កិច្ចខំប្រឹងប្រែងស្តារឡើងដោយសារគ្រោះមហន្តរាយដ៏ធំ កំពុងធ្វើឡើងនៅក្នុងរដ្ឋ Louisiana ភាគអាគ្នេយ៍ នៅពេលដែលជនរងគ្រោះដោយសារទឹកជំនន់ បន្តបោសសម្អាត និងជួសជុលផ្ទះសម្បែងឡើងវិញ ក៏ដូចជាស្វែងរកមនុស្សដែលអាចជាប់គាំងដោយសារទឹកជំនន់យ៉ាងធំនេះ។ ទឹកជំនន់ ដែលមានកម្លាំងយ៉ាងខ្លាំង ក៏បាននាំយកក្តាមឈូសនៅកន្លែងបញ្ចុះសពខ្លះទៅជាមួយផងដែរ។
ទឹកជំនន់ ដែលកាកបាទក្រហមអាមេរិកាំងពណ៌នាថា ជាគ្រោះមហន្តរាយធម្មជាតិដ៏ធំបង្អស់ដែលបានកើតមាននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីព្យុះសង្ឃរា Sandy មកបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៣នាក់ដែរ ហើយបានធ្វើឲ្យខូចខាតផ្ទះប្រហែលប្រាំមួយម៉ឺនខ្នង។ មនុស្សជាងមួយសែននាក់ បានចុះឈ្មោះសុំជំនួយសហព័ន្ធ។
នៅពេលមនុស្សនៅក្នុងតំបន់ដែលរងការខូចខាតដោយទឹកជំនន់ប៉ុនប៉ងចេញឲ្យផុតពីមហន្តរាយនេះ មនុស្សជាច្រើនកំពុងងឿងឆ្ងល់ថាតើហេតុអ្វីបានជាពួកគេពុំបានដឹងពីកម្លាំងព្យុះដ៏ខ្លាំងនេះ។ អ្នកឧតុនិយម Ryan Maue នៃអង្គការ WeatherBell បាននិយាយថា នៅចន្លោះថ្ងៃទី៨និងទី១៤ខែសីហា ទឹកភ្លៀងជិត២៧លានលានលីត្របានធ្លាក់លើរដ្ឋ Louisiana ដែលមានចំនួន៣ដងលើសពីចំនួនទឹកភ្លៀងបង្កឡើងដោយព្យុះសង្ឃរា Katrina កាលពីឆ្នាំ២០០៥។ លោកMarshall Shepherd សាស្រ្តាចារ្យវិទ្យាសាស្រ្តបរិយាកាសនៃសាកលវិទ្យាល័យ Georgia ជឿជាក់ថា បញ្ហាទាក់ទងជាមូលហេតុដ៏សំខាន់ដែលមនុស្សមិនបានដឹងពីទឹកជំនន់នេះ។ នៅក្នុងអត្ថបទមួយ លោកសាស្រ្តាចារ្យបានសរសេរថា ប្រព័ន្ធព្យុះដែលធ្វើឲ្យមានទឹកជំនន់មិនមានឈ្មោះទេ។
លោកនិយាយថា «សាធារណជនអាមេរិកាំងទម្លាប់ទទួលបានដឹងឈ្មោះព្យុះខ្លាំងៗថាជាគ្រោះថ្នាក់»៕