ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបាញ់​ប្រហារនៅ​វិទ្យាល័យ​ជិត​ក្រុង Atlanta បាន​សម្លាប់​មនុស្ស​ ៤នាក់​ និងរបួសយ៉ាងតិច​ ៩នាក់


សិស្ស​និង​បុគ្គលិកសាលា​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ទីលាន​បាល់​អោប​ ខណៈ​មន្ត្រី​អនុវត្ត​ច្បាប់​ឆ្លើយ​តប​នឹង​ការ​បាញ់​សម្លាប់​នៅ​វិទ្យាល័យ Apalachee ក្នុង​ក្រុង Winder រដ្ឋ Georgia កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
សិស្ស​និង​បុគ្គលិកសាលា​ប្រមូល​ផ្តុំ​នៅ​ក្បែរ​ទីលាន​បាល់​អោប​ ខណៈ​មន្ត្រី​អនុវត្ត​ច្បាប់​ឆ្លើយ​តប​នឹង​ការ​បាញ់​សម្លាប់​នៅ​វិទ្យាល័យ Apalachee ក្នុង​ក្រុង Winder រដ្ឋ Georgia កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ការិយាល័យ​ស៊ើបអង្កេត​រដ្ឋ Georgia សហរដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​មនុស្ស៤នាក់​ត្រូវ​បាន​សម្លាប់​ហើយ​យ៉ាង​តិច​ណាស់​ក៏៩នាក់ដែរ​បាន​រង​របួស​នៅ​ក្នុង​ការបាញ់​ប្រហារ​មួយ​នៅឯ​វិទ្យាល័យ​មួយ​កន្លែង​នៅ​ខាង​ក្រៅ​ក្រុង Atlanta។

ពួក​សិស្ស​បាន​ស្លន់ស្លោ​រក​កន្លែង​ជ្រកពួន​នៅ​ក្នុង​ពហុកីឡាដ្ឋាន​បាល់​អោប​មួយ​នៅពេល​ដែល​ពួក​មន្ត្រី​ប៉ូលិស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុងបរិវេណ​វិទ្យាល័យ​ហើយ​មាតា​បិតា​បាន​ខិតខំ​ស្វែងរក​ថាតើ​កូន​របស់​ពួកគាត់​មាន​សុវត្ថិភាព​ដែរ​ឬទេ។

ពួក​អាជ្ញាធរ​បាន​និយាយ​ថា​ ជនសង្ស័យ​ម្នាក់​បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង។

លោក Jud Smith ប្រធាន​ប៉ូលិស​សង្កាត់ Barrow បាន​និយាយ​នៅឯ​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​ខាង​ក្រៅ​វិទ្យាល័យ Apalachee ថា«អ្វីដែល​លោក​អ្នក​ឃើញ​នៅ​ពី​ក្រោយ​យើង​ជា​រឿង​ដ៏​អាក្រក់​មួយ»។ លោក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​អំពីអ្នក​ដែល​រងរបួស​នៅ​ក្នុង​ការបាញ់​ប្រហារ​គ្នា​នោះទេ។

សិស្ស Jacob King ជា​អ្នក​លេង​បាល់​អោប​បាន​និយាយ​ថា​ខ្លួន​បាន​ដេករលីវៗនៅ​ក្នុង​ថ្នាក់​ប្រវត្តិសាស្ត្រ​ពិភពលោក​បន្ទាប់ពី​ការហាត់​នៅពេល​ព្រឹក​នៅពេល​ដែល​ខ្លួន​បាន​ឮ​ស្នូរ​កាំភ្លើង​ប្រហែល១០គ្រាប់។

King បាន​និយាយ​ទៀត​ថា​ខ្លួន​មិន​ជឿ​ថា​ការបាញ់​ប្រហារ​នេះ​ជាការពិត​ទេ​រហូត​ទាល់តែ​ខ្លួន​បាន​ឮ​មន្ត្រី​ប៉ូលិស​ម្នាក់​ស្រែក​ដាក់​មនុស្ស​ម្នាក់​ឱ្យ​ដាក់​កាំភ្លើង​របស់​គេ​ចុះ។ King និយាយ​ទៀត​ថា​នៅពេល​ថ្នាក់​រៀន​របស់​ខ្លួន​ត្រូវ​បាន​គេ​នាំចេញ​ទៅក្រៅ ខ្លួន​បាន​ឃើញ​ពួក​មន្ត្រី​ប៉ូលិស​កំពុង​បាំង​ការពារ​អ្វី​ដែល​ទំនង​ជា​សិស្សម្នាក់​ដែល​រងរបួស៕

XS
SM
MD
LG