ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រអប់​ដូណាត់​ពណ៌​ផ្កាឈូក​បង្ហាញ​ដំណើរ​ជីវិត​ជនភៀស​ខ្លួន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក


អ្នកស្រី Phung Huynh សិល្បៈករ​ផ្នែក​គំនូរ និង​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​នៅ​មហា​វិទ្យាល័យ Los Angeles Valley គូរគំនូរនៅលើប្រអប់ខ្ចប់នំដូណាត់ពណ៌ផ្កាឈូក នៅក្នុងស្ទូឌីយោរបស់អ្នកស្រី។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)

បើ​អ្នក​បាន​ចូល​ក្នុង​ហាង​លក់​នំ​ដូណាត់​ជាច្រើន​នៅទីក្រុង Los Angeles នៃ​រដ្ឋ​កាលីហ្វ័រញ៉ា អ្នក​នឹង​កត់​សម្គាល់​ឃើញ​ប្រអប់​ខ្ចប់​នំ​ពីរពណ៌ មួយ​គឺ​ពណ៌ស និង​មួយ​គឺ​ពណ៌​ផ្កាឈូក។ ប្រអប់​ពណ៌​ផ្កាឈូក​ត្រូវបាន​អាជីវករ​លក់​នំ​ដូណាត់​ដែល​ភាគច្រើន​ជាជនភៀសខ្លួន​ខ្មែរ យក​មក​ប្រើប្រាស់​ដោយសារ​តែ​វា​មាន​តម្លៃ​ថោក​ជាង​ប្រអប់​ពណ៌ស។ នេះ​បើ​តាម​ការ​ពន្យល់​របស់​អ្នកស្រី​ Phung Huynh ​ដែល​ជា​សិល្បៈករ​ផ្នែក​គំនូរ និង​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​នៅ​មហា​វិទ្យាល័យ Los Angeles Valley។

កាលពី​ពេលថ្មីៗ​នេះ អ្នកស្រី​បាន​យក​ប្រអប់​ខ្ចប់​នំដូណាត់​ពណ៌ផ្កាឈូក​នេះ​ មក​ធ្វើ​ជា​និមិត្តរូប​តំណាង​ឲ្យ​ការចងចាំ​និង​ឧទ្ទិស​ដល់​ដំណើរ​ជីវិត​របស់​ជនភៀសខ្លួន​ខ្មែរ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នៅក្នុង​ពិព័រណ៍​ «Donut Whole at Self Help Graphics & Art» នៅ​ទីក្រុង East Los Angeles ដែល​បាន​ដំណើការ​កាលពី​ចន្លោះ​ខែ​មីនា​ដល់​ខែ​ឧសភា ឆ្នាំ ២០២២។ អ្នកស្រី Phung Huynh បាន​គូរ​រូប​គំនូរ​ដែល​អ្នកស្រី​បាន​ចងចាំ​កាលពី​វ័យកុមារ រូប​ឪពុកម្តាយ​របស់​អ្នកស្រី រូប​ជនជាតិ​ខ្មែរ​ និង​វៀតណាម​មួយចំនួន​ នៅ​លើ​ប្រអប់​ខ្ចប់នំ​ដូណាត់​ពណ៌​ផ្កាឈូក​នេះ ដែល​ជា​ស្នូល​ដ៏​សំខាន់​នៃ​ពិព័រណ៍​មួយ​នេះ​របស់​អ្នកស្រី

សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​អាមេរិកាំង​រូប​នេះ ដែល​មាន​ឪពុក​ជាជន​ជាតិ​ខ្មែរ និង​ម្តាយ​ជា​ជនជាតិ​វៀតណាម​ បាន​រៀបរាប់​ប្រាប់​វីអូអេ​ក្នុង​សម្តី​ដើម​ ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖

«វា​ជា​រឿង​មិន​គួរ​ឲ្យ​នឹកស្មាន​ដល់ ដែល​នំ​ដូណាត់​និង​ប្រអប់​ពណ៌​ផ្កាឈូក ដែល​មើល​ទៅ​ដូចជា​មាន​ភាព​ផ្អែមល្ហែម ទន់ភ្លន់ និង​សប្បាយ​រីករាយ ប៉ុន្តែ​អ្នក​ដែល​ធ្វើការ​នៅ​ពី​ខាង​ក្រោយ​នំដូណាត់​នោះ គឺជា​ជន​ភៀសខ្លួន និង​ជនអន្តោ​ប្រវេសន៍​ខ្មែរ ដែល​បាន​រួចផុត​ពី​សេចក្តី​ស្លាប់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​ថែមទាំង​បាន​ឆ្លងកាត់​ការ​ឈឺចាប់ ទុក្ខ​វេទនា ការ​ចាកចេញ​ពី​ក្រុម​គ្រួសារ និង​តស៊ូបង្កើត​ជីវិត​ថ្មី​នៅលើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ»

រូបថតបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្រី Phung Huynh កាលពីពេលអ្នកស្រីនៅតូច នៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ក្នុងឆ្នាំ ១៩៧៨។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
រូបថតបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្រី Phung Huynh កាលពីពេលអ្នកស្រីនៅតូច នៅជំរំជនភៀសខ្លួនក្នុងប្រទេសថៃ ក្នុងឆ្នាំ ១៩៧៨។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)

អ្នកស្រី Phung Huynh ជា​កូន​ស្រី​របស់​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ ពី​របប​ខ្មែរ​ក្រហម ហើយ​អ្នកស្រី​និង​ក្រុម​គ្រួសារ បាន​ភៀសខ្លួន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ១៩៧៨។ អ្នកស្រី​បាន​កើត​នៅក្នុង​ប្រទេស​វៀតណាម​ កាលពី​ឆ្នាំ ១៩៧៧ ពីរ​ឆ្នាំ​បន្ទាប់​ពី​ឪពុក​របស់​អ្នកស្រី​ ដែល​ជាជនជាតិ​ខ្មែរ​នៅ​ខេត្ត​កំពត​ បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ហើយ​បាន​កសាង​ជីវិត​គ្រួសារ​ជាមួយ​ម្តាយ​របស់​អ្នកស្រី ដែល​ជា​ជនជាតិ​វៀតណាម។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ អ្នកស្រី​បាន​រៀបរាប់​ថា បទ​ពិសោធន៍​និង​ការ​ធំ​លូតលាស់​ក្នុង​សង្គម​អាមេរិក ដែល​មាន​វប្បធម៌​ផ្ទុយ​ស្រឡះ​ពី​វប្បធម៌​របស់ឪពុកម្តាយ​អ្នកស្រី​ មុន​ពេល​អ្នកស្រី​និង​ក្រុម​គ្រួសារ​បាន​ភៀសខ្លួន​ពី​ប្រទេស​វៀតណាម​មក​រស់នៅ​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​អ្នកស្រី​មើលឃើញ​ពី​ភាពចាំបាច់​នៃ​ការ​ចងចាំ​ប្រវត្តិសាស្ត្រ​ស្តីពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​រឿងរ៉ាវ​តស៊ូ​ជម្នះ​ឧបសគ្គ​របស់​ជនភៀសខ្លួន​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក។

អ្នកស្រី​ Phung Huynh បាន​ថ្លែង​ថា៖ «សិល្បៈ​អាច​ជួយ​ដល់​ការ​ចង​ចាំ ហើយ​គោល​គំនិត​នៃ​ការ​ចងចាំ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ទប់ស្កាត់​មិន​ឲ្យ​មានការ​កើតឡើង​វិញ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​បែប​នេះ»

ដូចគ្នា​នឹង​ក្រុមគ្រួសារ​របស់​ជនភៀសខ្លួន​ខ្មែរ​ និង​ជនភៀសខ្លួន​នៃ​ជាតិសាសន៍​ផ្សេងៗ​ទៀត​ដែរ ក្រុមគ្រួសារ​របស់​អ្នកស្រី Phung Huynh បាន​ប្រឈម​នឹង​ភាព​លំបាក​ជាច្រើន​ នៅក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​កសាង​ជីវិត​ថ្មី​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅពេល​ដែល​ក្រុម​គ្រួសារ​របស់​អ្នកស្រី​បាន​ភៀសខ្លួនទៅជំរំក្នុងប្រទេសថៃ រហូតទទួល​សិទ្ធិ​មក​រស់នៅ​ជា​ជនភៀសខ្លួន​នៅ​សហរដ្ឋអាមេរិក នា​ឆ្នាំ ១៩៧៨ នៅ​រដ្ឋ​ Michigan មុនពេល​គ្រួសារ​របស់​អ្នកស្រី​បាន​ផ្លាស់​ទៅ​រស់នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ នៅ​ឆ្នាំ ១៩៨១។

ក្នុង​ឋានៈ​ជា​ជន​ភៀសខ្លួន​ដោយសារ​សង្គ្រាម​និង​អំពើ​ប្រល័យពូជសាសន៍ ជនភៀសខ្លួន​ខ្មែរ​ជាច្រើន​នាក់​ រួម​ទាំង​គ្រួសារ​របស់​អ្នកស្រី Phung Huynh ត្រូវ​ពឹងផ្អែក​លើ​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក ទម្រាំ​ពួកគេ​ខ្លះ​អាច​មាន​លទ្ធភាព​ប្រកប​មុខរបរ​សមរម្យ ទទួល​បាន​ឱកាស​រៀនសូត្រ​ទទួល​បាន​ជំនាញ ឬ​ឱកាស​បង្កើត​អាជីវកម្ម​នានា ដូចជា​ហាង​លក់​នំដូណាត់​ជាដើម។ នៅ​ទីក្រុង​ Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា​នេះ អាជីវកម្ម​លក់​នំ​ដូណាត់​ស្ទើរ​តែ​ ៩០ ភាគរយ​ជា​កម្មសិទ្ធិ​របស់​អតីត​ជនភៀសខ្លួន​ខ្មែរ និង​ក្រុមគ្រួសារ​របស់​ពួកគេ។​

