ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​តវ៉ា​ចំពោះ​វីដេអូ​ប្រមាថ​សាសនា​ កាន់​តែ​រីកសាយ​នៅ​ពិភព​អ៊ីស្លាម


ពលរដ្ឋ​កេនយ៉ា​កាន់​សាសនា​អ៊ីស្លាម​មួយ​ក្រុម ដុត​ទង់ជាតិ​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ធ្វើ​ការ​សូត្រ​ធម៌​ពេល​រសៀល នៅ​ខាង​ក្រៅ​ព្រះវិហារ​អ៊ីស្លាម Sakina Jamia ក្នុង​ក្រុង​កំពង់ផែ Mombasa ប្រទេស​កេនយ៉ា។ (១៤ កញ្ញា ២០១២)
ពលរដ្ឋ​កេនយ៉ា​កាន់​សាសនា​អ៊ីស្លាម​មួយ​ក្រុម ដុត​ទង់ជាតិ​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ធ្វើ​ការ​សូត្រ​ធម៌​ពេល​រសៀល នៅ​ខាង​ក្រៅ​ព្រះវិហារ​អ៊ីស្លាម Sakina Jamia ក្នុង​ក្រុង​កំពង់ផែ Mombasa ប្រទេស​កេនយ៉ា។ (១៤ កញ្ញា ២០១២)
ក្រុង​គែរ ប្រទេស​អេហ្ស៊ីប៖ បាតុកម្ម​តវ៉ា​បាន​កើត​ឡើងរយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ទូទាំង​ពិភព​អ៊ីស្លាម​ ទាក់ទង​នឹង​វីដេអូ​ប្រឆាំង​សាសនា​អ៊ីស្លាម​មួយ​ដែល​គេ​បាន​ផលិត​នៅ​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀតបាន​បង្កើន​វិធានការ​សន្តិសុខ​នៅ​តាម​ស្ថាន​បេសកកម្ម​ការ​ទូត​របស់​ខ្លួន​ នៅបន្ទាប់​ពី​មាន​ការ​វាយប្រហារ​ហិង្សា​ ដែល​បាន​ចាប់​ផ្តើម​ឡើង​កាល​ពី​ថ្ងៃ​អង្គារ។

ក្រុម​បាតុករនៅតាមទី​ក្រុងនានា​ជា​ច្រើន​នៅទូទាំង​តំបន់មជ្ឈិម​បូព៌ា ទ្វីប​អាស៊ី​ខាង​ត្បូង​និង​អាស៊ី​បូព៌ា ក៏​ដូច​ជា​ទ្វីប​អាហ្វ្រិក បាន​ចេញ​តវ៉ា​នៅ​ក្រោយ​ពេល​ធ្វើ​ការ​សូត្រ​ធម៌​ថ្ងៃ​ត្រង់​កាល​ពី​ថ្ងៃ​សុក្រ ដោយ​តវ៉ា​ប្រឆាំង​នឹង​ខ្សែ​វីដេអូ​មួយ​ ក៏​ដូច​ជា​ចំពោះ​ក្រុម​មនុស្ស​ដែល​ពួក​គេគិត​ថា​មិន​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​វីដេអូ​នេះ។

សកម្មភាព​តវ៉ា​បាន​បន្ត​ធ្វើ​ឡើង​នៅ​ក្បែរ​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​គែរ​ប្រទេស​អេហ្ស៊ីប ដោយ​មាន​បាតុករ​ចោល​ដុំ​ថ្ម​ដាក់​ក្រុម​ប៉ូលីស​បង្កាប​កុប្បកម្ម ដែល​ឆ្លើយ​តប​វិញ​ដោយបាញ់​ផ្សែង​ធ្វើ​ឲ្យ​ចេញ​ទឹកភ្នែក។

ចំណែក​ឯ​នៅ​ប្រទេស​លីបង់​ជិត​ខាង​នោះ ក្រុម​បាតុករ​បាន​ដុត​ទង់ជាតិ​ប្រទេសអាមេរិក និងប្រទេសអ៊ីស្រាអែល។

បាតុករ Ahmad Al-Assir បាន​ស្រែក​ថា៖ «អាមេរិក អ្នក​ឯង​ជា​ប្រទេស​មហាអំណាច។ អាមេរិក អ្នក​ឯង​មាន​កង​យោធា​ដ៏​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក។ អាមេរិក អ្នក​ឯង​កំពុង​ត្រួតត្រា​ពិភពលោក។ តែ​អ្នក​ឯង​មិន​អាច​លើស​ព្រះ​ជា​ម្ចាស់​ទេ។ មិន​យូរ​មិន​ឆាប់ ព្រះ​ជា​ម្ចាស់​នឹង​សង​សឹក​ចំពោះ​អ្នក​ឯង​វិញ​ហើយ!»

នៅ​ទី​ក្រុង Benghazi ប្រទេស​លីប៊ី ដែល​ជាទី​កន្លែងដែល​ឯក​អគ្គរដ្ឋទូត​ស.រ.អ. និង​មន្ត្រី​អាមេរិកាំង​ចំនួន​៣​រូប​ទៀត​ត្រូវ​គេសម្លាប់​ក្នុង​ការ​វាយប្រហារ​កាល​ពីថ្ងៃ​អង្គារ​នោះ គេ​បាន​បង្កើន​សន្តិសុខ​នៅ​ជុំ​វិញ​ទី​ក្រុង​និង​បិទ​អាកាសយានដ្ឋាន​ជា​បណ្តោះ​អាសន្ន។

នាវា​ចម្បាំង​អាមេរិក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ឆ្នេរ​សមុទ្រ​លីប៊ី ខណៈ​ដែល​កង​ម៉ារីន​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ដាក់​ប្រចាំ​ការ​ការពារ​ស្ថានទូត​អាមេរិក​នៅប្រទេស​យេមែន ដែល​ស្ថានទូត​នេះ​ត្រូវ​ក្រុម​បាតុករវាយ​ចូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ចំណែក​ឯ​នៅ​ប្រទេស​អ៊ីរ៉ង់​វិញ ក្រុម​និស្សិត​បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាងក្រៅ​ស្ថានទូត​ស្វ៊ីសប្រចាំ​ក្រុង​តេអេរ៉ង់ ដែល​តំណាង​ឲ្យ​ផល​ប្រយោជន៍​ស.រ.អ.​នៅ​ក្នុងប្រទេស​នេះ។

និស្សិតស្រី​ម្នាក់​ថ្លែង​ថា៖ «យើង​ខ្ញុំ​បាន​មក​ទី​នេះ​ដើម្បី​សម្តែង​ការ​ប្រឆាំង​ចំពោះ​ការ​ប្រមាថ​មើល​ងាយដល់​ព្យាការី​ជា​ទីសក្ការៈ​របស់​សាសនា​អ៊ីស្ថាម ដែល​ព្រះអង្គ​គង់​ប្រថាប់​នៅ​ក្នុង​បេះដូង​របស់​មនុស្សទាំង​អស់​ក្នុង​ពិភពលោក​ ដែល​ប្រាថ្នា​ចង់​បាន​សេរីភាព។»

អំពើ​ហិង្សា​នេះក៏​បាន​រីក​សាយទៅ​ដល់​ប្រទេស​ស៊ូដង់ ដែល​នៅ​ទី​នោះ មាន​សេចក្តី​រាយការណ៍​មក​ថា ហ្វូង​បាតុករ​បានវាយ​ចូល​បរិវេណ​អគារ​ស្ថានទូត​ប្រទេស​អាល្លឺម៉ង់។ ការ​តវ៉ា​នេះ​ក៏​ត្រូវ​គេ​រាយការណ៍​ថា​ បាន​កើត​មាន​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ​ ហើយក្នុង​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន សន្តិសុខ​មាន​ភាព​តឹងរ៉ឹង។

កាល​ពី​ថ្ងៃ​សុក្រ នៅ​តាម​វិហារ​អ៊ីស្លាមជា​ច្រើន​ក្នុង​ទី​ក្រុង​គែរ​ប្រទេស​អេហ្ស៊ីប វីដេអូ​ដែល​មាន​ចេតនា​ប្រមាថ​ព្រះ​មហាម៉ាត់​នេះ ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​គ្នា។ អាចារ្យ​អ៊ីស្លាម​ម្នាក់​បាន​រំឭក​ដល់​ក្រុម​អ្នកមក​សូត្រ​ធម៌​ថា នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​ដែល​មាន​និន្នាការ​អ៊ីស្លាម ពលរដ្ឋ​អេហ្ស៊ីប​អាច​សម្តែង​ការ​ប្រឆាំង​ទៅ​នឹង​ការ​ប្រមាថ​បែប​នេះបាន​ជា​សាធារណៈ។

