រដ្ឋសភាវៀតណាមបានធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំជាន់ខ្ពស់របស់ខ្លួនក្នុងសប្តាហ៍នេះ ដែលអ្នកសង្កេតការណ៍ខ្លះនិយាយថា អាចផ្តល់ឲ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធនយោបាយមួយ ដែលត្រូវបានចាត់ទុកជាយូរមកហើយថា ភាគច្រើនគ្រាន់តែជាពិធីប៉ុណ្ណោះ។
រដ្ឋសភាដែលជាអង្គភាពតាក់តែងច្បាប់ដ៏សំខាន់របស់ប្រទេស បានបោះឆ្នោតជ្រើសរើសគូប្រជែងនយោបាយពីរនាក់ សម្រាប់តំណែងកំពូលពីរ។ បុរសទី១គឺ លោកនាយករដ្ឋមន្រ្តី វៀង តាន់ ឌុង (Nguyen Tan Dung) ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិប្រាំឆ្នាំលើកទីពីរ។ មួយថ្ងៃមុននេះ គូប្រជែងរបស់លោក គឺលោក ទ្រួង តាន់ សាង Truong Tan Sang) ដែលជាមេដឹកនាំទីពីរនៃគណបក្សកុម្មុយនីស្ត បានត្រូវជ្រើសរើសជាប្រធានាធិបតី។
អ្នកសង្កេតការណ៍ខ្លះនិយាយថា នៅពេលដែលមេដឹកនាំថ្មីទាំងនេះប្រហែលជាមិនដឹកនាំធ្វើបដិវត្តក្នុងប្រព័ន្ធនយោបាយនៃប្រទេសដែលមានគណបក្សតែមួយនោះ ការប្រកួតប្រជែងគ្នារវាងបុរសទាំងពីររូប ទោះជាយ៉ាងណាក៏ដោយ ក៏អាចបង្ហាញឲ្យឃើញនូវការផ្លាស់ប្តូរដ៏សំខាន់ៗខ្លះដែរ។ មើលពីខាងក្រៅ ការប្រកួតប្រជែងដើម្បីតំណែងដឹកនាំនៅវៀតណាមកុម្មុយនិស្តមានភាពស្ងៀមស្ងាត់ណាស់។ មានបេក្ខជនតែម្នាក់ទេសម្រាប់តំណែងកំពូលនិមួយៗ។
លោក ហួង ទូ ឌូយ (Hoang Tu Duy) សមាជិកម្នាក់នៃក្រុមវៀតតាន់ (Viet Tan)ដែលទ្រទ្រង់លទ្ធិប្រជាធិបតេយ្យដែលត្រូវរដ្ឋាភិបាលហាមប្រាម បាននិយាយថា ទោះបីជាការបោះឆ្នោតនេះ ជាទូទៅ ជាឆាកកំប្លែងមួយក៏ដោយ ក៏រដ្ឋាភិបាលត្រូវតែធ្វើដើម្បីឲ្យមានភាពស្របច្បាប់។ លោក ឌូយ និយាយថា៖
«រឿងដែលគួរឲ្យចាប់អារម្មណ៍គឺថា របបត្រូវតែធ្វើឆាកកំប្លែងនេះ ពីព្រោះពួកគេត្រូវតែលាតត្រដាងបង្ហាញឲ្យឃើញថាមានរដ្ឋាភិបាលធម្មតាមួយដែលបំពេញកិច្ចការស្របច្បាប់ដោយមានមន្រ្តីជាប់ឆ្នោត ហើយពួកគេធ្វើយ៉ាងដូច្នេះ ពីព្រោះពួកគេត្រូវធ្វើការជាមួយពិភពខាងក្រៅ ជាមួយអ្នកធ្វើវិនិយោគ ក៏ប៉ុន្តែនៅក្នុងករណីខ្លះ ក៏សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកដែរ»។
