ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រធាន​អាស៊ាន ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក


លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹក​ថ្ងៃ​អង្គារ ចាកចេញ​ពី​អាកាសយានដ្ឋាន​ភ្នំពេញ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក​-អាស៊ាន។ (ស៊ុន ណារិន/វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ដឹកនាំ​គណៈ​ប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន រដ្ឋធានី​នៃ​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ប្រធាន​សមាគមអាស៊ាន ដែល​មាន​១០​ប្រទេស។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន នឹង​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន (US-ASEAN Special Summit) ដើម្បី​រំឭក​ខួប​អនុស្សាវរីយ៍​លើកទី​៤៥​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-អាមេរិក ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ផ្សេង​ទៀត​នឹង​ជួប​ជាមួយ​សមាជិក​សភា​អាមេរិក​ពី​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដែល​នឹង​រៀបចំ​ទទួល​ដោយ​អ្នកស្រី Nancy Pelosi (ណាន់ស៊ី ភេឡូស៊ី) ប្រធាន​រដ្ឋសភា​អាមេរិក នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក (US Capitol) ហើយ​និង​ជួប​ជាមួយ​លោក Joe Biden (ចូ បៃដិន) នៅ​សេតវិមាន។ ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ មេដឹកនាំ​អាស៊ាន​ក៏​នឹង​ជួប​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក អ្នកស្រី Kamala Harris (កាម៉ាឡា ហារីស) ផង​ដែរ ដោយ​មាន​សម័យ​ប្រជុំ​ពេញ​អង្គ​ជាមួយ​បណ្តា​រដ្ឋមន្រ្តី​ស្តីពី​បញ្ហា​វិធានការ​អាកាសធាតុ ថាមពល​ស្អាត និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រកប​ដោយ​ចីរភាព។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន។

ចុច​លើ​រូបភាព​នេះ​ដើម្បី​ចូលទំព័រ​សេចក្តី​រាយការណ៍​វីអូអេជុំវិញ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២។
ចុច​លើ​រូបភាព​នេះ​ដើម្បី​ចូលទំព័រ​សេចក្តី​រាយការណ៍​វីអូអេជុំវិញ​កិច្ចប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ១២-១៣ ឧសភា ២០២២។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា៖ «ការ​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ និង​ការ​នាំ​ភាព​ជា​ដៃ​គូ​អាស៊ាន​សហរដ្ឋ​អាមេរិក​ទៅ​កាន់​កម្រិត​មួយ​ទៀត​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ច​ប្រជុំកំពូល​នេះ»។

កិច្ច​ប្រជុំ​កំពូល​ពិសេស​អាមេរិក-អាស៊ាន ជា​ផ្នែកមួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​កា​ន់តែ​ទូលំ​ទូលាយ​ក្នុង​ការ​ទប់ទល់​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ហើយនេះ​ជា​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​សម្រាប់​ប្រធានាធិបតីអាមេរិក​ហើយ​និង​សភា​អាមេរិក។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រី ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​មុន​ចេញ​ដំណើរ​ថា​នឹង​មិន​មាន​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​ប្រធានាធិបតី​អាមេរិក ដាច់​ដោយ​ឡែក​ឡើយ។

លោក ហ៊ុន សែន ក៏​នឹង​ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​អាមេរិក និង​កាណាដា​ផង​ដែរ។

បើ​តាម​គម្រោង លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ដឹកនាំ​គណៈ​ប្រតិភូ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២៕

XS
SM
MD
LG