ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​និយាយ​ថា កេរដំណែល​​របស់​លោក Powell ជា​អ្នកការពារ​​សម្ព័ន្ធមិត្ត​​​អឺរ៉ុប​ដែល​​ធ្វើ​ឲ្យ​រុស្ស៊ី​បាត់បង់​ឱកាស


រូបឯកសារ៖ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Colin Powell ដើរ​នៅ​លើ​ឆាក​ដើម្បី​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Colin Powell ដើរ​នៅ​លើ​ឆាក​ដើម្បី​ថ្លែង​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤។

អតីត​រដ្ឋមន្ត្រីការ​បរទេស​អាមេរិកលោក Colin Powell ដែល​បានទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​អាយុ ៨៤ឆ្នាំ​ បាន​ប្រើ​ប្រាស់​នូវអាជីព​យោធា​ និង​រដ្ឋាភិបាលជា​ច្រើន​ទសវត្សរ៍​របស់​លោក​ដើម្បី​ការពារសម្ព័ន្ធភាពរបស់​អាមេរិកជា​មួយ​ប្រទេស​នានាក្នុង​ទ្វីប​អឺរ៉ុប។ នេះ​ បើតាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​មួយ​ចំនួន។

គ្រួសាររបស់​លោក​បាន​បញ្ជាក់​ថា លោក Powell បាន​ស្លាប់​ដោយ​សារ​ជំងឺពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩។ វេជ្ជបណ្ឌិត​និយាយ​ថា លោក​មាន​ជំងឺ​មហារីក​ឈាម​ផង​ដែរ​ ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់ប្រព័ន្ធ​ស៊ាំ​ក្នុង​ខ្លួន​របស់​លោក​ ក៏​ដូច​ជា​ជំងឺ​ញ័រ​ដៃ និង​ជំងឺ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​កម្លាំង​សាច់​ដុំ​ចុះ​ខ្សោយ។

លោក​បាន​ព្យាយាម​ប្រើ​ប្រាស់​នូវ​ឥទ្ធិពល​គោល​នយោបាយ​អាមេរិក​ឆ្ពោះ​ទៅ​កាន់ទ្វីបអឺរ៉ុប ​ក្នុង​នាម​ជាអនុប្រធានទី​ប្រឹក្សា​សន្តិសុខ​ជាតិ​ ហើយ​បន្ទាប់​មក ​បាន​ក្លាយជា​ប្រធាន​ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់ប្រធានាធិបតី​អាមេរិក​លោក Ronald Reagan ក្នុងចន្លោះ​ឆ្នាំ​១៩៨៧ ​ដល់​ឆ្នាំ១៩៨៩ និង​បន្ទាប់​មកក្នុង​នាម​ជា​មន្ត្រីយោធា​ជាន់​ខ្ពស់​មួយ​រូប​ក្រោម​អាណត្តិ​របស់ប្រធានាធិបតី​អាមេរិកលោក George H.W. Bush នៅ​ចន្លោះ​ឆ្នាំ​១៩៨៩ ដល់​ឆ្នាំ​១៩៩៣។

លោក Alexander Vershbow អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​អូតង់ និង​ប្រទេស​រុស្ស៊ី​ ដែលក្រោយ​មក​បាន​ក្លាយ​ជា​អគ្គលេខាធិការ​រង​របស់​អង្គការ​នោះ​ ហើយ​នៅពេល​នេះ​ ជា​អ្នក​វិភាគ​ជា​មួយ​ក្រុម​ប្រឹក្សា Atlantic ដែលជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ បានថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ភាសា​រុស្ស៊ី​ថា «លោក Powell ជា​តួអង្គ​ដ៏​សំខាន់​ម្នាក់​ ​ក្នុងការ​ជួយ​ផ្លាស់​ប្តូរ​គោល​នយោបាយ​អាមេរិក​ក្នុង​ទសវត្សរ៍១៩៨០​ និង​ដើម​ទសវត្សរ៍១៩៩០ ដែល​នៅ​ពេល​នោះ យើង​អាច​បញ្ចប់​នូវ​សង្គ្រាម​ត្រជាក់​ និង​លុប​បំបាត់​នូវ​ខ្សែ​បន្ទាត់បែង​ចែក​នៅ​ទូទាំង​ទ្វីបអឺរ៉ុប»។

គោល​នយោបាយរបស់​អាមេរិក​មួយ​ចំនួន​ ដែល​លោក Powell បាន​ចូល​រួម​ពាក់​ព័ន្ធ​ក្នុងទសវត្សរ៍១៩៨០​ និង​ដើមទសវត្សរ៍​៩០​នោះ​ រួម​មានការ​ធ្វើ​ផែន​ការរបស់​អាមេរិក​ ដើម្បី​ការពារ​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក្នុង​តំបន់​អឺរ៉ុប​ខាង​លិច​ពី​ការ​វាយ​ប្រហារតាមជើង​គោក​ដែល​អាច​កើត​មាន​ឡើង ដោយ​សហភាព​សូវៀត៕

អត្ថបទនេះ ត្រូវបានផ្សាយដំបូងដោយក្រុមផ្សាយវីអូអេភាសារុស្ស៊ី

XS
SM
MD
LG