កាលពីថ្ងៃអាទិត្យក្រុងបាកដាដបានជិតធ្លាក់ក្នុងចលាចលខាងនយោបាយ។ក្រុងនេះបានស្ថិតក្នុងភាពមានអាសន្ន បាតុករបានកាន់កាប់ផ្នែកនានានៃតំបន់អន្តរជាតិហៅកាត់ថា IZ ដែលធ្លាប់មានកិច្ចការពារសន្តិសុខមាំទាំ ក្រុមសមាជិកសភាបានរត់គេចខ្លួនហើយក្រុមយោធាស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់។
បាតុករដឹកនាំដោយបព្វជិតនិកាយស៊ីអ៊ីត(Shi'ite) Moqtada al-Sadr បាននៅពាសពេញផ្លូវនៅខាងមុខអគារសភារបស់ប្រទេស ដែលនៅពេលនេះគ្មានមនុស្សនៅក្នុងទីនោះទេ ហើយក្រុមបាតុករប្រមូលផ្តុំគ្នានៅក្នុងអ្វីដែលគេស្គាល់ថាជា «ទីលានសម្រាប់ធ្វើការអបអរសាទរ»នៅក្នុងតំបន់នោះ។ នៅពេលល្ងាចថ្ងៃអាទិត្យ ក្រុមបាតុករបានបញ្ចប់ការធ្វើបាតុកម្មរបស់ពួកគេហើយបានចាប់ផ្តើមដកថយចេញពីតំបន់នោះ។
សេចក្តីថ្លែងការណ៍មួយចេញពីការិយាល័យបព្វជិត Islam Sadr បាននិយាយថាចំណាត់ការនេះត្រូវបានធ្វើឡើងដើម្បីគោរពដល់ការធ្វើធម្មយាត្រាធំមួយរបស់ក្រុមអ្នកកាន់សាសនាឥស្លាមនិកាយ Shi'ite។
កាលពីថ្ងៃសៅរ៍ក្រុមសមាជិកសភាអ៊ីរ៉ាក់បាននាំគ្នាគេចខ្លួន នៅក្រោយក្រុមបាតុករបានឆ្មក់ចូលលុកក្នុងសភា។ សមាជិកសភាប្រមាណ៦០នាក់ដែលភាគច្រើនមកពីគណបក្សនៃក្រុមជនអំបូរភាគតិច Kurde និងគណបក្សក្រុមអ្នកសាសនាឥស្លាមនិកាយ Sunni បានធ្វើដំណើរតាមយន្តហោះចេញពីរដ្ឋធានីទៅកាន់ក្រុង Irbil និងក្រុង Suleymania នៅក្នុងតំបន់ស្វយ័តរបស់ក្រុមជនអំបូរ Kurde ក្នុងផ្នែកខាងជើងប្រទេស៕