រហូតមកដល់ថ្ងៃសុក្រនេះ អស់រយៈពេលជាង១សប្តាហ៍មកហើយរដ្ឋាភិបាលកម្ពុជាមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ណាមួយឲ្យប្រាកដប្រជានៅឡើយទេចំពោះស្រ្តីជនជាតិណូវែលហ្សេឡង់ម្នាក់ដែលរងនៅការចោទប្រកាន់ថា បានធ្វើឲ្យព្រះពុទ្ធដិមាមួយព្រះអង្គបាក់បែកនៅប្រសាទបាយ័ន។
កាលពីថ្ងៃពុធសប្តាហ៍មុន អាជ្ញាធរអប្សរាបានជូនដំណឹងថា នៅម៉ោង៦ល្ងាច អ្នកបើករ៉ឺម៉កម៉ូតូម្នាក់បានរាយការណ៍ប្រាប់នគរបាលបេតិកភណ្ឌប្រចាំតំបន់វត្តព្រះអង្គគោកធ្លក ក្បែរប្រាសាទបាយ័នថា ភ្ញៀវរបស់ខ្លួនជាស្ត្រីជនជាតិណូវែលហ្សេឡង់ឈ្មោះ Willemijn Vermaat អាយុប្រហែល៤០ឆ្នាំ មិនឃើញមកវិញតាមកាលកំណត់នៅលានជល់ដំរីដែលជាទីកន្លែងកំណត់រង់ចាំនោះទេ។
សេចក្តីប្រកាសព័ត៌មានដដែលសរសេរបន្តថា ទោះបីជានគរបាលបេតិកភណ្ឌស្វែងរកស្ត្រីទេសចរនោះពេញមួយយប់ ក្នុងតំបន់អង្គរធំ ពិសេសប្រាសាទបាយ័នយ៉ាងណាក៏ដោយ ក៏នគរបាលមិនអាចរកស្ត្រីនោះឃើញដែរ។ ប៉ុន្តែលុះដល់វេលាទៀបភ្លឺ ទើបកម្មករជួសជុលប្រាសាទប្រទះឃើញស្ត្រីជនជាតិនូវែលសេឡង់នៅទិសអាគ្នេយ៍នៃប្រាសាទបាយ័ន។
ស្រ្តីរូបនោះបានចាកចេញពីប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទន្ទឹមគ្នានឹងនគរបាលបេតិកភណ្ឌបានរកឃើញថា មានរូបពុទ្ធដិមាមួយព្រះអង្គត្រូវបានបែក។
លោកប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា មានប្រសាសន៍ថា លោកបានរាយការណ៍មកទីស្តីការគណៈរដ្ឋមន្ត្រីរួចហើយអំពីហេតុការណ៍ដែលបានកើតឡើងនេះ។
លោកមិនហ៊ានធ្វើអត្ថាធិប្បាយទេនៅពេលដែលសួរថា តើរដ្ឋាភិបាលនិងចាត់វិធានការបែបណាប្រឆាំងនឹងស្ត្រីជនជាតិណូវែលហ្សេឡង់នោះ។
លោកនិយាយថា៖ «ខ្ញុំបានរាយការណ៍ទៅទីស្តីការគណៈរដ្ឋមន្ត្រីសុំខាងអ្នកច្បាប់ធ្វើចាត់ការតាមផ្លូវច្បាប់។ ខាងខ្ញុំពុំមានសមត្ថកិច្ចត្រូវធ្វើប្តឹងផ្តល់ទៅក្រៅប្រទេសទេ។ គ្រាន់តែរាយការណ៍ដំណើររឿងយ៉ាងម៉េចៗ ហើយជូនសំណុំលិខិតភ្ជាប់ទៅដើម្បីសុំឲ្យអ្នកច្បាប់គេចាត់ចែងតទៅទៀត»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏មិនបានបង្ហាញជំហរជាក់លាក់ដែរ ដោយលោកគ្រាន់តែបាននិយាយថា វិធានការតាមផ្លូវច្បាប់ប្រាកដជាមាន។ តែលោកមិនបានបញ្ជាក់ថា វិធានការនោះនឹងធ្វើបែបណា នឹងចាប់ផ្តើមអនុវត្តន៍ពេលណាទេ។
លោកនិយាយថា៖ «រឿងហ្នឹងវាក្លាយទៅជារឿងជាតិផង និងអន្តរជាតិផង ដូច្នេះមានភាពស្មុគស្មាញនៅក្នុងការអនុវត្តទាំងនីតិវិធីទាំងពីរ នីតិវិធីឆ្លើយតបទាំងច្បាប់ជាតិ និងនីតិវិធីឆ្លើយតបតាមច្បាប់អន្តរជាតិ។ ដូច្នេះខ្ញុំពិបាកនឹងពន្យល់មុននឹងការចាត់វិធានការនេះបាទ»។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បដិសេធមិនធ្វើអត្ថាធិប្បាយដែរ ដោយលោកបានបង្វែរសំណួរនេះឲ្យទៅសួរអាជ្ញាធរអប្សរាវិញ។
លោកប៊ុន ណារិទ្ធមានប្រសាសន៍ថា៖ «ខ្ញុំអត់ដឹងទេ សុំទោស។ ខ្ញុំមិនមែនជាអ្នកច្បាប់។ តើច្បាប់ធ្វើយ៉ាងម៉េចបាទ! ខ្ញុំបានរាយការណ៍ទៅខាងអ្នកច្បាប់ដើម្បីគេជួយចាត់ចែង»។
ការធ្វើឲ្យបាក់បែករូបពុទ្ធបដិមានៅប្រាសាទបាយ័ននេះ ទាំងស្ថាប័នអាជ្ញាធរអប្សរា ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃបានឆ្លើយដាក់គ្នាទៅវិញទៅមក មិនដឹងថា ស្ថាប័នមួយណាជាអ្នកទទួលខុសត្រូវពិតប្រាកដ។
វីអូអេបានព្យាយាមស្នើសុំការបំភ្លឺពីលោកម៉ាន់ ឈឿន ប្រធានអង្គភាពប៉ូលិសការពារបេតិកភណ្ឌ តែមិនអាចទាក់ទងបានទេ ដោយសារទូរស័ព្ទរបស់លោកគ្មានអ្នកទទួល៕