ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ខេត្ត​ជម្លៀស​អ្នក​រងគ្រោះ​ទំនាស់​ដី​ធ្លី​​ទៅ​ខាង​ក្រៅ​ទីរួមខេត្ត


កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ​មាន​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ប្រហែល​៣០០​ខ្នង​ ក្នុង​នោះ​១០០​ខ្នង​នៅ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ និង​២០០​ខ្នង​ទៀត​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង ​និង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ផង​ដែរ។
កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ​មាន​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ប្រហែល​៣០០​ខ្នង​ ក្នុង​នោះ​១០០​ខ្នង​នៅ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ និង​២០០​ខ្នង​ទៀត​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង ​និង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ផង​ដែរ។
អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ទំនាស់​ដី​ធ្លី​ប្រហែល​៧០​គ្រួសារ​ចេញ​ពី​មុខ​តុលាការ​ខេត្ត ​ដែល​នៅ​ទី​នេះ​ពួកគេ​បាន​បោះ​ទីតាំង​តវា​ជិត​១​សប្តាហ៍​កន្លង​ទៅ​ហើយ។​ ពួកគេ​សុំ​ឱ្យ​តុលាការ​ប្រគល់​ដី​មក​ឱ្យ​ពួកគាត់​វិញ​និង​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​ម្នាក់​ឈ្មោះ​ស៊ិន សៀន ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ការ​ចុះ​បង្ក្រាប​កាល​ពី​សប្តាហ៍​មុន។​

លោក​លាង ឆៃឡេង​ អាយុ​៤៣​ឆ្នាំ​ ដែល​ជា​អ្នក​តវ៉ា​ម្នាក់​ ថ្លែង​ថា​ ក្រុម​សមត្ថកិច្ច​បាន​ប្រើ​កម្លាំង​រុញ​ច្រាន​ពួក​លោក​ចេញ​ពី​តុលាការ​ខេត្ត​ពោធិ៍សាត់​រហូត​ដល់​បរិវេណ​ខាង​ក្រៅ​ទី​រួម​ខេត្ត។ ​ដោយ​ដើរ​ទៅ​មុខ​ទៀត​លែង​រួច​ ពួក​លោក​បាន​បង្ខំ​ចិត្ត​យក​ទី​តាំង​ដី​ទំនេរ​មួយ​ចម្ញាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​ ដើម្បី​ស្នាក់នៅ​បណ្តោះ​អាសន្ន។​

«ស្នាក់​នៅ​ទី​នេះ​ហើយ ​គេ​ដេញ​ទៅ​ណា​ទៀត​ក៏​លែង​ទៅ​ហើយ ព្រោះ​មាន​មនុស្ស​សន្លប់ ​និង​មាន​កូន​តូចៗ​ទៀត។​ ទោះ​បី​គេ​រុញ​ច្រាន​យ៉ាង​ម៉េច​ក៏​ទៅ​មិន​រួច​ទៀត​ដែរ។ ​បើ​ទឹក​ងូត​វិញ ​ពីរ​បី​ថ្ងៃ​ហើយ​មិន​ដែល​បាន​ទឹក​ងូត​ទេ។​ ចំណែក​ឯ​បាយ​ទឹក​មាន​អង្គការ​គាត់​ជួប​ឧបត្ថម្ភ​ ឬ​មាន​ប្រជា​ពលរដ្ឋ​គាត់​អាណិត ​គាត់​ជួយ​ទឹក​សុទ្ធ​បួន​៥​យួរ​អញ្ចឹង»។​

កាល​ពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ ​មាន​លំនៅដ្ឋាន​ប្រជា​ពលរដ្ឋ​ប្រហែល​៣០០​ខ្នង​ ក្នុង​នោះ​១០០​ខ្នង​នៅ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ និង​២០០​ខ្នង​ទៀត​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល​ទាំង​ស្រុង ​និង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​ផង​ដែរ។ ​ក្រុម​អាជ្ញាធរ​បាន​អះអាង​ថា ​នេះ​ដោយ​សារ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​រស់​នៅ​ក្នុង​ព្រៃ​អភិរក្ស​របស់​រដ្ឋ។​

ដោយ​ឡែក​ ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា​ ពួកគេ​បាន​រាន​ដី​នៅ​ស្រុក​វាលវែង ​ខេត្ត​ពោធិ៍សាត់​ ចន្លោះ​ពី​៣​ទៅ​៧​ឆ្នាំ​មក​ហើយ ​ដោយ​សារ​ពួកគេ​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ ​ហើយ​មាន​ជីវភាព​ខ្សត់ខ្សោយ​ពេក។​ ​ពលរដ្ឋ​ក្រីក្រ​ទាំង​នេះ​ថ្លែង​ថា​ តាំង​ពី​ថ្ងៃ​ដែល​អាជ្ញាធរ​បណ្តេញ​ពួក​គេ​ចេញ​មក​ ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​រស់​នៅ​ដោយ​អាណាថា​ គ្មាន​ផ្ទះ​សម្បែង។​

