ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​រូបថត​ថ្មី​បង្ហាញ​ពី​ទំនាក់​ទំនង​រឿង​រាមកេរ្តិ៍​និង​សង្គម​ខ្មែរ


គម្របសៀវភៅ «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។
គម្របសៀវភៅ «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។

សៀវភៅ​កម្រង​រូបថត​ដែល​ដាក់​សម្ភោធ​នោះ​មាន​ចំណងជើង​ថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅ​នេះ​ពណ៌នា​អំពី​អក្សរសិល្ប៍ បែប​ព្រាហ្ម​និយម រឿង​រាមកេរ្តិ៍​ដែល​ដកស្រង់​ចេញពី​រឿង​រាមាយណៈ​មាន​ប្រភព​ពី​សំស្រ្កឹត​របស់​ឥណ្ឌា។

រឿង​រាមកេរ្តិ៍​ជា​អក្សរសិល្ប៍​បែប​ព្រាហ្មណ៍​និយម​ ​ដែល​មាន​វត្តមាន​ក្នុង​វប្បធម៌​ខ្មែរ​ជាង​មួយ​សហស្សវត្ស​ទៅ​ហើយ។ ជា​រឿយៗ​រឿង​នេះ​ត្រូវ​បាន​គេ​និទាន​ឡើងវិញ​ ​តាម​រយៈ​សិល្បៈ​គ្រប់​ទម្រង់។ លោក​ ​Arjay​ ​Stevens​ ​អតីត​គីមី​វិទូ​ជនជាតិ​អាល្លឺម៉ង់​ ​ដែល​សព្វថ្ងៃ​ជា​អ្នកថតរូប​ម្នាក់​ ​បាន​ចំណាយពេល​ ​២២​ ​ឆ្នាំ​ ​ដើម្បី​ចងក្រង​សៀវភៅ​រូបភាព​មួយ​ ​ដែល​ឆ្លុះបញ្ចាំង​អំពី​អរិយធម៌​នៃ​រឿង​រាមកេរ្តិ៍​ ​ក្នុង​ប្រទេស​កម្ពុជា។

លោក Arjay Stevens ដែល​ជា​អ្នកថតរូបជនជាតិអាល្លឺម៉ង់ បានចាប់ផ្តើមថតរូបផ្សេងៗនៅក្នងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ (ផន បុប្ផា/ VOA)
លោក Arjay Stevens ដែល​ជា​អ្នកថតរូបជនជាតិអាល្លឺម៉ង់ បានចាប់ផ្តើមថតរូបផ្សេងៗនៅក្នងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦។ (ផន បុប្ផា/ VOA)

នៅក្នុង​ឆ្នាំ​ ​១៩៩៦​ ​អតីត​គីមីវិទូ​ជនជាតិ​អាល្លឺម៉ង់​មួយ​រូប​ ​គឺ​លោក​ ​Arjay​ ​Stevens​ ​បាន​មកដល់​ប្រទេស​កម្ពុជា​ជាលើកដំបូង។ លោក​មកដល់​ចំ​ពេល​ដែល​ប្រជាជន​ខ្មែរ​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ជាតិ។

នៅ​តាម​ដងផ្លូវ​ចេញពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ដែល​កាលនោះ​គេ​ហៅថា​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ពោធិ៍​ចិន​តុង​ ​លោកStevens​ ​បាន​ប្រទះ​ភ្នែក​ឃើញ​ទូក​ងរ​ចំរុះ​ពណ៌​លំ​អរ​ដោយ​ក្បូរក្បាច់​រចនា​ ​ត្រូវ​បាន​គេ​ដឹក​តាមផ្លូវ​ទៅ​មាត់ទន្លេ​ ​ដើម្បី​ត្រៀម​ក្នុង​ការ​ប្រណាំងទូក​ ​ក្នុង​ពិធី​បុណ្យ​អុំទូក។​ ទិដ្ឋភាព​មួយ​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​ ​Stevens​ ​ចុះពី​ឡាន​ ​ទាញ​យក​ម៉ា​ស៊ីន​ថត​ ​ហើយ​ថត​យក​រូបភាព​ដំបូង​គេ​បង្អស់​របស់​លោក​នៅ​ប្រទេស​កម្ពុជា។

