ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​អបអរ​លោក ចូ បៃដិន​ និង​សង្ឃឹម​លើ​ការ​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា


រូបឯកសារ៖ ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិនិងថ្នាក់ដឹកនាំបក្សផ្សេងទៀតដែលនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងទៅកាន់អ្នកសារព័តមាន នៅខាងក្រៅរដ្ឋសភាម៉ាឡេស៊ី ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អបអរ​សាទរ​ការបោះឆ្នោត​នៅសហរដ្ឋ​អាមេរិក ​ដែល​មាន​ពលរដ្ឋ​ចេញ​មក​បោះឆ្នោត​ច្រើន​បំផុត​ក្នុង​រយៈពេល​ជាង​ ១០០ ឆ្នាំ​នេះ ​និង​ក៏​អបអរសាទរ​លោក ​ចូ បៃដិន (Joe Biden) ​និង​លោកស្រី​ ខាម៉ាឡា ហារីស (Kamala Harris) ​ដែលគេ​ព្យាករណ៍​ថា​ជា​ប្រធានាធិបតី​និង​អនុប្រធានាធិបតី​ជាប់ឆ្នោត។​

សេចក្តី​ថ្លែងការណ៍​ កាលពី​ថ្ងៃទី៨ ​ខែវិច្ឆិកា​របស់​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ជាក់ថា៖

«ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ គឺជា​ការជំរុញ​ទឹកចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ពិភពលោក​។ គណបក្ស​សង្គ្រោះជាតិ​អបអរ​សាទរ​ដោយ​ស្មោះស្ម័គ្រ​ដល់​លោក ចូ បៃដិន ​ប្រធានា​ធិប​តី​ជាប់ឆ្នោត​ និង​លោកស្រី​ខាម៉ាឡា ហារីស អនុប្រធានាធិបតី​ជាប់ឆ្នោត​។ យើងជឿជាក់​ថា​ សាររបស់​អស់​លោក​លោកស្រី​អំពី​សាមគ្គីភាព​ការរួបរួមគ្នា​ និង​ការបើកចំហ ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​កាន់តែ​ខ្លាំង​ និង​មាន​អំណាច​ជាងមុនទាំងក្នុងស្រុក​និង​នៅ​ក្រៅ​ប្រ​ទេស»។

យោងតាម​លទ្ធផល​ក្រៅផ្លូវការ​ផ្អែកលើ​ការរាប់សន្លឹកឆ្នោតបាន​ជាង ​៩៦ ភាគរយ​នៅទូទាំង​សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​លោក ​ចូ បៃដិន​ ទទួលបាន​ប្រតិភូ​ចំនួន​ ២៧៩ រូប ដែល​គ្រប់គ្រាន់​សម្រាប់​លោកឈ្នះ​កាន់តំណែង​ប្រធានាធិបតី រីឯលោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ទទួលបាន​ប្រតិភូ​ចំនួន​ ២១៧ រូប។

ប៉ុន្តែ​ក្រុមយុទ្ធនាការ​របស់​លោក​ ត្រាំ ​បាន​ប្តឹងផ្តល់​នៅរដ្ឋ​ដែល​មាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា​ ដូចជារដ្ឋផឹនស៊ីលវេនៀ (Pennsylvania) ​ អារីហ្សូណា (Arizona)​ ណេវ៉ាដា (Nevada) ​និង​មីឈីហ្កេន (Michigan)​ ដោយចោទ​ថា​ ការបោះឆ្នោត​មានការគៃ​បន្លំ​ជាច្រើន​ បើទោះបីជា​មិន​បាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ដែល​អ្នកច្បាប់យល់ថា ​នឹងធ្វើ​ឲ្យ​ផ្លាស់ប្តូរ​លទ្ធផលឆ្នោត​ក៏ដោយ។

លោក​ស្រី មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​បញ្ជាក់​ថា​ ទោះបី​ជាគណបក្ស​ណា​ឈ្នះឆ្នោត​ ក៏​គណបក្ស​លោកស្រីនៅ​តែ​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជាមិត្ត​ «ដ៏មានសក្តានុពល» ​និង «ស្មោះ​នឹង​ពលរដ្ឋ​ខ្មែរ» ក្នុង​បុព្វហេតុ​ការពារ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ។

អ្នកស្រី​បន្ថែម​ថា៖​ «តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នៅឆ្នាំ​ ២០២០ នេះ ​ជាលទ្ធផល​ដែល​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​បាន​ទទួល​យក​ទៅហើយ​។ យើង​ជាពលរដ្ឋ​ខ្មែរ​ អបអរ​សាទរ​លទ្ធផល​នៃ​ការបោះឆ្នោត​... ពីព្រោះ​យើង​ត្រូវការប្រទេស​ដែល​មាន​អំណាច​ ប្រទេស​ដទៃទៀត​នៅ​ទូទាំង​សាកលលោក​ ដែល​ការពារ​សិទ្ធិ​មនុស្ស​និង​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ»។

គណបក្ស​សង្គ្រោះ​ជាតិ​ចង់ឲ្យ​សហរដ្ឋ​អាមេរិក​គាំទ្រ​គ្រឹះលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ តាមស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ឆ្នាំ​ ១៩៩១ ដែល​សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ហត្ថលេខី​មួួយ​ ក្នុង​ចំណោម​ ១៩ ​ប្រទេស​ ដោយសារ​ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ក្នុងរយៈពេល​ជាង ​៣ ឆ្នាំនេះ។​

លោកស្រី មូរ សុខហួរ​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំហរ​ច្បាស់​លាស់ ​ដូច​ជាសហរដ្ឋ​អាមេរិក​ដែ រ​នៅ​ក្នុងការ​ការពារ​សិទ្ធិ​មនុស្ស​ ការពារ​លទ្ធិ​ប្រជាធិបតេយ្យ។ ការពារសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ឯង ​ដែល​ធ្វើ​ឲ្យ​មាន​យុត្តិធម៌»។

លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត និងអ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោត និងអ្នកស្រី Kamala Harris អនុប្រធានាធិបតីជាប់ឆ្នោត ថ្លែងនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក អេង ឆៃអ៊ាង ​អនុប្រធាន​មួយរូបទៀត​នៃ​គណបក្ស​សង្គ្រោះជាតិ​ កំពុងរស់នៅនីរទេស​ខ្លួន​ ជា​ជនភៀសខ្លួន​នយោបាយ​នៅសហរដ្ឋ​អាមេរិក​ តាំងតែ​ពី​តុលាការ​រំលាយគណបក្ស​របស់​លោក ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០១៧។ លោក​មាន​ឱកាសសង្កេត​ដំណើរការបោះឆ្នោត​ និងប្រជាធិបតេយ្យ​អាមេរិកាំង​ដោយ​ផ្ទាល់​ ហើយ​បានបញ្ជាក់​ថា​ ការបោះឆ្នោត​ឆ្នាំ ២០២០ នេះ ទោះបីជាគេ​មើល​ឃើញ​ថា ​វា​មាន​ «ភាពរញ៉េរញ៉ៃ​» និង​មាន «ភាព​សាំញ៉ាំ» ​ប៉ុន្តែ​វា​ឆ្លុះបញ្ចាំង​នូវ​ដំណើរការប្រជាធិបតេយ្យ​ដ៏ល្អ ហើយ​ជា​គំរូ​ដល់​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នានា។

លោក ​អេង ឆៃអ៊ាង ​បន្ថែម​ថា៖ «ការបោះឆ្នោត​នៅសហរដ្ឋ​អាមេរិក​នៅឆ្នាំ​ ២០២០​ នេះ​ វាហាក់ដូច​ជាមានភាព​រញ៉េរញ៉ៃ​បន្តិច​មែន​ ប៉ុន្តែវាឆ្លុះបញ្ចាំងនូវការប្រកួតប្រជែង​ដោយ​ត្រឹមត្រូវ​ដោយ​ស្មើភាព​ ហើយ​ក៏ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​ គណៈកម្មការរៀបចំការបោះឆ្នោត​នៅសហរដ្ឋ​អាមេរិក​នេះ ​គឺ​គេ​ធ្វើការដោយ​សុក្រិតភាព​និងសុចរិតភាព​។ សុក្រិតភាព​គឺ ខ្ញុំ​ឃើញ​រដ្ឋ​ដែលមានការប្រជែងគ្នាខ្លាំង​ ដោយសន្លឹកឆ្នោត​ដែលមានភាព​លម្អៀង ​០,០១​ ឬ ០,០២​ ភាគរយ​ គឺការរាប់​សន្លឹកឆ្នោត ការផ្ទៀង​សន្លឹកឆ្នោត គឺប្រយ័ត្ន​ប្រយែង​ណាស់ ផ្ទុយពីការបោះឆ្នោត​នៅ​កម្ពុជា​។ នៅប្រទេស​កម្ពុជា ​គឺ​ឆិនឆៃ​អ្នកដែល​គេចង់តវ៉ា​គឺ បិទសិទ្ធិរបស់គេ»។

