ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​រតនគិរី៖ កម្មករ​ចម្ការ​ចេក​ ១០​នាក់​ស្លាប់ ហើយ​អ្នក​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ


រូប​ឯកសារ៖ ចម្ការចេករបស់ក្រុមហ៊ុន​​មួយ​ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)
រូប​ឯកសារ៖ ចម្ការចេករបស់ក្រុមហ៊ុន​​មួយ​ខេត្តរតនគិរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១។ (ស៊ុន ណារិន/វីអូអេ)

កម្មករ​ខ្មែរ​ប្រមាណ​ ១០​នាក់​ដែល​ធ្វើ​ការនៅ​ក្នុង​ក្រុមហ៊ុន​ចម្ការ​ចេក​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី ​បាន​ស្លាប់ ដែល​មាន​ការ​សង្ស័យជា​បឋម​ថា​ បណ្តាល​មក​ពី​ការ​ពុល​ចំណី​អាហារ។ ប៉ុន្តែ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​បន្ត។ នេះ​បើ​តាម​អភិបាល​ខេត្ត លោក ​ញ៉ែម សំអឿន។

អភិបាល​ខេត្ត​រតនគិរី​ លោក ​ញ៉ែម សំអឿន បញ្ជាក់​ថា​ មនុស្ស​ទាំង​១០​នាក់ គឺ​ជា​កម្មករនៃ​ក្រុមហ៊ុន​ចម្ការ​ចេក ថាកូអាហ្គ្រី (THACO AGRI) ដោយ​កម្មករ​មួយ​ចំនួន​ ​ធ្វើ​ការ​ស៊ី​ឈ្នួល ​ដែល​មិន​មែន​ពេញ​សិទ្ធិ​នោះ​ទេ។ លោក​បន្ថែម​ថា ​មនុស្ស​ ៩នាក់​ស្លាប់​នៅ​ថ្ងៃទី​១៦ ​ខែ​មិថុនា។ ចំណែក​ម្នាក់​ទៀត​ស្លាប់​នៅ​មុន​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

លោក​ប្រាប់​វីអូអេ​ថា៖ ​«គេ​រាយការណ៍​មក ៦​នាក់​ហ្នឹង​ គឺ​ក្នុង​រង្វង់​ប៉ុន្មាន​ថ្ងៃ ដែល​គេ​យក​បាន​ក្នុង​រោងចក្រ។ ក៏ប៉ុន្តែ​យើង​បាន​ស្រាវ​ជ្រាវ​រក​ឃើញ ​១​ទៀត នៅ​មុន​ហ្នឹង​ប៉ុន្មាន​ថ្ងៃ​... ។ អ៊ីចឹង​វាឡើង ​៧។ ហើយ​បន្ទាប់​មក យើង​ក៏​ស្រាវជ្រាវ​ដេញ​នៅ​ជុំវិញ​ហ្នឹង​ទៀត ​ដល់​ស្រាវជ្រាវ​ទៅ​ឃើញ ៣​ទៀត។ អ៊ីចឹង​វា​សរុប​ចូល ​១០​នាក់»។ ​

អភិបាល​ខេត្ត​រតនគិរី​រូប​នេះ​បញ្ជាក់​ថា​ មន្ទីរ​និង​ក្រសួង​សុខាភិបាល បាន​ចុះ​ពិនិត្យ​កិច្ចការ​នេះ ដែល​ព័ត៌មាន​បឋម គឺការ​ស្លាប់​នោះ​បណ្តាល​មក​ពី​ការ​ពុល​ចំណី​អាហារ ដែល​មិន​មែន​ស្លាប់​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​ឡើយ។

លោក​ថ្លែង​ថា៖ ​«ការ​ស្រាវ​ជ្រាវ​ជា​បឋម​ហ្នឹង​ គេ​បាន​រាយ​ការណ៍​មក​ថា​ វា​អាច​ប៉ះពាល់​ហ្នឹង​ចំណី​អាហារ​ ក៏ប៉ុន្តែ​មិន​មែន​ជា​ជំងឺ​ទេ ព្រោះ​ដោយ​សារ​ថា​អ្នកជំងឺនេះ​ អាការៈ​ដែល​ចេញ​មក ហើយ​ការ​ដែលគាត់​បាត់បង់​ជីវិត​នេះ វា​លឿន​ពេក។ ហើយ​គេ​ដាក់​ក្នុង​កម្រិត​ហានិភ័យ​ខ្ពស់​បំផុត»។

