ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការដោះដូរ​អ្នក​ទោស​ជា​ប្រវត្តិសាស្ត្រ ​មាន​​ជនជាតិ​អាមេរិកាំង​ លោក Paul Whelan លោក Evan Gershkovich និង​អ្នក​ស្រី Alsu Kurmasheva ត្រូវ​បាន​ដោះលែង​ពី​ប្រទេស​រុស្ស៊ី


លោក Evan Gershkovich (ឆ្វេង) លោក Paul Whelan (ស្តាំទីពីរ) និងអ្នកស្រី Alsu Kurmasheva (ស្តាំ) ត្រូវបានគេឃើញនៅលើយន្តហោះក្នុងរូបថតដែលលោកប្រធានាធិបតី Joe Biden បង្ហោះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ (X / @POTUS)
លោក Evan Gershkovich (ឆ្វេង) លោក Paul Whelan (ស្តាំទីពីរ) និងអ្នកស្រី Alsu Kurmasheva (ស្តាំ) ត្រូវបានគេឃើញនៅលើយន្តហោះក្នុងរូបថតដែលលោកប្រធានាធិបតី Joe Biden បង្ហោះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ (X / @POTUS)

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បញ្ជាក់​ថា​ការដោះដូរ​អ្នក​ទោស​ជា​ប្រវត្តិ សាស្ត្រ​ជាមួយ​រុស្ស៊ី​ដែល​រួមមាន​អ្នក​កាសែត​អាមេរិកាំង​លោក Evan Gershkovich អ្នក​ស្រី Alsu Kurmasheva អតីត​ទាហាន​ម៉ារីនអាមេរិក​លោក Paul Whelan និងអ្នក​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​សហរដ្ឋ​អាមេរិក​លោក Vladimir Kara-Murza។

ជា​រួម សហរដ្ឋ​អាមេរិក​បាន​ជួយ​ដោះលែង​បុគ្គល​ទាំង​អស់​ចំនួន១៦រូប រួមមាន៥រូបជា​ជនជាតិ​អាល្លឺម៉ង់​ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​ខុស​ឆ្គងនិង​ពលរដ្ឋ​រុស្ស៊ី៧នាក់ នៅ​ក្នុង​ការដោះដូរ​ជាមួយ​ជនជាតិ​រុស្ស៊ី៨នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក អាល្លឺម៉ង់ ប៉ូឡូញ ន័រវែស​និងស្លូវេនី។

នេះ​ជា​ការដោះដូរ​អ្នក​ទោស​ដ៏​ធំបំផុត​មួយ​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​ចាប់តាំង​ពី​សង្គ្រាម​ត្រជាក់​មក។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Jake Sullivan បាន​ប្រាប់​ពួក​អ្នក​កាសែត​នៅ​សន្និសីទ​កាសែត​ថា«ការដោះដូរ​នៅ​ថ្ងៃ​នេះ​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ។ មិន​ដែល​មាន​ចាប់តាំង​ពី​សង្គ្រាម​ត្រជាក់មក​ដែល​មាន​ការដោះដូរ​ចំនួន​បុគ្គល​របៀប​នេះ​ទេ។ វា​ជាការបញ្ចប់​នៃ​ការចរចា​ជា​ច្រើន​លើក​ប្រកប​ដោយ​ភាពស្មុគ្រស្មាញ ការផ្ចិតផ្ចង់​អស់​ជា​ច្រើន​ខែ»។

លោក Sullivan បាន​និយាយ​ទៀត​ថា​កិច្ចព្រមព្រៀង​ក៏​កត់សម្គាល់​ជា​លើក​ទី១​ដែល​ប្រទេស​ជា​ច្រើន​និង​សម្ព័ន្ធមិត្តបាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ជួយ​ការដោះលែង​បុគ្គល​ដែល​ចាប់​ខ្លួន​ខុស។

អ្នក​ទោស​អាមេរិកាំង​ដែល​ត្រូវ​បាន​ឃុំខ្លួន​យូរ​បំផុត​គឺ​លោក Paul Whelan ជា​អតីត​ទាហាន​ម៉ារីន​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​មូស្គូ​នៅឆ្នាំ២០១៨។ នៅ​ឆ្នាំ២០២០ លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ១៦ឆ្នាំ​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​លើ​បទ​ចោទប្រកាន់​ចារកម្ម​ដែល​លោក​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បដិសេធ៕

XS
SM
MD
LG