ឧស្សាហកម្មទេសចរណ៍ថៃបានសង្ឃឹមថា វិស័យរកប្រាក់ចំណូលដ៏សំខាន់របស់ថៃមួយនេះនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស នៅពេលដែលភ្ញៀវទេសចរចិនសម្រុកធ្វើដំណើរទៅបរទេសបន្ទាប់ពីរដ្ឋាភិបាលចិនបានបញ្ចប់គោលនយោបាយគ្មានជំងឺកូវីដកាលពីចុងឆ្នាំមុនមក។
ទិន្នន័យផ្លូវការពីក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃបានបង្ហាញថា ភ្ញៀវទេសចរចិនជាង ៥១៧.០០០ នាក់បានមកលេងប្រទេសថៃក្នុងអំឡុងពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ នេះដែលនេះគឺជាការកើនឡើងពីចំនួន ១៣.៧០០ នាក់ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ នេះ អ្នកដំណើរចិនស្ថិតក្នុងចំណោមក្រុមជនបរទេសដែលទៅប្រទេសថៃច្រើនជាងគេបំផុតទាំង ៥ ក្រុម ដែលរួមមានទាំងប្រទេសម៉ាឡេស៊ី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ។
លោក Yuthasak Supasorn ប្រធានអាជ្ញាធរទេសចរណ៍ថៃបានប្រាប់ VOA ផ្នែកភាសាថៃថា ភ្ញៀវទេសចរចិនមានតិចជាងការរំពឹងទុកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ នេះ ប៉ុន្តែចំនួននេះអាចនឹងកើនឡើងនៅពេលដែលទីភ្នាក់ងារនានាបង្កើនការផ្សព្វផ្សាយអំពីប្រទេសថៃទៅកាន់ជនជាតិចិនដែលចង់ធ្វើដំណើរទៅបរទេសក្រោយពីរដ្ឋាភិបាលចិនបានដកចេញនូវការបិទខ្ទប់។
នៅក្នុងឆ្នាំ ២០២៣ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិរបស់ប្រទេសថៃបានព្យាករណ៍ថា ផលទុនក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃនឹងកើនពី ២,៧% ទៅ ៣,៧% ដោយឧស្សាហកម្មទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននេះដែលគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់វិស័យផ្សេងទៀតដូចជាភោជនីយដ្ឋាននិងសេវាកម្មជាដើម។
លោក Amonthep Chawla ប្រធានផ្នែកស្រាវជ្រាវនៃធនាគារ CIMB Thai បានប្រាប់ VOA ផ្នែកភាសាថៃថា លោក «រំពឹងថានឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកក្នុងប្រទេសថៃនៅឆមាសទីពីរនៃឆ្នាំនេះ ដែលអាចផ្តល់ផលប្រយោជន៍ដល់វិស័យចំនួន ៤ រួមមានសណ្ឋាគារតម្លៃថោក ទេសចរណ៍វេជ្ជសាស្រ្ត ទីផ្សារខុនដូ និងអ្នកធ្វើដំណើរបែបអាជីវកម្មសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងពាណិជ្ជកម្ម»។
លោក Paul Pruangkarn ប្រធានផ្នែកធនធានមនុស្សនៃសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកក្នុងទីក្រុងបាងកកបានប្រាប់ VOA ផ្នែកភាសាថៃថា លោកយល់ស្របថា ការចាប់ផ្តើមការធ្វើដំណើរនិងការបើកប្រទេសចិនឡើងវិញគឺជាសញ្ញាល្អមួយសម្រាប់អាជីវកម្មជាច្រើនដែលព្យាយាមងើបនិងស្តារឡើងវិញ ជាពិសេសដោយសារ «ភ្ញៀវទេសចរចិនមានចំនួនប្រហែល ២០% នៃភ្ញៀវទេសចរទាំងអស់ដែលធ្វើដំណើរទៅប្រទេសថៃ» មុនពេលមានការរាតត្បាតជំងឺកូវីដ១៩។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគមួយចំនួនបានព្រមានថា ផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានពីការកើនឡើងនៃភ្ញៀវទេសចរចិនអាចមានការបំផ្លើស។
