សាលាឧទ្ធរណ៍កោះហៅអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបឲ្យចូលសវនាការនៅចុងខែមករាខាងមុខ ដើម្បីជម្រះក្តីពាក់ព័ន្ធនឹងការប្តឹងមិនសុខចិត្តព្រោះសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបន្តការស៊ើបអង្កេត ក្រោយការឃុំនិងដាក់ពួកគេឲ្យស្ថិតក្រោមការត្រួតពិនិត្យរយៈពេលជាងពីរឆ្នាំ ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ»។
ដីកាចំនួនពីរកោះហៅជនជាប់ចោទ ចេញដោយលោកព្រះរាជអាជ្ញា ង៉ែត សារ៉ាត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានបង្គាប់ឲ្យលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ចូលទៅសាលាឧទ្ធរណ៍នៅព្រឹកម៉ោង៨ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដើម្បីជំនុំជម្រះពាក់ព័ន្ធទៅនឹងបណ្តឹងមិនសុខចិត្តរបស់អ្នកទាំងពីរ។
លោកទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA ថា យោងតាមដីការបស់សាលាឧទ្ធរណ៍ ក្រុមប្រឹក្សាជំនុំជម្រះនឹងបើកសវនាការជម្រះដោយយោងលើអង្គហេតុ និងអង្គច្បាប់ តែមិនមានការសាកសួរអ្វីបន្ថែមនោះទេ។
«យោងទៅតាមដីកាកោះខាងអយ្យការកោះហ្នឹង គេហៅចូលមកជំនុំជម្រះទៅតាមនីតិវិធី អត់មានហៅមកសាកសួរអីទៀតទេ គឺបើកសវនាការជំនុំជម្រះតែម្តង»។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីគឺលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ តែមិនមានការប្រកាសសាលក្រមយ៉ាងណានោះទេ។ នៅថ្ងៃទី៣ ខែតុលា ដែលជាថ្ងៃកំណត់ប្រកាសសាលក្រម តុលាការបានបង្គាប់ឲ្យស៊ើបអង្កេតសំណុំរឿងពួកគេឡើងវិញ ដោយមិនកំណត់ថ្ងៃបើកសវនាការ ដោយគ្រាន់តែបញ្ជាក់ថា ព័ត៌មានក្នុងសំណុំរឿងនេះមិនទាន់មានគ្រប់គ្រាន់ និងត្រូវការពេលវេលាសម្រាប់បន្តការស៊ើបអង្កេត។
ក្រោយការពន្យារការប្រកាសសាលក្រមជាច្រើនដង និងបន្តការស៊ើបអង្កេតបន្ថែម អតីតអ្នកសារព័ត៌មានទាំងពីររូបមិនសុខចិត្តទៅនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ហើយបានប្តឹងទៅសាលាឧទ្ធរណ៍នៅថ្ងៃទី១៤ ខែតុលា ទាមទារឲ្យមានការប្រកាសសាលក្រម ឬទម្លាក់ចោលបទចោទលើពួកគេទាំងពីរ។
អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងការចោទនោះ តុលាការអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។
បច្ចុប្បន្ន ពួកគេទាំងពីរកំពុងស្ថិតនៅក្រៅមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិតដប់ខែ។ អំឡុងពេលស្ថិតនៅក្រៅឃុំ តុលាការបានដកហូតលិខិតឆ្លងដែន ព្រមទាំងសម្ភារៈបម្រើការងារសារព័ត៌មានរបស់ពួកគេ និងតម្រូវឱ្យពួកគេរាយការណ៍ទៅសមត្ថកិច្ចជារៀងរាល់ខែ។
លោកយាង សុធារិន្ទ អតីតអ្នកសារព័ត៌មានអាស៊ីសេរីមួយរូប ប្រាប់ VOA ថា ការបន្តស៊ើបអង្កេតដោយមិនព្រមទម្លាក់ចោលបទចោទ ឬជំនុំជម្រះឲ្យដាច់ស្រេច គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិ និងជីវភាពរស់នៅរបស់ពួកគេ។ លោកបន្ថែមថា ការស៊ើបអង្កេតរបស់ចៅក្រមសាលាដំបូងអស់រយៈពេលជាងពីរឆ្នាំ ដោយរកមិនឃើញពីកំហុសដើម្បីកាត់ទោស ដូច្នេះគួរតែទម្លាក់ចោលការចោទប្រកាន់ និងដោះលែងពួកគេឲ្យមានសេរីភាពពេញលេញ មិនគួរបន្ថែមពេលស៊ើបអង្កេតនោះទេ។
«ជំនុំជម្រះអត់ឃើញមានអីជាភស្តុតាងដាក់បន្ទុកយើង។ អាហ្នឹងទីបំផុតយើងគួរតែបានប្រយោជន៍ដល់ពួកខ្ញុំ ហើយគួរតែទម្លាក់បទចោទលើពួកខ្ញុំ មិនមែនរកភស្តុតាងមិនឃើញហើយ ចេះតែធ្វើការស៊ើបអង្កេតអីបន្ថែមតាមតែចិត្តហ្នឹងបានទេ។ អ៊ីចឹងខ្ញុំគិតថា បើសិនជាសាលាឧទ្ធរណ៍គាត់សិក្សាលម្អិតពីសំណុំរឿងពួកខ្ញុំហ្នឹង ហើយមើលទៅពីភាពមិនសមរម្យហ្នឹង ខ្ញុំរំពឹងថា សាលាឧទ្ធរណ៍នឹងធ្វើការសម្រេចទាត់ចោលការសម្រេចរបស់ចៅក្រមសាលាដំបូង»។
ចាប់តាំងពីមានការចាប់ឃុំខ្លួន និងដាក់អ្នកទាំងពីរឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ ស្ថាប័នអន្តរជាតិ និងអង្គការការពារសិទ្ធិមនុស្ស ទាំងជាតិ និងអន្តរជាតិជាច្រើន បានទាមទារឲ្យមានការទម្លាក់ចោលបទចោទលើអ្នកទាំងពីរ ហើយថា ការបន្តចោទប្រកាន់នេះមានចរិតនយោបាយ និងកំពុងធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកអំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លើកឡើងថា តុលាការគួរទម្លាក់ចោលបទចោទ ឬពន្លឿនការជំនុំជម្រះលើអ្នកទាំងពីរ ចៀសវាងបន្តធ្វើឲ្យប៉ះពាល់សិទ្ធិរបស់ពួកគេ។
«រឿងរ៉ាវហ្នឹងវាជារឿងធ្ងន់ធ្ងរណាស់ ពីព្រោះយើងគិតហើយ បើរយៈពេលនៃការស៊ើបអង្កេត វារយៈពេលពីរឆ្នាំជាងហើយ វាល្មមគ្រប់គ្រាន់ហើយនៅក្នុងការស៊ើបអង្កេត។ អ៊ីចឹងបើអូសបន្លាយយូរទៀត វាកាន់តែប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរបស់ពួកគាត់»។
ការចាប់ខ្លួនលោកយាង សុធារិន្ទ និងលោក អ៊ួន ឈិន បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ក្រាបលើសារព័ត៌មានមុនការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៨។ ក្នុងការបង្ក្រាបនោះ ស្ថានីយ៍វិទ្យុជាច្រើនដែលរួមមានវិទ្យុអាស៊ីសេរីផង ត្រូវបានបិទ ហើយកាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបានបង្ខំឲ្យបិទការិយាល័យ ដោយសាររដ្ឋាភិបាលតម្រូវឲ្យបង់ពន្ធចំនួន៦,៣លានដុល្លារ៕