អតីត​គីមីវិទូ​រូប​នេះ​ ​សព្វថ្ងៃ​ជា​អ្នកថតរូប​មាន​វ័យ​៧២ឆ្នាំ។ លោក​បាន​និយាយ​ទៅ​កាន់​សាធារណជន​ខ្មែរ​និង​បរទេស​នៅក្នុង​ពិ​ធី​សម្ភោធ​សៀវភៅ​កម្រង​រូបថត​ថ្មី​មួយ​របស់​លោក​កាល​ពី​ខែ​មីនា​ថា៖«អ្វី​ៗ​គ្រប់យ៉ាង​ចាប់ផ្តើម​ពី​ហ្នឹង​មក​»។

សៀវភៅ​កម្រង​រូបថត​ដែល​ដាក់​សម្ភោធ​នោះ​មាន​ចំណងជើង​ថា «REAMKER Cambodia Ramayana: Gods, Demons, and Heroes»។ សៀវភៅ​នេះ​ពណ៌នា​អំពី​អក្សរសិល្ប៍ បែប​ព្រាហ្ម​និយម រឿង​រាមកេរ្តិ៍​ដែល​ដកស្រង់​ចេញពី​រឿង​រាមាយណៈ​មាន​ប្រភព​ពី​សំស្រ្កឹត​របស់​ឥណ្ឌា។

ផ្នែក​ខាងក្នុង​នៃ​សៀវភៅ​រូបថត​ ​ដែល​មាន​កម្រាស់​៤៦៦ទំព័រ​ ​លោក​ ​Arjay​ ​Stevens​ ​បាន​ផ្តិត​យក​រូបភាព​ពី​គំនូរ​ថែវ​ ចម្លាក់​នៅ​តាម​ប្រាសាទ​ ​និង​សិល្បៈ​ប្រពៃណី​ខ្មែរ​ ​ដូចជា​ល្ខោនខោល​ជាដើម​ ​ដែល​លោក​បាន​ទស្សនា​ផ្ទាល់​មក​ចងក្រង។ លោក​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ ផ្តិត​យក​រូបថត​រាប់ពាន់​សន្លឹក​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

បណ្តុំ​រូបថត​និង​ពត៌មាន​ទាំងនេះ​ ​បាន​និទាន​ឡើងវិញ​ ​នូវ​រឿងរ៉ាវ​ស្តី​ពី​ ​អាទិទេព​ ​និង​ការផ្សងព្រេង​ ​តាម​រយៈ​ការ​ផ្តិត​យក​ចំណុច​ ​សំ​ខាន់ៗ​នៃ​សិល្បៈ​ទាំងនោះ​មក​អធិប្បាយ។​

ដូច​ភ្ញៀវ​ទេសចរ​ដទៃ​ទៀត​ដែរ​លោក​ ​Stevens​ ​ជា​ដំបូង​បាន​ដើរ​ទស្សនា​ផ្ទាំងគំនូរ​អំពី​រាមកេរ្តិ៍​នៅ​តាម​ជញ្ជាំង​ព្រះវិហារ​ព្រះ​កែវមរកត​ ​នៅ​ក្នុង​ព្រះបរមរាជវាំង។តាមរយៈ​ការ​តាមដាន​ផ្ទាំងគំនូរ​ទាំងនោះ​ ​លោក​បាន​ស្វែងយល់​ពី​ ​ចម្បាំង​នៅ​ក្រុង​លង្កា ហើយ​វា​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​លោក​យ៉ាង​ខ្លាំង។ លោក​ក៏​បាន​សិក្សា​បន្ថែម​អំពី​សិល្បៈ​មួយ​នេះ​តាម​ការ​ស្រាវជ្រាវ​បន្ត​បន្ទាប់។​

លោក​ ​Arjay​ ​Stevens​ ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​អ្នក​ដែល​ស្រលាញ់​សិល្បៈ​តំបន់​អា​ស៊ី​អាគ្នេយ៍​ ​ជាពិសេស​សិល្បៈ​ខ្មែរ។ ​លោក​បាន​បោះពុម្ព​សៀវភៅ​មួយចំនួន​ ​ដែល​ស្តីអំពី​សិល្បៈ​ ​និង​វប្បធម៌​ខ្មែរ​ ​ដូចជា​ ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ ​និង​សូត្រ​ខ្មែរ​ជាដើម។លោក​បាន​សរសេរ​ក្នុង​ជីវប្រវត្តិ​របស់​លោក​ថា​ ​ការងារ​របស់​លោក​ ​បាន​តាមដាន​នូវ​ដំណើរ​របស់​កម្ពុជា​ ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​និង​«បង្វិលខ្លួន​ឲ្យ​ឆ្ពោះ​ទៅ​កាន់​ប្រជាធិបតេយ្យ​នា​ពេល​អនាគត»។

