អង្គការក្រៅរដ្ឋាភិបាលជិត ១៤០ មកពីប្រទេសចំនួន ៣១ បានចុះហត្ថលេខាលើលិខិតចំហមួយកាលពីថ្ងៃពុធម្សិលមិញ ដោយអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់បម្រាមជាបន្ទាន់រារាំងការលក់អាវុធដល់ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារកាលពីដើមខែនេះមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លិខិតនោះបានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គួរតែដាក់បម្រាមជាបន្ទាន់រារាំងការលក់អាវុធរបស់សាកលលោកឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជាការឆ្លើយតបចំពោះរដ្ឋប្រហារយោធា និងដើម្បីរារាំងយោធាកុំឲ្យប្រព្រឹត្តិការរំលោភបំពានតទៅទៀត»។
លិខិតនោះបានបន្ថែមថា៖ «រដ្ឋាភិបាលដែលអនុញ្ញាតឲ្យមានការផ្ទេរអាវុធទៅឲ្យប្រទេសមីយ៉ានម៉ា ដែលក្នុងនោះរួមមានប្រទេសចិន ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ហ្វីលីពីន រុស្ស៊ី និងអ៊ុយក្រែន គួរតែបញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀតគ្រប់ប្រភេទ»។
ប្រទេស ៣ ក្នុងចំណោមប្រទេសទាំងនោះនៅពេលបច្ចុប្បន្ននេះ គឺជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយប្រទេសចិននិងរុស្ស៊ី គឺជាសមាជិកអចិន្ត្រៃយ៍ដែលមានសិទ្ធិបោះឆ្នោតវ៉េតូនៅក្នុងក្រុមប្រឹក្សានេះ ហើយប្រទេសឥណ្ឌាគឺជាសមាជិកមិនអចិន្ត្រៃយ៍។
អង្គការហត្ថលេខីដែលរួមមានទាំងអង្គការក្រៅរដ្ឋាភិបាលអាស៊ីរាប់សិបផងដែរ បានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏គួរតែដាក់ទណ្ឌកម្មដែលមានគោលដៅ ហាមឃាត់ការធ្វើដំណើរទៅបរទេស និងបង្កកទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលយោធា [មីយ៉ាន់ម៉ា] និងក្រុមហ៊ុនធំៗដែលកាន់កាប់ដោយយោធាផងដែរ»៕