ចៅក្រមតុលាការនៅមិនទាន់ជឿជាក់នៅឡើយទេ នៅពេលដែលព្រះរាជអាជ្ញារបស់រដ្ឋាភិបាលសហព័ន្ធមួយរូប បានចោទប្រកាន់ និងឃុំខ្លួនបុរស អាយុ ២៥ ឆ្នាំម្នាក់ រហូតដល់ពេលមានសវនាកាត់ក្តីលោក ពីបទមានគ្រាប់បែកសាំងក្នុងដៃ នៅពេលបុរសនោះចូលរួមការប្រឆាំងតវ៉ាមួយ កាលពីខែឧសភាកន្លងទៅ។
ចៅក្រមនៅមិនទាន់យល់ពីការបកស្រាយរបស់រដ្ឋាភិបាលដែលថា ការដោះលែងបុរសរូបនោះនឹងនាំឲ្យមានគ្រោះថ្នាក់ ដោយផ្អែកលើប្រវត្តិផ្លូវច្បាប់របស់បុរសរូបនោះ។ បុគ្គលនោះ ត្រូវគេអះអាងថា មិនធ្លាប់មានប្រវត្តិរំលោភបំពានច្បាប់ក្នុងពេលកន្លងមក ហើយក៏មិនមែនជាសមាជិកនៃក្រុមបង្កអំពើហិង្សានោះទេ ព្រោះលោករស់នៅជាមួយឪពុកម្តាយក្នុងជាយក្រុង Austin រដ្ឋតិចសាស។
ទោះបីជាយ៉ាងនេះក្តី ព្រះរាជអាជ្ញាបានជំរុញសំណុំរឿងនេះ ដោយបានការពារចំណាត់ការរបស់រដ្ឋាភិបាល ហើយបន្តឃុំខ្លួនបុរសរូបនោះ។ ពន្ធនាគារទូទាំងសហរដ្ឋអាមេរិក បានដោះលែងបុគ្គលជាប់ចោទមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ ដោយយោងទៅលើស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩។ព្រះរាជអាជ្ញាត្រូវបានលើកទឹកចិត្តឲ្យពិចារណាអំពីហានិភ័យ នៅពេលចាប់ឃុំខ្លួនមនុស្ស ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ។
ករណីនេះបង្ហាញផ្ទុយពីគោលការណ៍ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌អាមេរិក ដែលថា មិនត្រូវចាប់ខ្លួនអ្នកប្រឆាំងតវ៉ា នៅក្នុងការធ្វើបាតុកម្មរបស់ពលរដ្ឋ។ សំណុំរឿងនេះផ្តោតទៅលើវិធានការរបស់រដ្ឋាភិបាលសហព័ន្ធ និងភាពស្ទាក់ស្ទើរក្នុងការដោះលែងបុគ្គលដែលត្រូវចាប់ខ្លួន៕