ប្រតិភូរបស់អង្គការសហប្រជាជាតិបានចាកចេញពីខេត្តរតនគីរីនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីអាជ្ញាធរខេត្តបដិសេធមិនព្រមសហការក្នុងការស្វែងរកជនជាតិដើមភាគតិចវៀតណាមចំនួន១៣នាក់ដែលកំពុងលាក់ខ្លួននៅក្នុងព្រៃរបស់ខេត្តនេះ។
លោកឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី ដែលបានសហការជាមួយក្រុមប្រតិភូនេះ បានឲ្យដឹងថា មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន និងទទួលបន្ទុកផ្នែកសិទ្ធិមនុស្សចំនួនបួននាក់ បានធ្វើដំណើរត្រឡប់មកទីក្រុងភ្នំពេញវិញ ក្រោយពីបានជួបជាមួយលោកជា ប៊ុនធឿន ស្នងការរងនគរបាលខេត្តរតនគីរីកាលពីរសៀលថ្ងៃព្រហស្បតិ៍។
នៅក្នុងជំនួបនោះ លោកជា ប៊ុនធឿនបានបញ្ជាក់ថា កងប៉ូលិសមិនអាចសហការជាមួយក្រុមមន្ត្រីអង្គការសហប្រជាជាតិក្នុងការស្វែងរកជនភៀសខ្លួនវៀតណាមទេ ដោយសារគ្មានបញ្ជាពីថ្នាក់លើ។
«តាម អ.ស.ប. មានមន្ត្រីអ.ស.ប. ពីរនាក់បានប្រជុំជាមួយស្នងការរង លោកជា ប៊ុនធឿន។ លោកជា ប៊ុនធឿនប្រាប់ថា គាត់មិនអាចសហការបានទេ ដោយសារមិនមានបញ្ជាពីក្រសួងមហាផ្ទៃ ឬពីរដ្ឋាភិបាល។ ហើយមន្ត្រីអ.ស.ប.ត្រឡប់ទៅភ្នំពេញវិញនៅម៉ោងនេះ»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃទទួលស្គាល់ថា មិនទាន់មានការអនុញ្ញាតឲ្យមន្ត្រីមកពីឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន (UNHCR) និងមន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សនៅកម្ពុជាចុះបេសកកម្មទៅកាន់ខេត្តរតនគីរីទេ ហើយក៏មិនមានបញ្ជាឲ្យអាជ្ញាធរខេត្តឲ្យធ្វើកិច្ចសហការជាមួយអង្គការសហប្រជាជាតិសម្រាប់ស្វែងរកជនភៀសខ្លួនពីតំបន់ខ្ពង់រាបវៀតណាមនោះដែរ។
«សូមសរសើរ កោតសរសើរអាជ្ញាធរមូលដ្ឋាន ដែលរង់ចាំបញ្ជាពីក្រសួងមហាផ្ទៃ។ ដូច្នេះទាក់ទងគ្នាតទៅទៀតទៅ!»។
លោកខៀវ សុភ័គបានផ្តល់យោបល់ឲ្យមន្ត្រីអង្គការសហប្រជាជាតិភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋបាលអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃដែលមានសិទ្ធិសម្រេចក្នុងការផ្តល់ភ្លើងខៀវដល់អាជ្ញាធរមូលដ្ឋានក្នុងការសហការ ឬយ៉ាងណា ឬអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិចុះស្វែងរកជនជាតិតំបន់ភ្នំវៀតណាមឬយ៉ាងណា។
វីអូអេបានព្យាយាមទាក់ទងសុំការបកស្រាយពីលោកឧត្តមសេនីយ៍សុខ ផល អគ្គនាយកនៃអគ្គនាយកអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។ លោកថង សាវុន អភិបាលខេត្តរតនគីរីមិនអាចផ្តល់ព័ត៌មានបន្ថែមទេ ដោយសារតែលោកកំពុងជាប់រវល់ប្រជុំ។
រីឯលោកស្រីវីវាន តាន់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រចាំតំបន់ក៏វីអូអេមិនអាចទាក់ទងបានដែរ។
មន្ត្រីអង្គការសហប្រជាជាតិចំនួនបួនរូបបានទៅដល់ខេត្តរតនគីរីកាលពីថ្ងៃពុធដើម្បីពិនិត្យស្ថានភាពជាក់ស្តែងអំពីជនជាតិដើមភាគតិចម៉ុងតាញ៉ា វៀតណាម ក្រោយពីបានសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃដោយមិនមានការឆ្លើយតបកាលពីសប្តាហ៍មុន។ ជនជាតិចារ៉ាយវៀតណាមទាំងនេះបានគេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម និងបានមកដល់ក្នុងព្រៃនៃខេត្តរតនគីរីចាប់តាំងពីចុងខែតុលាមកម្ល៉េះ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣។
កាលពីថ្ងៃអង្គារ ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន(UNHCR) បានសម្តែងកង្វល់ចំពោះស្ថានភាពជនជាតិដើមភាគតិចដែលគេចខ្លួនពីតំបន់ខ្ពង់រាបវៀតណាមនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលថា កងប៉ូលិសកម្ពុជាបើកប្រតិបត្តិការតាមចាប់ពួកគេ និងបញ្ជូនពួកគេទៅឲ្យអាជ្ញាធរប្រទេសវៀតណាមវិញ។
អង្គការសហប្រជាជាតិទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់សកម្មភាពនេះ ហើយបានស្នើឲ្យមានការសហការរួមគ្នាដើម្បីចុះពិនិត្យក្រុមជនជាតិដើមភាគតិចទាំងនេះ៕