បើ​តាម​អភិបាល​ខេត្ត​រតនគិរី រហូត​មក​ដល់​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​បន្ត​ទៀត និង​កំពុង​ប្រមែប្រមូល​ទឹក ​ចំណី​អាហារ និង​អ្វី​ៗ​ដែល​មាន​ការសង្ស័យ​ផ្សេង​ទៀត​ ដើម្បី​យក​ទៅវិភាគ ប៉ុន្តែមិន​ទាន់​អាច​កំណត់​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

​អភិ​បាល​ខេត្ត​រូប​នេះ​បញ្ជាក់​ទៀត​ថា​ កន្លង​ទៅ អាជ្ញាធរ​ក៏​បាន​ចុះ​ណែនាំ​ក្រុមហ៊ុន​ថា​កូ​អា​ហ្គ្រី​ជា​ច្រើន​ដង​ទាក់ទង​នឹង​អនាម័យ និង​ការ​ស្នាក់​នៅ​របស់​កម្មករ​ផង​ដែរ​។ លោក​ក៏​សំណូម​ពរ​ឱ្យ​កម្មករ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ចំណី​អាហារ ជា​ពិសេស​ការ​បរិភោគ​ស្រា ខណៈ​ពេល​នឿយ​ហត់​ខ្លាំង ក្នុង​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង។

បើ​តាម​អភិបាល​ខេត្ត​រតនគិរី ក្រុមហ៊ុន​ថា​កូអាហ្រ្គី​គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម​ដែល​នាំ​ចេញ​ចេក​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេងៗ​ទៀត។

វីអូអេ​មិន​ទាន់​អា​ច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​ លោក អ៊ុង រតនា បាន​នៅ​ឡើយ​ទេ។

វីអូអេ​ក៏​មិនទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​ថា​កូ​អាហ្រ្គី​បានដែរ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ។​


ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ លោក​ ថេង សាវឿន​ យល់​ថា ​ក្រុមហ៊ុន​ត្រូវ​តែ​មាន​យន្តការធានា​សុខុមាល​ភាព​កម្មករ​ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ការថែទាំ​សុខភាព​ អនាម័យ និង​ផ្ដល់​ការ​បណ្តុះ​បណ្តាល​ឱ្យ​បាន​ត្រឹម​ត្រូវ​ដល់​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ។

លោក​ថ្លែង​ថា៖ «ទីមួយ​ក្រុមហ៊ុន​ត្រូវ​រៀបចំ​ឱ្យ​មាន​ការ​ចុះបញ្ជី​ឱ្យ​បាន​ត្រឹម​ត្រូវ​ នៅ​ក្នុង​ការ​ថែទាំ​សុខ​ភាព​ របប​បេឡា​ជាតិ ​របប​សន្តិសុខ​សង្គម។ ទី២​ត្រូវ​រៀប​ចំ​ឱ្យ​មាន​សម្ភារៈ​និង​ឧបករណ៍ត្រឹមត្រូវ សម្រាប់​ការពារ​អាយុជីវិត​ និង​អនាម័យ​បង​ប្អូន​កម្មករ​ក្នុង​វិស័យ​ចម្ការ​កសិឧស្សាហកម្ម​ហ្នឹង»។

លោក​បន្ដ​ថា​ អាជ្ញាធរ​ និង​មន្ត្រី​ពាក់​ព័ន្ធ​ត្រូវ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់ និង​ដាក់​លក្ខខណ្ឌ​ជា​កំហិត​ដល់​ក្រុមហ៊ុន​ឱ្យ​អនុវត្ត​តាម ដើម្បី​ជៀស​វាងករណី​ស្លាប់​មនុស្ស៕

XS
SM
MD
LG