ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Sullivan ថា​ លោក Biden រំពឹង​ថានឹង​ចរចា​ជាមួយ​លោក Xi ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត


ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅសាលប្រជាជនក្នុងទីក្រុងប៉េកាំង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping អំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅសាលប្រជាជនក្នុងទីក្រុងប៉េកាំង ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កំពុង​រំពឹង​នឹង​ចរចា​ជាមួយ​ប្រធានា​ធិបតី​ចិន​លោក Xi Jinping ក្នុង«ប៉ុន្មាន​សប្តាហ៍​ខាង​មុខ»ទៀត​នេះ។ នេះ​បើ​តាម​លោក Jake Sullivanជំនួយការ​សេតវិមាន​ដែល​បាន​ប្រាប់​មេដឹកនាំ​ចិន​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ដែល​ពួកលោក​បានជួប​ពិភាក្សា​ដ៏​កម្រ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

លោក Sullivan ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​ទី១​ដែលបានទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​ចាប់តាំង​ពី​ឆ្នាំ២០១៦មក​ ​បាន​ជួប​លោក Xi នៅពេល​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​ដើម្បី​ចរចា​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​បាន​ឃើញ​លោក​អង្គុយ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang Yi និង​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត។

ដំណើរ​ទស្សនកិច្ច​របស់​លោក​បាន​កើត​មាន​ឡើង​នៅពេល​ដែល​ចិន​មាន​ជម្លោះ​សន្តិសុខ​ជាមួយ​ប្រទេស​ជប៉ុន​និង​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

នៅឯ​ជំនួប​ជាមួយ​លោក Xi នៅ​មហាសាល​របស់​ប្រជាជន​ក្នុង​រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Sullivan បាន​និយាយ​ថា​លោក​ប្រធានាធិបតី Biden «រំពឹង​នឹង​ទាក់ទង​ជាមួយ​លោក​ម្តង​ទៀត​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទៀត​នេះ»។

លោក​បាន​និយាយ​ទៀត​ថា៖«លោក​ប្រធានាធិបតី Biden បាន​តាំង​ចិត្ត​រៀបចំ​ចាត់ចែង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ដល់​ទំនាក់​ទំនង​ដ៏​សំខាន់​នេះ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ការប្រកួតប្រជែង​មិន​ងាក​ចូល​ក្នុង​ជម្លោះ​ឬ​ការប្រឈម​មុខ​ដាក់​គ្នា ហើយ​នឹង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ផលប្រយោជន៍​របស់​យើង»។

បណ្តាញ​ព័ត៌មាន​ចិន​បាន​រាយការណ៍​ថា​លោក Xi បាន​ប្រាប់​លោក Sullivan ថា​ថ្វីបើ​មាន«ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង»ក៏ដោយ ចិន​និង​សហរដ្ឋ​អាមេរិក​នៅតែ​ពេញចិត្ត​នឹង​ចំណង​ទាក់ទង​ដ៏​ល្អ​នេះ។

លោក Xi និយាយ​ទៀត​ថា៖«ការតាំងចិត្ត​របស់​ចិន​ដល់​គោលដៅ​នៃការ​អភិវឌ្ឍ​ប្រកប​ដោយនិរន្តភាព មាំមួន​និង​ស្ថិតស្ថេរ​មួយ​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​មិន​បាន​ផ្លាស់ប្តូរ​ទេ»។

បើ​តាម​ទូរទស្សន៍ CCTV បាន​រាយការណ៍​ថា​លោក Xi បាន​បន្ថែម​ទៀត​ថា៖«យើង​សង្ឃឹម​ថា​សហរដ្ឋ​អាមេរិក នឹង​ធ្វើការ​ជាមួយ​ចិន​ដើម្បីសម្រុះ​សម្រួល​គ្នា»៕

XS
SM
MD
LG