លោកឆេ ឈីវ ​អភិបាល​ស្រុក​វាលវែង ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​បង្ក្រាប​នេះ​ ថ្លែង​ថា​ អាជ្ញាធរ​ធ្លាប់​បាន​ផ្តល់​ដី​សម្បទាន​មួយ​កន្លែងក្នុង​ខេត្ត​នេះ​ដល់​ពួកគេ​រួច​មក​ហើយ ប៉ុន្តែ​ពួកគេ​នៅ​តែ​ត្រឡប់វិញ​ មក​រស់​នៅ​ទី​តាំង​ចាស់​ ដែល​ជា​ព្រៃ​ការពារ​ជីវចម្រុះ។​

លោក​ឆេ ឈីវ​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ដី​សម្បទាន​នោះ​វិញ។

«បញ្ហា​ប្រជា​ពលរដ្ឋ ​យើង​បាន​រៀបចំ​ដី​សង្គមកិច្ច​ឱ្យ​គាត់ ​ឱ្យ​ពួកគាត់​មក​ពិនិត្យ​មក​ ព្រោះ​ខ្ញុំ​បាន​ចាត់​តាំង​មន្ត្រី​ប្រចាំ​ការ​នៅ​ទី​នោះ​ស្រាប់។​ យើង​កំពុង​រៀបចំ​ដាក់​ឱ្យ​មាន​សាលា​រៀន ​មន្ទីរពេទ្យ។​ វា​មិន​អាច​រួច​រាល់​មួយ​ភ្លែត​បាន​ទេ»។​

ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​អះអាង​ថា​ ដី​សម្បទាន​សង្គម​កិច្ច​ដែល​ផ្តល់​ឱ្យ​នោះ​ជា​តំបន់​រាំងស្ងួត ​គ្មាន​ទឹក​សម្រាប់​ប្រើប្រាស់​ និង​ដាំ​ដំណាំ។ ​ចំណែក​ឯ​ការ​សន្យា​ជីកស្រះ​ និង​សង់​សាលារៀន​ឱ្យ​ពួក​គេ ​ក៏​អាជ្ញាធរ​មិន​បាន​អនុវត្ត​ ទើប​ពួកគេ​បង្ខំ​ចិត្ត​ត្រឡប់​មក​រស់​នៅ​កន្លែងដើម​វិញ។​

កញ្ញាមិត្ត សាមួន ​អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​ពោធិ៍សាត់​ យល់​ថា​ ការ​ដែល​បណ្តោយ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ទាំង​នេះ​រស់​នៅ​តាម​ចិញ្ចើម​ថ្នល់​បែប​នេះ​ជា​ការ​ខុស​ឆ្គង​មួយ​របស់​សមត្ថកិច្ច។​

«សម្រាប់​ខ្ញុំ​ជា​សង្គម​ស៊ីវិល ​ទោះ​បី​ជាប្រជា​ពលរដ្ឋ​គាត់​យ៉ាង​ម៉េច​ក៏​ដោយ ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​មាន​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ​សម្រាប់​ពួក​គាត់។ ​បើ​មិន​ឱ្យ​ពួកគាត់​រស់​នៅ​ទី​នេះ ​ហើយ​បណ្តេញ​គាត់ ​ឱ្យ​ពួកគាត់​ទៅ​រស់​នៅ​ឯ​ណា?​ ផ្ទះ​ត្រូវ​ដុត​ចោល​អស់ អត់​ឱ្យ​ចូល​ទៅ​នៅ។​ សួរ​ថា​ តើ​ពួកគាត់​មាន​អ្វី​ជា​ទី​ពឹង​ទៀត?»​

ដោយ​ឡែក​ក្រុម​ប្រជាពលរដ្ឋប្រមាណ​២០០​គ្រួសារ​ទៀត​ក្នុង​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​ ដែល​ត្រូវ​បាន​អាជ្ញាធរ​ដុត​បំផ្លាញ​ខ្ទម​របស់​ខ្លួន​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ ​ភាគ​ច្រើន​កំពុង​បន្ត​រស់នៅ​លើ​ទីតាំង​ចាស់ ​ឬ​ភៀស​ខ្លួន​ទៅ​នៅ​កន្លែងក្បែរៗ​នោះ។​

លោក​គង់ គឹមលី ​អភិបាល​ស្រុក​ស្នួល ​ថ្លែង​ថា​ ខាង​អាជ្ញាធរ​គ្រោង​នឹង​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពលរដ្ឋ​ទាំង​នោះ​នៅ​កន្លែងផ្សេង​វិញ ​ប្រសិន​បើ​ពួកគេ​ដាក់​សំណើ​សូម​ ​ ប៉ុន្តែ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​អះអាង​ថា​ ពួកគេ​បាន​ដាក់​សំណើ​នេះ​ទៅ​អាជ្ញាធរ​ជាង​៣​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​នៅ​តែ​មិន​ទទួល​បាន​ដី​សម្បទាន​តាម​ការ​សន្យា៕
XS
SM
MD
LG