អ្នកទោសរបស់រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ភាគច្រើនមិនទទួលបានការអប់រំកម្រិតមហាវិទ្យាល័យទេ។ សាន ឃ្វិនទិន (San Quentin) ក្នុងរដ្ឋកាលីហ្វកញ៉ា គឺជាគុកមួយក្នុងចំណោមគុកមួយចំនួនតូច នៅក្នុងប្រទេសដែលផ្តល់វគ្គសិក្សាកម្រិតមហាវិទ្យាល័យ។ ចូឌី លឺវែន (Jody Lewen) បានចាត់ចែងសេវាកម្មសម្រាប់កម្មវិធីសិក្សាកម្រិតមហាវិទ្យាល័យនេះ អស់រយៈពេលជាងមួយទសវត្សរ៍ ហើយអ្នកស្រីគឺជាមូលហេតុ ដែលនាំឲ្យមានការបង្កើតគម្រោងសាកលវិទ្យាល័យសម្រាប់អ្នកទោស ដែលហៅជាភាសាអង់គ្លេសថា (Prison University Project) នាពេលបច្ចុប្បន្ន។
នៅពេលដែលលោកស្រី ចូឌី លឺវែន ចូលរួមនៅក្នុងកម្មវិធីអប់រំកម្រិតមហាវិទ្យាល័យ នៅឯគុក សាន ឃ្វិនទិន នៅក្នុងឆ្នាំ១៩៩៩ ក្នុងនាមជាអ្នកបង្រៀនស្ម័គ្រចិត្តមួយរូប កម្មវិធីនេះត្រូវបានដំណើរការដោយបុគ្គលិកស្ម័គ្រចិត្តមួយចំនួនតូច ដោយមិនមានថវិកានោះទេ។ លឺវែន បានរំឭកឡើងវិញថា អ្នកស្រីចង់នាំការអប់រំកម្រិតឧត្តមសិក្សា ទៅអ្នកទាំងអស់នោះ ដែលមានភព្វវាសនាតិចតួច។ នៅពេលនោះ អ្នកស្រីគឺជានិស្សិតមួយរូប ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ហើយមានផែនការវិលត្រឡប់ទៅកាន់ការងារសិក្សាស្រាវជ្រាវវិញ។ ប៉ុន្តែមួយឆ្នាំក្រោយមកនៅពេលដែលនាយកកម្មវិធីដែលធ្វើការពាក់កណ្តាលម៉ោងភ្លាមៗ បានបោះបង់ការងារនេះ លឺវែន បានទទួលគ្រប់គ្រងការងារនេះ។
«ខ្ញុំបានគិតតាំងពីយូរមកហើយថា វាគ្រាន់តែជាការងារ បណ្តោះអាសន្នតែប៉ុណ្ណោះហើយថាមនុស្សម្នាក់ផ្សេងទៀត នឹងរក្សាដំណើរការនៃកម្មវិធីនេះ។ ប៉ុន្តែខណៈពេលដែលខ្ញុំបានចាប់ផ្តើមធ្វើកិច្ចការនេះ ហើយចូលរួមកាន់តែជ្រៅ ខ្ញុំក៏បានចាប់ផ្តើមមើលឃើញអំពីសក្តានុពលដែលកម្មវិធីនេះមាន ហើយខ្ញុំបានចាប់ផ្តើមគិត កាន់តែច្រើនឡើងៗ អំពីថាតើកម្មវិធីនេះអាចក្លាយ ទៅជាអ្វី និងអំពីមនុស្ស ដែលកម្មវិធីនេះ អាចបម្រើ ក៏ដូចជាតម្លៃ និងឧត្តមគតិ ដែលកម្មវិធីនេះ អាចលើកយក មកបង្ហាញផងដែរ។ ពេលនោះ ខ្ញុំពិតជាមានការចាប់ចិត្តយ៉ាងខ្លាំង។ មិនមានអ្នកណាម្នាក់ផ្សេងទៀត ដែលធ្វើកិច្ចការនេះទេ។ ហើយខ្ញុំគិតថា វានឹងគ្រាន់តែ ជាបរាជ័យមួយ ក្នុងចំណោមបរាជ័យទាំងឡាយក្នុងមួយជីវិតរបស់ខ្ញុំ ប្រសិនបើខ្ញុំបណ្តោយឲ្យវាបរាជ័យ។»
សិស្ស៖«ខ្ញុំគិតថា វាគឺជាសៀវភៅដ៏គួរឲ្យធុញទ្រាន់មួយក្នុងចំណោមសៀវភៅដែលខ្ញុំធ្លាប់អាន។ ពិតណាស់ វាគឺជាសៀវភៅមួយដ៏អាក្រក់។»
គ្រូ៖ «វាពិតជាមានការរំខានយ៉ាងខ្លាំង។»
សិស្ស៖ «ខ្ញុំគិតថា វាមានវិធីសាស្រ្តមួយ ចំពោះភាពឆ្កួតលីលានេះ។»
សិស្សទាំងអស់នេះ កំពុងពិភាក្សារឿងប្រលោមលោកមួយ របស់អ្នកនិពន្ធ កាហ៍ស្សូអូ អ៊ីហ្សីហ្គូរ៉ា (Kazuo Ishigura) ដែលមានចំណងជើងថា «សូមកុំបោះបង់ខ្ញុំចោល» នៅក្នុងថ្នាក់រៀនស្តីពីការគិតប្រកបដោយការត្រិះរិះពិចារណារបស់ពួកគេ។ នៅក្រោមការដឹកនាំរបស់លោកស្រី ចូឌី លឺវែន គម្រោងរបស់សាកលវិទ្យាល័យ សម្រាប់អ្នកទោស ត្រូវបានពង្រីកយ៉ាងធំធេង។ គម្រោងនេះផ្តល់ការបណ្តុះបណ្តាលចំនួន២០ថ្នាក់រៀន ដែលរួមមានមុខវិជ្ជាភាសាអង់គ្លេស គណិតវិទ្យា មនុស្សធម៌ វិទ្យាសាស្រ្តសង្គម និងភាសាអេស៉្បាញ៉ុល។