លោក ឌុយ ថ្លែងថា ភាពខុសគ្នារវាងតថភាពនយោបាយវៀតណាមនិងរបាំងមុខសាធារណៈរបស់ខ្លួននោះ បានដាក់សម្ពាធទៅលើរដ្ឋសភាឲ្យចាប់ផ្តើមប្រកាន់ឥរិយាបថល្អក្នុងនាមជាអង្គភាពខ្ពស់បំផុតរបស់ប្រជាជនដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោក ម៉ារទិន ហ្កេនស៍បូរ៉ូ (Martin Gainsborough) នៃសាកលវិទ្យាល័យ ព្រិស្តូល (Bristol University) និយាយថា វាជាការមិនសមហេតុសមផលទេ នៅក្នុងការដាក់តម្លៃសេរីនិយមលើដំណើរការបោះឆ្នោតនេះ។ លោក ម៉ារទិន ហ្កេនស៍បូរ៉ូ ថ្លែងថា គេសង្កេតឃើញថា មន្រ្តីដែលចូលកាន់តំណែងទាំងនោះគឺជាមនុស្សដែលមានទេពកោសល្យមកពីគ្រួសារល្អ មានប្រវត្តិល្អ ហើយពួកគេមិនចាំបាច់ធ្វើការសម្តែងដើម្បីបង្ហាញដល់ភ្នែកសាធារណៈទេ។ លោកថ្លែងថា៖
«រដ្ឋសភាក៏អាចត្រូវបានឃើញដូចគ្នានេះដែរ គឺថាជាសេចក្តីបញ្ជាក់ជាផ្លូវការមួយអំពីគុណសម្បត្តិរបស់មនុស្សទាំងនេះមិនមែនជាការបោះឆ្នោតប្រកួតប្រជែងគ្នាមួយ ដើម្បី រើសបេក្ខជនល្អជាងគេនោះទេ»។
នៅពេលដែលអតិផរណាឡើងដល់២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយសហគមន៍អន្តរជាតិនៅតែមានសេចក្តីស្រងាកចិត្តចំពោះបទរំលោភរបស់វៀតណាមលើសិទ្ធិមនុស្សដ៏គួរឲ្យសង្វេគចិត្តនោះ អ្នកនយោបាយពិតជាមានកិច្ចការដ៏លំបាកយ៉ាងខ្លាំងនៅក្នុងពេលប្រាំឆ្នាំទៅខាងមុខ។
ក្នុងអាណត្តិទី១ លោកនាយករដ្ឋមន្រ្តី ឌុង វ័យ ៦១ ឆ្នាំ បានប្រឈមនឹងការបោះឆ្នោតមិនទុកចិត្តនៅក្នុងរដ្ឋសភា នៅក្នុងរឿងដែលរលំក្រុមហ៊ុនសង់នាវាឈ្មោះ វីណាស៊ីន (Vinashin) ដែលមិនបានសងប្រាក់បំណុលចំនួន៤ពាន់៥រយលានដុល្លារ កាលពីឆ្នាំមុន។ មេធាវីសិទ្ធិមនុស្សម្នាក់ឈ្មោះលោក គុយ ហួយ ហា វុយ (Cu Huy Ha Vu) ក៏បានប្តឹងលោក ឌុង អំពីរឿងចម្រូងចម្រាសទាក់ទងនឹងអណ្តូងរ៉ែបុកស៊ីត (bauxite) ដែលត្រូវបានចាត់ចែងដោយក្រុមហ៊ុនចិន នៅក្នុងទីខ្ពង់រាបកណ្តាលដែរ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក អឺណេសត៍ បោវ័រ (Ernest Bower) នាយកនៃក្រុមប្រឹក្សាឲ្យយោបល់របស់សហរដ្ឋអាមេរិកអំពីការប្រកួតប្រជែងគ្នា សម្រាប់លោកនាយករដ្ឋមន្រ្តីវៀតណាម ថ្លែងថា លោក ឌុង ជាមេដឹកនាំម្នាក់ដ៍មានចំណេះដឹងនិង ប្រសប់ម្នាក់។ លោកបោវ័រថ្លែងថា៖
«ខ្ញុំគិតថាលោកមានលក្ខណៈសម្បត្តិពិសេស។ លោកមានការប្រុងប្រយ័ត្នណាស់ ក្នុងការព្យាយាមណែនាំកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រព័ន្ធមួយ ដែលមធ្យោបាយបែបនេះអាចធ្វើឲ្យមានការមន្ទិលសង្ស័យក្នុងចំណោមគូប្រជែងខាងនយោបាយ។ ដូច្នេះ ខ្ញុំគិតថាលោកបានទទួលជោគជ័យមួយកម្រិតនៅក្នុងកិច្ចប្រឹងប្រែងនេះ»។
នៅមុនពេលបើកសមាជគណបក្ស ដែលត្រូវសម្រេចតំណែងកំពូលៗ លោក ទ្រួង តាន់ សាង បានសាកល្បងដណ្តើមយកតំណែងពីលោក ឌុង តែទទួលបរាជ័យ។ ទោះបីជាមានរឿងបែបនេះក្តី ក៏លោកបោវ័រ និយាយថា លោកមិនគិតថា រឿងនេះនឹងធ្វើឲ្យមានភាពតានតឹងទេ ពីព្រោះលោកទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាពីមុនមក។
លោក ឌុយ មិនយល់ស្របជាមួយទេ។ លោកមានប្រសាសន៍ថា ភាពខុសគ្នាទាំង ឡាយ អាចនាំឲ្យមានការតស៊ូមតិនៅក្នុងរដ្ឋសភាជាតិ លោកបានលើកឧទាហរណ៍ថាមានការប្រឆាំងពីរដ្ឋសភាចំពោះថវិកាចំនួន ៥៦ពាន់លានដុល្លារសម្រាប់ស្ថាបនាអយស្ម័យយានល្បឿនខ្ពស់ពីទីក្រុងហាណូយទៅទីក្រុងហូជីមិញ ដោយសារតែតម្លៃខ្ពស់ពេក។ លោកបញ្ជាក់ថា៖
«ខ្ញុំគិតថា ការតស៊ូមតិប្រកបដោយស្មារតីដែលយើងនឹងឃើញនៅក្នុងរដ្ឋសភា នឹងបណ្តាលមកពីកត្តាមួយចំនួន។ កត្តាមួយគឺថា ការខ្វែងគំនិតគ្នានៅក្នុងការិយាល័យនយោបាយ បានរាលទៅដល់រដ្ឋសភា ឧទាហរណ៍ដូចជានៅក្នុងករណីនៃអយស្ម័យយានល្បឿនខ្ពស់នេះជាដើម»។
លោក ឌុយ និយាយថា រដ្ឋសភាបានរារាំងសេចក្តីស្នើនេះ ដោយមកពីការិយាល័យ នយោបាយ មិនអាចធ្វើសេចក្តីសម្រេចអំពីអយស្ម័យយាននេះ។ ការប្រជែងគ្នារវាងមេដឹកនាំកំពូលនឹងមានន័យថា ការពិភាក្សាដេញដោលគ្នាបែបនេះនឹងនៅតែមានបន្តទៅក្នុងពេលអនាគត។
លោក ហ្កេនស៍បូរ៉ូ ថ្លែងថា ទោះបីជាបុរសទាំងពីររូបអាចមានទស្សនៈខុសគ្នានៅក្នុងបញ្ហាធំៗក៏ដោយ ក៏រឿងនេះប្រហែលជានឹងមិនជំរុញឲ្យមានការផ្លាស់ប្តូរខ្លាំងនៅក្នុងការធ្វើសេចក្តីសម្រេចគោលនយោបាយទេ។ ជាឧទាហរណ៍ លោកបានចង្អុលទៅរកកិច្ចចរចាជាមួយប្រទេសចិន អំពីការប្រជែងគ្នាទាមទារយកដែនទឹកនៅក្នុងសមុទ្រចិនភាគខាងត្បូង។
