ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​មាន​កាន់​តែ​ធ្ងន់ឡើង​ទៅលើ​សារព័ត៌មាន​ នូស៍ ឃព (News Corp)​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​


សម្ពាធ​មាន​កាន់​តែ​ធ្ងន់ឡើង​ទៅលើ​សារព័ត៌មាន​ នូស៍ ឃព (News Corp)​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​
សម្ពាធ​មាន​កាន់​តែ​ធ្ងន់ឡើង​ទៅលើ​សារព័ត៌មាន​ នូស៍ ឃព (News Corp)​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​

ប្រទេស​ អូស្រ្តាលី​ (Australia)​ នឹង​ពិចារណា​រឹត​បណ្តឹង​ច្បាប់​ស្តី​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​អំពី​ការលួច​ស្តាប់​ទូរស័ព្ទ​ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ អង់គ្លេស​ និង​ដែល​បាន​ធ្វើ​ឱ្យ​សារព័ត៌មាន​ នូស៍​ ឃព​ របស់​លោក​ រូពើត​ ម៉ឺដក​ (Rupert​ Murdoch)​ ស្ថិត​ក្នុងភាព​វឹកវរ។​ រដ្ឋាភិបាល​ក្រុង​ កង់ប៊ែរ៉ា​ (Canberra)​ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ ការ​ផ្លាស់ប្តូរ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ នឹង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អូស្រ្តាលី​ មាន​សិទ្ធិ​ប្តឹង​ការ​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល។​ ចំណុច​នេះ​មិន​ត្រូវ​បាន​ធានា​ នៅ​ក្រោម​ច្បាប់​បច្ចុប្បន្ន​នេះ​ទេ។​ គណបក្ស​ គ្រីនស៍​ ផាតធី​ (Greens​ Party)​ របស់​ អូស្រ្តាលី​ បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជាផ្លូវការ​មួយ​លើ​ក្រុម​ហ៊ុន​ ក៏​ដូចជា​បញ្ហា​ទូលំ​ទូលាយជាង​នេះ​ គឺ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​បណ្តាញ​ព័ត៌មាន។

ប្រទេស​ អូស្រ្តាលី​ គឺជា​កន្លែង​នៃ​ការ​ចាប់​ផ្តើម​អ្វីៗ​គ្រប់​បែប​យ៉ាង​កាល​ពី​ជាង ​៥០​ ឆ្នាំ​មុន​ សម្រាប់​លោក​ រូពើត​ ម៉ឺដកហ៍​ (Rupert​ Murdoch)​ ដែល​បាន​កើត​នៅ​ក្នុង​ទីក្រុង​ ម៉ែលប័ន​ (Melbourne)​ ដែល​មាន​សារព័ត៌មាន​តែ​មួយ​ប៉ុណ្ណោះ។​ ក្រុមហ៊ុនរបស់​លោក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា​ ញ៉ូស៍​ លីមីតធីត​ (News​ Limited)​ បាន​ក្លាយទៅ​ជា​អង្គការ​សារព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​នេះ​ ដែល​គ្រប់​គ្រង​៧០​ភាគរយ​នៃ​ឧស្សាហកម្ម​សារព័ត៌មាន​ និងមាន​ភាគ​ហ៊ុន​ដ៏​ធំ​នៅ​ក្នុង​បណ្តាញ​ទូរទស្សន៍​និង​អ៊ីនធឺណែត។​ ប៉ុន្តែ​ អាណាចក្រ​របស់​លោក​ម៉ឺដកហ៍​ នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​ កំពុង​ត្រូវ​បាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដែល​មិនធ្លាប់​មាន​ពី​មុន​មក​ ខណៈ​ពេល​ដែល​រឿង​អាស្រូវ​ នៅ​ចម្ងាយ​ពាក់​កណ្តាល​ពិភពលោក​ ក្នុង​ប្រទេស​ អង់គ្លេស​ កំពុង​រីក​កាន់​តែ​ធំ​ឡើង។

សំណួរ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​គឺថា​ តើ​ការលួច​ស្តាប់​ទូរស័ព្ទ​អាច​កើត​មាន​ឡើង​នៅ​ទីនេះ​បាន​ដែរ​ឬ​ទេ?​ មាន​អ្នក​ដែល​គិត​ថា​ ក្រុម​អ្នក​កាសែត​ឬ​ក្រុម​អ្នក​ស៊ើបការណ៍​ឯកជន​ ប្រហែល​ជា​បាន​លួច​ស្តាប់​សារ​ជា​សម្លេង​របស់​ពួក​គេ។