គណបក្ស​ប្រជាធិបតេយ្យ​ត្រូវបានគេ​ព្យាករណ៍​ថា ​នឹងបន្តគ្រប់គ្រងសភាតំណាងរាស្ត្រ​ដោយ​ឈ្នះ​បាន​អាសនៈ​ចំនួន​ ២១៨ ​និង​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន ​២០៨​ នៃ​សភា​ ដែល​មាន​អាសនៈ​សរុប ​៤៣៥។ អាសនៈ​ចំនួន ​៩ ទៀត​ មិនទាន់​សម្រេច​អ្នកឈ្នះចាញ់​ ដោយសារ​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា។​ នេះបើ​តាម​គេហទំព័រ Realclearpolitics.com។

រីឯ​នៅ​ព្រឹទ្ធសភា​ ​គណបក្ស​សាធារណរដ្ឋ​ទទួល​បាន ​៥០ អាសនៈ ​និង​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ ៤៨ អាសនៈ​ ប៉ុន្តែ​មិន​ទាន់​ដឹងថា​ គណបក្ស​ណា​គ្រប់គ្រង​នៅឡើយ ​ដោយសារ​ត្រូវ​រង់ចាំ​លទ្ធផល​ការប្រកួត​ជុំទី ២​ នៅ​ក្នុង​រដ្ឋ​ចរចា​ នៅដើម​ខែមករា​សិន សម្រាប់​អាសនៈ​ចំនួន​ ២​ ដែល​នៅសេសសល់ ​ដោយសារ​ការប្រកួត​ជុំទី ១ ​គ្មាន​បេក្ខជន​ណា​ទទួល​បាន ​៥០​ ភាគរយ​ ដើម្បី​សម្រេច​អ្នកឈ្នះ​តាមច្បាប់​កំណត់​ក្នុងរដ្ឋ។

លោក អេង ឆៃអ៊ាង ​បាន​សរសើរ​ដល់​នីតិវិធី​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ​ដែល​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​និង​ការប្រគល់​សិទ្ធិ​ដល់​អ្នកចង់​ប្រកួត​ប្រជែង​នយោបាយ។

​«ចំណុច​មួយទៀត​ដែល​ខ្ញុំសង្កេត​ឃើញ​ថា ​គ្រឹះ​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​រឹងប៉ឹង​ហ្នឹង​ គឺ​បុគ្គល​ម្នាក់ៗ​ដែល​ចង់​ប្រកួតប្រជែង​យក​ការគាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ហ្នឹង​ មិនចាំបាច់​ទៅសុំតំណែង​ពីមេបក្ស​ ទៅ​សុំ​ការអនុញ្ញាត​ពី​មេបក្ស​ទេ ​គឺ​បុគ្គល​ម្នាក់ៗ ​គាត់​មាន​សេរីភាព ​គឺ​គាត់​ចង់​ទៅ​ឈរ​ប្រកួតជាមួយ​បក្ស​ណា ​គឺគាត់​គ្រាន់តែដាក់ពាក្យទៅ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ជាអ្នកសម្រេច​ ហើយបើកាលណាយើង​ប្រកួត​ផ្ទៃក្នុង​មាន​ពលរដ្ឋ​ជាអ្នកសម្រេច​ហើយ​ យើង​ប្រកួតជុំទីពីរ ​គឺ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ប្រកួត​រវាង​គណបក្ស​និង​គណបក្ស​។ នេះ​ហើយ​ជាគ្រឹះ​នៃ​ប្រជាធិបតេយ្យ​ដ៏រឹងមាំ​នៅ​សហរដ្ឋ​អាមេរិក​នេះ»។

យ៉ាងណាក៏ដោយ ​រដ្ឋាភិបាល​កម្ពុជា​ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មិនទាន់​អបអរសាទរ​នៅឡើយ​ទេ​ គឺ​ដូច​គ្នា​នឹង​ប្រទេស​ចិន​និង​ប្រទេស​រុស្ស៊ីដែរ។

លទ្ធផល​បឋម​បង្ហាញ​ថា ​ការបោះឆ្នោត​ឆ្នាំ​ ២០២០​ នេះ​មាន​ពលរដ្ឋ​ចេញមកបោះឆ្នោត​ជិត​ ១៦០​ លាន​នាក់​ ដែល​ត្រូវជា​ជាង​ ៦៦ ភាគរយ​នៃ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់។ ការបោះឆ្នោត​ដែល​មាន​អ្នកចេញ​មក​បោះឆ្នោត​ច្រើន​ចុងក្រោយ​ គឺ​នៅឆ្នាំ​ ១៩០០ ​ដែលមានអ្នកបោះឆ្នោត​ជាង​ ៧៣,៧​ ភាគរយ។ នេះ​បើ​តាមទិន្នន័យ​ចងក្រង​ដោយ​គេហទំព័រ​ United States Elections Project

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG