ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការចោទ​អតីត​អ្នកកាសែត​ RFA ​ថា ផលិត​រឿង​អាស​អាភាស​រង​ការរិះគន់


រូបឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​។ (ខាន់​ សុគុមនោ​/VOA)
រូបឯកសារ៖ អតីត​អ្នក​សារព័ត៌មាន​​វិទ្យុ​អាស៊ី​សេរី​ លោក​អ៊ួន ឈិន​ (ស្តាំ) និង​លោក យាង​ សុធារិន្ទ​ (ឆ្វេង)​ បាន​មកដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០១៩​។ (ខាន់​ សុគុមនោ​/VOA)

អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន ​(Reporters without Borders) ​ឬ​ហៅកាត់​ថា​ RSF ​បាន​ចាត់​ទុក​បទ​ចោទ​ផលិត​រឿង​អាសអាភាស​ប្រឆាំង​អតីត​អ្នក​កាសែត​អាស៊ីសេរី(RFA) ​ថា​ជា ​«ការប្រតិដ្ឋ​» ខណៈ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​បន្ត​សំណុំ​រឿង​របស់​អ្នក​ទាំង​ពីរ គឺ​លោក ​អ៊ួន​ ឈិន​ និង​លោក​យាង​ សុធារិន្ទ។

ក្នុង​សេចក្តី​ប្រកាស​មួយដែល​បាន​ចេញ​ផ្សាយ​តែ​មួយថ្ងៃ​ក្រោយ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ បាន​អំពាវ​នាវ​ឲ្យ​តុលាការ​ «ធ្វើ​ឲ្យ​លេច​ឡើង​ជាថ្មី​វិញ​នូវ​ភាព​ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន​ ដោយ​ការ​ទម្លាក់​ចោល​នីតិវិធីដ៏អាក្រក់ប្រឆាំង​លោក អ៊ួន​ ឈិន​ និង​លោក​ យាង សុធារិន្ទ​ ដែល​អ្នក​ទាំងពីរ​នៅ​ពេល​នេះ​ត្រូវ​បាន​ចោទ​ដោយ​មិន​សម​ហេតុផល​ជាមួយ​រឿង​អាស​អាភាស​ព្រម​ទាំង​រឿងចារកម្ម ​បន្ទាប់​ពី​តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​សាទុក្ខ​របស់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​អ្នក​ទាំងពីរ​»។

លោក​ Daniel Bastard​ ប្រធាន​អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា៖ «​បទ​ចោទ​ដែល​ជា​ការមួល​បង្កាច់ទាំង​ស្រុង​នេះ​ បង្ហាញ​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​ រឹត​តែ​លែង​អាច​ទទួល​យក​បាន​ហើយ»។

លោក​បន្ថែមថា៖ «​ស្អីៗ​ទាំង​អស់​ បង្ហាញ​ថា​ របប​នេះ​បាន​ប្រតិដ្ឋ​ករណី​នេះ​ ក្នុង​គោល​បំណង​បំភិត​បំភ័យ​រាល់​អ្នក​កាសែត​កម្ពុជា​ទាំង​អស់​»។

កាលពី​ថ្ងៃ​ចន្ទ​ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​អតីតអ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​បាន​ជំទាស់​ការ​បន្ត​ស៊ើប​អង្កេត «​សំណុំរឿង​ផលិត និងរក្សាទុក​រូបអាស​អាភាស»នេះ។​ សាលា​ឧទ្ធរណ៍​ អះអាង​ថា​ ត្រូវ​ការ​ពេលវេលា​ដើម្បី​ស្រាវជ្រាវ​សំណុំរឿងនេះ​បន្ត​ទៀត។

លោក ​អ៊ួន​ ឈិន​ និង​លោក​យាង​ សុធារិន្ទ ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ ក្រោម​បទចោទប្រកាន់ថា​ ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

តុលាការ​អះអាង​ថា ​ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។ ក្រោយ​ពេល​ឃុំ​ខ្លួនពួក​គេ​ទាំងពីរ​ តុលាការ​បាន​បំបែក​សំណុំរឿង​របស់​ពួកគេ​ជាពីរ ដោយ​ពួក​គេ​ត្រូវ​បាន​ចោទ​ពី​បទល្មើស​មួយ​ផ្សេង​ទៀត​ គឺ «ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

បច្ចុប្បន្ន​អតីត​អ្នកកាសែត​ទាំង​ពីរ​នាក់​នេះ​ ​កំពុងរស់នៅ​ក្រៅឃុំ​ជាបណ្តោះ​អាសន្ន​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​កាល​ពី​ខែ​សីហា ឆ្នាំ​ ២០១៨​ បន្ទាប់​ពី​បាន​ជាប់​ក្នុងមន្ទីរឃុំ​ឃាំង​ជិត​១០ខែ​។

លោក​ យាង សុធារិន្ទ​ ដែល​ប្រើ​ឈ្មោះ​យាង សុជាមេត្តា​ យល់​ថា​ តុលាការ​កម្ពុជា​គួរ​បញ្ឈប់ការធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​រូបលោក​ និង​អតីត​សហការី​របស់លោកគឺលោក​អ៊ួន ឈិន​ ប្រសិន​បើ​តុលាការ​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​មិនចង់​រង​ការ​និន្ទា​មិន​ចេះ​ចប់​ពីអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​។

«បើសិន​ជា​តុលាការ​កម្ពុជា​ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​អំពាវនាវ​ របស់​គេ​ទេ​ អាហ្នឹង​ មាន​ន័យ​ថា​ យើង​កំពុង​តែ​ធ្វើ​ឲ្យ​ស្អុយ​ឈ្មោះ​ប្រព័ន្ធ​តុលាការ​របស់​យើង​ អានេះ​ បើតាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​បាទ»។

ក៏ប៉ុន្តែ​លោក​ ជិន ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់​ VOA​ថា​ ការ​រិះគន់របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មក​លើ​តុលាការ​កម្ពុជា​គ្មាន​ទម្ងន់​ផ្លូវច្បាប់​ទេ៖​ «ការណ៍​ដែល​គ្រាន់​តែ​ចោទ​ប្រកាន់​ប្រព័ន្ធ​តុលាការ​ ប្រព័ន្ធយុត្តិធម៌​យើង​ថា​ មិន​ឯក​រាជ្យ​ អយុត្តិធម៌​អីហ្នឹង​ អាហ្នឹង​វាមិន​មែន​ជា​មូលដ្ឋាន​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​ដល់​ជន​ត្រូវ​ចោទ​»។

ក្រុម​អង្គការ​អន្តរជាតិ​ផ្នែក​ការពារ​សេរីភាព​សារព័ត៌មាន​បាន​វាយតម្លៃ​ជា​បន្ត​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ផ្នែក​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG