ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្លាស់​ប្ដូរ​​ខាង​នយោបាយ​​គំរាម​កំហែង​ដល់​មូលដ្ឋាន​សំខាន់​មួយ​​​របស់​សហរដ្ឋ​អាមេរិក​ សម្រាប់​កិច្ច​ប្រឹង​ប្រែង​ក្នុង​សង្រ្គាម​នៅ​អាហ្វកានីស្ថាន


ទាហាន​​អាមេរិក​កាំង​នៃ​​កង​​ទ័ព​​អាកាស​លេខ​១០១។
ទាហាន​​អាមេរិក​កាំង​នៃ​​កង​​ទ័ព​​អាកាស​លេខ​១០១។

កាល​ពី​៦​ខែ​កន្លង​ទៅ​ ប្រទេស​គៀរគីស្ថាន​ (Kyrgyzstan) បាន​ឃើញ​ប្រធានាធិបតី​មួយរូប​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែងដោយ​សារមនុស្ស​កុះ​ករ​ចេញ​មក​តាម​ផ្លូវ ហើយ​មនុស្ស​រាប់​រយ​នាក់បាន​ស្លាប់​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​ក្រុម​ជាតិ​ពន្ធុ និង​ការ​បះ​បោរ​ពី​សំណាក់​អ្នក​នយោបាយនៅ​តំបន់​ពីរ។ ហើយ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​កំណត់ពេល​ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ដែល​នឹង​បង្កើតរដ្ឋាភិបាលថ្មី​តាម​របៀប​រដ្ឋសភា​និយម។​ នៅចំពេល​មាន​ចលាចលខាងនយោបាយ​នេះ​ សហរដ្ឋ​អាមេរិកបានធ្វើ​ដំណើរការ​មូលដ្ឋាន​ទ័ព​អាកាស​មួយ​យ៉ាង​ស្ងៀម​ស្ងាត់​ ដែល​ជា​ចំណុចហោះ​ចេញ​យ៉ាងធំបំផុតតែ​មួយ​គត់ សម្រាប់​ក្រុម​ទាហាន​ចម្រុះ​ជាតិ​សាសន៍​ ដែល​ហោះ​ចូល​ទៅក្នុងប្រទេស​អាហ្វកានីស្ថាន។

ចំពោះ​ទាហានអាមេរិក​កាំង​នៃកងទ័ពអាកាស​លេខ​១០១​ មជ្ឈមណ្ឌល​ឆ្លង​កាត់​ខាង​ផ្លូវ​អាកាសនៅ​ម៉ាណាស (Manas Air Transit Center) ជា​ទី​តាំង​ស្វាគមន៍​របស់​ស​ហ​រដ្ឋ​អាមេរិក ​ដែល​ស្ថិត​នៅត្រង់​ចំណុចស្នូលរបស់​អាស៊ី​កណ្តាល។ ទិស​ដៅ​ចុង​ក្រោយ​របស់​ពួក​គេ​ តាមដំណើរ​មាន​រយៈពេល​ត្រឹម​តែ​២​ម៉ោង​ប៉ុណ្ណោះ គឺសមរភូមិ​នៅអាហ្វកានីស្ថាន។

ចំពោះ​អ្នក​បើក​បរ​យន្ដ​ហោះ ​អាមេរិកាំង​ មជ្ឈមណ្ឌល​ម៉ាណាស​បម្រើ​ជា​ស្ថានីយ៍​ចាក់​ប្រេង​សម្រាប់​យន្ដ​ហោះ​ ។ ដោយ​បូម​ចេញ​ពី​ឃ្លាំង​ស្តុក​ដែល​ផ្ទុក​ប្រេង​ចំនួន​៥​លាន​ធុង យន្ត​ហោះ​ដឹកប្រេង​ហោះ​ចេញ​ពី​ម៉ាណាសចាក់​ប្រេង​ឲ្យ​យន្ត​ហោះ​ប្រតិកម្មហោះ​លើ​ប្រទេស​អាហ្វកានីស្ថាន​ ដែលមិនចាំបាច់ចុះ​ចត​នៅ​លើ​ប្រទេស​ដែល​សម្បូណ៌​ទៅ​ដោយជួរភ្នំ​មួយ​នេះ​ទេ។

ការ​វាយ​ប្រហារ​របស់​ពួក​តាលីបាន (Taliban) ទៅ​លើ​ឡាន​ធំៗ ដែល​ចូល​តាម​ផ្លូវ​ភាគ​ខាង​ត្បូងឆ្លង​កាត់ប្រទេស​ប៉ាគីស្ថាន បាន​ធ្វើ​ឲ្យ​ផ្លូវ​អាកាស​នៅ​ភាគ​ខាង​ជើងឆ្លង​កាត់​គៀរគីស្ថានកាន់​តែមាន​ប្រយោជន៍​ខ្លាំង​ឡើង។

លោក​វរៈសេនីយឯក ឌ្វៃក៍ សូនស៍​ (Dwight Sones) ជា​មេបញ្ជាការ​នៅ​មជ្ឈមណ្ឌល​ម៉ាណាស។

«គៀរគីស្ថាន​ពិត​ជា​កន្លែង​ដ៏​សំខាន់​មួយនៅ​អាស៊ី​កណ្តាល បើ​និយាយ​ពី​ទី​កន្លែង​ និង​ដែន​ឥទ្ធិពលរបស់​ខ្លួន ជាមួយ​នឹង​ប្រទេស​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ»។

ប៉ុន្តែ នៅ​ពាក់​កណ្តាល​ខែ​មិថុនា នៅ​ពេល​ដែល​លោក​វរៈសេនីយ​ឯក សូនស៍​ មក​ដល់​ទី​នេះ ​ជន​ជាតិ​គ្រី​ជីស​ (Krygyz) និង​អ៊ូស​បេក (Uzbek) បាន​ប្រយុទ្ធគ្នា​នៅ​អូស្ស (Osh) ដែល​ស្ថិត​នៅ​ចម្ងាយប្រមាណ​៣២០គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ។ មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់។ កាល​ពី​អតីតកាល​ ​ការ​រំ​ជើប​រំជួល​ផ្នែក​ នយោបាយ​របស់​ជន​ជាតិ​គៀរគីស្ថានបែរជាប្រឆាំង​នឹង​មូល​ដ្ឋាន​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​មុន រដ្ឋសភា​គៀរគីស្ថានបាន​បោះ​ឆ្នោត ​៧៨​ទល់​នឹង​១​សំឡេង​ ​ដើម្បីបណ្តេញ​ជន​ជាតិ​អាមេរិកាំងចេញ។

រដ្ឋាភិបាល​ទី​ក្រុង​វ៉ាស៊ីនតោនបាន​ប្រែសភាពការណ៍​នោះឲ្យ​ទៅ​ជា​ជោគ​ជ័យ​វិញ​ តាម​រយៈ​ការ​ផ្តល់​ថ្លៃ​ជួល​ប្រចាំឆ្នាំ​គុណ​នឹង​ជិត​បួន​ដង ដែល​មាន​តម្លៃ​រហូត​ដល់ទៅ​៦០លានដុល្លារ។

លោក​អាលីសើ ខាមីឌូវ (Alisher Khamidov) អ្នក​សិក្សា​ស្រាវ​ជ្រាវជាតិគៀរគីស្ថាន និយាយ​ថា ​អ្នក​នយោបាយ​កំពុង​ប្រែ​ក្លាយ​មូលដ្ឋានរបស់​អាមេរិក ទៅជា​កីឡា​បាល់​ទាត់​នយោបាយ​ មុន​ការ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

