ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មេធាវី​លោក​សម រង្ស៊ី​និង​ក្រុមហ៊ុន ​Chevron ​ចោទ​គ្នា​ដោយសារ​វីដេអូ​លោក​កែម ឡី

  • ម៉ែន គឹមសេង

រូប​ឯកសារ៖ កូនស្រី​របស់​លោក​ កែម​ ឡី ទ្រហ៊ោ​យំ​នៅ​ខាង​ក្រៅ​ម៉ាត ​Caltex មួយ​កន្លែង​ដែលសាកសព​​ឪពុក​របស់ខ្លួន​​ដេក​ដួល​នៅខាងក្នុង។​ លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ថ្ងៃអាទិត្យ​ ទី​០៩ ខែ​កក្ដដា ឆ្នាំ​២០១៦ នៅ​ស្ថានីយ​ចាក់សាំង​មួយ​នៅរាជធានី​ភ្នំពេញ។​(ឡេង ឡែន/VOA)

តុលាការ​​អាមេរិក​គ្រោង​​​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​​ ​ដើម្បី​​ពិនិត្យ​មើល​ញត្តិ​ជំទាស់​​របស់​ក្រុមហ៊ុន​ប្រេង ​Chevron ​ដែល​នៅ​តែ​បដិសេធ​មិន​ព្រម​ផ្តល់​វីដេអូ​ពី​កាម៉េរា​សុវត្ថិភាព​ក្នុង​ស្ថានីយ​ប្រេងសាំង​កាលតិច​រាជធានី​ភ្នំពេញ។​

ពាក្យ​ពេចន៍​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​បាន​កើត​មាន​ឡើង​រវាង​មេធាវី​របស់​លោក សម រង្ស៊ី​ ជាមួយ​នឹង​មេធាវី​ក្រុមហ៊ុន​ប្រេង​ Chevron ​ដែល​ការពារ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​បដិសេធបណ្តឹង​ស្នើសុំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​លោកបណ្ឌិត​ កែម ឡី។ នេះ​បើ​តាម​ឯកសារដែល ​VOA ​ទទួល​បាន​ពី​គេហទំព័រ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ។

តុលាការ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​ខាង​មុខ​ ​ដើម្បីពិនិត្យ​មើល​ញត្តិ​ជំទាស់របស់​ក្រុមហ៊ុន​ប្រេង ​Chevron ​ដែល​នៅ​តែ​បដិសេធ​មិន​ព្រម​ផ្តល់​វីដេអូ​ពី​កាម៉េរា​សុវត្ថិភាព​ក្នុង​ស្ថានីយ​ប្រេងសាំង​កាលតិច​រាជធានី​ភ្នំពេញ​ដែល​នៅ​ទី​នោះ​លោក កែម ឡី​ អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ជិត​មួយ​ឆ្នាំ​មុន។

ការ​សម្រេច​ពន្យារ​ពេល​របស់​លោកស្រី​ចៅក្រម ​ដូណា រីយ៉ូ​ នៃ​តុលាការ​ដំបូង​ប្រចាំ​តំបន់​ភាគ​ខាង​ជើង​នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California)​ គឺ​ដើម្បី​ទុក​ពេល​ឱ្យ​មេធាវី​ដើម​បណ្តឹងរៀបចំ​ឯកសារ​បដិសេធ​នឹង​ញត្តិ​ជំទាស់​របស់​ក្រុមហ៊ុន ​Chevron ​និង​មេធាវី​ក្រុមហ៊ុន​ថ្លែង​ជំទាស់​វិញ។​ សវនាការ​នេះ​ធ្លាប់​បាន​គ្រោង​ធ្វើ​ម្តង​ហើយ​នៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ខាង​មុខនេះ។

នៅ​ក្នុង​ឯកសារ​ជំទាស់​ដែល​លោកស្រី​ Eva Schueller មេធាវី​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដាក់​ជូន​តុលាការ​បាន​ចំអក​ថា​ក្រុមហ៊ុន ​Chevron ​តែងតែ​លើកឡើង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុងការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​និង​សិទ្ធិ​មនុស្សដូច្នេះ​ក្រុមហ៊ុន​នេះ​ត្រូវ​តែ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ប្តេជ្ញា។​

លោកស្រី​ Eva Schueller ​បន្ថែម​ទៀត​ថា៖

«ការ​បញ្ចេញ​ឯកសារ​ទាន់​ពេល​តាម​ការ​ស្នើសុំ​ និង​ការ​ស្វែងរក​ដោយ​កំណត់ដូច​មាន​នៅ​ក្នុង​ពាក្យបណ្តឹង​សុំ​ឯកសារ​ជា​ការ​បង្ហាញ​ពី​ការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​ពិត​ប្រាកដ​និង​បញ្ជាក់​ថា​ ​ការ​ប្តេជ្ញា​ទាំង​នេះ​គឺ​មិនមែន​គ្រាន់​តែ​ជា​វោហាសាស្រ្តគ្មាន​បាន​ការ​ផ្នែក​ទំនាក់​ទំនង​សាធារណៈនោះ​ទេ‍»។

នេះ​បើ​តាម​ឯកសារ​ដែល​លោកស្រី​ Schueller ​បាន​ដាក់​ជូន​តុលាការកាល​ពីថ្ងៃ​ទី​៤​ខែឧសភា។ ​

លោកស្រី​បាន​ចោទ​ថា​ ជា​ការ​ហួសចិត្ត​ដែល​ក្រុមហ៊ុន​ប្រើ​ច្បាប់​ដែល​លោកស្រី​កំពុង​ប្រើ​នេះ​ដើម្បី​បាន​ភស្តុតាង​ពី​ក្រុមហ៊ុន​នានា​ក្នុង​ពិភពលោក​ប៉ុន្តែ​បែរ​ជា​ប្រើ​ច្បាប់​នេះដើម្បី​«លាក់​បំបិទ​ភស្តុតាង‍»ទៅ​វិញ។

សេចក្តីដកស្រង់ពីកំណត់ហេតុរបស់ប៉ូលិស​ដកហូតសម្ភារៈពីស្ថានីយ​ប្រេងសាំងកាលតិចដែល​នៅ​ទី​នោះ​លោក កែម ឡី​ ត្រូវឃាតករបាញ់សម្លាប់។ (រូបភាពពីគេហទំព័រតុលាការសហរដ្ឋ​អាមេរិក)
សេចក្តីដកស្រង់ពីកំណត់ហេតុរបស់ប៉ូលិស​ដកហូតសម្ភារៈពីស្ថានីយ​ប្រេងសាំងកាលតិចដែល​នៅ​ទី​នោះ​លោក កែម ឡី​ ត្រូវឃាតករបាញ់សម្លាប់។ (រូបភាពពីគេហទំព័រតុលាការសហរដ្ឋ​អាមេរិក)

ឯកសារ​ភស្តុតាង​ដែល​ស្នើសុំ​មាន​ចំនួន​៦​ប្រភេទ​ក្នុង​នោះ​រួមមាន​ដូច​ជា​វីដេអូ ​តាំងពី​ថ្ងៃ​ទី​១​ខែកក្កដា​ដល់​ថ្ងៃ​១៤​ខែ​កក្កដា​ ឯកសារ​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នកគ្រប់គ្រង​ឬ​បុគ្គលិក​ស្ថានីយ​ប្រេងសាំង​កាល់តិច​ចន្លោះ​ពី​ថ្ងៃ​ទី​១​ដល់​១៤​ខែ​កក្កដា ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​អ្នកគ្រប់គ្រង​ឬ​បុគ្គលិក​ស្ថានីយ​ប្រេងសាំង​កាលតិច (Caltex) ​ដែល​ត្រូវ​គេ​បញ្ឈប់​ឬ​លាលែង​ចន្លោះ​ពី​ថ្ងៃ​ដែល​លោក​ កែម ឡី​ ត្រូវ​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​ទី១០ខែ​កក្កដាដល់​៣១​ខែកក្កដា។

ឯកសារ​ទាំង​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើ​ការពារ​ក្តី​ទល់​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែលបាន​ប្តឹង​លោក​ សម រង្ស៊ី​ ​ពី​បទ​បរិហារ​កេរ្តិ៍​ដោយ​សារ​តែ​អត្ថាធិប្បាយ​ដែលលោកបាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ពី​ការ​ជាប់ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្នុង​ឃាតកម្ម​របស់​លោក​បណ្ឌិត ​កែម ឡី។ ​រដ្ឋាភិបាល​បាន​ប្រកែក​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទេ​ហើយ​តុលាការ​ក្រុង​ភ្នំពេញក៏បាន​កាត់​ទោស​ឱ្យ​លោក សម រង្ស៊ី​ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល​២០​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល​ប៉ុន្តែ​មេធាវី​របស់​លោក​បាន​ប្តឹង​ជំទាស់។

​ក្រុមហ៊ុន ​Chevron ​បាន​ចាត់​ទុក​ការ​បន្ត​ជំរុញ​ទាមទារ​ឯកសារ​នេះ​ថា​«គ្មាន​ន័យ‍»​ ​«គ្មាន​មូលដ្ឋាន‍» និង​ជា​ការ​គួរ​ឱ្យ​សោកស្តាយ​ដែល​ថា​ខ្លួន​«លាក់​បំបិទ»​ភស្តុតាង​ ដូច្នេះ​ហើយ​ក្រុមហ៊ុន​ត្រូវ​តែសុំ​ឱ្យ​តុលាការ​ច្រានចោល​បណ្តឹង​ទាមទារ​ឯកសារ​នេះ។​

នៅ​ក្នុង​ឯកសារ​ឆ្លើយតប​ដែល​បាន​ដាក់​ជូន​តុលាការ​កាល​ពី​ថ្ងៃទី​១១ខែ​ឧសភា​លោក​ William Thomson ​មេធាវី​នាំមុខ​តំណាង​ឱ្យ​ក្រុមហ៊ុន​ Chevron ​បាន​រៀបរាប់​ថា​ វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នោះ មិន​បាន​បញ្ជូន​ទៅ​រក្សា​ទុក​នៅ​ក្នុង​ប្រព័ន្ធ​ “Cloud” [រក្សា​ទុក​ក្នុង​បណ្តាញ​អ៊ីនធឺណិត] ​អ្វី​ទេ​ហើយ​ក្រុមហ៊ុន​ Chevron និង​ក្រុមហ៊ុន​សាខា​នៅ​កម្ពុជា​ក៏​មិន​មែន​ជា​អ្នក​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​«ហេតុការណ៍​ដ៏​រន្ធត់»​ដែល​អាជ្ញាធរ​កម្ពុជា​ជា​អ្នកទទួល​ខុសត្រូវ​ភ្លាមៗ​នោះ​ទេ​ហើយ​អាជ្ញាធរ​បាន​រឹបអូស​យក​វីដេអូ​នោះ​បាត់​ហើយ។ លោក​បាន​បន្ថែម​ថា ប៉ុន្តែ​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់លើបញ្ហា​នេះ​ដោយ​សហការ​ជាមួយ​នឹង​មេធាវី​ដើម​បណ្តឹង​ដោយ​ផ្តល់​នូវ​ព័ត៌មាន​អំពី​បុគ្គលិក​នៅ​ក្រុមហ៊ុន​សា្ថនីយ​ប្រេង​ដែល​កើតហេតុ​និង​បញ្ជាក់​ថា​បុគ្គលិក​ទាំងនោះ​មិន​មាន​ប្រើ​អ៊ីមែល​ក្រុមហ៊ុន​ផ្តល់​ជូន​ទេ​ ក៏​ដូចជា​ថា​ពួកគេ​មិន​មាន​សិទ្ធិ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ឬ​ឧបករណ៍​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ទេ។

លោក​ Thomson ​បន្ថែម​ថា៖

«ពិតប្រាកដ​ណាស់​ថា ​ដើម​បណ្តឹង​ពិតជា​ខកចិត្ត​ដែល​ក្រុមហ៊ុន​ Chevron ​មិន​អាច​ផ្តល់​វីដេអូ​និង​ការណ៍​ដែល​បុគ្គលិក​មិន​មាន​ទំនាក់ទំនង​អ្វី​តាម​បណ្តាញ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន‍។ ជាជាង​ទទួល​យក​ដំណោះស្រាយ​សម​ហេតុផល​ដើម​បណ្តឹង​បង្កើន​ការ​ទាមទារ​របស់​ខ្លួន​និង​ចាប់​ផ្តើម​ទទូច​ឱ្យ​ក្រុមហ៊ុន ​Chevron​ ធ្វើ​ការ​ស៊ើបអង្កេត​លើ​ហេតុការណ៍​ដែល​បាន​កើត​មាន​ឡើង​ជិត​មួយ​ឆ្នាំ​មុន​នៅ​កន្លែង​ដែល​មាន​ចម្ងាយ​ជាង​មួយ​ម៉ឺន​គីឡូម៉ែត្រ​ពី​ទីនេះ​ហើយ​ឱ្យ​រាយការណ៍​ពី​ការ​រក​ឃើញ​នោះ​តាម​ច្បាប់​‍»។

លោក Thomson ​បន្ត​ទៀត​ថា ​ការ​ទាមទារ​ថ្មី​នេះ​ដែល​មិន​មាន​ក្នុង​បណ្តឹង​មុន​និង​ការ​គំរាម​ឱ្យ​ស្វែងរក​ឯកសារ​ដោយ​គ្មាន​ទី​បញ្ចប់​គឺ​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ Chevron ​«គ្មាន​ជម្រើស‍»អ្វី​ក្រៅ​ពី​សម្រេច​ចិត្តសុំ​ច្រាន​ចោល​បណ្តឹង​ទាំងស្រុង។

លោក សម រង្ស៊ី​ កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ពន្ធនាគារ​ក្នុង​សំណុំរឿង​មួយ​ចំនួន។

តុលាការ​រាជធានី​ភ្នំពេញ​បាន​កាត់​ទោស​ឱ្យ​បុរស​ឈ្មោះ​ អឿត អាង​ ហៅ​ជួប​សម្លាប់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ធ្វើ​ឃាត​លោក ​កែម ឡី។ បុរស​នេះ​បាន​ទទួល​សារភាព​ប៉ុន្តែ​ប្តឹង​ជំទាស់​ដោយ​យល់​ថា​ ការ​ដាក់​ទោស​នេះ​ធ្ងន់ធ្ងរ​ពេក​ចំពោះ​គាត់។ ក្រុម​គ្រួសារ​លោក​ កែម ឡី​ មិន​ទទួល​យក​ការ​កាត់​ទោស​ទេ​ រី​ឯ​ក្រុម​គ្រួសារ​ អឿត អាង​ ក៏មិន​ជឿ​ថា​ បុរស​នេះ​សម្លាប់​លោក ​កែម ឡី​ ដោយសារតែ​ជំពាក់​ប្រាក់​ដូច​ការ​អះអាង​នោះ​ទេ៕

XS
SM
MD
LG