នាយកប្រតិបត្តិក្រុមហ៊ុនជាង ៩០ ដែលក្នុងនោះរួមមានទាំងនាយកប្រតិបត្តិក្រុមហ៊ុន Yelp និងក្រុមហ៊ុន Chobani ក៏ដូចជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PepsiCo ក្រុមហ៊ុន Ford Motor Co និង ក្រុមហ៊ុន Yahoo ផងដែរ បានគាំទ្រអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris នៅក្នុងលិខិតមួយច្បាប់ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមនាយកប្រតិបត្តិទាំងនេះ ដែលរួមទាំងប្រធានក្រុមហ៊ុនកីឡានិងវិនិយោគកំពូលៗផងដែរ បាននិយាយថាពួកគេមានទំនុកចិត្តថាបេក្ខជនបក្សប្រជាធិបតេយ្យរូបនេះដែលប្រកួតជាមួយអតីតប្រធានាធិបតីខាងបក្សសាធារណរដ្ឋលោក Donald Trump នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនឹងបន្តជំរុញសេដ្ឋកិច្ចនិងរក្សាលទ្ធិប្រជាធិបតេយ្យអាមេរិកាំងឱ្យនៅគង់វង្ស។
ក្រុមនាយកប្រតិបត្តិទាំងនេះបានសរសេរក្នុងលិខិតនោះដែលត្រូវបានរាយការណ៍មុនគេដោយបណ្តាញទូរទស្សន៍ CNBC ថា៖ «អ្នកស្រី Harris មានកំណត់ត្រារឹងមាំក្នុងការជំរុញសកម្មភាពនានា ឱ្យមានសន្ទុះវិនិយោគផ្នែកអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក និងធានាថាក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងនិងឈ្នះក្នុងទីផ្សារសាកលលោកបាន»។
ក្រុមនាយកប្រតិបត្តិទាំងនេះបានបន្ថែមទៀតថា៖ «អ្នកស្រីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយដ៏យុត្តិធម៌ដែលអាចព្យាករបាន ដែលគាំទ្រនីតិរដ្ឋ ស្ថិរភាព និងបរិយាកាសអាជីវកម្មសមស្រប ហើយអ្នកស្រីនឹងព្យាយាមផ្តល់ឱកាសដល់ពលរដ្ឋអាមេរិកាំងគ្រប់រូបឱ្យបន្តសម្រេចបាននូវក្តីសុបិនអាមេរិកាំង»។
ក្នុងចំណោមអ្នកគាំទ្រអ្នកស្រី Harris គេឃើញមានលោកមហាសេដ្ឋី Mark Cuban លោក James Murdoch ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន 21st Century Fox និងលោក Earvin "Magic" Johnson ដែលជាអ្នកជំនួញនិងជាអតីតកីឡាករបាល់បោះអាជីពផងដែរ។ នេះបើយោងតាមលិខិតនោះ៕
វេទិកាបញ្ចេញមតិ