លោក ហ្កេនស៍បូរ៉ូ និយាយថា ចំពោះវៀតណាម «គ្មានសេចក្តីសម្រេចដ៏ច្បាស់លាស់ទេ» នៅក្នុងជម្លោះនេះ ទោះបីជារដ្ឋាភិបាលបានទទួលការរិះគន់ពីមន្រ្តីជាន់ខ្ពស់មួយចំនួនអំពីរបៀបដោះស្រាយបញ្ហានេះក៏ដោយ។
«មនុស្សខុសគ្នាអាចនាំយកគំនិតផ្សេងគ្នាមកកាន់តុចរចា បើគិតអំពីភាពខុសគ្នាដ៏តិចតួចនោះ តែបើនិយាយក្នុងអត្ថន័យទូលំទូលាយវិញ វៀតណាមមិនចង់ឲ្យមានទំនាក់ទំនងប្រឆាំងគ្នាដ៏អាក្រក់ជាមួយប្រទេសចិនទេ ដែលជាមហាប្រទេសដ៏ធំមួយនៅជាប់នឹងមាត់ទ្វាររបស់ខ្លួន។ ក៏ប៉ុន្តែ វៀតណាមក៏ចង់រកមធ្យោបាយដើម្បីទប់ទល់ខ្លួនឯងផងដែរ»។
លោក ហ្កេនស៍ បូរ៉ូ ថ្លែងថា នយោបាយនៅក្នុងវៀតណាមមិនមែនអំពីបុគ្គលម្នាក់ៗ និងការប្រកួតប្រជែងគ្នាទេ។ ផ្ទុយទៅវិញ ទិដ្ឋភាពនេះកើតឡើង ពីភាគីទាំងឡាយដែលរួបរួមគ្នាតាមរយៈការទាក់ទងផ្ទាល់ខ្លួនជាជាងមនោគមវិជ្ជា។ ការបម្រើនៅក្នុងរដ្ឋាភិបាលតម្រូវឲ្យមានការប្រជែងយកតំណែងនៅពីខាងក្រោយមេដឹកនាំជាន់ខ្ពស់។ លោកមានប្រសាសន៍ថា៖
«កត្តាដ៏សំខាន់បំផុតនៃនយោបាយនៅវៀតណាមគឺ រៀបចំខ្លួនអ្នកដើម្បីឲ្យបានទទួលប្រាក់ចំណូលតាមរយៈមធ្យោបាយច្រើនយ៉ាង។ គឺចំណុចនេះហើយដែលពន្យល់យ៉ាងច្បាស់អំពីអ្វីៗដែលកំពុងមានធ្វើនៅក្នុងប្រទេសវៀតណាម។ មនុស្សមើលមកការិយាល័យរដ្ឋាភិបាលថាជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនបុគ្គល។ នេះមិនមែនមានន័យថាមនុស្សធ្វើការកេងប្រវ័ញ្ចលើប្រព័ន្ធដោយឥតញញើតនោះទេ ក៏ប៉ុន្តែមានការទាក់ទងគ្នាជិតស្និទរវាងការកាន់តំណែងរដ្ឋាភិបាលនិងប្រយោជន៏ឯកជន»។
បញ្ហាថាតើទំនាក់ទំនងរវាងបុរសទាំងពីរនាក់នឹងចុះដុនដាបជាងមុននៅពេលប៉ុន្មានខែខាងមុខឬយ៉ាងណានោះ ក្រុមអ្នកវិភាគនិយាយថា ការប្រកួតប្រជែងគ្នារវាងអ្នកទាំងពីរនឹងផ្លាស់ប្តូរមុខមាត់នៃនយោបាយរបស់ប្រទេសវៀតណាម។ ពួកគេនិយាយថា អ្វីដែលប្រហែលជាជួយជំរុញឲ្យមានការផ្លាស់ប្តូរនយោបាយជាដុំកំភួននោះគឺ សម្ពាធសាធារណៈដើម្បីឲ្យមានកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដ៍ទ្រុឌទ្រោមមួយដែលគំរាមធ្វើឲ្យមនុស្សច្រើននាក់ទៀតធ្លាក់ទៅក្នុងភាពក្រខ្សត់។
ប្រែសម្រួលដោយកែ យ៉ាន