់ប្រជាពលរដ្ឋនៅអេហ្ស៊ីប ជាការបណ្តាលចិត្តឲ្យមានការទុកចិត្ត ក្នុងបណ្តាក្រុមយុវជនក្នុងការបញ្ចេញមតិជាសាធារណៈរបស់គេ ក្រោយពីខ្លាចមិនហ៊ានបញ្ចេញគំនិតរបស់ខ្លួនមក។
«អ្វីជាវិជ្ជមាននោះ គឺការភ្ញាក់ស្មារតី។ អ្វីជាវិជ្ជមានគឺថា ប្រជាពលរដ្ឋ បានយល់ដឹងពីការពិត។ ការដែលសំខាន់នោះ គឺវប្បធម៌ភ័យខ្លាចនោះ ស្លាប់បាត់ទៅហើយ។ គ្មាននរណាខ្លាចទៀតទេ ក្នុងការបញ្ចេញមតិរបស់ខ្លួន បញ្ចេញជំហរ និងជំនឿរបស់ខ្លួននោះ ហើយ គេទាំងអស់គ្នាសុខចិត្តទទួលកម្មផលក្នុងរឿងនេះ ពិសេសក្មេងស្រករក្រោយ»។
លោក Abdul Hadi និយាយថា លោកមានជំនឿថា ការបះប្រឆាំងនឹងរដ្ឋអំណាចផ្តាច់ការ និងបើកសម័យថ្មីនៃសាមគ្គីភាពរបស់ប្រជាពលរដ្ឋប៉ាឡេស្ទីន ហើយនឹងជួយរៀបចំផ្លូវសម្រាប់ជំនាន់ក្រោយនៃមេដឹកនាំអារ៉ាប់ដ៏ថ្មីស្រឡាង៕
ប្រែសម្រួលដោយ នៅ សារីម