ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​របាយការណ៍៖ ​ការ​រំលោភ​ដីធ្លី​ដោយ​ប្រើប្រាស់​អំណាច​ ​បន្ត​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​


រូប​​ឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

របាយការណ៍​នេះ​បង្ហាញ​ថា ​វិវាទ​ដីធ្លី​​ចំនួន​​​៣១៩​ករណី​​ដែល​មិន​ទាន់​បាន​ដោះស្រាយ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​ ​៥៤.៥០៧​គ្រួសារ​ ​និង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង​១.០៥២.៩៣៥​ហិកតា។

ករណី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​មាន​ការ​កើន​ឡើង​ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ការ​ប្រើប្រាស់​អំណាច​មន្រ្តី​រាជការ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អំណាច​មុខងារ​ឧកញ៉ា​ ដើម្បី​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។​ ​នេះ​បើ​តាម​របាយ​ការណ៍​ដែល​ចេញ​ដោយវេទិកាអង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជាកាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

របាយ​ការណ៍ដែល​មាន​ឈ្មោះ​ថា «ការវិភាគ​ស្ថិតិ​ស្តី​ពី​វិវាទ​ដីធ្លី​នៅ​កម្ពុជា​ឆ្នាំ​២០១៦»​ ​ដែល​ផ្សព្វ​ដោយ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ២០១៥​ ​ជម្លោះ​ដីធ្លី​ដែល​អង្គការ​បាន​រក​ឃើញ​មាន​ចំនួន​២៣​ករណី​ ​ហើយ​ក្នុង​ឆ្នាំ២០១៦មាន​ការ​កើន​ឡើង​ទ្វេ​ដង។​ ​បើ​ធៀប​នឹងករណី​វិវាទ​កើត​ថ្មី​ចំនួន​៤៦​ករណី​ក្នុង​ឆ្នាំ២០១២​ ​ដែល​ជា​ឆ្នាំ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ចំនួន​វិវាទ​ដីធ្លីក្នុង​ឆ្នាំ​២០១៦​ក៏​កើន​ឡើង​ខ្ពស់​ផង​ដែរ​ ​ដោយ​មាន​វិវាទ​ចំនួន​៥៦​ករណី។

ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយកាណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ តឹក វណ្ណារ៉ា​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​បើ​ទោះ​បី​ជា​វិវាទ​ដីធ្លី​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ដោះ​ស្រាយរួចរាល់​ហើយ​ក្តី​ ​ប៉ុន្តែ​លោក​ថា​ នៅមាន​វិវាទ​ជាច្រើន​ទៀត​ដែលមិនទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ ដោយ​សារ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​វិវាទ​នោះ។​ លោក​បន្ថែម​ថា​ ​វិវាទ​ដីធ្លី​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​នៅ​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ខ្លះ​ត្រូវ​បង្ខំ​ចិត្តធ្វើ​ចំណាក​ស្រុក​ ​ដែល​លោក​អះអាង​ថា​ ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ​ជូន​ប្រជា​ពលរដ្ឋដើម្បី​ឲ្យ​ពួក​គាត់​អាច​ចូលរួមអភិវឌ្ឍ​ប្រទេស​ដោយ​មាន​ប្រសិទ្ធភាព។​

លោក ​តឹក វណ្ណារ៉ា បញ្ជាក់​ថា៖​

«ប្រសិន​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ ​ហើយ​ចូល​រួម​ឲ្យ​សកម្ម​ ដោះ​បញ្ចប់ ​មាន​ន័យ​ថា​ ប្រជា​ពលរដ្ឋ​ដែលគាត់​មាន​ជម្លោះ​ហ្នឹង​ គាត់​នឹងសប្បាយ​រីករាយ​ ​ហើយ​គាត់​ចូល​រួម​កាន់តែសកម្ម​ក្នុង​ការ​អភិវឌ្ឍនៅ​ថ្នាក់​មូលដ្ឋាន។​ គាត់​នឹង​ក្លាយ​ជា​ចំណែក​មួយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ល្អ​ប្រសើរ​ ទៅលើ​ទាក់ទង​ដី​ ទៅលើ​ជីវភាព ​និង​ទាក់ទង​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍទាំង​មូល​ ទាំង​ផ្នែក​សេដ្ឋកិច្ច​ក៏​ដូចជា​ការ​ការពារ​ធនធាន​ធម្មជាតិ​ផង​ដែរ»។​

របាយ​ការណ៍​ដែល​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​បាន​រក​ឃើញ​ដែរ​ថា​ ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​វិវាទ​ដីធ្លី​គឺ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគ​ នា​ពេល​កន្លង​មក​ ​ការ​ប្រើប្រាស់​អំណាច​ជា​មន្ត្រី​រាជការ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​អំណាច​មុខងារ​ជា​ឧកញ៉ា​ ​ឬ​អ្នក​មាន​ ​និង​ការ​រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯកជន។​

របាយ​ការណ៍​ដដែល​បន្ថែម​ថា​ ​វិវាទ​ដីធ្លី​ចំនួន៥៨​ករណី ដែល​បាន​អូស​បន្លាយ​ជាច្រើន​ឆ្នាំ ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ទាំង​ស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៦។​ ​ប៉ុន្តែ​មាន៣​ករណី​ដែល​ប្រជាជន​បាន​បោះបង់​ការ​ទាមទារ​ ​ដោយ​សារ​អាជ្ញាធរ​ឃុំ​បាន​ប្តឹង​តំណាង​ប្រជា​ពល​រដ្ឋ​ទៅ​តុលាការ។​ ​ករណី​ខ្លះ​ទៀត​ ​ពលរដ្ឋ​ជា​ដើម​បណ្តឹង​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេង​ ​ បន្ទាប់​ពី​រងការ​បាញ់​គំរាម​កំហែង​ពី​អាជ្ញាធរ។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោក សេង ឡូត​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម និងសំណង់បាន​ទេ​ ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​របាយ​ការណ៍​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាលឲ្យ​ដឹង​ថា​ ចាប់​តាំងពី​ឆ្នាំ​២០០៧រហូត​មក​ដល់បច្ចុប្បន្ន វិវាទ​ដីធ្លី​ចំនួន​៣១៩​ករណីពុំ​ទាន់​បាន​ដោះស្រាយ​ ​និង​កំពុង​រង់​ចាំ​ការ​ដោះស្រាយ។​ ​វិវាទ​ដីធ្លី​ទាំង៣១៩​ករណី​នោះបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​ ​៥៤.៥០៧​គ្រួសារ​ ​និង​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ​ជាង​១.០៥២.៩៣៥​ហិកតា៕

XS
SM
MD
LG