សេចក្ដីរាយការណ៍ថ្មីមួយបានរកឃើញថា មានការជឿនលឿនយ៉ាងច្រើនក្នុងការហាមប្រាមការប្រើ និងផលិតគ្រាប់មីនសម្លាប់មនុស្ស។ ទិន្នន័យនៅក្នុងសេចក្ដីរាយការណ៍របស់អង្គការឃ្លាំមើលគ្រាប់មីន (Landmine Monitor) ឆ្នាំ២០១០ បង្ហាញឲ្យឃើញថា កាលពីឆ្នាំទៅមានការជឿនលឿនគួរឲ្យកត់សម្គាល់នៅក្នុងការអនុវត្ដសន្ធិសញ្ញាស្តីពីការហាមគ្រាប់មីន (Mine Ban Treaty) ឆ្នាំ១៩៩៧។
លោក ម៉ាក ហ៊ីហ្សណាយ (Mark Hiznay) អ្នកស្រាវជ្រាវជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស (Human Rights Watch) និយាយថា អង្គការនេះភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយបានឃើញថា ១២ឆ្នាំក្រោយពីសន្ធិសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនឆ្នាំ១៩៩៧ត្រូវបានចរចាមក កម្រិតនៃសកម្មភាព និងកម្រិតនៃការប្ដេជ្ញាចិត្ដរបស់ក្រុមប្រទេសចង់បំបាត់អាវុធនេះ មានសភាពខ្លាំងក្លាដូចសព្វមួយដង។ លោក ម៉ាក ហ៊ីហ្សណាយ ថ្លែងថា៖
«អាវុធនេះនឹងមិនត្រូវបានកប់ក្នុងដីតទៅទៀតទេ ។ អាវុធនេះនឹងត្រូវចេញមកពីក្នុងដីវិញ ហើយចំនួនជនរងគ្រោះកំពុងតែធ្លាក់ចុះ ដែលនេះជាអ្វីដែលយើងចង់បានពីសន្ធិសញ្ញានេះ»។
លោក ម៉ាក ហ៊ីហ្សណាយ និយាយថា ការប្រើគ្រាប់មីនបានចុះថយជាច្រើន។ លោកនិយាយថា ប្រទេសរុស្ស៊ី ត្រូវបានដកចេញពីបញ្ជីនៃប្រទេសប្រើបា្រស់គ្រាប់មីននៅឆ្នាំនេះ ដោយទុកឲ្យប្រទេសភូមាជាប្រទេសតែមួយគត់ដែលមានរដ្ឋាភិបាលបន្តរាយគ្រាប់មីនយ៉ាងសកម្មនៅក្នុងដី ។
លោកនិយាយថា ក្រុមប្រដាប់អាវុធមិនមែនរបស់រដ្ឋនៅក្នុងប្រទេស៦ គឺប្រទេសអាហ្វហ្កានីស្ថាន កូឡុំប៊ី ឥណ្ឌា ប៉ាគីស្ថាន ភូមា និងយេមែន បន្ដប្រើគ្រាប់មីនតទៅទៀត៕
ប្រែសម្រួលដោយ កង ស៊ីវន