ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សុខភាព​នាយករដ្ឋមន្រី្ត Lee Hsien Loong បង្ហាញ​ពី​ភាព​ស្រពេច​ស្រពិល​នៃ​​មេដឹកនាំ​បន្ទាប់​នៃ​ប្រទេស​សិង្ហបុរី


នាយក​រដ្ឋមន្រ្តី សិង្ហបុរី Lee Hsien Loong ថ្លែង​សុន្ទរកថា​បន្ត​ បន្ទាប់ពី​លោក​បាន​ចុះ​ពី​វេទិកា​មុននេះ​ដោយ​សារ​តែ លោក​សន្លប់​ក្នុ​ងកិច្ច​ប្រជុំថ្នាក់​ជាតិប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​២១ សីហា ២០១៦។
នាយក​រដ្ឋមន្រ្តី សិង្ហបុរី Lee Hsien Loong ថ្លែង​សុន្ទរកថា​បន្ត​ បន្ទាប់ពី​លោក​បាន​ចុះ​ពី​វេទិកា​មុននេះ​ដោយ​សារ​តែ លោក​សន្លប់​ក្នុ​ងកិច្ច​ប្រជុំថ្នាក់​ជាតិប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​២១ សីហា ២០១៦។

ភាព​ខ្លាំង​មួយ​របស់​ប្រទេស​សិង្ហបុរី គឺ​ការ​ទាយ​ទុក​មុន​របស់​ប្រទេស​នេះ។ ប្រទេស​សិង្ហបុរី​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​ការ​ធ្វើ​រដ្ឋប្រហារ និង​វិបត្តិ​សេដ្ឋកិច្ច​មាន​ការ​កើត​ឡើង​ជា​ញឹកញយ ប៉ុន្តែ​ប្រទេស​នេះ​ជា​ទី​ជម្រក​ដ៏​សុខសាន្ត ដែល​ផ្ដល់​ស្ថិរភាព​ដល់​អ្នក​វិនិយោគ និង​ការ​ប្រកប​អាជីវកម្ម​ផ្សេងៗ។

ប៉ុន្តែ ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី Lee Hsien Loong ប៊ិះ​នឹង​ដួល​ពេល​ដែល​លោក​ថ្លែង​សុន្ទរកថា​ថ្ងៃ​បុណ្យជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​គេ​មាន​ការ​ខ្វល់ខ្វាយ​អំពី​អនាគត​របស់​ប្រទេស​សិង្ហបុរី ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​មួយ​នេះ។

សេដ្ឋកិច្ច​ប្រទេស​សិង្ហបុរី​បាន​បាត់បង់​ភាព​ខ្លាំង​របស់​ខ្លួន​មួយ​ចំនួន ដែល​ប្រទេស​សិង្ហបុរី​បាន​ឆ្លងកាត់​នៅ​ក្រោម​គោលនយោបាយ​ផ្ដោត​លើ​សេដ្ឋកិច្ច​សេរី ដែល​បង្កើត​ឡើង​ដោយ​បិតា​ស្ថាបនិក​ប្រទេស​សិង្ហបុរី​លោក Lee Kwan Yew។ មនុស្ស​ភាគ​ច្រើន​គិត​ថា មរណៈភាព​របស់​លោក Lee Kwan Yew កាល​ពី​ឆ្នាំ​មុន​គឺ​ជា​សញ្ញា​នៃ​ការ​បញ្ចប់​យុគ​សម័យ​ខ្លាំងក្លា​របស់​ប្រទេស​សិង្ហបុរី។

ប្រទេស​សិង្ហបុរី​ងាយ​នឹង​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។ គ្រាន់តែ​នៅ​ក្នុង​ខែ​នេះ ជនជាតិ​សិង្ហបុរី​ពីរ​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​មុន​ពេល​ពួកគេ​ចូលរួម​ក្នុង​ក្រុម ISIS ហើយ​ករណី​មួយ​ទៀត គឺ​ប៉ូលិស​ឥណ្ឌូនេស៊ី​បាន​ស៊ើប​ដឹង​នូវ​គម្រោង​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​សម្ងាត់​មួយ​ទៅ​លើ​ប្រទេស​សិង្ហបុរី។

ឥឡូវ​នេះ ការ​រក​កល់​នឹង​ដួល​របស់​លោក​នាយករដ្ឋមន្ត្រី​សិង្ហបុរី Lee Hsien Loong ពេល​លោក​កំពុង​ថ្លែង​សុន្ទរកថា​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វល់ខ្វាយ​ពី​អ្នក​ឡើង​កាន់​តំណែង​បន្ត​ពី​រូប​លោក ដោយ​ហេតុ​ថា​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​មួយ ដែល​នយោបាយ​ត្រូវ​បាន​ចាត់ចែង​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ក្រោម​គណបក្ស​ដ៏​មាន​ឥទ្ធិពល​តែ​មួយ​គត់ ចាប់តាំង​ពី​ប្រទេស​នេះ​ទទួល​បាន​ឯករាជ្យ​ពាក់​កណ្ដាល​សតវត្ស​កន្លង​មក។

លោក Goh Chok Tong នាយក​រដ្ឋមន្ត្រី​បន្ទាប់​ពី​លោក Lee Kuan Yew ត្រូវ​បាន​គេ​ដឹង​ទុក​មុន​ថា​លោក​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​ក៏ ៥ ឆ្នាំ មុន​លោក​ឡើង​កាន់​តំណែង​ដែរ។ រី​ឯ​លោក​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី​បច្ចុប្បន្ន Lee Hsien Loong វិញ ត្រូវ​បាន​គេ​រៀបចំ​ទុក​ឲ្យ​ក្លាយ​ជា​មេដឹកនាំ​មុន​ពេល​លោក​បាន​កាន់​តំណែង​នៅ​ក្នុង​ឆ្នាំ ២០០៤ ទៅ​ទៀត។

លោក Inderjit Singh អតីត​តំណាង​ប្រជាពលរដ្ឋ​មក​ពី​គណបក្ស​សកម្មភាព​ប្រជាពលរដ្ឋ PAP ដែល​គណបក្ស​នេះ​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​សិង្ហបុរី​ដោយ​គ្មាន​ការ​រំខាន​តាំងពី​ឆ្នាំ ១៩៦៥ មក បាន​និយាយ​ថា មាន​កា​បារម្ភ​ពាក់ព័ន្ធ​នឹង​អ្នក​ឡើង​កាន់​តំណែង​បន្ត​ពី​លោក Lee Hsien Loong ដោយ​ហេតុ​ថា​ប្រទេស​សិង្ហបុរី​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ត្រៀម​រើស​មេដឹកនាំ​បន្ទាប់ ដែល​ជា​មេដឹកនាំ​ជំនាន់​ទី ៤ របស់​ប្រទេស​សិង្ហបុរី៕

XS
SM
MD
LG