«ភាគី​ទាំង​នេះកំពុង​តែ​កម្រើក​ឡើងវិញ​ ដោយ​សារ​តែ​ការ​បិទមូល​ដ្ឋាន​នេះ​។ ពួក​គេ​កំពុង​អះអាង​ថា «នែ! វត្ត​មាន​របស់​លោក​ខាង​លិច​នេះ ​ជា​បុព្វ​ហេតុ​នៃ​បញ្ហា​ទាំង​អស់របស់​យើង»។ ខ្ញុំបាន​ឃើញ​អ្នក​នយោបាយ​មួយ​ចំនួនអំពាវ​នាវ​ឲ្យ​បិទមូល​ដ្ឋាន​នេះ​ ដោយសង្ឃឹម ហើយ​នឹង​រំពឹងទុក​ថា គៀរគីស្ថាន​នឹង​ទទួល​បាន​នូវ​ស្ថិរ​ភាព​ និង​អធិបតេយ្យ​ភាព​របស់​ខ្លួន​ឡើង​វិញ»។

ការ​ប្រឆាំង​នេះក៏​ចេញមកពីប្រទេស​រុស្សីដែរ។ រដ្ឋា​ភិបាល​ទី​ក្រុង​មូស្គូ​បាន​គ្រប់​គ្រង​គៀរគីស្ថាន ចាប់​តាំង​ពី​ឆ្នាំ​១៨៧៦​ រហូត​ដល់​ឆ្នាំ​១៩៩១ ដែល​នៅ​ពេល​នោះសហភាព​សូវៀតបាន​ដួល​រលំ។ សព្វ​ថ្ងៃ​នេះ​ គៀ​ជី​ស្ថានជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភព​លោក ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ឲ្យ​មូល​ដ្ឋាន​របស់សហរដ្ឋ​អាមេរិក​ផង​ និង​រុស្សី​ផង។ លោក​លីអូនីត បុនដារ៉េតស៍ (Leonid Bondarets)​ ជា​ទី​ប្រឹក្សា​ឲ្យ​មូល​ដ្ឋានរបស់​រុស្សី​នៅ​ខានធ៍ (Kant) ដែល​ស្ថិត​នៅ​ចម្ងាយត្រឹម​តែ​៤០​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ពីមូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក។

លោក​បុន​ដា​រ៉េតស៍បាន​ថ្លែង​ថា មូលដ្ឋាន​របស់​សហរដ្ឋ​អាមេរិក​បាន​បើក​នៅ​ឆ្នាំ​២០០១ សម្រាប់​ការ​ជួល​បណ្តោះ​អាសន្ន​រយៈ​ពេល១​ឆ្នាំ។ លោក​បាន​ចាត់​ទុក​មូលដ្ឋាន​នេះ ​ថា​ជា​ផ្នែក​មួយនៃ​ផែន​ការ​ធំ​ធេងជាង​មុន​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ពង្រឹង​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ ដោយ​អាច​ទទួល​បាន​ប្រេង​ និង​ឧស្ម័ន ​នៅ​អាស៊ី​កណ្តាល និង​ធនធាន​រ៉ែ​ ​នៅ​អាហ្វ​កានី​ស្ថាន។

រុស្សី​រក្សា​បាន​នូវ​ឥទ្ធិពល​យ៉ាង​ច្រើន​នៅ​ទី​នេះ។ មនុស្ស​ភាគ​ច្រើន​ដែល​មាន​អាយុ​លើស​ពី​៣០ឆ្នាំ​និយាយ​ភាសា​រុស្សី។ ​កម្មករ​ជាតិ​គៀរគីស្ថាន មួយ​ភាគ​ប្រាំធ្វើ​ការ​នៅ​ប្រទេស​រុស្សី។ ប្រាក់​ដែល​ពួកគេ​ផ្ញើទៅផ្ទះ​គឺ​ជា​ទីបង្អែក​ដ៏​មាន​តម្លៃ​របស់​សេដ្ឋកិច្ច សម្រាប់ប្រទេស​ដែល​មិន​ជាប់​សមុទ្រ​ ដ៏​ក្រី​ក្រមួយ​នេះ ដែល​មានប្រជាពលរដ្ឋ​ចំនួន​៥​លាន​៣សែន​នាក់។

