ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អ្នក​ជំងកូវីដ១៩​រាប់​ពាន់​នាក់​មិន​បាន​ជាសះ​ស្បើយ​​ពិត​ប្រាកដ


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​ថែ​ទាំ​អ្នក​ជំងឺ​កូវីដ១៩ នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​សាកល​វិទ្យាល័យប្រទេស​ឈីលី ក្នុង​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី កាល​ពី​ខែ​មិថុនា ២០២០។

អ្នក​ជំងឺ​កូវីដ១៩​រាប់ពាន់​នាក់​មិន​បាន​សះ​ជា​ពិត​ប្រាកដ​ទេ​ ហើយ​​ស្ថានភាព​នេះ​គេ​ហៅ​ថា​ជា​«អាការៈ​​ក្រោយ​ជំងឺ​កូវីដ១៩»។

វេជ្ជបណ្ឌិត​អង់គ្លេស ​លោក​Jake Suett ​បាន​ព្យាបាល​ពួក​អ្នក​ជំងឺ​កូវីដ១៩​ធ្ងន់ធ្ងរ​មួយ​សប្តាហ៍​នៅ​ក្នុង មន្ទីរ​ពេទ្យ​មួយ​ក្នុង​ស្រុក​ Norfolk​ នា​ប៉ែក​ខាង​កើត​នៃ​ចក្រភព​អង់គ្លេស​នៅ​មុន​ពេល​លោក​ធ្លាក់​ខ្លួន​ឈឺ​ដែរ។ ការណ៍​នេះ ​បាន​កើត​មាន​ឡើង​កាល​ពី​ខែ​មីនា​នៅ​ពេល​មាន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ចក្រភព​អង់គ្លេស។​

នៅ​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជាង​បី​ខែ​ហើយ​ដែល​លោក​វេជ្ជបណ្ឌិត​ Jake Suett ​មិន​ទាន់​បាន​ស្រួល​ខ្លួន​គ្រប់​គ្រាន់​ដើម្បី​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ទេ​ ហើយ​លោក​កំពុង​មាន​អ្វី​ដែល​គេ​ហៅ​ថា​«អាការៈ​ក្រោយ​ជំងឺ​កូវីដ១៩»។ ​អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​គ្រា​អាសន្ន​អាយុ​៣១​ឆ្នាំ​រូប​នេះ​ដែល​មាន​សុខភាព​ល្អ​ហើយ​គ្មាន​ជំងឺ​អ្វី​សោះ​នៅ​មុន​លោក​បាន​ឆ្លង​ជំងឺ​នេះ ​បាន​ដក​ដង្ហើម​មិន​កើត​ស្រវាំង​ភ្នែក​និង​ក្តៅ​ខ្លួន​ខ្លាំង​ផង​ដែរ។

សាធារណ​ជន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ភាគ​ច្រើន​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​កូវីដ១៩​គឺ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ។

អ្នក​នយោបាយ​និង​ពួកមន្ត្រី​សោក​ស្តាយ​អំពី​ចំនួន​មនុស្ស​ស្លាប់​រៀង​រាល់​ថ្ងៃ​ហើយ​អន្ទះសារ​ចង់​និយាយ​អំពី​អ្នក​ជំងឺ​ប៉ុន្មាន​នាក់​ដែល​បាន​ជា​សះ​ស្បើយ។​ ក៏​ប៉ុន្តែ​សេចក្តី​ប្រកាស​ទាំង​នេះ​មាន​ការ​លាក់​បាំង​ច្រើន​គឺ​អ្វី​ដែល​លោក​ Jake Suett ​និង​ពួក​វេជ្ជបណ្ឌិត​ឯទៀតៗ​និយាយ​ថាមាន​មនុស្ស​រាប់ពាន់​នាក់​នឹង​ស៊ូ​ទ្រាំ​ដើម្បី​ឱ្យ​ជា​សះ​ស្បើយ​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ។​

ហើយ​មនុស្ស ​ខ្លះ​ប្រហែល​មិន​បាន​ជា​សះ​ទេ​ ហើយ​ទំនង​ជា​នឹង​រង​ផល​វិបាក​ខាង​សុខភាព​ក្នុង​រយៈ​ពេល​យូរ​ថែម​ទៀត​ផង។​

អ្នក​ជំងឺ​រាប់​ពាន់​នាក់​ដែល​បាន​«ជា​សះ​ស្បើយ»​កំពុង​មាន​អាការៈអស់​កម្លាំង​ខ្លាំង​និង​ស្ថានភាព​ឯ​ទៀតៗ​ដែល​ធ្វើ​ឱ្យ​ខ្សោយ​អស់​កម្លាំង។​ លោក ​Suett ​បាន​និយាយ​ប្រាប់​ទូរទស្សន៍​ Sky News​ នៃ​ចក្រភាព​អង់គ្លេស​ថា៖ ​«អ្វីៗ​បាន​ល្អ​ប្រសើរ​ជាង​មុន»​ ចាប់​តាំង​ពីលោក​បាន​«ចំណាយ​ពេល​បី​ថ្ងៃ​ដេក​លើ​គ្រែ​ដើម្បី​ឱ្យ​ដក​ដង្ហើម​កើត»​នៅ​ពេល​ជំងឺ​លោក​ធ្ងន់ធ្ងរ​ខ្លាំង​ ក៏ប៉ុន្តែ​ស្ថានភាព​គ្រាន់​បើ​ជាង​មុន​«បន្តិច​ម្តងៗ​ ប៉ុន្តែ​យឺត​ណាស់»។

លោក​បាន​និយាយ​បន្ថែម​ថា៖ ​«ខ្ញុំ​រាគ​រូស​ហើយ​ឈឺ​ដៃ​ជើង​ផង​ដែរ»។​

សមាគម​ Chartered Society of Physiotherapy ​នៃ​ចក្រភព​អង់គ្លេស​និយាយ​ថា​ មនុស្ស​រាប់​ម៉ឺន​នាក់​ដែល​បាន​ឆ្លង​វីរុស​កូរ៉ូណាហើយ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរនឹង​មាន​ជំងឺ​នេះ​ក្នុង​រយៈពេល​យូរ។​ ពួក​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ញឹកញយ​នឹង​ខ្សោយ​ខ្លាំង។ ​បើ​តាម​លោក​ Marta Lazzeri ​ អ្នក​ជំនាញ​អ៊ីតាលី​ខាង​ជំងឺ​ផ្លូវ​ដង្ហើម​ថា​ ​ជំងឺ​នេះ​បាន​ធ្វើ​ឱ្យ​សាច់​ដុំ​គ្រឿង​ដក​ដង្ហើម​ខ្សោយ​ហើយ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ។​ លោក​បាន​ថ្លែង​បន្ថែម​ថា៖​ «ពួក​អ្នក​ជំងឺ​ទាំង​នេះ​រាយ​ការណ៍​ថា​ ពួក​គេ​ជួន​កាល​អស់​កម្លាំង​ហើយ​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​កោរ​ពុកមាត់​ឬ​ងូត​ទឹក»។​

ពួក​វេជ្ជបណ្ឌិត​និយាយ​ថា​ ​ពួក​ជន​ដែល​ឈឺ​ធ្ងន់ធ្ងរ​មាន​សួត​ក្រិន​ ភាសា​អង់គ្លេស​ហៅ​ថា​ pulmonary​ fibrosis ​ដោយ​មាន​ការ​រលាក​សួត​ធ្ងន់ធ្ងរ។ ​ពួក​វេជ្ជបណ្ឌិត​អ៊ីតាលី​បាន​រក​ឃើញ​ថា​ អ្នក​ជំងឺ​បី​នាក់​ក្នុង​បណ្តា​អ្នក​ជំងឺ​ដប់នាក់​ដែល​ឈឺ​ធ្ងន់ធ្ងរ​នឹង​ខូច​សួត​ជា​អចិន្ត្រៃយ៍។​

ពួក​អ្នក​វិទ្យា​សាស្ត្រ​ខាង​វីរុស​និង​ពួក​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​និយាយ​ថា ពួក​គេ​មិន​យល់​ច្បាស់​អំពី​ផល​វិបាក​ខាង​សុខភាព​ក្នុង​រយៈ​ពេល​យូរ​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩​ទេ។​ លោក ​David Heymann ​ជា​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង។​ នៅ​ឯ​ការ​ប្រជុំ​មួយ​របស់​អង្គការ​មិន​គិត​កម្រៃ ​ឈ្មោះ​ Chatham House ​នៃ​ចក្រភព​អង់គ្លេស​ ​កាល​ពី​សប្តាហ៍​ទី​បួន​នៃ​ខែ​មិថុនា លោក​បាន​និយាយ​ថា៖​ «យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ពីព្រោះ​យើង​កំពុង​ឋិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ឆ្លង​ជំងឺ​នេះ ​ទោះ​ជា​បញ្ហា​នេះ​អាច​កើត​ចំពោះ​ពួក​អ្នក​រួច​ជីវិត​ពី​ជំងឺ​នេះ​ក៏​ដោយ។​ក៏ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​អ្នក​ជំងឺ​ខ្លះ​មាន​ប្រតិកម្ម​ត​ទៅ​ទៀត​នៅ​ក្នុង​សួត​ដែល​បណ្តាល​ឱ្យ​ពួក​គេ​ដក​ដង្លើម​ផុតៗ​ហើយ​យើង​សង្ឃឹម​ថា​បញ្ហា​ទាំង​នេះ​នឹង​អាច​ដោះស្រាយ​បាន ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​ថា​ យ៉ាង​ណា​ទេ»។

ពួក​អ្នក​ស្រាវជ្រាវ​ខាង​វេជ្ជសាស្ត្រ​និយាយ​ថា​ មាន​តម្រុយ​ខ្លះ​អំពី​ផល​ប៉ះពាល់​ខាង​សុខ​ភាព​ក្នុង​រយៈ​ពេល​យូរហើយ​ប្រហែល​ជា​អាច​ប្រមូល​បាន​ពី​ការ​ស្រាវជ្រាវ​បន្ត​នៅ​ក្នុង​ក្រុង​ហុងកុង​អំពី​វីរុស​កូរ៉ូណា​ពីរ​ប្រភេទ​ទៀត​គឺ​វីរុស​ SARS ​និង​វីរុស​ MERS-CoV។ ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​យូរ​បណ្តាល​មក​ពី​ជំងឺ​ SARS​ បង្ហាញ​ថា៥០%​នៃ​ពួក​មនុស្ស​រួច​ជីវិត​ពី​ជំងឺ​នេះ​មាន​ការ​ចុះថយ​ច្រើន​ខាង​សមត្ថ​ភាព​រាង​កាយពីរ​ឆ្នាំ​បន្ទាប់​មក​ បើ​ប្រៀប​ធៀប​ជា​មួយ​ពួក​មនុស្ស​ដែល​មិន​បាន​ឆ្លង​ជំងឺ​នេះ។​ ហើយ​មាន​តែ​៧៨​ភាគ​រយ​ប៉ុណ្ណោះ​នៃ​អ្នក​ជំងឺ​ SARS​ អាច​វិល​ត្រឡប់​ទៅ​ធ្វើការ​វិញ​ មួយ​ឆ្នាំ​ក្រោយ​ការ​ឆ្លង​ជំងឺ​នេះ។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ទៀត​បាន​រក​ឃើញ​ថា​ ៤០​ភាគ​រយ​នៃ​ពួក​មនុស្ស​ជា​ពី​ជំងឺ​ SARS​ នៅ​តែ​មាន​រោគ​សញ្ញា​អស់​កម្លាំង​ខ្លាំង​ក្នុង​ពេល​ជាង​បី​ឆ្នាំ​បន្ទាប់​មក។​

សម្រាប់​មួយ​ផ្នែក​នៃ​ពួក​អ្នក​ជំងឺ​ ​ ការ​អស់​កម្លាំង​ខ្លាំង​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​នៃ​បញ្ហា​ពួក​គេ​ប៉ុណ្ណោះ។​ ពួក​អ្នក​ជំនាញ​ខាង​ជំងឺ​ឆ្លង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ​អាមេរិក​និង​ទ្វីប​អាស៊ី​និយាយ​ថា​ ពួក​មនុស្សដែល​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរហើយ​ដែល​បាន​ដេក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​នឹង​មាន​បញ្ហា​អស់​កម្លាំង​ខ្លាំង​ដោយសារ​ការ​ខូច​ខាត​សរីរាង្គ​សំខាន់ៗ​ក្រៅ​ពី​សួត បណ្តាល​មក​ពី​វីរុស​នេះ។

ពួក​វេជ្ជបណ្ឌិត​និយាយ​ថា ​ពួក​អ្នក​ជំងឺ​ដែល​បាន​ដេក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មាន​ការ​កក​ឈាម​ បណ្តាល​ឱ្យ​ដាច់​សរសៃ​ខួរ​ក្បាល ​ ​គាំង​បេះ​ដូង​ បញ្ហា​ក្នុង​ការ​បត់​ជើង​តូច​និង​ផល​វិបាក​ឯ​ទៀតៗ​ដោយ​មាន​រួម​បញ្ចូល​ការខូច​ខួរ​ក្បាល​ដែល​បណ្តាល​ឱ្យ​មាន​ផល​វិបាក​ខាង​សុខភាព​មួយ​ជីវិត។​ ការណ៍​នេះ​មិន​មែន​កើត​មាន​តែ​លើ​អ្នក​ជំងឺ​ចាស់ៗ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​អ្នក​ជំងឺ​ក្មេងៗ​ក៏​មាន​បញ្ហា​ទាំង​នេះ​ដែរ។

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ក្រុង​ Wuhan​ ប្រទេស​ចិន​ដែល​កើត​វីរុស​កូរ៉ូណា​ដំបូង​គេបាន​រក​ឃើញ​ថា​ ១២​ភាគ​រយ​នៃ​ពួក​អ្នក​ជំងឺ​កូវីដ១៩​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ខូច​បេះដូង។ការ​សិក្សា​ស្រាវ​ជ្រាវ​ឯ​ទៀតៗ​បាន​រក​ឃើញ​ភស្តុតាង​នៃ​បញ្ហា​ myocarditis ​ដែល​ជា​ការ​រលាក​សាច់​ដុំ​បេះដូង។​ ហើយ​ប្រមាណ​៥០​ភាគ​រយ​នៃ​ពួក​អ្នក​ជំងឺ​ SARS-CoV-2 ​ មាន​បញ្ហា​ខាង​សរសៃ​ប្រសាទ។​ពួក​វេជ្ជបណ្ឌិត​នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ថាតើ​ជំងឺ​កូវីដ១៩​មាន​ផល​ប៉ះពាល់​បែប​ណា​លើ​ខួរ​ក្បាល​ហើយ​ថា​ គេ​ត្រូវ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ថែម​ទៀត។

លោក ​Robert Stevens ​ជា​សាស្ត្រា​ចារ្យ​ខាង​វិជ្ជា​ដាក់​ថ្នាំ​សន្លប់​សម្រាប់​ធ្វើ​ការ​វះកាត់​និង​វេជ្ជសាស្ត្រ​ខាង​ការ​ព្យាបាល​ជំងឺ​ធ្ងន់ៗ​នៅ​ឯ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ ​Johns Hopkins ​ក្នុង​ក្រុង ​Baltimore ​រដ្ឋ Maryland។​លោក​បាន​និយាយ​កាល​ពី​ខែ​មិថុនា​ថា​អាច​មាន​វិធី​បួន​យ៉ាង​ដែល​ជំងឺ​នេះ​មាន​ផល​ប៉ះពាល់​លើ​ខួរ​ក្បាល។​ លោក ​Robert Stevens ​បាន​កត់​សម្គាល់​ក្នុង​អត្ថាធិប្បាយ​មួយ​ថា៖​«អាច​មាន​លទ្ធភាព​មួយ​ថា​ ប្រព័ន្ធ​ការ​ពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​នេះ​មាន​ប្រតិកម្ម​ខ្លាំង​ពេក​នៅ​ក្នុង​ការ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​maladaptive​ដែល​ជា​ការ​រលាក​កោសិកា​និង​សរីរាង្គ​ជា​ច្រើន​ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​អ្នក​ជំងឺ​នេះ​ហើយ​ការ​ខូច​ទាំង​នេះ​មាន​ច្រើន​ជាង​ការ​ខូច​បណ្តាល​មក​ពី​វីរុស​នេះ​ទៅ​ទៀត»។​

គ្រុន​ក្តៅ​ខ្លាំង​រហូត​ដល់​កម្រិត​ អ៊ុកស៊ីសែន​ ទាប​ក៏​អាច​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យ​ខួរ​ក្បាល​គ្មាន​ដំណើរ​ការ​ដែរ​ហើយ​នាំ​ឱ្យ​មាន​ការ​ខូច​ខួរ​ក្បាល​ក្នុង​រយៈ​ពេល​យូរ​ថែម​ទៀត​ផង។​ខួរ​ក្បាល​ក៏​មាន​ផល​ប៉ះពាល់ដោយ​ការ​ដាច់​សរសៃ​ខួរ​ក្បាល​បណ្តាល​មក​ពី​ឈាម​កក។​ លោក ​Robert Stevens ​និង​វេជ្ជ​បណ្ឌិត​ឯ​ទៀតៗ​ព្រួយ​បារម្ភ​ថា៖​« វីរុស​នេះ​ប្រហែល​មាន​សមត្ថភាព​ចូល​ក្នុង​ខួរ​ក្បាលហើយ​បណ្តាល​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​ធ្ងន់ធ្ងរ​លឿន។​ លោក​បាន​ថ្លែង​ថា៖​«ករណី​នេះ​ត្រូវ​បាន​រាយ​ការណ៍​ក្នុង​ប្រទេស​ចិន​និង​ប្រទេស​ជប៉ុន​ដែល​បាន​រក​ឃើញ​ ព័ន្ធុ​វីរុស​នេះ​នៅ​ក្នុង​វត្ថុរាវ​នៅ​ក្នុង​ខួរ​ឆ្អឹង​ខ្នង។​នៅ​ក្នុង​ករណី​មួយ​ក្នុង​រដ្ឋ​ Florida វីរុស​នេះ​បាន​ត្រូវ​រក​ឃើញ​នៅ​ក្នុង​កោសិកា​ខួរ​ក្បាល។​ ការណ៍​នេះ​ប្រហែល​កើត​មាន​ដោយ​សារវីរុស​នេះ​ចូល​ទៅ​ក្នុង​ឈាម​ឬ​ផ្នែក​ខាង​ចុង​សរសៃ​ប្រសាទ»។​

ទោះ​ណា​ជា​នៅ​ក្រោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ក៏​ដោយ​ក៏​ពួក​អ្នក​ជំងឺ​នៅ​ក្រោយ​ការ​រាតត្បាត​នេះ​ទំនង​ជា​នៅ​តែ​ជា​បន្ទុក​ធ្ងន់​មួយ​លើ​ប្រព័ន្ធ​សុខាភិបាក​សាធារណៈ​ដែល​តម្រូវ​ឱ្យ​មាន​ការ​ពង្រីក​កាយ​សម្បទា​ពិសេស​ថែម​ទៀត៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ

XS
SM
MD
LG