ក៏​ប៉ុន្តែ​លោក​ប្រធានាធិបតី​អេហ្ស៊ីប Mohamed Morsi ដែល​បាន​ថ្កោល​ទោស​ចំពោះ​ខ្សែ​វីដេអូ​នេះ​ កាល​ពី​ថ្ងៃ​សុក្រ​បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​បាតុកម្ម​ឲ្យ​នៅ​មាន​សណ្តាប់​ធ្នាប់។​

លោក​ថ្លែង​ថា ប្រទេស​អេហ្ស៊ីប​នឹង​មិន​អាច​ទទួល​យក​បាន​ទេ​នូវ​ការ​សម្លាប់​ជន​ស្លូត​ត្រង់ ឬ​ការ​វាយ​ប្រហារ​ទៅ​លើ​មន្ត្រី​ឬ​ស្ថាន​បេសកកម្ម​ការទូត។ លោក​បន្ថែម​ថា វា​ជា​ភារកិច្ច​របស់​គ្រប់​រដ្ឋាភិបាល រួម​ទាំង​រដ្ឋាភិបាល​អេហ្ស៊ីប​ផង​ដែរ ក្នុង​ការ​ការពារ​ឯកអគ្គរដ្ឋ​ទូត ស្ថានទូត​ និង​ក្រុម​ទេសចរ។

ការ​អំពាវនាវ​ឲ្យ​មាន​ការអត់​ធ្មត់​នេះ កើត​មាន​ឡើងបន្ទាប់​ពី​មានការ​ទាក់ទង​តាមទូរស័ព្ទនៅ​យប់​មុន​នោះ​ រវាង​លោក Morsi និង​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ដែលលោក​ទាំង​ពីរ​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​បានសន្ទនា​គ្នា​ដោយ​ត្រង់ៗ។ នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​លើក​យក​បញ្ហា​ខ្សែ​វីដេអូ​មក​និយាយ។ ចំណែក​ឯ​លោក​ប្រធានាធិបតី​អូបាម៉ា​វិញ​បាន​សង្កត់​ធ្ងន់​ពី​កាតព្វកិច្ច​របស់​ប្រទេស​អេហ្ស៊ីប​ក្នុង​ការ​ការពារ​ស្ថានទូត​អាមេរិក។

ប៉ុន្តែ​នៅ​ក្នុងប្រទេស​បាគីស្ថាន​ក្នុង​ទ្វីប​អាស៊ី​ខាង​ត្បូង​ឯ​ណោះ​វិញ លោក Abdur Rehman អនុប្រធាន​អង្គការ​សាសនា​អ៊ីស្ថា​ម Jamaat Ahle Sunnat ដែល​តវ៉ា​នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាត និយាយ​ថា ការ​ប្រមាថ​ចំពោះ​សាសនា​អ៊ីស្លាមដែល​កើត​ចេញ​ពី​ខ្សែ​វីដេអូ​នេះ​ មិន​អាច​អត់​ឱន​ឲ្យ​បាន​ទេ។

«ជន​មូស្លីម​អាច​សម្រប​សម្រួល​ចំពោះ​រឿង​អ្វី​ទាំង​អស់ តែ​មិន​អាច​បាន​ទេ​ចំពោះ​ព្រះ​ព្យាការីមហាម៉ាត់។ សូម​សន្តិភាព​កើត​មាន​ចំពោះ​ព្រះ​អង្គ​និង​សាសនា​អ៊ីស្លាម!»

ខ្សែ​អាត់​វីដេអូ​នេះ ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​មន្ត្រី​ស.រ.អ. បាន​ជំរុញ​ឲ្យ​មាន​ការ​ជជែក​គ្នា​ជា​ថ្មី​ឡើង​វិញ រវាង​ទស្សនៈ​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​បស្ចឹមប្រទេស ទោះ​បី​ក្នុង​កម្រិត​ប្រមាថ​យ៉ាង​ណា​ក៏​ដោយ និង​ទស្សនៈ​របស់​ជន​មូស្លីម​ដែល​ការពារ​កិត្តិយស​របស់​ព្រះ​ព្យាការីនៃ​សាសនា​អ៊ីស្លាម។

ប្រែ​សម្រួល​ដោយ សឹង សុផាត
XS
SM
MD
LG