ម៉ែឃើល​ ហ្គាវែនដា​ (Michael​ Gawenda)​ គឺ​ជា​អតីត​បណ្ណាធិការ​មួយ​រូបនៃ​កាសែត​ ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ អេច​ (Age​ newspaper)​ នៅ​ក្នុង​ទី​ក្រុង​ ម៉ែលប័ន​ (Melbourne)​ និង​ជា​នាយក​មួយ​រូប​នៃ​មជ្ឈមណ្ឌល​សម្រាប់​សារព័ត៌មានវិទ្យា​ជាន់​ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ ម៉ែលប័ន​ (Melbourne​ University’s​ Centre​ for​ Advanced​ Journalism)។

«ខ្ញុំ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ ប្រសិន​បើ​មាន​ករណី​ជាក់​លាក់​ណា​មួយ​នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​ ដែល​កម្មវិធី​ព័ត៌មាន​បច្ចុប្បន្ន​របស់​ទូរទស្សន៍​ឬ​កាសែត​ មិន​ប្រើ​អ្នក​ស៊ើបការណ៍​ឯកជន​ ឲ្យ​ធ្វើកិច្ច​ការ​ប្រហាក់​ប្រហែល​គ្នា​នេះ​ទេ។​ ខ្ញុំ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ ប្រសិន​បើ​មិន​មាន​ករណី​បែប​នេះ​កើត​ឡើង​ទេ»។

បញ្ហា​នេះ​កំពុង​គ្រប​ដណ្តប់​ទៅ​លើ​ការ​ពិភាក្សា​គ្នា​ នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​របស់​ទូរទស្សន៍​ជា​ស្រេច​ទៅ​ហើយ។

ភ្ញៀវ​ទី១៖​ «ប៉ុន្តែ​ មិន​មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ថា​ មាន​អ្វី​ខុស​ឆ្គង​នៅ​ក្នុង​ក្រុមហ៊ុន​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​ នោះ​ទេ»។

ភ្ញៀវ​ទី២៖​ «គេ​ប្រហែល​ជា​មិន​អាច​រក​ឃើញទេ​ថា​ នឹង​មាន​អ្វី​មិន​សមរម្យ​ ដែល​បាន​កើត​ឡើង​នៅ​ទី​នេះ​ ដោយ​សារ​តែ​ហេតុផល​ថា​ មិន​មាន​ការ​ប្រកួត​ប្រជែង​ទេ​នៅ​ទី​នេះ។​ ហើយ​គឺ​ពិត​ជា​ការ​ប្រកួត​ប្រជែង​នោះ​ឯង​ហើយ​ ដោយ​គ្មាន​ការ​សង្ស័យ​ទេ ​ដែល​បាន​ធ្វើ​ឱ្យ​មាន​រឿង​នេះ​កើត​ឡើង ​នៅ​ក្នុង​ប្រទេស​ អង់គ្លេស»។

ក្រុម​របស់​លោក​ រូពើត​ ម៉ឺដកហ៍​ នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី​ កំពុង​ព្យាយាម​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​ដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ឆ្ងាយ​ពី​ការ​ចោទ​ប្រកាន់​អំពី​ការលួច​ស្តាប់​ទូរស័ព្ទ​ នៅ​ក្នុង​ក្រុម​ហ៊ុន​មេ​របស់​ខ្លួន។​ ក្រុម​អ្នក​ដឹកនាំ​ជាន់​ខ្ពស់​បាន​ចង្អុល​ទៅ​កាន់​វប្បធម៌​ខុស​គ្នា​ រវាង​សារព័ត៌មាន​ អូស្រ្តាលី​ និង​ អង់គ្លេស។

នាយក​ប្រតិបត្តិ​របស់​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ លោក​ ចន​ ហាទីហ្គាន​ (John​ Hartigan)​ និយាយ​ថា​ ឧស្សាហកម្ម​សារព័ត៌មាន​នៅ​ទី​នេះ​ មិន​សូវ​សាហាវ​ ដូច​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​ អង់គ្លេស​ ទេ។

«ពួក​គេ​ហៅ​សារព័ត៌មាន​ជា​ច្រើន​ ថា​ជា​សារព័ត៌មាន​និយាយ​បំផ្លើស​ប្រកប​ដោយ​រូប​ភាព​ច្រើន​ នៅ​ក្នុង​ចក្រភព​អង់គ្លេស។​ ពួក​គេ​គឺ​ជា​ក្រុម​សារព័ត៌​មាន​ដែល​គឃ្លើន​ណាស់។​ អ្នក​ដឹង​ទេ​ សារព័ត៌មាន​ទាំង​នោះ​គឺ​ពិត​ជា​និយាយ​បំផ្លើស​ណាស់។​ សារព័ត៌មាន​ទាំង​នោះ​និយាយ​អំពី​ជីវិត​របស់​ប្រជាពលរដ្ឋ​ ជីវិត​ឯកជន​ ហើយ​អត្តចរិត​មួយ​ចំនួន​ដែល​បាន​សម្តែង​ចេញ​មក​ គឺ​ពិត​ជា​ត្រូវ​បាន​ដឹក​នាំ​ដោយ​តម្រូវការ​ នៃ​ការ​ចង់​ផ្សាយ​ព័ត៌មាន​ឲ្យ​បាន​មុន​គេ។​ ខ្ញុំ​សូម​អះអាង​យ៉ាង​ខ្លាំង​ក្លា​ថា​ យើង​មិន​មាន​អាកប្បកិរិយា​បែប​នោះ​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ»។

