ព្រះសពរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ អតីតសហនាយករដ្ឋមន្ត្រីកាលពីជិត២០ឆ្នាំមុន ត្រូវបានបូជាកាលពីព្រឹកថ្ងៃពុធ នៅវាលព្រះមេរុ ខាងមុខវត្តបទុមវតី ដោយមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមាតាព្រះអង្គ គឺសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ ព្រមទាំងក្រុមមេដឹកនាំប្រទេស និងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗផ្សេងទៀត។
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្ត្រីទីមួយ ក្រោយការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ត្រូវបានបញ្ជូនមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។
ក្នុងព្រះរាជពិធីបូជាព្រះសពនោះ ព្រះមហេសីព្រះអង្គ គឺអ្នកម្នាង ម៉ារី រណឫទ្ធិ មានព្រះរាជបន្ទូលថ្លែងអំណរគុណដល់ក្រុមមេដឹកនាំ និងមន្ត្រីកម្ពុជា ដែលបានចូលរួមក្នុងព្រះរាជពិធីបុណ្យបូជាព្រះសព និងបានថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រីដែលបានជួយទំនុកបម្រុងក្នុងការព្យាបាលព្រះកាយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
«សូមគោរពថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ដែលសម្តេចអញ្ជើញចូលមកគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ និងអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីថ្វាយព្រះភ្លើង ព្រះសព និងបានជួយជ្រោមជ្រែងឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងការព្យាបាលព្រះរោគ និងរៀបចំព្រះពិធីបុណ្យព្រះសពប្រកបដោយភាពឱឡារិកឧត្តុង្គឧត្តមនាពេលនេះ»។
ព្រះភ្លើងបូជា ត្រូវបានព្រះរាជទានដោយព្រះមហាក្សត្រ នរោត្តមសីហមុនី ដែលត្រូវជាព្រះអនុជរបស់ព្រះអង្គ។
អំឡុងពេលនៃការរៀបចំព្រះរាជពិធីបូជាព្រះសព ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋនានាបានចូលរួមកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេស ដោយមានការបង្ហូតទង់ជាតិពាក់កណ្តាលនៅតាមទីសាធារណៈ ផ្សារ គ្រឹះស្ថាន អប់រំ និងក្រុមហ៊ុនឯកជន។ ទីកន្លែងកម្សាន្តក៏ត្រូវបានហាមឃាត់លក់គ្រឿងស្រវឹង។ នេះបើយោងតាមសារាចររបស់រដ្ឋាភិបាល។
នៅឯពិធីបូជាព្រះសពសម្តេចក្រុមព្រះនរោត្តម រណឫទិ្ធ ក៏មានការចូលរួមពីមន្ត្រីអង្គទូតនានាប្រចាំកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានចូលរួមរំលែកទុក្ខការយាងចូលទិវង្គតរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដោយលោកបានអធិប្បាយលើប្រព័ន្ធ Twitter របស់លោក កាលពីថ្ងៃ២៨ ខែវិច្ឆិកាថា៖ «យើងបានទទួលដំណឹងក្រៀមក្រំនៃការសោយព្រះទិវង្គតក្នុងព្រះជន្មាយុ៧៧ព្រះវស្សារបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលចូលរួមបម្រើសេវាសាធារណៈ រួមមានតួនាទីជានាយករដ្ឋមន្ត្រីទីមួយរបស់កម្ពុជាពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ លើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី៦ ខែធ្នូថា ក្នុងការបំពេញករណីយកិច្ចបម្រើជាតិរបស់ព្រះអង្គសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបានជួបការលំបាកច្រើនណាស់ ដោយលោកត្រូវប្រើប្រាស់អំណាចដែលលោកទទួលបានពីប្រជាពលរដ្ឋនៅឆ្នាំ១៩៩៣ តាមរយៈស្ថាប័នរដ្ឋនិងប្រព័ន្ធគ្រប់គ្រងរដ្ឋដែលជាក់ស្តែងមិនស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអង្គទេ។
លោកអធិប្បាយបន្ថែមថា៖ «រដ្ឋសភា គួរមានរូបចម្លាក់នាយករដ្ឋមន្ត្រីរូបនេះ ដាក់តាំងជាមួយរូបចម្លាក់សម្តេចប្រធានរដ្ឋសភា ជា ស៊ីម នៅលម្ហក្បែរព្រះពុទ្ធបដិមានៅជាន់ទីមួយនៃវិមានរដ្ឋសភា»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថារដ្ឋាភិបាលនឹងមិនអាចត្រូវធ្វើអ្វីទៀត ជូនសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដោយលោកលើកហេតុផលថា ទ្រង់គ្រាន់តែធ្លាប់មានព្រះរាជតួនាទីជាសហនាយករដ្ឋមន្ត្រី។
«អ្វីដែលជាផ្លូវការធំហ្នឹង គឺជាអតីតនាយករដ្ឋមន្ត្រី ប៉ុន្តែការងារនៅក្នុងព្រះបរមរាជវាំងជារឿង សួរទៅក្រសួងព្រះបរមរាជវាំង។ លោកអាចមានធ្វើជារូបចម្លាក់អី ។ លោកព្រះរាជវង្ស។ អាហ្នឹងយើងអត់ដឹងទេ»។
ក្នុងបទសម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក ចាប ញ៉ាលីវុធ ជាប្អូនប្រុសម្តាយតែមួយជាមួយនឹងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងជាអនុប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានថ្លែងថា ក្រុមអ្នករាជានិយមអាចកសាងព្រះរូបចម្លាក់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិដើម្បីឧទ្ទិសថ្វាយដល់ព្រះអង្គ ដែលស្រដៀងគ្នានឹងអ្វីដែលបានធ្វើឧទ្ទិសថ្វាយអតីតព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហនុ ដែលបានសោយទិវង្គតនៅទីក្រុងប៉េកាំង កាលពីខែតុលាឆ្នាំ២០១២។
នៅមុនពេលយាងចូលទិវង្គត នៅប្រទេសបារាំង កាលពីថ្ងៃ២៨ខែវិច្ឆិកាព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់បំពេញតួនាទីសំខាន់ៗក្នុងចលនានយោបាយដើម្បីប្រឆាំងការឈ្លានពានរបស់កងទ័ពវៀតណាមរហូតមានការបង្កើតគណបក្សហ៊្វុនស៊ិនប៉ិចដែលព្រះអង្គជាព្រះប្រធាន និងបានចូលរួមការបោះឆ្នោតនៅឆ្នាំ១៩៩៣ ដែលមានគណបក្សប្រជាជនកម្ពុជា ជាគូប្រជែងដ៏សំខាន់។
មុនពេលក្លាយជាសហនាយករដ្ឋមន្ត្រីទីមួយ នៅឆ្នាំ១៩៩៣ ព្រះអង្គបានបំពេញតួនាទីតំណាងជាន់ខ្ពស់ផ្ទាល់នៃព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនៅឆ្នាំ១៩៨៣ដើម្បីត្រួតពិនិត្យទំនាក់ទំនងនយោបាយ និងការទូតរបស់ហ៊្វុនស៊ិនប៉ិចនៅក្នុងតំបន់អាស៊ី ហើយក្រោយមកនៅខែមករា ឆ្នាំ១៩៨៦ ព្រះអង្គបានក្លាយជានាយអគ្គសេនាធិការ និងជាអគ្គមេបញ្ជាការនៃកងទ័ពជាតិសីហនុនិយម។ ព្រះអង្គបានក្លាយជាអគ្គលេខាធិការរណសិរ្សហ៊្វុនស៊ិនប៉ិចនៅខែសីហា ឆ្នាំ១៩៨៩ នៅពេលព្រះបាទនរោត្តមសីហនុ លាលែងជាព្រះប្រធាន។
