អស់រយៈពេលជិត២សប្តាហ៍ទើបនគរបាលការពារបេតិកភណ្ឌបានសម្រេចចិត្តដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់ដោយប្តឹងស្រ្តីទេសចរណូវែលហ្សេឡង់ម្នាក់ពីបទសង្ស័យថាជាប់ពាក់ព័ន្ធនឹងការវាយបំផ្លិចបំផ្លាញព្រះពុទ្ធបដិមាមួយព្រះអង្គនៅប្រាសាទបាយ័ន។
លោកឧត្តមសេនីយ៍ឯក ប៉ាន់ ចាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌមានប្រសាសន៍នៅថ្ងៃច័ន្ទនេះថាកាលពីថ្ងៃចុងសប្តាហ៍មុនលោកបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការខេត្តសៀមរាបហើយដើម្បីឱ្យចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងទេសចរណូវែលហ្សេឡង់ម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបាក់បែកព្រះពុទ្ធបដិមាមួយព្រះអង្គនៅប្រាសាទបាយ័ន។
លោកនិយាយថា៖«ខ្ញុំធ្វើសំណុំរឿងដាក់ជូនព្រះរាជអាជ្ញាហើយពីបទបំផ្លិចបំផ្លាញតាមច្បាប់ការពារបេតិកភណ្ឌ»។
យោងតាម មាត្រាទី៦៣នៃច្បាប់ស្តីពីការការពារបេតិកភណ្ឌបានចែងថាអ្នកដែលមិនមានចេតនាក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តវប្បធម៌ត្រូវជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំហើយបើតុលាការរកឃើញថាមានចេតនាក្នុងការបំផ្លាញទ្រព្យសម្បតិ្តវប្បធម៌អាចនឹងប្រឈមមុខជាប់ពន្ធនាគាររយៈពេលពី២ឆ្នាំដល់៨ឆ្នាំព្រមទាំងពិន័យជាប្រាក់តាមការសន្និដ្ឋានរបស់អ្នកជំនាញឯកទេសកម្ពុជា។
លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាបមានប្រសាសន៍ថាលោកបានទទួលពាក្យបណ្តឹងនេះរួចហើយហើយនៅថ្ងៃអង្គារលោកនឹងពិនិត្យសំណុំរឿងនេះមុននឹងសម្រេចថាតើតុលាការនឹងចាត់វិធានការបែបណា។
លោកនិយាយថា៖«ទទួលពាក្យបណ្តឹងគាត់ហើយ។ មិនទាន់បានពិនិត្យទេកំពុងតែដាក់ ឃើញដាក់វាយត្រាចូលមកហើយ បើមិនស្អែកខានស្អែកពីព្រោះអីរវល់ដែរ»។
កាលពីថ្ងៃទី៩ខែតុលាកន្លងទៅនេះ អាជ្ញាធរអប្សរាបានជូនដំណឹងថា នៅម៉ោង៦ល្ងាច អ្នកបើករ៉ឺម៉កម៉ូតូម្នាក់បានរាយការណ៍ប្រាប់នគរបាលបេតិកភណ្ឌ ប្រចាំតំបន់វត្តព្រះអង្គគោកធ្លក ក្បែរប្រាសាទបាយ័នថា ភ្ញៀវរបស់ខ្លួនជាស្ត្រីមកពីប្រទេសណូវែលហ្សេឡង់ឈ្មោះ Willemijn Vermaat អាយុប្រហែល៤០ឆ្នាំ មិនឃើញមកវិញតាមកាលកំណត់នៅលានជល់ដំរីដែលជាទីកន្លែងកំណត់ រង់ចាំនោះទេ។
ទោះបីជានគរបាលបេតិកភណ្ឌស្វែងរកស្ត្រីទេសចរនោះពេញមួយយប់ ក្នុងតំបន់អង្គរធំ ពិសេសប្រាសាទបាយ័នយ៉ាងណាក៏ដោយ ក៏នគរបាលមិនអាចរកស្ត្រីនោះឃើញដែរ។ ប៉ុន្តែលុះដល់វេលាទៀបភ្លឺ ទើបកម្មករជួសជុលប្រាសាទប្រទះឃើញស្ត្រីទេសចរមកពីណូវែលហ្សេឡង់នៅទិសអាគ្នេយ៍នៃប្រាសាទបាយ័ន។
ស្រ្តីរូបនោះបានចាកចេញពីប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យបន្ទាប់ពីនគរបាលការពារបេតិកភណ្ឌហៅមកសាកសួររយៈពេលខ្លីតែប៉ុណ្ណោះដោយសង្ស័យថាជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យព្រះពុទ្ធបដិមាមួយព្រះអង្គត្រូវបានបាក់បែក។
លោក ប៉ាន់ ចាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌមានប្រសាសន៍ថាលោកកំពុងរងចាំនីតិវិធីរបស់តុលាការថាតើត្រូវទាក់ទងជាមួយស្ថានទូតឬក៏ប្រើប្រាស់យន្តការប៉ូលិសអន្តរជាតិដើម្បីនាំខ្លួនជនសង្ស័យមកទទួលទោសក្នុងប្រទេសកម្ពុជា៕