លោក Kobsidthi Silpachai ប្រធានផ្នែកស្រាវជ្រាវទីផ្សារមូលធននៃធនាគារ Kasikornbank ក្នុងប្រទេសថៃ បានថ្លែងថា៖ «ខ្ញុំគិតថា មានការបំផ្លើសហួសហេតុពីអត្ថប្រយោជន៍នៃការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិននិងទេសចរណ៍ជារួមក្រោមហេតុផលមួយចំនួន»។
ហេតុផលមួយក្នុងចំណោមហេតុផលដែលលោកបានលើកឡើងគឺសញ្ញានៃការត្រឡប់មកវិញនៃទេសចរណ៍ចំណាយទាបដែលផ្តោតលើភ្ញៀវទេសចរចិនដែលមិនសូវមានថវិកា។
លោក Kobsidthi បានសរសេរក្នុងអ៊ីមែលមកកាន់ VOA ផ្នែកភាសាថៃថា៖ «ប្រតិបត្តិករចិនបានវិនិយោគលើខុនដូនិងហាងនានា ដែលផ្តល់ដើមទុនដំបូងដូចអ្វីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រោយមក វាមានឥទ្ធិពលតិចតួចក្នុងការផ្តល់ចំណូលដល់សេដ្ឋកិច្ចក្នុងស្រុក»។
លោក Paisarn Suethanuwong ដែលជាប្រតិបត្តិករអាជីវកម្មទេសចរណ៍និងជាសមាជិកនៃសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អាជីពនៃប្រទេសថៃក្នុងទីក្រុងបាងកក បានចោទសួរអំពីការរីកចម្រើនយ៉ាងខ្លាំងនៃអាជីវកម្មដែលផ្តោតលើអតិថិជនចិន។
លោកបានថ្លែងថា៖ «ហាងមួយចំនួនមានការតុបតែងយ៉ាងស្អាត ហើយខ្ញុំមិនដែលឃើញអតិថិជនណាញ៉ាំអាហារនៅទីនោះទេ ប៉ុន្តែហាងទាំងនោះនៅតែដំណើរការ។ និយាយតាមត្រង់ទៅ ខ្ញុំឆ្ងល់ថាតើពួកគេបើកហាងទាំងនោះដើម្បីលាងលុយកខ្វក់ឬក៏យ៉ាងណា។ បើអ៊ីចឹងមែន វាមិនមែនជាកំណើនធម្មតាទេ»។
លោក Rerngrit La-ookit អ្នកឆុងកាហ្វេក្នុងហាងកាហ្វេ Cloud Cafe នៅទីក្រុងឈៀងម៉ៃនៅភាគខាងជើងប្រទេសថៃ បានថ្លែងថា លំហូរនៃអ្នកទេសចរចិនមានការធ្លាក់ចុះ។
លោក Rerngrit បាននិយាយដូច្នេះថា៖ «ការមកដល់នៃទេសចរណ៍ចំណាយទាបកំពុងបឺតយកធនធានរបស់យើង ហើយសេដ្ឋកិច្ចនៅទីនេះមិនដែលមានការរីកចម្រើននោះទេ»។
ខណៈដែលការត្រឡប់មកវិញនៃភ្ញៀវទេសចរចិនគឺជាផលប្រយោជន៍សម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសថៃ ទីភ្នាក់ងារអនុវត្តច្បាប់ក្នុងប្រទេសថៃបានមើលឃើញថាមានកំណើនឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនជាតិចិន។
អគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃលោក Surachate Hakparn បានប្រាប់ VOA ផ្នែកភាសាថៃថា ទីភ្នាក់ងារអនុវត្តច្បាប់របស់ថៃបានបើកការបង្ក្រាបលើក្រុមឧក្រិដ្ឋជនចិនដែលធ្វើអាជីវកម្មខុសច្បាប់ ដែលឧក្រិដ្ឋជនទាំងនេះមិនត្រឹមតែកើនឡើងនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក Surachate បានបន្ថែមថា ប្រតិបត្តិការខុសច្បាប់របស់ជនជាតិចិន ដែលហៅថាអាជីវកម្មពណ៌ប្រផេះ គឺពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននិងការជួញដូរមនុស្សតាមរយៈគ្រឹះស្ថានសេវាកម្មនានាដូចជាហាងផឹកស៊ីនិងបានីយដ្ឋានជាដើម៕
អ្នកសារព័ត៌មាន VOA ផ្នែកភាសាថៃអ្នកស្រី Pinitkarn Tulachom និងលោក Yiamyut Sutthichaya រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។