លោក​បាន​ប្រាប់​វីអូអេ​ទៀត​ថា៖​

«ការ​ពេញចិត្ត​របស់​ខ្ញុំ​មិនមែន​ត្រឹមតែ​មួយ​ភ្លែត​នោះ​ទេ។នៅពេល​ដែល​ខ្ញុំ​បានឃើញ​ផ្ទាំងគំនូរ​នៅ​ព្រះបរមរាជវាំង​ដំបូង​ ​ខ្ញុំ​មិនបាន​ដឹងពី​អ​ណា​ចក្រ​អរិយធម៌​អំពី​គំនូរ​នោះទេ»។ លោក​បាន​បន្ថែម​ទៀត​ថា​ «ខ្ញុំ​មិន​ដែល​ឃើញ​អ្វី​អស្ចារ្យ​ដូច​បែបនេះ​នោះ​ទេ​»។​

លោក​ ​Stevens​ ​បាន​រៀបរាប់​បន្ថែម​ថា​ ​ក្នុងរយៈពេល​ជាង​មួយ​សហ​ស្សវត្ស​រឿង​រាមកេរ្តិ៍​ត្រូវ​បាន​គេ​និទាន​ ​ឡើងវិញ​ ​តាមរយៈ​សិល្បៈ​គ្រប់​ទម្រង់​នៅក្នុង​ប្រទេស​កម្ពុជា។ អក្សរសិល្ប៍​មួយ​នេះ​មាន​តម្លៃ​របស់​វា​ ​ក្នុងនាម​ជា​គំរូ​មួយ​ ​ខាង​ចំណេះដឹង​បែប​សាសនា​ ​ច្បាប់ទម្លាប់​ ​និង​សីលធម៌​ក្នុង​សង្គម​ខ្មែរ។

អ្នកស្រី​ ​ចាន់​ ​វណ្ណី​ ​សព្វថ្ងៃ​ជា​សាស្រ្តា​ចារ្យ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​តម្លៃ​អប់រំ​សំខាន់ៗ​បង្កប់​នៅក្នុង​រឿង​រាមកេរ្តិ៍ ​ដែល​យុវជន​ជំនាន់​ក្រោយ​អាច​រៀនសូត្រ​តាម​គឺ​មេរៀន​ជិ​វិត។​

អ្នកស្រី​ ​បាន​ប្រាប់VOAយ៉ាង​ដូច្នេះ​ថា៖

«ចំណុច​មួយ​ដែល​យើង​អាច​រៀនសូត្រ​បាន​ពី​រាមកេរ្តិ៍គឺ​ ​វា​បង្រៀន​យើង​ឲ្យ​ចេះ​ដោះស្រាយ​ជម្លោះ​ ​និង​ការ​បង្កើន​ចំណេះដឹង​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​អ្នកដឹកនាំ​មួយ​រូប​ក្នុង​សង្គម»។

បន្ថែម​ទៅលើ​ការ​ដាក់បញ្ចូល​រឿង​រាមកេរ្តិ៍ទៅ​ក្នុង​កម្មវិធី​សិក្សា​នៅ​ ​វិទ្យាល័យ​ ​អ្នកស្រី​ក៏បាន​លើកឡើង​លក្ខណៈ​ពិសេស​អំពី​រឿង​រាមកេរ្តិ៍របស់​ខ្មែរ​ ដែល​ខុសពី​រឿង​រាមាយណៈ​របស់​ឥណ្ឌា។

អ្នកស្រី​បាន​លើកឡើង​ថា៖

«ចំណុច​មួយ​ដែល​បង្ហាញ​ពី​ភាព​ខុសគ្នា​ ​គឹ​រឿង​រាមកេរ្តិ៍របស់​ខ្មែរ​មាន​លក្ខណៈ​ ​មនុស្សនិយម​ ​ដោយ​យើង​មិន​លើក​តួអង្គ​ [ព្រះរាម​ដែល​ជា​អវ​តា​ព្រះវិស្ណុ] ជា​អាទិទេព​ដែល​គ្មាន​កំហុស​នោះ​ទេ»។

សៀវភៅ​រូបថត​ ​ដែល​មាន​ ​១៥​ ​ជំពូក​ ​បរិយាយ​ពី​ដំណើររឿង​រាមកេរ្តិ៍ ​អធិប្បាយ​ពី​ចំនុច​ខុស​ៗ​គ្នា​នៃ​ប្រភព​នានា​ដែល​និទាន​ពី​អក្សរសិល្ប៍​មួយ​នេះ​ ​ពន្យល់​ភាព​លម្អិត​របស់​វា​ ​និង​បង្ហាញ​កា​រតុប​តែង​បែប​សិល្បៈ​នៃ​រឿង​រាមកេរ្តិ៍​នេះ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ​ក្នុង​សៀវភៅ​នេះ​ ​មាន​ពិភាក្សា​អំពី​ប្រជាប្រិយ​ភាព​របស់​តួអង្គ​និមួយ​នៅក្នុង​អក្សរសិល្ប៍​ ​នៅក្នុងចំណោម​ប្រជាជន​កម្ពុជា។

លោក​ ​Arjay​ ​Steven​ ​ក៏បាន​សរសេរ​នៅក្នុង​ជំពូក​ដំបូង​នៃ​សៀវភៅ​របស់​លោក​ថា៖​

«នៅក្នុង​ចម្បាំង​តូច​ធំ​ ​ដែល​ទោះជា​ភាគច្រើន​ ​ពោរពេញ​ទៅ​ដោយ​ភាពឃោរឃៅ​ ​អ្នកអាន​នៅតែ​អាច​ញញឹម​ជាមួយនឹង​ ​សាច់រឿង​ទាក់ទិនទៅនឹង​វេទមន្ត​ ​និង​អាទិទេព​ ​នៅក្នុង​ស្ថានភាព​មិន​ទៀងទាត់​ទាំងនោះ។ទាំងនេះ​ ​មិនទាន់​រាប់បញ្ចូល​នូវ​ដំណើរ​គេចខ្លួន​ដ៏​ ​អស្ចារ្យ​របស់​មេទ័ព​ហនុមាន​ដែល​ជា​សំណព្វចិត្ត​របស់​ទស្សនិកជន​នៅក្នុង​ការ​សម្តែង​របាំ​នានា​»។

​លោក​បាន​រៀបរាប់​ប្រាប់ VOA ​ថា៖​

«តួអង្គ​ក្នុង​សាច់រឿង​ ​ដែល​ខ្ញុំ​ពេញចិត្ត​ជាងគេ​ ​គឺ​ ​ព្រះ​លក្សណ៍ [ព្រះអនុជ​របស់​ព្រះរាម]។ទំនាក់ទំនង​រវាង​ព្រះលក្សណ៍ ​និង​ព្រះរាម​ ​ពិតជា​ពិសេស​ណាស់។​»​

លោក​ ​Stevens​ ​ក៏បាន​លើកឡើង​ថា​ ​លោក​ចាប់​អារម្មណ៍​ទៅលើ​ទំនាក់ទំនង​ ​បងប្អូន​ទាំងពីរ​នាក់​ ​គឺ​ព្រះរាម​ ​និង​ព្រះ​លក្ខណ៍​ ​នៅក្នុង​សាច់រឿង​អក្សរសិល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍​នេះ។

«ពួកគេ​ទាំងពីរ​ពិតជា​ស្រលាញ់​គ្នា​ណាស់​ ​ហើយ​ខ្ញុំ​តែងតែ​ភ្ញាក់ផ្អើល​ជានិច្ច​ជាមួយ​ ​នឹង​សាច់រឿង។ ដូចដែល​បានឃើញ​ក្នុង​ល្ខោនខោល​និង​ល្ខោនស្បែក​ធំ​ ​តួអង្គ​ទាំងពីរ​ពិតជា​ជិត​ស្និទ​នឹង​គ្នា។ ខ្ញុំ​ចូលចិត្ត​បែបហ្នឹង​»។​

សម្តេច​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​ជា​ព្រះរាម​របស់​ព្រះមហាក្សត្រ​ ​ព្រះករុណា​ ​ព្រះបាទ​នរោត្តម​សីហ​មុនី​ ​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​និមិត្តរូប​នៃ​របាំ​ព្រះរាជទ្រព្យ​ខ្មែរ​ ​បាន​លើក​សរសើរ​ពី​គុណ​តម្លៃ​នៃ​សៀវភៅ​នេះ។ នៅ​ក្នុង​បុព្វកថា​ ​ទ្រង់​បាន​សរសេរ​ថា​ ​សៀវភៅ​នេះ​បង្ហាញ​ពី​ភាព​ចំរុះ​គ្នា​រវាង​សិល្បៈ​ខ្មែរ​ ​និង​វត្ថុបុរាណ​នានា។

«យើងខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​ជា​ក្រៃលែង​ ​ដោយ​សៀវភៅ​មួយ​ក្បាល​នេះ​ ​បាន​ផ្តិត​យក​រូបភាព​ ​រៀបរាប់​នូវ​ឈុត​សំ​ខាន់​ៗ​ ​ក្នុង​ល្ខោន​របាំ​ព្រះរាជទ្រព្យ​ដែល​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំទៅ​ហើយ​និង​ក្រុមរបាំ​មាន​បង្ហាញ​ជំ​ពូក​ដទៃៗ​ទៀត​»។​

ទ្រង់​បាន​បន្ថែម​ទៀត​ថា៖​

«លោក​ ​[​Arjay​ ​Stevens​]​ ​បាន​ផ្តិត​យក​រូប​ភា​ពល្អៗ​ ​ដែល​បង្ហាញ​ពី​ ​សោភ័ណភាព​និង​គុណភាព​កាត់ថ្លៃ​ដ៏​មានតម្លៃ​នៃ​ការ​រាំ​របស់​សិល្បករ​នៃ​នាដ​សាស្រ្ត​ខ្មែរ​ ​និង​ការផលិត​ ​វា​ឡើង»។​

រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​លោកស្រី​ ​ភឿង​ ​សកុណា​ ​ក៏បាន​សរសើរ​ចំពោះ​កិច្ចការ​របស់​លោក​ ​Stevens​ ​និង​ចំណេះដឹង​ដ៏​ស៊ីជម្រៅ​របស់​លោក​អំពី​សិល្បៈ​ខ្មែរ។​

លោកស្រី​ក៏បាន​សរសេរ​នៅក្នុង​បុព្វកថា​នៅក្នុង​សៀវភៅ​កម្រង​រូបថត​នោះ​ថា​៖​

«គុណ​តម្លៃ​នៃ​សៀវភៅ​សិល្បះ​រូបគំនូរ​នេះ​ ​មិន​អាច​ ​ត្រូវ​គេ​មើលស្រាល​បាន​នោះ​ទេ​ ​ជាពិសេស​សម្រាប់​បច្ឆាជន​កម្ពុជា។ រឿង​រាមកេរ្តិ៍ ​ជា​សរសរ​ទ្រូង​វប្បធម៌​សង្គម​ ​កម្ពុជា​យើង‍»។​

លោក​ ​Stevens​ ​យល់ឃើញ​ថា​ អក្សរសិល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍មាន​វត្តមាន​ជានិច្ច​នៅក្នុង​ជិ​វិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ។ស្ថាប័ន​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ ​និង​ក្រសួងការពារជាតិ​ ​ជាដើម​ ​ជា​ស្ថាប័ន​ដែល​បាន​ប្រើ​ ​ប្រាស់​រូប​តួអង្គ​នៅក្នុង​អក្សរសិល្ប៍​រឿង​រាមកេរ្តិ៍​ ​គឺ​តួ​ស្តេច​ស្វា​ហនុមាន​ ​ជា​និមិត្តសញ្ញា​នៃ​ស្ថាប័ន។ហើយ​ថ្មី​ៗ​នេះ​ ​ក៏​មាន​ដាក់​តាំង​រូបចម្លាក់​ ​ហនុមាន​ ​នៅ​ខាងមុខ​ ​សណ្ឋាគារ​ ​Rosewood​ ​នៅ​ជិត​អាគារ​ពាណិជ្ជកម្ម​វឌ្ឍនៈ​ផង​ដែរ។

លោក​ ​Stevensថា​ការ​ដាក់​តាំង​រូបចម្លាក់​នេះ​ ​ជា​សញ្ញា​វិជ្ជមាន​មួយ​ ​ដោយ​លោក​បាន​ពណ៌នា​ថា​ «ព្រលឹង​របស់​រឿង​រាមកេរ្តិ៍​នៅ​តែ​ដក់ជាប់​នៅ​ ​ក្នុង​បេះដូង​ ​របស់​ប្រជាជន​ ​កម្ពុជា​ជានិច្ច​»។​

លោក​ ​Arjay​ ​Stevens​ ​បញ្ជាក់​ទៀត​ថា​ បើ​ទោះបីជា​អក្សរសិល្ប៍​រឿង​រាមកេរ្តិ៍​មាន​ដើមកំណើត​ ​និង​ប្រវត្តិ​ដំណាល​តាំងពី​មួយ​សហស្សវត្ស​មុន​ ​មកដល់​សព្វថ្ងៃ​ ​លោក​ឃើញថា​អក្សរសិល្ប៍​នេះ​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ជិ​វិត​របស់​ប្រជាជន​ខ្មែរ​ទៅ​ហើយ៕

XS
SM
MD
LG