ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​នយោបាយ​​ គួរ​តែ​មាន​ចិត្ត​សឿង​ក្នុង​ការប្រកួតប្រជែង​គ្នា


លោក ព្រាប កុល ប្រធាន​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។ (រូបថត៖ លីម សុធី, VOA Khmer)

«អ្នក​នយោបាយ​ គួរ​តែ​មាន​ចិត្ត​សឿង​ ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​តែ​ម្តង។ មានន័យថា ឈ្នះ​ដោយ​កិត្តិយស បើ​ចាញ់​ ក៏​ចាញ់​ដោយ​កិត្តិយស ដូច​ទឹកចិត្ត​កីឡាករ គឺ​ប្រកួត​បែប​ហ្នឹង ឲ្យ​អ្នក​ទស្សនា​ក៏​ល្អ​មើល ហើយ​ឲ្យ​អ្នកទស្សនា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ពី​គ្រប់​ភាគី ពេញចិត្ត​នឹង​មើល​តែ​ម្តង»។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើពុករលួយ​និង​ជា​អ្នក​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា លើកឡើង​ថា អ្នក​នយោបាយ​ខ្មែរ ដែល​កំពុង​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្ដើម​អំណាច​ដឹកនាំ​ប្រទេស​នេះ គួរ​តែ​មាន​ចិត្ត​សឿង ក្នុង​ការ​ប្រកួត​គ្នា​ដោយ​ស្មើ​ភាព​និង​យុត្តិធម៌។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី «‍Hello VOA» នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១១ ខែ​សីហា​នេះ៖

«អ្នក​នយោបាយ​ គួរ​តែ​មាន​ចិត្ត​សឿង​ ក្នុង​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​តែ​ម្តង។ មានន័យថា ឈ្នះ​ដោយ​កិត្តិយស បើ​ចាញ់​ ក៏​ចាញ់​ដោយ​កិត្តិយស ដូច​ទឹកចិត្ត​កីឡាករ គឺ​ប្រកួត​បែប​ហ្នឹង ឲ្យ​អ្នក​ទស្សនា​ក៏​ល្អ​មើល ហើយ​ឲ្យ​អ្នកទស្សនា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ពី​គ្រប់​ភាគី ពេញចិត្ត​នឹង​មើល​តែ​ម្តង»។​

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង ខណៈ​ដែល​ប្រទេស​កម្ពុជា​ កំពុង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​របស់​ខ្លួន ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ នៅ​ឆ្នាំ២០១៨។

នៅ​កម្ពុជា គេ​តែង​សង្កេត​ឃើញ​អ្នកនយោបាយ​តែង​ធ្វើ​ដំណើរ​ចុះ​មូលដ្ឋាន​ ដើម្បី​ជួប​ជាមួយ​ប្រជាជន​សាមញ្ញ ដូច​ជា​អ្នក​លក់ដូរ​តាម​ផ្សារ ឬ​អ្នក​រត់​ម៉ូតូ​ឌុប​ជាដើម នៅ​មុនរដូវ​កាល​បោះឆ្នោត​ម្តងៗ។

រាល់​ការ​ចុះ​ជួប​ប្រជាជន​ម្តងៗ បេក្ខជន​នយោបាយ​ទាំង​នោះ ជា​ពិសេស​ខាង​គណបក្ស​កាន់​អំណាច​ ដែល​មាន​ធនធាន​ក្រាស់ក្រែល តែង​នាំ​ទៅ​ជាមួយ​នូវ​ថវិកា​និង​សម្ភារៈ​ខ្លះៗ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ ដោយ​មាន​ការ​ថត​ផ្សាយ​ផ្ទាល់​ពី​សកម្មភាព​ទាំង​នេះ តាម​បណ្ដាញ​សង្គម​នានា​ទៀត​ផង។

ទង្វើ​បែបនេះ ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​មើល​ឃើញ​ថា ជា​ការ​ទិញ​ទឹកចិត្ត​ឬ​ទាក់ទាញ​អ្នក​បោះឆ្នោត ហើយ​បង្កើត​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មើ​ភាព​គ្នា​រវាង​គូបដិបក្ខ​នយោបាយ​ផ្សេងទៀត។

លោក ព្រាប កុល មាន​ប្រសាសន៍​ថា កម្ពុជា គួរ​តែ​កំណត់​ឲ្យ​ច្បាស់​នៅ​ក្នុង​ច្បាប់​ដូច​នៅ​តាម​បណ្ដា​ប្រទេស​ជឿនលឿន​មួយ​ចំនួន អំពី​ចំនួន​ថវិកា​ឬ​សម្ភារៈ​ដែល​គណបក្ស​នយោបាយ​ប្រ​កូត​ប្រជែង​គ្នា អាច​ប្រើប្រាស់​បាន ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​គាំទ្រ​របស់​ពួកគេ រៀងៗខ្លួន។

​«សូម្បី​តែ​រូបភាព​ឬ​ផ្លាក​យីហោ ឬ​ក៏ Logo ​របស់​គណបក្ស​នយោបាយ​ឬ​ក៏​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ហ្នឹង ក៏​គេ​មិន​ឲ្យ​មាន​ការ​បោះពុម្ព​ទំហំ​ធំ​ឬ​តូច​ជាង​គ្នា​ផង។ អា​នេះ គេ​យក​គោលការណ៍​ស្មើ​ភាព​គ្នា​ គឺ​សំខាន់​មែន​ទែន ក្នុង​ការ​ប្រកួតប្រជែង»។

សូម​ចុច​តំណភា្ជប់​ខាង​ក្រោម ដើម្បី​ស្តាប់​កម្មវិធី​ «Hello VOA» ​ទាំង​ស្រុង៖

XS
SM
MD
LG