នៅពេលដែលគណបក្សរាជានិយមឈ្នះការបោះឆ្នោតសកលឆ្នាំ១៩៩៣ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានសម្រុះសម្រួលបញ្ចប់វិវាទ ដោយយល់ព្រមតាមព្រះបិតាព្រះអង្គចែកអំណាចជាមួយគណបក្សប្រជាជនកម្ពុជា និងបាន បង្កើតរដ្ឋាភិបាលមួយមាននាយករដ្ឋមន្ត្រីពីរ។ ពេលនោះ គឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ជាសហនាយករដ្ឋមន្ត្រីទី១។
ព្រះអង្គម្ចាស់ត្រូវទម្លាក់ចេញពីតំណែងជាសហនាយករដ្ឋមន្ត្រី នៅក្នុងរដ្ឋប្រហារបង្ហូរឈាមមួយ កាលពីថ្ងៃទី៥ និង៦ខែកក្កដា ឆ្នាំ១៩៩៧ ដោយកងទ័ពដែលមានភក្ដីភាពជាមួយហ៊្វុនស៊ិនប៉ិចបានប្រយុទ្ធចាញ់កងទ័ពដែលស្មោះស្ម័គ្រជាមួយលោក ហ៊ុន សែន សហនាយករដ្ឋមន្ត្រីទីពីរ។ ក៏ប៉ុន្តែនៅចន្លោះឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦ ព្រះអង្គបានគង់ធ្វើជាព្រះប្រធានរដ្ឋសភា បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារយោធានោះ។
ព្រឹត្តិការណ៍ប៉ះទង្គិចយោធាក្នុងឆ្នាំ១៩៩៧ ជាចំណុចចាប់ផ្តើមនៃការស្រុតចុះឥទ្ធិពលនយោបាយរបស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ នេះបើតាមអតីតមេបញ្ជាការកងទ័ពហ៊្វុនស៊ិនប៉ិច គឺលោកឧត្តមសេនីយ៍ញ៉ឹក ប៊ុនឆៃ ដែលបានថ្លែងប្រាប់សំឡេងសហរដ្ឋអាមេរិកក្រោយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានសោយទិវង្គតបានប៉ុន្មានថ្ងៃ។
គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានការគាំទ្រដោយសំឡេងច្រើនលើសលប់នៅក្នុងការបោះឆ្នោតដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ ដោយទទួលបានអាសនៈចំនួន៥៨នៃអាសនៈសរុបចំនួន១២០។ អាសនៈរបស់គណបក្សនយោបាយរាជានិយមមួយនេះបានថយចុះជាបន្តបន្ទាប់រហូតដល់សូន្យ នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៣ និងការបោះឆ្នោតជាតិចុងក្រោយឆ្នាំ២០១៨ ដោយសារគណបក្សនេះបានបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ និងកម្សោយនៃការដឹកនាំរបស់បក្ស។
បើតាមលោក ញ៉ឹក ប៊ុនឆៃ កម្លាំងរាជានិយមបានព្យាយាមបង្រួបបង្រួមគ្នាជាច្រើនដង ដើម្បីឲ្យក្លាយជាកម្លាំងនយោបាយស្នូលមួយក្នុងការប្រកួតប្រជែងយកជ័យជម្នះក្នុងពេលបោះឆ្នោត ក៏ប៉ុន្តែការបង្រួបបង្រួមនោះមិនបានជោគជ័យ ដោយសារមានការខ្វែងគំនិតគ្នាអំពីគោលជំហររបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។
គួរកត់សម្គាល់ផងដែរថានៅក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានគេរិះគន់ចំពោះការគាំទ្ររបស់ទ្រង់ក្នុងការដាក់ពាក្យបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សច្របាច់បញ្ចូលគ្នានៃគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខា និងគណបក្សសម រង្ស៊ីរបស់លោក សម រង្ស៊ី។ គណបក្សសង្គ្រោះជាតិក្រោយមកត្រូវបានតុលាការកំពូលកម្ពុជារំលាយក្រោមបទចោទប្រកាន់«រៀបចំគម្រោងដណ្តើមយកអំណាចពីរដ្ឋាភិបាលរបស់លោកហ៊ុន សែន»៕