ជន​ជាតិ​អាមេរិកាំង​នៅ​ម៉ាណាស​កំពុង​ធ្វើ​ការ​បន្ថែម​ម៉ោង​ ដើម្បី​យក​ចិត្ត​អ្នក​រស់​នៅ​ក្នុង​មូល​ដ្ឋាន។ គេ​យក​ប្រាក់រ​បស់សហរដ្ឋអាមេរិក​ ទៅ​ប្រើ​ដើម្បី​ជីក​អណ្តូង​ទឹក ប្រក់​ដំបូល​សា​លា​រៀន ទិញគ្រឿងសិប្បកម្ម​នៅ​តាម​មូលដ្ឋាន និង​កសាង​កន្លែង​ជ្រក​កោនសម្រាប់​ស្ត្រី។ លោកវរៈ​សេនីយ៍ឯក​ សូនស៍​ មេ​បញ្ជាការ​មូល​ដ្ឋាន មានប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត​ថា៖

«យើង​មាន​ផល​ប្រយោជន៍​ ខាង​សង្គម​កិច្ច​។ យើង​ដោះ​ឯក​សណ្ឋាន​ចេញ ស្លៀក​សម្លៀក​បំពាក់​កីឡា​ លេង​បាល់​ទះ បាល់​ទាត់ ទៅ​មើល​របាំ​បាឡេ ជួប​ជាមួយ​អភិបាល​ក្រុង​ជា​ដើម។ នោះ​ជា​ផ្នែក​មួយ​នៃការ​កសាង​ក្រុម​នោះ​ឡើង​ »។

លោក​វ៉ាឡិនទិន​ បូហ្កាទីរ៉េវ (Valentin Bogatyrev) អ្នក​វិភាគ​នយោបាយ​នៅ​ប៊ីសកេក​ (Bishkek) មិន​ដែលធ្វើ​ទស្សន​កិច្ច​នៅមូល​ដ្ឋាន​ម៉ាណាស​ទេ ប៉ុន្តែ​លោក​មាន​អារម្មណ៍​ថា​ ឥរិយាបថ​របស់​គៀរគីស្ថាន​កំពុងទោរ​ទន់ទៅរក​វត្ត​មាន​របស់​សហរដ្ឋ​អាមេរិក​ហើយ។

លោក​បាន​ឲ្យ​ដឹង​ថា អ្នក​នយោបាយ​ដ៏​សំខាន់​ៗ​ កំពុង​ចាប់​ផ្តើម​ឲ្យតម្លៃ​ទៅ​ឲ្យ​មូល​ដ្ឋាននេះ ដោយ​មាន​ការរួម​ចំណែកក្នុងថវិកា​ជាតិ ​គម្រោង​អភិវឌ្ឍន៍ ការ​កែ​លំ​អ​ព្រលាន​យន្ត​ហោះអន្តរ​ជាតិ​ប៊ីសកេក Bishkek និងការ​ផ្តល់​ការ​ងារ​ឲ្យ​កម្មករ​នៅ​មូល​ដ្ឋាន​ចំនួន​៩០០​នាក់​ទៀត​ផង។

ដូច្នេះ នៅ​ក្នុង​សភាព​ការណ៍​ផ្លាស់​ប្តូរ ដែល​ជា​នយោបាយ​របស់​ប្រទេស​គៀរគីស្ថាន សហរដ្ឋ​អាមេរិកកំពុងតែ​ប្រថុយថា​ សុឆន្ទ: ​ និង​ប្រាក់​ដុល្លារ​នឹងមាន​ការ​ទទួល​ខុសត្រូវចំបង​ ក្នុង​ការ​បន្តមាន​ឥទ្ធិ​ពលលួច​លាក់​ទៅ​លើ​ប្រទេសអាហ្វ​កានី​ស្ថានត​ទៅ​ទៀត​៕

ប្រែសម្រួល​ដោយ​លី​ សុខ​ឃាង

XS
SM
MD
LG