រឿង​អាស្រូវ​នេះ​បាន​បង្កើត​ឱ្យ​មាន​ការ​ជជែក​វែក​ញែក​ទូលំទូលាយ​ជាង​មុន​មួយ​នៅ​ទី​នេះ​ អំពី​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​សារព័ត៌មាន​និង​បទបញ្ញត្តិ។

គណបក្ស​ គ្រីនស៍​ ផាតធី​ (Greens​ Party)​ របស់​ អូស្រ្តាលី​ កំពុង​ចោទ​សួរ​អំពី​ការ​គ្រប​ដណ្តប់​របស់​ក្រុម​ហ៊ុន​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ ទៅ​លើ​ឧស្សាហកម្ម​សារព័ត៌មាន​ក្នុង​ស្រុក​ និង​ចង់​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​ផ្លូវការ​មួយ​ ទៅ​លើ​ប្រតិបត្តិការ​ទាំង​ឡាយ​របស់​ក្រុម​ហ៊ុន​នេះ។​ ព្រឹទ្ធ​សមាជិក​ បប ប្រោន​ (Bob Brown)​ មេដឹកនាំ​គណបក្ស​នេះ​ មាន​ប្រសាសន៍​ថា​ អំណាច​ច្រើន​ពេក​ ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​តែ​មួយ​ក្តាប់​តូច។

«យើង​មាន​កម្មសិទ្ធិ​សារព័ត៌មាន​ប្រមូល​ផ្តុំ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​តិច​ពេក​ បើ​ប្រៀប​ធៀប​ទៅ​និង​ប្រទេស​ប្រជាធិបតេយ្យ​ស្រដៀង​គ្នា​និង​យើង។​ នេះ​មាន​ន័យ​ថា​ ពីរ​ភាគ​បី​នៃ​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​ធំៗ​ និង​ពីរ​ភាគ​បី​នៃ​សារព័ត៌មាន​នៅ​តាម​ជនបទ​ ជា​កម្មសិទ្ធិ​របស់​អាណាចក្រ​ ម៉ឺដកហ៍។​ ហើយ​ករណី​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​ពហុភាព​នៃ​គំនិត​ ដែល​មាន​ប្រយោជន៍​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ទំនើប​មួយ​នោះ​ទេ»។

អ្នក​យក​ព័ត៌មាន៖​ «តើ​អ្នក​មាន​ការ​សង្ស័យ​ណា​មួយ​ទេ​ថា​ ទូរស័ព្ទ​របស់​អ្នក​ឬ​ទូរស័ព្ទ​របស់​មិត្តភក្តិ​អ្នក​ ត្រូវ​បាន​គេ​លួច​ស្តាប់​ ឬ​សារ​ទូរស័ព្ទ​របស់​ពួកគេ​ ត្រូវ​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​ អូស្រ្តាលី ​លួច​ចូល​មើល?»

បប ប្រោន៖​ «អត់​ទេ​ ខ្ញុំ​មិន​មាន​ភស្តុ​តាង​ណា​មួយ​ទេ​ ប៉ុន្តែ​អ្នក​កាសែត​ដ៏​មាន​បទ​ពិសោធន៍​មួយ​រូប​បាន​ប្រាប់​ខ្ញុំ​ ដោយ​មិន​ជា​យូរ​ប៉ុន្មានទេ​នៅ​ក្នុង​រង្វង់​ប្រមាណ​ជា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ អ្នក​ដឹង​ទេ​ អ្នក​គឺ​ពិត​ជា​មនុស្ស​មិន​សូវ​គិត​វែង​ឆ្ងាយ​ទេ​ បើ​សិន​ជា​អ្នក​មិន​គិត​ថា​ រឿង​នេះ​អាច​កើត​ឡើង​បាន។​ ប៉ុន្តែ​ វា​ពិត​ជា​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់​ណាស់​ បើ​សិន​ជា​យើង​គិត​ថា​ យើង​គួរ​តែ​ព្រួយ​បារម្ភ​អំពី​រឿង​នេះ»។

