ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Colin Powell បាន​ស្លាប់​ដោយសារ​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Colin Powell នៅ​ពេល​ដែល​លោក ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០១។
រូបឯកសារ៖ លោក Colin Powell នៅ​ពេល​ដែល​លោក ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​ក្រសួង​ការបរទេស ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០១។

អតីត​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Colin Powell បាន​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្នុង​វ័យ ៨៤ ឆ្នាំ ដោយសារ​អាការៈ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ១៩។ លោក ​គឺជា​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ដំបូង​គេ​បង្អស់​ដែល​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស និង​ធ្លាប់​បាន​កាន់​តំណែង​ជា​ប្រធាន​ក្រុម​សេនាធិការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ។ តួនាទីរបស់​លោក​នៅ​ក្នុង​ថ្នាក់ដឹកនាំ​ជាតិ​ក្នុង​រដ្ឋបាល​អាមេរិក​ជា​ច្រើនបាន​រួម​ចំណែក​ខ្លាំងដល់​គោលនយោបាយ​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ចុង​សតវត្សរ៍​ទី​២០​និង​ដើម​សតវត្ស​ទី​២១​។

ក្រុម​គ្រួសារ​របស់​លោក Powell បាន​ប្រកាស​អំពី​មរណភាព​របស់​លោក​នៅ​លើ​ទំព័រ Facebook ដោយ​បាន​និយាយ​ថា៖ «យើង​បាន​បាត់បង់​ស្វាមី ឪពុក ជីតា​ម្នាក់​ដ៏​អស្ចារ្យ​និង​ដែល​ផ្តល់​ក្តី​ស្រឡាញ់ ក៏​ដូច​ជា​បាត់បង់​ពលរដ្ឋ​អាមេរិក​ដ៏​អស្ចារ្យ​ម្នាក់​ផងដែរ»។

ក្រុម​គ្រួសារ​របស់​លោក​បាន​បន្ថែម​ថា លោក​បាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ពេញលេញ​រួច​ហើយ និង​បាន​ថ្លែង​អំណរគុណ​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ Walter Reed National Medical Center នៅ​ជាយ​ក្រុង​វ៉ាស៊ីនតោន «សម្រាប់​ការ​ព្យាបាល​ដ៏​យក​ចិត្ត​ទុកដាក់» ក្នុង​អំឡុង​ពេល​លោក​សម្រាក​ព្យាបាល​នៅ​ទីនោះ។

លោក Powell ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៥ ក្នុង​អាណត្តិ​ដំបូង​របស់​លោក​ប្រធានាធិបតី George W. Bush។

ពី​មុន លោក​ក៏​ធ្លាប់​ធ្វើ​ជា​ប្រធាន​ក្រុម​សេនាធិការ​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ​ពី​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩៣ ផងដែរ នៅ​ក្រោម​អាណត្តិ​របស់​លោក​ប្រធានាធិបតី George H.W. Bush។

ក៏​ប៉ុន្តែ កិត្តិនាម​របស់​លោក​បាន​ធ្លាក់ចុះ​ខ្លាំង​នៅ​ឆ្នាំ ២០០៣ នៅ​ពេល​ដែល​លោក​ថ្លែង​ការពារ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ចូល​លុកលុយ​ប្រទេស​អ៊ីរ៉ាក់​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ នៅ​ពេល​នោះ លោក​បាន​យោង​លើ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ដែល​អះអាង​ថា លោក Saddam Hussein ដែល​ជា​ប្រធានាធិបតី​អ៊ីរ៉ាក់​នៅ​ពេល​នោះ បាន​លាក់ទុក​អាវុធ​ប្រល័យ​លោក៕

ព័ត៌មាន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ ត្រូវ​បាន​ដកស្រង់​បន្ថែម​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press

វីដេអូថ្មីៗបំផុត

XS
SM
MD
LG