អ្នកទោសចំនួន ៣០០នាក់បានចុះឈ្មោះចូលរៀន នៅក្នុងឆមាសនីមួយៗ ដោយទទួលបានការសិក្សាទៅលើមុខវិជ្ជាទាំងឡាយ ពីមហាវិទ្យាល័យ ដែលអាចឈានទៅទទួលបាននូវសញ្ញាប័ត្របរិញ្ញាប័ត្ររង។ លោកស្រី លឺវែន បានជ្រើសរើសគ្រូស្ម័គ្រចិត្ត និងនិស្សិតដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យទាំងឡាយដែលនៅក្បែរខាង ចំនួនជាង ១៥០នាក់។ លោកស្រីមានប្រសាសន៍ថា ការទាក់ទាញគ្រូ មិនមានការពិបាកទេ ទោះបីជាគ្រូថ្មីៗមួយចំនួនមានអារម្មណ៍ភ័យខ្លាច នៅពេលដែលពួកគេមកដល់គុក សាន ឃ្វិនទិន ជាលើកដំបូង។
ស៊ុកយ៉ុងលី (Sookyoung Lee) បង្រៀនថ្នាក់មួយ ស្តីអំពីការគិតប្រកបដោយការត្រិះរិះពិចារណា និងការស្រាវជ្រាវ។ នាងនិងសិស្សរបស់នាងកំពុងពិភាក្សាអត្ថបទមួយ របស់កាសែត ញ៉ូវយ៉កថាមស៍ (New York Times) ស្តីអំពីភាពគ្មានការងារធ្វើ។ លី និយាយថា សិស្សរបស់នាង មានការចង់ដឹង និងចង់ចូលរួមនៅក្នុងការពិភាក្សា។
«ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏ល្អ របស់សិស្ស។ នៅក្នុងពេលភាគច្រើន សិស្សមានការគោរពយ៉ាងខ្លាំងបំផុត ដែលជារបៀបមួយ ដែលមានការលើកទឹកចិត្ត ជាងនិស្សិតបរិញ្ញាប័ត្រនៅក្នុងរដ្ឋកាលីហ្វកញ៉ា។ គ្រូតែងតែមានការសប្យាយរីករាយជានិច្ច នៅពេលសិស្សមិនព្រងើយកន្តើយចំពោះការសិក្សា។»
ឆាលស៍ ស្ពែន (Charles Spence) ទទួលការកាត់ទោសឲ្យជាប់គុកអស់មួយជីវិត នៅក្នុងគុក សានឃ្វិនទិន ហើយលោកនៅមានមុខវិជ្ជាពីរបីមុខទៀត ដែលនៅសល់ដើម្បីបញ្ចប់សញ្ញាប័ត្របរិញ្ញាប័ត្ររងរបស់លោក។ លោកសង្ឃឹមថា លោកនឹងត្រូវបាន ដោះលែងឲ្យនៅក្រៅឃុំនៅថ្ងៃណាមួយ ហើយចង់រៀនយកសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកចិត្តវិជ្ជា។
«កម្មវិធីសិក្សានេះ គឺពិតជាកម្រមានណាស់ នៅក្នុងបរិវេណគុក ដូច្នេះខ្ញុំពិតជាមានសំណាងណាស់។ មនុស្សទាំងអស់គ្នា មានអារម្មណ៍ដូចគ្នា។ យើងពិតជាមានសំណាងណាស់ ដែលមានឱកាសក្នុងការទទួលបានការអប់រំ ជាពិសេសនៅក្នុងស្ថានភាពសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន។ យើងប្រហែលជានឹងមិនទទួលបានជោគជ័យនោះទេ នៅពេលយើង ចេញពីគុកក្នុងនាមជាឧក្រិដ្ឋជនដែលធ្លាប់ជាប់ទោស។ ការសិក្សានេះពិតជាផ្តល់ឲ្យយើងនូវសេចក្តីសង្ឃឹមជាច្រើន ហើយសង្ឃឹមថានឹងជួយយើងឲ្យទទួលបានជោគជ័យ នៅពេលយើងដើរចេញពីទ្វារគុកនេះ។»
កន្លងមក អ្នកទោសក្នុងគុក សាន ឃ្វិនទិន ចំនួន១០០នាក់ហើយ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្ររង ហើយអ្នកទោសជាច្រើនផ្សេងទៀតបានបន្តការសិក្សា នៅមហាវិទ្យាល័យបន្ទាប់ពីទទួលបានការដោះលែង។ ការស្រាវជ្រាវបង្ហាញថា អ្នកទោសម្នាក់ដែលទទួលបានការអប់រំកាន់តែច្រើន លទ្ធភាពក្នុងការវិលត្រឡប់ចូលគុកវិញកាន់តែទាប។ អ្នកស្រី លឺវែន មានប្រសាសន៍ថា អត្រានៃការប្រព្រឹត្តខុសម្តងទៀតនៅក្នុងចំណោមអ្នកទោស ដែលមានសញ្ញាប័ត្រមហាវិទ្យាល័យ គឺមានចំនួនតិចជាង១០ភាគរយ៕
ប្រែសម្រួលដោយ ឌី ខាំបូលី