អ្នកស្រី Phung Huynh បាន​ថ្លែង​ប្រាប់​វីអូអេ​ក្នុង​សម្តី​ដើម​ថា៖ «ខ្ញុំចង់​ឲ្យ​ប្រអប់​ដូណាត់​ពណ៌ផ្កាឈូក​នេះ ​តំណាង​ដល់​រឿងរ៉ាវ​ជាច្រើន។ ខ្ញុំ​មិន​ចង់​ឲ្យ​រឿងរ៉ាវ​ទាំងអស់​នោះ​ [របស់​ជនភៀស​ខ្លួន] ត្រូវបាន​បំភ្លេច​នោះ​ទេ»

អ្នកស្រី Phung Huynh កាលពីកុមារី ថតរូបជាមួយក្រុមគ្រួសាររួមមានឪពុកម្តាយ ជីដូនជីតា បងប្រុស ប្អូនស្រី និងប្អូនប្រុសពៅដែលទើបនឹងកើត នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ១៩៨៦។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រី Phung Huynh កាលពីកុមារី ថតរូបជាមួយក្រុមគ្រួសាររួមមានឪពុកម្តាយ ជីដូនជីតា បងប្រុស ប្អូនស្រី និងប្អូនប្រុសពៅដែលទើបនឹងកើត នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ ១៩៨៦។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រី Phung Huynh សិល្បៈករ​ផ្នែក​គំនូរ និង​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​នៅ​មហា​វិទ្យាល័យ Los Angeles Valley នៅក្នុងស្ទូឌីយោរបស់អ្នកស្រី។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)
អ្នកស្រី Phung Huynh សិល្បៈករ​ផ្នែក​គំនូរ និង​សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​នៅ​មហា​វិទ្យាល័យ Los Angeles Valley នៅក្នុងស្ទូឌីយោរបស់អ្នកស្រី។ (រូបថតផ្តល់ឲ្យដោយ Phung Huynh)

អ្នកស្រី​ក៏​សង្ឃឹម​ថា ស្នាដៃ​សិល្បៈ​របស់​អ្នកស្រី ​នឹង​ជួយចែក​រំលែករឿងរ៉ាវ​នៃ​ជីវិត​តស៊ូ​ក្នុង​របប​ខ្មែរក្រហម​និង​ជីវិត​ប្រកប​ដោយការ​តស៊ូ​ជម្នះ​ឧបសគ្គក្នុង​សហរដ្ឋ​អាមេរិក​របស់ជនភៀសខ្លួន​ ទៅ​ដល់​កូនៗ​របស់​ពួកគេ ក្មេងៗ​ជំនាន់​ក្រោយ និង​ជនភៀសខ្លួន​ដទៃ​ទៀត ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​ឪពុកម្តាយ​ ដែល​បាន​ឆ្លងកាត់​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដោយសារ​សង្គ្រាម​និង​អំពើ​ព្រៃផ្សៃ និង​កូនចៅ​របស់​ពួកគេ​ ដែល​មិន​ដឹង​ពី​ប្រវត្តិ​ដើម​កំណើត​របស់​ឪពុកម្តាយ​ខ្លួន។

ក្នុងនាម​ជា​ម្តាយ​ម្នាក់​ដែរ​ អ្នកស្រី Phung Huynh ​បាន​ថ្លែង​ថា៖

«ខ្ញុំ​គិតថា វាជា​ការ​លំបាក​សម្រាប់​ឪពុកម្តាយ​របស់​ពួកគេ ក្នុងការ​និយាយ​ដល់​រឿងរ៉ាវ​ជូរចត់​ទាំងអស់​នោះ ដោយសារ​តែ​ពួកគេ​មិនចង់​ឲ្យ​កូនដឹង​ឮ​រឿងរ៉ាវ​ដ៏​សែន​ជូរចត់​នេះ។ ម្យ៉ាងទៀត នៅពេល​ដែល​ពួកគេ​និយាយ​ដល់​រឿងរ៉ាវ​ទាំងអស់​នោះ ពួកគេ​មាន​អារម្មណ៍ដូចជា​កំពុង​រស់នៅ​ក្នុង​ហេតុការណ៍​នោះ​ម្ដង​ទៀត​អ៊ីចឹង។ សម្រាប់​ពួកគេ ភាព​ស្ងៀមស្ងាត់ គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ភាព​ស្ងៀមស្ងាត់​នោះ​មាន​គ្រោះថ្នាក់​សម្រាប់​កូនៗ​របស់​ពួកគេ។ វិធី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ជួយ​ប្រាប់​រឿងរ៉ាវ​របស់​ឪពុក​ម្ដាយ​[ដែល​ជា​ជនភៀសខ្លួន] និង​ជួយ​កូនៗ​របស់​ពួកគេឲ្យបាន​យល់»

XS
SM
MD
LG