ខណៈ​ពេល​ដែល​បទ​បញ្ញត្តិ​តឹង​រឹង​ជាង​មុន​មួយ​ទៅ​លើ​សារព័ត៌មាន​ អូស្រ្តាលី​ ប្រហែល​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ រដ្ឋាភិបាល​កំពុង​ពិចារណា​អំពី​ការ​ពង្រឹង​ច្បាប់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​បុគ្គល​ ដើម្បី​អនុញ្ញាត​ឱ្យ​បុគ្គល​ទាំង​ឡាយ​មាន​សិទ្ធិ​ប្តឹង។​ រដ្ឋាភិបាល​ក្រុង​កង់ប៊ែរ៉ា​ (Canberra)​ ក៏​បាន​ចោទ​ប្រកាន់​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ (News​ Limited)​ ថា​មាន​ភាព​លម្អៀង​នយោបាយ​ដែរ។​ ក្រុម​រដ្ឋមន្រ្តី​និយាយ​ថា​ បណ្តាញ​ព័ត៌មាន​ ម៉ឺដកហ៍​ (Murdoch)​ ធ្វើ​ការ​សងសឹក​ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ដែល​រេ​ចេញ​ពី​នយោបាយ​ផ្លូវ​កណ្តាល​ទៅ​ខាង​ឆ្វេង​ ខណៈ​ពេល​ដែល​បណ្ណាធិការ​របស់​សារព័ត៌មាន​ញ៉ូស៍​ លីមីតធីត​ និយាយ​ថា​ ពួកគេ​គ្រាន់​តែ​ដាក់​ក្រុម​អ្នក​នយោបាយ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​តែ​ប៉ុណ្ណោះ។

លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ អូស្រ្តាលី​ ជូលីយ៉ា​ ហ្គីលឡាដ​ (Julia​ Gillard)​ មាន​ប្រសាសន៍​ថា​ ដោយ​មក​ពី​មាន​រឿង​អាស្រូវ​នៃ​ការ​លួច​ស្តាប់​ទូរស័ព្ទ​នេះ​ ក្រុមហ៊ុន​នឹង​ត្រូវ​តែ​ឆ្លើយ​ទៅ​នឹង​សំណួរស៊ើប​អង្កេត​មួយ​ចំនួន។

«ខ្ញុំ​គិត​ថា​ ប្រជាពលរដ្ឋ​ អូស្រ្តាលី​ មាន​កង្វល់​ដោយ​សារ​រឿង​ទាំង​នេះ។​ ខ្ញុំ​គិត​ថា​ ពួកគេ​មាន​ការ​រំខាន​ ដោយ​បាន​ឃើញ​របាយការណ៍​ទាំង​ឡាយ​ នៅ​ក្នុង​ប្រទេស​ អង់គ្លេស​ និង​ប្រភេទ​នៃ​រឿង​រ៉ាវ​ទាំង​ឡាយ​ ដែល​បាន​កើត​ឡើង​ជា​មួយ​នឹង​ការ​លួច​ស្តាប់​ទូរស័ព្ទ​ និង​រឿង​រ៉ាវ​ប្រហាក់​ប្រហែល​គ្នា​ដទៃ​ទៀត។​ ហើយ​ខ្ញុំ​គិត​ថា​ នេះ​ពិត​ជា​មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ អូស្រ្តាលី​ នៅ​ទីនេះ​ សម្លឹង​មើល​ទៅ​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ (News Limited)​ ហើយ​ពួកគេ​ប្រហែល​ជា​មាន​សំណួរ​ពិបាក​ៗ​មួយ​ចំនួន​ ដែល​ពួកគេ​ចង់​បាន​ចម្លើយ»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ បាន​និយាយ​ថា​ ចំណាប់​អារម្មណ៍​របស់​លោក​ស្រី​នាយក​រដ្ឋមន្រ្តី​ មិន​មាន​យុត្តិកម្ម​ទេ​ ហើយ​បាន​បញ្ជាក់​ម្តង​ទៀត​ថា​ «វា​ពិត​ជា​មិន​មាន​ការ​ទាក់ទង​ដាច់ខាត»​ រវាង​ព្រឹត្តការណ៍​នៅ​ក្នុង​ប្រទេស​ អង់គ្លេស​ និង​សារព័ត៌មាន​ ញ៉ូស៍​ លីមីតធីត​ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្រុមហ៊ុន​នេះ​ប្រហែល​ជា​ប្រឈម​មុខ​នឹង​សំណួរ​បន្ថែម​ទៀត​ នៅ​ពេល​ដែល​សភា​ អូស្រ្តាលី​ ចាប់​ផ្តើម​ចូល​ធ្វើការ​វិញ​នៅ​ខែ​ក្រោយ៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG