ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ភាព​មិន​ប្រក្រតី​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត


មន្ត្រី​បោះឆ្នោត​​ជួយ​អ្នក​បោះឆ្នោត​​ជ្រលក់​ម្រាមដៃ​​ក្នុង​​ទឹកខ្មៅ​ ​ក្រោយ​ពី​បាន​បោះ​ឆ្នោត​ហើយ។​​
មន្ត្រី​បោះឆ្នោត​​ជួយ​អ្នក​បោះឆ្នោត​​ជ្រលក់​ម្រាមដៃ​​ក្នុង​​ទឹកខ្មៅ​ ​ក្រោយ​ពី​បាន​បោះ​ឆ្នោត​ហើយ។​​
អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការ​សង្កេត​ការណ៍​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​និយាយ​ថា ភាព​មិនប្រក្រតី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​នោះ​អាចប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត។​

នៅ​ឯ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ខណ្ឌ​ ឫស្សីកែវ រាជធានីភ្នំពេញ ​អ្នក​បោះ​ឆ្នោត​មួយ​ក្រុម​បាន​រអ៊ូ​រទាំ​អំពី​ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​នៅក្នុង​បញ្ជី​បោះឆ្នោត​ និង​ទឹក​ខ្មៅ​ដែល​អាច​លាង​ជ្រះ។​

លោក​ម៉ក់ គា​គឺ​ជា​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ក្រុម​នេះ។ លោក​និយាយ​ថា ប្រពន្ធ​របស់​លោក​មាន​ឈ្មោះ​ពីរ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ហើយ​លោក​ខ្លួន​ឯង​ផ្ទាល់​ អាច​លាង​ទឹក​ខ្មៅ​ចេញ​ពី​ម្រាម​ចង្អុល​ដៃ​ស្តាំ​របស់​លោក​បាន​យ៉ាង​ស្រួល ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​បាន​បោះឆ្នោត​រួច​កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក​និយាយថា៖​ «តើ​ការ​បោះឆ្នោត​ហ្នឹង យុត្តិធម៌​ ត្រឹមត្រូវ​ទេ​ បើ​លាង​ស្អាត​អញ្ចឹង?​ កាល​ជំនាន់​អ៊ុនតាក់​ ខ្ញុំ​លាង​អត់​ជ្រះទេ ព្រោះ​ទឹកថ្នាំ​គេ​វា​ឡើង​ក្រម៉ ក្រាស់​ ហើយ​ឥឡូវ​ខ្ញុំ​លាង​ស្អាត​ចែស។ អញ្ចឹង​ហើយ​វា​អត់​មាន​ប្រសិទ្ធិ​ភាព​ស្អី​ផង»។​

កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​ក្រៅ​រដ្ឋាភិបាល​ មួយ​ឈ្មោះ​តម្លាភាព​កម្ពុជា​ បាន​និយាយ​ថា អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជាង​៩០០​នាក់​ដែល​ខ្លួន​បាន​ដាក់​ពង្រាយ​នៅ​តាម​ការិយាល័យចំនួន​ជាង​៤០០​កន្លែង​នៅ​ទូទាំង​ប្រទេស​ បាន​រក​ឃើញ​ថា ​ក្រៅ​ពី​បញ្ហា​ទឹក​ខ្មៅជ្រលក់​ដៃ​ក្នុង​ពេល​បោះឆ្នោត និង​ឈ្មោះ​អ្នក​ឆ្នោត​ស្ទួន​នេះ មាន​អ្នក​បោះឆ្នោត​ជា​ច្រើន​ដែល​មាន​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ត្រឹមត្រូវ ​តែ​មិន​អាច​រក​ឈ្មោះ​របស់​ខ្លួន​ឃើញ​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​ចំនួន​៦០​ភាគ​រយ​នៃ​ចំនួន​ការិយាល័យ​បោះឆ្នោត​សរុប​ជាង​១ម៉ឺន​៩​ពាន់​នៅ​ទូទាំង​ប្រទេស។​

នៅក្នុង​ការ​រក​ឃើញពី​ការ​សង្កេត​ការណ៍​របស់ខ្លួន ​ អង្គការ​នេះ​ក៏​រក​ឃើញ​ផង​ដែរ​ថា ​អ្នក​បោះឆ្នោតជា​ច្រើន​ដែល​មាន​ឯកសារ​គ្រប់គ្រាន់​ មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ទេ។​ ប៉ុន្តែ អ្នក​ដែល​គ្មាន​ឯកសារ​អត្តសញ្ញាណ​ត្រឹមត្រូវ​មួយ​ចំនួន​បែរ​ជា​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បោះឆ្នោត​ទៅ​វិញ។​

លោក​ព្រាប កុល​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ដែល​មាន​ស្នាក់​ការ​ធំ​នៅ​ប្រទេស​អាឡឺម៉ង់។ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖​«ដោយសារ​តែ​មាន​ប្រជាពលរដ្ឋ​ច្រើន​ពេក​មិន​បាន​បញ្ចេញ​សិទ្ធិ​បោះឆ្នោត​ បូក​ផ្សំ​នឹង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត យើង​ខ្ញុំ​មិន​ធានា​ថា​ លទ្ធផល​នេះ ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ»។​

លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​គណនា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​ថា គណបក្ស​កាន់​អំណាច​នេះ​ទទួល​បាន​អាសនៈ​ចំនួន​៦៨​ក្នុង​ចំណោម​អាសនៈ​សភា​សរុប​១២៣ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ទទួល​បាន​៥៥​អាសនៈ។ ប៉ុន្តែ​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល​បាន​បង្ហាញ​តួលេខ​ខុសគ្នា​បន្តិច​គឺ​គណបក្ស​ប្រជាជន​ទទួល​បាន​អាសនៈ​ចំនួន​៦៧ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៦។​

ប៉ុន្តែ គណបក្ស​ប្រឆាំងបាន​ច្រាន​ចោល​លទ្ធផល​បឋម​នេះ កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​មាន​ការ​បាត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​រហូត​ដល់​១លាន​២សែន​នាក់​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​នៅ​ក្នុង​បញ្ជី​នោះ មាន​ឈ្មោះ​ស្ទួន​ចំនួន​២សែន​នាក់។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី​បាន​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​មួយ​ដើម្បី​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ទាំង​នេះ។​

នៅ​មុន​ពេល​បោះឆ្នោត ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​រកឃើញ​ឈ្មោះ​អ្នក​បោះឆ្នោត​ស្ទួន​ជា​ច្រើន និង​ឈ្មោះ​ខ្មោច​ជាច្រើន​ទៀត នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោតរបស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​បាន​ព្រមាន​ថា អ្នក​បោះឆ្នោត​ជាច្រើក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​បញ្ជី​ចំនួន​ជាង​៩​លាន​៦សែន​នាក់ នឹងមិន​អាច​រក​ឈ្មោះ​របស់ខ្លួន​ឃើញ​នៅក្នុង​បញ្ជី​ឈ្មោះ​ដ៏​ចម្រូងចម្រាស់​នេះ​ទេ​ នៅ​ថ្ងៃ​បោះ​ឆ្នោត។​

លោក​ព្រាប កុលនិយាយ​ថា​ គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត ឬ​គ.ជ.ប. អាច​បញ្ជៀស​បញ្ហា​ទាំង​អស់​នេះ​បាន ប្រសិន​បើ​អង្គភាព​នេះ​បាន​យក​ចិត្ត​ទុកដាក់​ទៅ​លើ​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល ហើយ​បើក​ទូលាយ​ឲ្យ​មាន​ការពិនិត្យទៅលើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ប្រកប​ដោយ​តម្លាភាព​នោះ។​

លោក​និយាយថា៖ «ពួកយើង​មាន​ការ​ព្រួយ​បារម្ភ​ថា ភាព​មិន​ប្រក្រតី​ទាំង​អស់​ហ្នឹង​អាច​ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត អាណត្តិ​ទី​៥​នេះ មិន​ដឹង​ថា ខាត​គណបក្ស​ណា ឬ​ចំណេញ​គណបក្ស​ណា​ទេ។​ យើង​ខ្ញុំ​មិន​ធ្វើការ​វាយ​តម្លៃ​ទេ»។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​មុន​ពេល​បោះ​ឆ្នោត ​ លោក​អ៊ឹម សួស្តី​ ប្រធាន​គ.ជ.ប.បាន​ថ្លែងថា នរណា​ដែល​មាន​ភស្តុតាង​ជាក់ស្តែងអំពី​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​កើត​មាន​ក្នុង​ថ្ងៃ​បោះឆ្នោត គួរ​តែ​បង្ហាញ​វា​ចេញ​មក។​

លោក​និយាយថា​៖ «បើ​សិន​ជា​មាន​ភាព​មិន​ប្រក្រតី​កន្លែង​ណាមួយ​នោះ សូម​ចាប់​ឲ្យ​បាន ហើយ​បញ្ជូន​ទៅ​ឲ្យ​មន្រ្តី​សន្តិសុខ​ នៅ​តាម​ការិយាល័យ​នីមួយៗ ​ឃាត់​ខ្លួន​ទុក​ដើម្បី​ធ្វើការ​ស៊ើប​អង្កេត»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ និង​ជន​ណា​ដែល​មាន​ភស្តុតាងអំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ មក​បង្ហាញ​មុខ​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយ​នៅ​ទីស្នាក់ការ​របស់​ខ្លួន​ក្នុង​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃពុធ​ ដើម្បី​ប្រមូល​ភស្តុតាង​បង្ហាញ​ដល់​សាធារណ​ជន​ជាតិ ​និង​អន្តរជាតិ។​

តែ​ទោះ​ជា​យ៉ាង​នេះ លោក​ព្រាប កុល​និយាយ​ថា ការ​រក​ឃើញ​ពី​ការ​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​របស់​ក្រុម​លោក ​មិន​មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​របស់​គណបក្ស​នយោបាយ​ណា​មួយ​ទេ។​

លោក​និយាយថា៖​ «យើង​មិន​ខ្វល់​ ថា​តើ​គណបក្ស​ណា​ឈ្នះ អ្នកណា​មាន​កៅអី​ប៉ុន្មាន ឬ​លទ្ធផល​យ៉ាង​ម៉ិច​ទេ។ សំខាន់​គឺ​យើង​ចង់​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​បាត់​បង់​សិទ្ធិ​បោះឆ្នោត»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG